ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Allan Zeman៖ ពេល​ល្អ​សម្រាប់​ការ​ទិញ​អចលនទ្រព្យ​ថៃ

5 ឆ្នាំ មុន

លោក Allan Zeman ដែល​ជា​វិនិយោគិន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ហុងកុង​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ Phuket ក្នុង​ប្រទេស​ថៃ​យ៉ាង​ខ្លាំង​។ លោក​បាន​បង្កើត​ក្រុមហ៊ុន​រួម​រវាង Paradise Group របស់​លោក…

លោក Allan Zeman ដែល​ជា​វិនិយោគិន​អចលនទ្រព្យ​ដ៏​ធំ​មួយ​ក្នុង​ហុងកុង​បាន​ងាក​មក​ចាប់អារម្មណ៍​លើ​វិស័យ​អចលនទ្រព្យ Phuket ក្នុង​ប្រទេស​ថៃ​យ៉ាង​ខ្លាំង​។ លោក​បាន​បង្កើត​ក្រុមហ៊ុន​រួម​រវាង Paradise Group របស់​លោក និង​ក្រុមហ៊ុន Pacific Century Premium Developments ដើម្បី​អភិវឌ្ឍន៍​គម្រោង​សណ្ឋាគារ​ផ្កាយ​ប្រាំ និង​វីឡា​ប្រណិត​ៗ​ក្នុង​ក្រុង Thai Muang ជិត​Phuket​។
អតីត​អគ្គនាយក Ocean Park ម្នាក់​នេះ​បាន​និយាយ​ថា “​ខ្ញុំ​បាន​ចាប់ផ្តើម​ស្រលាញ់​ទី​នេះ​ព្រោះ​វា​មិន​នៅ​ឆ្ងាយ​ពេក​ពី​ហុងកុង និង​វា​ងាយស្រួល​ក្នុង​ការ​ចាក​ចេញពី​ជីវិត​នៅ​ទីក្រុង​ដ៏​រវល់​”​។

លោក​បាន​បន្ត​ថា “​ខ្ញុំ​មើលឃើញ​មាន​សក្តានុពល​យ៉ាងច្រើន​ក្នុង Phuket​។ ទីផ្សារ​អចលនទ្រព្យ​នៅ​ទី​នេះ​នឹង​បន្ត​លូតលាស់​ទៅ​ទៀត​។ ហុងកុង​ជួប​ប្រទះ​នឹង​កង្វះ​ដី ហើយ​អ្វី​ដែល​ពួក​យើង​តែងតែ​និយាយ​គឺ​អចលនទ្រព្យ​“​ប្រអប់​ស្បែកជើង​”​របស់​ទីក្រុង​នោះ​។ ខណៈ​ដែល​ក្នុង​ប្រទេស​ថៃ​វិញ​… អ្នក​អាច​ទិញ​ខុន​ដូ ឬ​វីឡា​មួយ​ដ៏​ល្អ​ក្នុង​តម្លៃ​ស្មើ​ចំណតរថយន្ត​មួយ​ក្នុង​ហុងកុង​”​។ វិនិយោគិន​អាស៊ី​ដទៃ​ជា​ពិសេស​មក​ពី​ប្រទេស​ចិន​បាន​ដើរ​តាម​លោក Zeman មក​ក្នុង​ទីផ្សារ​អចលនទ្រព្យ​របស់​ប្រទេស​ថៃ​។

យោង​ទៅ​តាម​ធនាគារជាតិ​ថៃ​បាន​ឲ្យ​ដឹង​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​បាងកក​បាន​កើនឡើង​យ៉ាងតិច​ណាស់​ក៏ ១០%​ដែរ​ក្នុង​មួយ​ឆ្នាំ​តាំងពី​ឆ្នាំ ២០១០ មក ហើយ​អតិថិជន​ចិន​គឺជា​អ្នក​ជំរុញ​ធំ​ជាងគេ​។ អ្នកស្រី Carrie Law ដែល​ជា​អគ្គនាយក​នៃ​គេហទំព័រ Juwai.com បាន​ឲ្យ​ដឹង​ថា “​ក្នុង​ទីក្រុង​បាងកក ពួក​យើង​មើលឃើញ​មាន​អា​ផាត​មិន​ថ្មី​ៗ​ចំនួន ១៥,០០០​យូ​នី​ត​ដែល​ត្រូវ​បាន​លក់​ទៅ​ឲ្យ​អតិថិជន​មក​ពី​ចិនដីគោក និង​ហុងកុង​ក្នុង​ឆ្នាំ ២០១៨ ដែល​ស្មើ​ពាក់កណ្តាល​នៃ​អចលនទ្រព្យ​ដែល​ត្រូវ​បាន​ទិញ​ដោយ​អតិថិជន​បរទេស​សរុប​”​។ ការ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​អតិថិជន​មក​ពី​ប្រទេស​ចិនដីគោក​នេះ​មាន​ន័យ​ថា​វិស័យ​នេះ​អាច​នឹង​ទទួល​រង​ការ​ប៉ះពាល់​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​ចិន ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន​មានការ​ប្រុង​ប្រយ័ត្ន​ជាង​មុន​។

ជាមួយ​គ្នា​នេះ​ផង​ដែរ វិធានការ​ថ្មី​ៗ​ដែល​មាន​គោលដៅ​កាត់​បន្ថយ​ការ​ទិញ​អចលនទ្រព្យ​ទុក​ក៏​ចាប់​មាន​ប្រសិទ្ធិ​ភាព​នៅ​ថ្ងៃ​ទី ១​ខែមករា​ឆ្នាំ​នេះ​ផង​ដែរ​។ យ៉ាងណា​ក្តី លោក Zeman នៅ​តែ​ជឿជាក់​យ៉ាង​ខ្លាំង​លើ​ប្រទេស​ថៃ​និង​បាន​បន្ត​ថា “​វា​តែងតែ​ជា​ពេល​ល្អ​ក្នុង​ការ​ទិញ​អចលនទ្រព្យ​ក្នុង​ប្រទេស​ថៃ​។ អ្វី​ដែល​ល្អ​ពី​ប្រទេស​នេះ​គឺ​វា​ជា​កន្លែង​អន្តរជាតិ ដែល​មាន​ន័យ​ថា​ពេល​ដែល​អ្នក​ចង់​លក់ អ្នក​អាច​រកបាន​អតិថិជន​ពី​ជុំវិញ​ពិភពលោក​”៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ