ខេត្តស្ទឹងត្រែង ៖ កំពង់ចម្លងស្តៅនៃទន្លេសេកុងស្ថិតនៅភូមិស្តៅ ឃុំស្តៅ ស្រុកសេសានកំពុងក្លាយជាកន្លែងទិញលក់ឈើគ្រញូងប្រៀបដូចជាផ្សារលក់ត្រីទៅហើយ។ ប្រភពព័ត៌មានឱ្យដឹងថា មានថៅកែឈើជាច្រើននាក់បានឈរទិញឈើគ្រញូងយ៉ាងគគ្រឹកគគ្រេងដោយមិនខ្លាចញញើតអាជ្ញាធរដែនដីឡើយ។ ឈើទាំងនោះឈ្មួញបានដឹកតាមកាណូតពីត្រើយម្ខាងនៃភូមិស្តៅ រួចយកទៅលក់ឱ្យថៅកែដែលឈរព្រោងព្រាតតាមមាត់ទឹកដណ្តើមគ្នាតថ្លៃទិញដូចជាដណ្តើមគ្នាទិញត្រីដែរ។
ប្រភពដដែលឱ្យដឹងទៀតថា ថៅកែដែលទិញឈើរួចហើយ តែងតែដឹកតាមម៉ូតូ ឬរថយន្តយ៉ាងអនាធិបតេយ្យដោយសុវត្ថិភាពបំផុតរហូតចូលដល់សិប្បកម្មក្នុងខេត្ត ឬបន្តដឹកចេញតាមរថយន្តឆ្លងកាត់តាមផ្លូវជាតិលេខ៧ពីខេត្តស្ទឹងត្រែងទៅព្រំដែនប្រទេសវៀតណាម។ ប្រជាពលរដ្ឋនៅភូមិនោះឱ្យដឹងថា សព្វថ្ងៃប្រជាជនក្នុងភូមិពុំសូវប្រកបរបរនេសាទទេ ភាគច្រើនគឺប្តូរពីរបរនេសាទមកកាប់ឈើលក់វិញ ព្រោះទទួលប្រាក់ចំណេញច្រើន ។ ខ្លះទៀតប្រើរូបភាពទៅនេសាទត្រី តែបន្លំដឹកឈើប្រណីតតាមទូកយកទៅលក់ឱ្យឈ្មួញនៅកំពង់ចំលង។
ឈ្មួញខ្លះបានទិញឈើប្រភេទបេង នាងនួន គ្រញូងពីភូមិស្តៅ រួចដឹកតាមផ្លូវទឹកទៅក្រុងស្ទឹងត្រែង។ ការជញ្ជូនតាមផ្លូវទឹកមិនសូវជាចំណាយលុយច្រើនឱ្យសមត្ថកិច្ចទេ ខុសពីផ្លូវគោកឈ្មួញត្រូវចំណាយលុយឱ្យសមត្ថកិច្ចច្រើនកន្លែងណាស់ដែលយាមបណ្តាក់គ្នាដូចខ្យង។ ប្រជាពលរដ្ឋដដែលបន្តទៀតថា ក្នុងមួយថ្ងៃៗការនាំចេញឈើទាំងផ្លូវទឹក និងផ្លូវគោកយ៉ាងតិច២០លើកមានគ្រប់រូបភាពដូចជាការដឹកតាមកាណូត ម៉ូតូ ឬរថយន្តស៊េរីទំនើប។
លោកមែន សុខា នាយរងរដ្ឋបាលព្រៃឈើសេសានឱ្យដឹងនៅថ្ងៃទី២៣ មីនា ថា ការលើកដាក់ឈើនៅកំពង់ចំលងស្តៅ លោកពិបាកបង្ក្រាប គឺពេលខ្លះបង្ក្រាបបាន តែពេលខ្លះបង្ក្រាបមិនបាន ។ រាល់ថ្ងៃលោកបានដាក់កំលាំងសមត្ថកិច្ចដូចជាប៉ូលិស ប៉េអឹមនៅកន្លែងនោះ តែចំពោះកំលាំងជំនាញមេព្រៃវិញគឺមានតែម្នាក់គត់ដែលនៅប្រចាំការ។ លោកមែន សុខា បន្តថា លោកកំពុងធ្វើសេចក្តីជូនដំណឹងឱ្យមេឃុំដើម្បីចាត់វិធានការបង្ក្រាប និងនាំឈ្មួញទាំងនោះទៅពិន័យតាមច្បាប់។ ចំណែកលោកនួយ ប៊ុនធួយ មេឃុំស្តៅ មិនអាចទាក់ទងសុំការបំភ្លឺតាមទូរស័ព្ទបានទេនៅព្រឹកថ្ងៃទី២៣ មីនា។
គេសង្កេតឃើញថា ទោះបីមានការរឹតបន្តឹង និងបង្ក្រាបជាញឹកញាប់យ៉ាងណាក៏ដោយ ក៏ការទិញលក់ និងការដឹកជញ្ជូនឈើនៅកំពង់ចំលងស្តៅ នៅតែមានភាពអនាធិបតេយ្យដោយសារសមត្ថកិច្ចប្រចាំការនៅទីនោះមានភាពធូររលុងច្រើន ៕



ចែករំលែកព័តមាននេះ