ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ចិញ្ចឹម​ជ្រូក​បារម្ភ​ពី​តម្លៃ​ធ្លាក់​ចុះ ខណៈ​នៅ​វៀតណាម​កំពុង​ផ្ទុះ​ជំងឺ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​លើ​សត្វ​ជ្រូក​កំពុង​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម កសិករ​កម្ពុជា​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ជ្រូក​ក្នុងស្រុក ព្រោះថា បើសិនជា​ជំងឺ​នេះ​បាន​រាលដាល​ដល់​កម្ពុជា​នោះ នឹង​ធ្វើ​ឲ្យ​ទីផ្សារ​មួយ​នេះ​កាន់តែ​អាក្រក់​ជាង​កាលពី​លើក​មុន​ទៅ​ទៀត ។ លោក នាង…

រាជធានី​ភ្នំពេញ ៖ ខណៈ​ជំងឺ​ប៉េ​ស​អាហ្វ្រិក​លើ​សត្វ​ជ្រូក​កំពុង​រីក​រាលដាល​នៅ​ប្រទេស​វៀតណាម កសិករ​កម្ពុជា​បាន​បង្ហាញ​ការ​ព្រួយបារម្ភ​ជា​ថ្មី​ចំពោះ​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ជ្រូក​ក្នុងស្រុក ព្រោះថា បើសិនជា​ជំងឺ​នេះ​បាន​រាលដាល​ដល់​កម្ពុជា​នោះ នឹង​ធ្វើ​ឲ្យ​ទីផ្សារ​មួយ​នេះ​កាន់តែ​អាក្រក់​ជាង​កាលពី​លើក​មុន​ទៅ​ទៀត ។

លោក នាង ច​ន្ថា កសិករ​ចិញ្ចឹម​ជ្រូក​ធំ​មួយ​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង បាន​ឲ្យ​ដឹង​ថា ថ្វី​ដ្បិតតែ​ពេល​នេះ ជំងឺ​ប៉េ​ស​អាហ្វ្រិក​មិន​ទាន់​មក​ដល់​កម្ពុជា​ក្ដី ក៏​ប៉ុន្តែ​បើសិនជា​មិន​បាន​បិទ​ការ​នាំ​ចូល​ពី​វៀតណាម​ទេ​នោះ ជំងឺ​នេះ​នឹង​អាច​ឆ្លង​មក​ដល់​ជ្រូក​ក្នុងស្រុក​ធ្វើ​ឲ្យ​មាន​បញ្ហា​ធំ និង​ធ្ងន់ធ្ងរ​ជាង​កាលពី​អំឡុង​ឆ្នាំ ២០១៦-២០១៧​ទៅ​ទៀត ។ លោក​មាន​ប្រសាសន៍​ថា ៖«​ជំងឺ​ប៉េ​ស​អាហ្វ្រិក ជា​ជំងឺ​សាហាវ ហើយ​មិនមែន​ទាល់តែ​ដឹក​ជ្រូក​រស់​មក​ទើប​ឆ្លង​នោះ​ទេ សូ​ម្បី​តែ​ក្លាយជា​សាច់ សាច់ក្រក​ហើយ ក៏​ជំងឺ​នេះ​មិន​ងាប់​ដែរ អីចឹង​បើ​វា​មក​ដល់​ស្រុក​យើង វា​នឹង​ចម្លង​ដល់​ជ្រូក​ក្នុងស្រុក និង​គ្មាន​វិធី​ការពារ​នោះ​ទេ » ។ លោក​បន្ត​ថា ពេល​នេះ​តម្លៃ​ជ្រូក​រស់​ក្នុងស្រុក​មាន​ភាពល្អ​ប្រសើរ​ណាស់ ដោយ​ក្នុង​មួយ​គីឡូក្រាម​អាច​លក់​បាន​ក្នុង​តម្លៃ​១​ម៉ឺន​រៀល​ឯណោះ តែ​ក៏​ប៉ុន្តែ​មិន​ហ៊ាន​ធានា​ថា តម្លៃ​នេះ អាច​រក្សា​បាន​កម្រិត​ណា​ដែរ ពីព្រោះ​នៅ​តែ​មាន​សកម្មភាព​នាំ​ចូល​ជា​ហូរហែរ​ពី​វៀតណាម ជា​ពិសេស​ការ​នាំ​ចូល​ដោយ​គេចពន្ធ​តែ​ម្ដង ។ លោក​ថា ៖« យើង​ពិតជា​អរគុណ​ណាស់​ចំពោះ​ថ្នាក់លើ​ដែល​បាន​ចេញ​លិខិត​អំពាវនាវ ឲ្យ​ថ្នាក់​ក្រោម​ការពារ​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​អាណា​ធិ​ប​តេ​យ្យ​ពី​ប្រទេស​វៀតណាម ហើយ​យើង​ក៏​មាន​ភាព​កក់ក្ដៅ​មួយ​ចំណែក​ដែរ និង​សង្ឃឹមថា ថ្នាក់​ក្រោម​នឹង​ខំប្រឹង​ធ្វើ​វា​ឲ្យ​បាន ដើម្បី​រក្សា​តម្លៃ​ទីផ្សារ​ជ្រូក​ក្នុងស្រុក ជា​ពិសេស​ដើម្បី​សុខភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ផ្ទាល់​តែ​ម្ដង »​។ លោក​បន្ថែម​ថា ក្នុង​ករណី​មិន​បាន​ទប់ស្កាត់ និង​បណ្ដោយ​ឲ្យ​ចូល​មក​នោះ លើក​នេះ​ទីផ្សារ​ជ្រូក​នឹង​កាន់តែ​អាក្រក់​ជាង​កាលពី​លើក​មុន​ទៅ​ទៀត ពីព្រោះ​ជ្រូក​ក៏​ធ្លាក់​ថ្លៃ​គ្មាន​អ្នកទិញ ហើយ​វា​នឹង​ងាប់​ដោយសារ​តែ​ជំងឺ​កាន់តែ​ច្រើន » ។

បើ​តាម លោក ស៊ុន ឡាយ អ្នក​ផ្គត់ផ្គង់​ជ្រូក​ពូជ​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ក្នុង​រយៈពេល​ជាង​១​ឆ្នាំ​នេះ ឃើញ​ថា​កសិករ​បាន​ពង្រីក​ការ​ចិញ្ចឹម​ឡើង​វិញ​ដោយ​រក​មេ​ពូជ​និង​កូនជ្រូក​បន្ថែម​ដើម្បី​ផ្គត់ផ្គង់​ទៅ​តាម​តម្រូវការ​ទីផ្សារ ខណៈ​តម្លៃ​ក៏​បាន​ឡើងថ្លៃ​ខ្ពស់ ក៏​ប៉ុន្តែ ក្រោយ​ពេល​មាន​ដំណឹង​ជំងឺ​ប៉េ​ស​អាហ្វ្រិក បាន​មក​ដល់​ប្រទេស​វៀតណាម ធ្វើ​ឲ្យ​កសិករ​មានការ​ព្រួយបារម្ភ​ឡើង​វិញ​ពី​ការ​ធ្លាក់​ចុះ តម្លៃ និង​មហន្តរាយ​ដល់​ជ្រូក​ក្នុងស្រុក ។ លោក​មាន​ប្រសាសន៍​ថា ៖« កសិករ​មិន​ចង់បាន​តម្លៃ​ខ្ពស់​ពេក​នោះ​ទេ យើង​សុំ​ត្រឹមតែ​មិន​ឲ្យ​នៅ​ក្រោម​៨.០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​បាន​ហើយ ព្រោះ​តម្លៃ​នេះ​វា​ធ្វើ​ឲ្យ​យើង​ចំណេញ​តែ​បើសិនជា​តម្លៃ​នៅ​ក្រោម​៨.០០០​រៀល​វា​នឹង​ធ្វើ​ឲ្យ​កសិករ​មិន​អាច​រក​ប្រាក់​ចំណេញ​បាន​ឡើយ​»​។
លោក​បាន​ស្នើ​ឲ្យ​ថ្នាក់ដឹកនាំ និង​ភាគី​ពាក់ព័ន្ធ​សូម​ជួយ​ទប់ស្កាត់​នូវ​ការ​នាំ​ចូល​ពី​វៀតណាម​ឲ្យ​បាន​ផង ឬ​ត្រូវ​ត្រួតពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ មុន​នឹង​អនុញ្ញាត​ឲ្យ​នាំ​ចូល​មក​ផ្គត់ផ្គង់​ក្នុងស្រុក ។

ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​កំពុង​កើត​មាននៅ​ប្រទេស​វៀតណាម​ខាងជើង និង​កំពុង​រីក​រាលដាល​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ ។ វា​គឺជា​ប្រភេទ​ជំងឺឆ្លង ប៉ុន្តែ​វា​មិន​អាច​ចម្លង​ពី​សត្វ​មក​ប៉ះពាល់​ដល់​មនុស្ស​បាន​ទេ គឺ​វា​អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ​ដទៃ​ទៀត ប្រសិនបើ​មិន​មាន​វិធានការ​ការពារ ។ ស្រប​ពេល​ជំងឺ​នេះ​កំពុង​ផ្ទុះ​នៅ​ប្រទេស​ជិតខាង ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រកាស​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​រឹត​បន្ដឹង​ការ​នាំ​ចូល​ជ្រូក​ពី​ប្រទេស​ជិតខាង ពិសេស​ពី​ប្រទេស​វៀតណាម ព្រោះថា​កម្ពុជា​មិន​អាច​បិទ​ការ​នាំ​សត្វ​ជ្រូក​ពី​ក្រៅប្រទេស​បាន​ទាំងស្រុង​ទេ ដោយសារ​តែ​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ពុំ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ ។

ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ លោក តាន់ ផា​ន់​ណា​រ៉ា កាលពី​ពេល​ថ្មី​ៗ​នេះ បាន​ផ្ញើ​សារ​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរ​កសិកម្ម​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​ឱ្យ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ទៅ​លើ​លិខិត​នាំ​ចូល​សត្វ​ជ្រូក​ទាំងឡាយ​ពី​ប្រទេស​វៀតណាម ដែល​បញ្ជាក់​ពី​សុខភាព​សត្វ និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​ទៅ​លើ​សត្វ​ជ្រូក​ទាំងឡាយ ដែល​នាំ​ចូល​ទាំងនោះ ថា​តើ​មាន​រោគ​សញ្ញា​នៃ​ជំងឺឆ្លង​ដែរ​ឬ​ក៏​អត់ នៅ​មុន​ពេល​អនុញ្ញាត​ឱ្យ​ចូល​មក​កម្ពុជា ។ វិធានការ​តឹងរ៉ឹង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ៖« មាន​សត្វ​ជ្រូក ក្នុង​កសិដ្ឋាន​៣​កន្លែង នៅ​ក្នុង​ខេត្ត​ហុង​អៀន​(Hung Yen) និង​ខេត្ត​ថា​យ​ប៊ិ​ញ ( Thai Binh) ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ មាន​កើត​ជំងឺ​ប៉េ​ស​អាហ្វ្រិក ដែល​ជា​ប្រភេទ​ជំងឺឆ្លង »​។

លោក តាន់ ផា​ន់​ណា​រ៉ា បាន​អះអាង​ថា ៖« បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ជ្រូក​កើត​ជំងឺឆ្លង​ប្រភេទ​ប៉េ​ស​អាហ្វ្រិក​នៅឡើយ​ទេ ហើយ​ជំងឺ​ជ្រូក​នៅ​វៀតណាម​នោះ ក៏​មិន​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​ដែរ ព្រោះតែ​ទីក្រុង​ហាណូយ​នៅ​ឆ្ងាយ​ពី​កម្ពុជា​ប្រមាណ​ជាង​១.៥០០​គីឡូម៉ែត្រ »​។ ទោះបីជា​យ៉ាងណា លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​បាន​កោះ​ប្រជុំ​ភ្លាម​ដែរ ដើម្បី​រក​មធ្យោបាយ​ទប់ទល់​នឹង​ជំងឺ​ជ្រូក​នេះ មិន​ឱ្យ​ចូល​មក​កម្ពុជា ។ លោក​មាន​ប្រសាសន៍​ថា ៖« បច្ចុប្បន្ន​ក្រសួងកសិកម្ម​កំពុង​ពិចារណា​ទៅ​លើ​ការ​បង្វែរ​ទិស​ដៅ​នៃ​ការ​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ជំនួស​វិញ ខណៈ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម មាន​ជ្រូក​កើត​ជំងឺឆ្លង​នេះ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ