ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មក​ស្គាល់​ភ្នំ​បះជើង​ល្បី​ស័ក្តិសិទ្ធិ​តិច​មើល៍​មាន​ប្រវត្តិ​បែប​ណា​…

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ បើ​និយាយ​ពី​ភ្នំ​បះជើង​ប្រាកដ​ណាស់​មិនសូវ​មាន​អ្នក​ណា​ស្គាល់​នោះ​ទេ បច្ចុប្បន្ន​ភ្នំ​នេះ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​និយម​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដោយ​យល់​ថា ជា​កន្លែង​ដែល​មាន​ប្រវត្តិ​ស័ក្តិសិទ្ធិ ម្យ៉ាង​ដោយសារ​តែ​វត្ត​នេះ​នៅ​ដាច់​ស្រយាល​ផង ហើយ​ម្ហូបអាហារ (​ភត្ត​)​ហាក់បីដូចជា​ខ្វះខាត ទើប​មាន​អ្នក​នាំ​យក​ទេយ្យទាន និង​ភត្ត​ទៅ​មិនសូវ​ដាច់​។…

ខេត្តកំពង់ស្ពឺ ៖ បើ​និយាយ​ពី​ភ្នំ​បះជើង​ប្រាកដ​ណាស់​មិនសូវ​មាន​អ្នក​ណា​ស្គាល់​នោះ​ទេ បច្ចុប្បន្ន​ភ្នំ​នេះ​ត្រូវ​បាន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​និយម​នាំ​គ្នា​ទៅ​ធ្វើបុណ្យ​ដោយ​យល់​ថា ជា​កន្លែង​ដែល​មាន​ប្រវត្តិ​ស័ក្តិសិទ្ធិ ម្យ៉ាង​ដោយសារ​តែ​វត្ត​នេះ​នៅ​ដាច់​ស្រយាល​ផង ហើយ​ម្ហូបអាហារ (​ភត្ត​)​ហាក់បីដូចជា​ខ្វះខាត ទើប​មាន​អ្នក​នាំ​យក​ទេយ្យទាន និង​ភត្ត​ទៅ​មិនសូវ​ដាច់​។ ម្យ៉ាងវិញទៀត​អ្នកខ្លះ​ដែល​មាន​ជំនឿ​នាំ​គ្នា​ទៅ​បន់ស្រន់​សុំ​សេចក្តីសុខ និង​ការ​រ​ស៊ី​លក់ដូរ​នានា រីឯ​អ្នកខ្លះ​ទៀត​ដែល​រៀប​ការ​យូរហើយ​មិន​មានកូន​បាន​ទៅ​បន់​សុំ​កូន​ពី​បារមី​ភ្នំ ហើយ​សមបំណង ទើប​ចេះ​តែ​នាំ​គ្នា​ទៅ​លាបំណន់ និង​ដាក់​សែន​ដ​ង្វា​យ​ផ្សេង​ៗ​ដល់​បារមី​ភ្នំ​មិន​ដែល​ខាន​។

តាម​សង្ឃដីការ​របស់​ព្រះ​តេជគុណ ទិសា វេន ចៅអធិការ​ស្តីទី​វត្ត​បព្វ​តា​រាម ដែល​នៅ​ជាប់ជើង​ភ្នំ​បះជើង សង្ឃដីកា​ថា អ្នក​សុំ​កូន ឬអ្វី​ៗ​ភាគច្រើន​បាន​សម​ប្រាថ្នា​នៅ​ពេល​ដែល​សម​ប្រាថ្នា ហើយ​អស់លោក​អ្នក​ទាំងនោះ​ក៏​យក​ដ​ង្វា​យ និង​សំណែន​មក​ថ្វាយ​បារមី​ភ្នំ និង​ប្រគេន​ដល់​ព្រះ​អង្គ​ដែល​កំពុង​សាងសង់​ព្រះ​វិហារ​ដូច​ជា​ស៊ីម៉ង់ត៍​ជាដើម​។

ជាក់ស្តែង​បងស្រី​ម្នាក់​រស់នៅ​កំពង់ស្ពឺ ដែល​គេ​ជំពាក់​លុយ (2000000​រៀល​) មិន​សង​ក៏​មក​បន់​បារមី​ឱ្យ​ជួយ​ដើម្បី​បន្ទន់ចិត្ត​អ្នក​ជំពាក់​លុយ ហើយ​ឱ្យ​យក​លុយ​មក​សង​ពេល​ត្រឡប់​ទៅ​វិញ ស្រាប់តែ​អ្នក​ជំពាក់​លុយ​នោះ យក​លុយ​មក​សងគ្រប់​ចំនួន ដូច្នេះ​ដោយ​យល់​ថា ការ​បន់ស្រន់​បារមី​ឃើញ​ថា ស័ក្តិសិទ្ធិ​គាត់​ក៏​យក​ស៊ីម៉ង់ត៍​មក​ប្រគេន​ដល់​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត »​។ ព្រះ​អង្គ​បន្ត​សង្ឃដីកា​ថា​«​ពុ​ទ្ឋ​បរិស័ទ​ដែល​ធ្វើបុណ្យ​ដោយ​សទ្ធា និង​អ្នកខ្លះ​ទៀត​ធ្វើបុណ្យ​ដោយ​ភាព​ជោគជ័យ​ដែល​សុំ​ពី​បារមី​ភ្នំ​តែង​សម្រេច​ក្តី​បំណង​»​។

​ហើយ​បើក​និយាយ​ពី​ប្រវត្តិ​ភ្នំ​បះជើង​នេះ​មាន​ពាក់ព័ន្ធ​នឹង​រឿងដំណាល​២​ដោយឡែក​ពី​គ្នា មានរឿង​ដំណាល​ថា កាលពីព្រេងនាយ​កាល​ព្រះ​រាម​ព្រះ​លក្ខ​ធ្វើសង្គ្រាម​ជាមួយ​យក្ស​អ​វយ​រា​ពពេល​នោះ​ព្រះ​លក្ខ​ត្រូវ​ព្រួញ​របស់​យក្ស ព្រះ​រាម​ឃើញ​ដូច្នោះ​ក៏​ប្រើ​ហនុមាន​ឱ្យទៅ​រក​ថ្នាំ​នៅ​លើ​កោះ​មួយ​កណ្តាល​សមុទ្រ គឺ​ឆ្នាំ​ជណ្តើរស្វា ដោយសារ​តែ​ឈ្មោះ​ថ្នាំ​នោះ​ពាក់ព័ន្ធ​នឹង​ឈ្មោះ​ស្វា ព្រះ​រាម​ខ្លាច​ហនុមាន​អន់ចិត្ត​ក៏​មិន​ហា៑ន​ប្រាប់​ហនុមាន​នោះ​ទេ ក៏​ប្រាប់​ហនុមាន​ឱ្យទៅ​រក​ថ្នាំ​ឱ្យ​បាន ។ ព្រោះតែ​មិនដឹង​ថា ត្រូវ​រក​ថ្នាំ​អ្វី​ហនុមាន​យក​មក​ម្តង​ជា​២​ដង​នៅ​តែ​មិន​ត្រូវ​ថ្នាំ​ជណ្តើរស្វា ទើប​លើក​ទី​៣ ដោយ​ទាល់​តម្រិះ​ហនុមាន​ក៏​លើក​កោះ​នោះ​យក​មក​ទាំងមូល​ដាក់​នៅ​មុន​ព្រះ​រាម​ឱ្យ​រើស​យក​ខ្លួនឯង​តែ​ម្តង​។

​ពេល​ដែល​យក​មក​ដល់​ព្រះ​រាម ក៏​បេះ​យក​ស្លឹក​ថ្នាំ​ជណ្តើរស្វា​នោះ​មក ស្រាប់តែ​ហនុមាន មានការ​ភ្ញាក់​ផ្អើល​ថា មិច​បាន​មិន​ប្រាប់​ត្រង់ គ្រាន់តែ​ឈ្មោះ​ចឹ​ង​សោះ ក៏​មិន​ប្រាប់​ដែរ? ក្រោយ​ពេល​បេះ​ស្លឹក​ថ្នាំ​បិត​ឱ្យ​ព្រះ​លក្ខ​រួច​ហើយ ព្រះ​រាម​ក៏​ប្រើ​ហនុមាន​ឱ្យ​យក​កោះ​នោះ​ទៅ​ដាក់​នៅ​កណ្តាល​សមុទ្រ​វិញ តែ​ដោយ​ហនុ​មាន​ហាក់បីដូចជា​ខ្ជិល​ក៏​ចង​កោះ​នោះ​នៅ​ជាប់​កន្ទុយ ហើយ​គ្រវាត់​កោះ​នោះ​ទៅ​កាន់​សមុទ្រ ។ ពេល​គ្រវាត់​កោះ​នោះ​មិន​បាន​ត្រូវ​ចំ​កន្លែង​ដើម​ឡើយ ក៏​ធ្លាក់​មក​ក្រោម​បះជើង​ឡើង​លើ​។ ដោយ​អំណាច​នៃ​ការ​ធ្លាក់​កោះ​នោះ​ក៏​ធ្វើ​ឱ្យ​មានទឹក​រលក​បោកបក់ រហូត​ធ្វើ​ឱ្យ​សំពៅ​មួយ​គ្រឿង​ដែល​ចត​នៅ​ជិត​នោះ​យឹត ហើយ​ក្រឡាប់​។

​ចាប់ពី​ពេល​នោះ​មក​ទឹកសមុទ្រ​ក៏​រីង​ខះ​ហួតហែង​កោះ​ដែល​បះជើង​ក៏​ចាប់ផ្តើម​លេច​ចេញ​ជា​រូបរាង ក្រោយមក​អ្នកស្រុក​ក៏​ចាប់ផ្តើម​ហៅ​ថា ភ្នំ​បះជើង ចំណែក​សំពៅ​ដែល​ទឹក​រលក​បោកបក់ បណ្តាល​ឱ្យ​លិច​ក៏​ក្លាយជា​ភ្នំ​មួយ​ដែរ ពេល​នោះ​អ្នកស្រុក​ក៏​ហៅ​ថា​ភ្នំ​សំពៅ​យឹត នៅ​ជិត​គ្នា​ភាគ​ខាងលិច​200​ម៉ែត្រ​។

ចំណែក​រឿងដំណាល​មួយទៀត គឺ​នៅ​ពេល​ដែល​ខ្មែរ​ចាញ់​សង្គ្រាម​សៀម​សម័យ​លង្វែក​ខ្មែរ​ជា​ច្រើន​ត្រូវ​សៀម​ធ្វើបាប​ដោយ​ទារុណកម្ម​ផ្សេង​ៗ ដោយ​ទ្រាំ​នឹង​ទ​ង្វើ​របស់​សៀម​មិន​បាន​ខ្មែរ​មួយ​ចំនួន​ក៏​នាំ​គ្នា​រត់​ភៀសខ្លួន​មក​ជ្រកកោន​នៅ​ភ្នំ​បះជើង​នេះ​។ ពេល​ដែល​រត់​មក​ជ្រក​នៅ រូងភ្នំ​ខ្មែរ​យើង​នាំ​យក​មក​ជាមួយ​នូវ​វត្ថុ​ស័ក្តិសិទ្ធិ និង​គ្រឿង​សក្ការៈ​ជា​ច្រើន​តាំង​ពូ​ចានឆ្នាំង​ពួ​ជ ព្រមទាំង​ព្រះ​ពុទ្ធរូប​ដែល​មាន​ត​ម្កៃ​ដូច​ជា សំរឹទ្ធ ស្ពាន់ លង្ហិន ជាដើម (​បច្ចុប្បន្ន​គ្មាន​សេសសល់​នោះ​ទេ​) ដែល​ពួក​គាត់​គិត​ថា ខ្លាច​សៀម​យក​ទៅ​។

ពេល​មក​ជ្រកកោន​នៅ​ក្នុង​រូងភ្នំ​ខ្មែរ​យើង​ជា​ច្រើន​ក៏​យក​ព្រះពុទ្ធ​រូប​មក​ដ​ម្ក​ល់​កាន់តែ​ច្រើន​ឡើង​ៗ ពេល​នោះ​​គ្រប់​គ្នា​ក៏​ប្តូរ​ពី​ភ្នំ​បះជើង​មក​ភ្នំ​ព្រះ​វិញ​ម្តង​។ ដោយសារ​តែ​ខ្មែរ​យើង​មាន​ជំនឿ​ថា ព្រះ​ពុទ្ធរូប​នៅ​ក្នុង​រូងភ្នំ​ពូកែ​ស័ក្តិសិទ្ធិ​ក៏​នាំ​គ្នា​មក​គោរព​បូជា​រហូត​មក ការ​គោរព​បូជា​នេះ​ក្រោយមក​ក៏​ក្លាយជា​ទម្លាប់​របស់​អ្នក​ឃុំ​យា​អង្គ​ដែក រៀង​រាល់​៣​ឆ្នាំ​ម្តង គឺ​ចាស់​ស្រុក​តែងតែ​មក​ធ្វើបុណ្យ​ជា​ពិធី​ឡើងរោង ពិធី​ឡើងអ្នកតា​ជាដើម និង​បន់ស្រន់​ផ្សេង​ៗ ដោយ​មាន​មេ​ស្មឹង​ជា​អ្នក​ចូល​រូប (​អ្នក​អន្ទង​អ្នកតា​) ដើម្បី​ចង់​ដឹង​ពី​សុខទុក្ខ​របស់​អ្នក​ភូមិ​។

បើ​តាម​លោកគ្រូ​ចៅអធិការ​មាន​សង្ឃដីកា​ថា គឺ​ភ្នំ​នេះ​ពី​ដើម​ឡើយ​មិនមែន​ចេះ​តែ​ឡើង​បាន​តាម​ចិត្ត​នោះ​ទេ ទាល់តែ​មាន​ពិធី​សុំ​ជា​មុន ទើប​អាច​ឡើង ហើយ​ចូល​ទៅ​ក្នុង​រូងភ្នំ​បាន ហើយ​ភាគច្រើន​រូង​ដែល​គេ​ចង់​ចូល គឺ​រូង​ព្រះ​៥​ព្រះ​អង្គ​។

បើ​តាម​លោកតា ផង់ វេ​ង អាយុ​៧០​ឆ្នាំ ជា​ប្រធាន​គណៈកម្មការ​វត្ត​និយាយ​ថា តាម​ចាស់​ៗ​ពី​ជំនាន់​មុន​បាន​និទាន​ប្រាប់​ថា កាលពី​សម័យ​ឥស្សរៈ​មាន​ក្រុម​ទាហាន​រត់​មក​លាក់ខ្លួន (​ស័ក្តិ​៣​សៀ​ប​ច្បាំង​ចាញ់​ទ័ព​របស់​ទ្រង់​ចន្ទរង្សី​) កងទ័ព​រាប់រយ​នាក់​រត់​មក​លាក់ខ្លួន​ក្នុង​រូងភ្នំ​ដោយ​គ្មាន​ចាន​ឆ្នាំ​នោះ ពេល​នោះ​ក្រុម​ទាហាន​បាន​សុំ​ខ្ចីចាន​ឆ្នាំង​ពី​បារមី ស្រាប់តែ​ចាន​ឆ្នាំ​បាន​ផុស​ឡើង​គួរ​ឱ្យ​ស្ញប់ស្ញែង ហើយ​ក្រុម​ទាហាន​ក៏​យក​ចាន​ឆ្នាំ​មក​ដាំ​ស្ល​ជា​ប្រចាំ​។ ចំណែក​ស័ក្តិ​៣​សៀ​ប ក៏​ចេះ​តែ​លាក់ខ្លួន​នៅ​ក្នុង​រូងភ្នំ​រហូត ហើយ​ទ័ព​របស់​ទ្រង់​ចន្ទរង្សី មិន​អាច​រក​ឃើញ​ឡើយ​។ ក្រោយមក​ស័ក្តិ​៣​សៀ​ប ក៏​បាត់​ខ្លួន​យ៉ាង​អាថ៌​កំបាំង​ដែល​អ្នកខ្លះ​ថា រត់​ទៅ​ព្រះ​ដែន​ថៃ ហើយ​អ្នកខ្លះ​ថា​ឈឺ​ស្លាប់​។

វត្ត​ភ្នំ​ព្រះ បច្ចុប្បន្ន​មាន​គណៈកម្មការ​សរុប​២៤​នាក់ ហើយ​កំពុង​បន្ត​ការ​សាងសង់​ព្រះ​វិហារ​ដោយ​មានការ​ចូលរួម​ឧបត្ថម្ភ​ពី​សប្បុរសជន និង​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​ទូទៅ​គ្រប់​មជ្ឈដ្ឋាន​បាន​៧០​ភាគរយ​ហើយ​។ វត្ត​ភ្នំ​ព្រះ​បាន​ចុះបញ្ជី​នៅ​ឆ្នាំ​២០១៨ និង​មានឈ្មោះ​ផ្លូវការ​ថា «​វត្ត​វរ​បព្វ​តា​រាម​» វត្ត​នេះ​ល្បី​ស័ក្តិសិទ្ធិ​ដែល​មនុស្ស​ភាគច្រើន​បាន​សម្រេច​បំណងប្រាថ្នា​របស់​ខ្លួន​។ ពី​ដើម​ឡើយ​ទី​នេះ គ្រាន់តែ​ជា​អាស្រម​មួយ​ដែល​មាន​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម សួ​ស ដ​ន និង​តា​តា​បាន​នាំ​គ្នា​មក​ធ្វើ​សមាធិ​តាំងពី​ឆ្នាំ​២០០៥ រហូត​ដល់​ឆ្នាំ​២០០៩ និង​បាន​ចុះបញ្ជី​ផ្លូវការ​នៅ​ឆ្នាំ​២០១៨​។ ទី​អារាម​ដែល​មាន​ប្រវត្តិ​ទាក់ទង​នឹង​រឿងនិទាន​នេះ ភាគច្រើន​សំបូរ​អ្នក​មក​ពី​ចំងាយ ដោយ​យល់​ថា ជា​វត្ត​ដែល​ស្ថិត​នៅ​តំបន់​ដាច់​ស្រយាល និង​មាន​បារមី​ពូកែ​ស័ក្តិសិទ្ធិ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ