ប្រទេសចិនកំពុងមានបញ្ហាទីក្រុងគ្មានមនុស្ស (ទីក្រុងខ្មោច) ។ ទីក្រុងតូចៗជាច្រើនត្រូវបានសាងសង់ឡើងតាមទីក្រុងធំៗដូចជាសៀងហៃ និងបេកាំង ដោយសង្ឃឹមថានឹងអាចក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ។
ប៉ុន្តែទីក្រុងទាំងនោះមិនអាចទាក់ទាញអាជីវកម្មនិងប្រជាជនទៅស្នាក់នៅបានដែលធ្វើឲ្យទីក្រុងទាំងនោះមានតែសំបក ។ ផ្ទះរាប់លានយូនីតនៅមិនទាន់លក់ចេញ ខណៈដែលបំណុលកំពុងតែក់នឡើងហើយការព្រួយបារម្ភពីទីផ្សារបានបង្កើតហានិភ័យកាន់តែច្រើនឡើងទៀត ។
លើសពីនេះទៀតនេះ មានអចលនទ្រព្យរាប់លានយូនីតត្រូវបានទិញដោយមិនមានមនុស្សស្នាក់នៅ ។ ប្រជាជនមួយចំនួនបានទិញផ្ទះទាំងនោះសម្រាប់ធ្វើជាផ្ទះវិស្សមកាល ឬសម្រាប់សមាជិកគ្រួសារភេទប្រុស និងជាអំណោយចំណងដៃកូនៗជាដើម ។ ប៉ុន្តែក្នុងករណីមួយចំនួនទៀត អតិថិជនទិញវាទុកជាការវិនិយោគ ដោយសង្ឃឹមថាអាចលក់វាយកផលចំណេញបាន ។
យោងទៅតាមការស្ទង់មតិរបស់អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ Southwestern University of Finance and Economics នៅ Chengdu បានឲ្យដឹងថា ផ្ទះដែលមិនមានមនុស្សស្នាក់នៅទាំងនេះស្មើ ១ភាគ៥នៃចំនួនផ្ទះសរុបក្នុងទីក្រុងចិន ឬស្មើ ៦៥លានយូនីតទូទាំងប្រទេស ។
លោក Kaiji Chen ដែលជាសេដ្ឋវិទូម្នាក់មកពី Emory University បានឲ្យដឹងថា កត្តាជំរុញដល់បញ្ហានេះរួមមានការជឿជាក់ថាតម្លៃដីអចលនទ្រព្យដែលពួកគេបានទិញនឹងកើនឡើង ។
លោកបានឲ្យដឹងទៀតថា ដីក្នុងប្រទេសចិនមានការខ្វះខាត ហើយវាស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលក្នុងតំបន់ ខណៈដែលអតិថិជនដឹងថារដ្ឋាភិបាលមិនចង់លក់ដីក្នុងតម្លៃទាបទេព្រោះវាជាប្រាក់ចំណូលសម្រាប់ពួកគេ ។ ជាមួយគ្នានេះផងដែរ ប្រជាជនដទៃទៀតក៏ចាប់ផ្តើមងាកមកកាន់អចលនទ្រព្យក្នុងស្រុកវិញបន្ទាប់ពីមានការរឹតបន្តឹងការវិនិយោគលើអចលនទ្រព្យបរទេសជាដើម ។
កត្តាទាំងនេះបានបង្កើនតម្លៃលក់ និងជួលផ្ទះដែលបង្ខំឲ្យអតិថិជនក្មេងៗ ឬអតិថិជនទិញផ្ទះលើកទីមួយចេញពីទីផ្សារ ។ វាបានធ្វើឲ្យការគ្រប់គ្រងតម្លៃផ្ទះស្ថិតក្នុងចំណោមបញ្ហាសំខាន់ៗរបស់ប្រទេសចិនក្នុងឆ្នាំ ២០១៧ ដោយមានការព្រួយបារម្ភថាការដួលរលំនៃទីផ្សារអចលនទ្រព្យអាចប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ចទាំងមូល ៕
ប្រភព ៖ Citylab
ចែករំលែកព័តមាននេះ