រាជធានីភ្នំពេញ ៖ សកម្មភាពពុះដីឡូត៍ និងទីផ្សារមួយនេះកំពុងតែផុសផុលយ៉ាងខ្លាំង និងកំពុងរីករាលដាលដល់ខេត្តសក្ដានុពលសេដ្ឋកិច្ចមួយចំនួន ពិសេស ខេត្តកណ្ដាល ត្បូងឃ្មុំ ព្រះសីហនុ បន្ទាយមានជ័យ សៀមរាប ស្វាយរៀង និងខេត្តកំពង់ធំជាដើម ។ បើតាមភ្នាក់ងារលក់ដីឡូត៍បាននិយាយថា សកម្មភាពពុះដីឡូត៍បានចាប់ផ្ដើមរីករាលដាលចេញពីជាយទីក្រុងភ្នំពេញ រហូតដល់បណ្ដាខេត្តមួយចំនួន ខណៈដែលវិស័យនេះកំពុងរីកចម្រើន ដោយសារតែការកើនឡើងនៃប្រជាសាស្ត្រ ប្រាក់ចំណូលប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិរក្សាបានកំណើនរឹងមាំ ។
លោក បែន ចន្ថើន ភ្នាក់លក់ដីឡូត៍ឲ្យក្រុមហ៊ុនមួយនៅខេត្តកំពត បានឱ្យដឹងថា បច្ចុប្បន្ននេះ ការស្វែងរកដីសម្រាប់ពុះជាឡូត៍លក់នៅជាយរាជធានីភ្នំពេញស្ទើរតែលែងមានទៅហើយ ព្រោះដីឡើងថ្លៃ ហើយមានអ្នកវិនិយោគបរទេសមកទិញសម្រាប់សាងសង់រោងចក្រឧស្សាហកម្មច្រើន ។ ដូច្នេះហើយ ការទិញដីមកពុះជាឡូត៍លក់នៅជាយទីក្រុងភ្នំពេញថមថយវិញ តែវិស័យនេះកំពុងមានសន្ទុះនៅតាមបណ្ដាផ្លូវជាតិសំខាន់ៗ និងបណ្ដាខេត្តដែលមានចរន្ដសេដ្ឋកិច្ច ដូចជា នៅខេត្តព្រះសីហនុ ខេត្តកំពត ក្រុងបាវិតខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែតខេត្តបណ្ដាយមានជ័យជាដើម ។ លោកថា ៖« ការកើនឡើងនៃការពុះដីឡូត៍នៅតាមបណ្តាខេត្តនេះ ដោយសារអ្នកវិនិយោគខាងក្នុងនិងខាងក្រៅមើលឃើញឱកាស ខណៈទីផ្សារមួយនេះកំពុងដំណើរការល្អ »។
លោកបញ្ជាក់ថា ៖« មកដល់ដើមឆ្នាំ២០១៩នេះ បើនៅខេត្តកំពត ការពុះដីឡូត៍លក់មានការកើនឡើង ពីមុនមានតែពីរឬបីក្រុមហ៊ុនទេ តែសព្វថ្ងៃនេះមានជាង១០ក្រុមហ៊ុនឈរពុះដីឡូត៍លក់ទ្វេដង »។ ស្រដៀងគ្នានេះដែរ លោក ណៃ គា អ្នកផ្តល់សេវាលក់ដីឡូត៍ បានឱ្យដឹងដែរថា សកម្មភាពពុះដីឡូត៍លក់នេះ គឺមានសន្ទុះខ្លាំងចាប់ពីចុងឆ្នាំ២០១៨មក ហើយឃើញថា បច្ចុប្បន្ននៅច្រើនដដែល ប៉ុន្តែនៅក្រុងភ្នំពេញមួយរយៈចុងក្រោយនេះថមថយបន្ដិច ដោយសារតែតម្លៃដីឡើងខ្លាំងពេក ។ លោកបន្តថា ៖« សកម្មភាពពុះដីឡូត៍បើនៅតាមបណ្តាខេត្ត ឃើញមានដូចជានៅខេត្តកំពត, សៀមរាប ត្បូងឃ្មុំ ស្វាយរៀង កំពុងមានការកើនឡើងច្រើន ដោយសារកត្តាកំណើនប្រជាសាស្ត្រ កត្តាសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកើនឡើង »៕
ចែករំលែកព័តមាននេះ