ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​តាម​ប្រមាញ់​បំបែក​សំបុក​ចោរ​ប្លន់​អ្នក​លក់​មាស​នៅ​កំពង់ឆ្នាំង

15 ឆ្នាំ មុន

ខេត្ត​កំពង់ឆ្នាំង ៖ មក​ដល់​ថ្ងៃ​នេះ​មាន​រយៈ​ពេល​កន្លះ​ខែ​គត់​​ ដែល​អំពើ​​​ប្លន់​ទូមាស​ក្នុងផ្សារ​​ពង្រ ដោយ​ក្រុម​ចោរប្រដាប់​អាវុធ​​បាន​ចូលប្លន់​​​យ៉ាង​ព្រហើន កាលពីវេលា​ម៉ោង​៦ និង​៥០នាទី​ព្រលប់​​ថ្ងៃទី២៥ ​កុម្ភៈ យកទ្រព្យ​សម្បត្តិ​​ពី​ជន​រង​គ្រោះ​​គិតជា​លុយ​ជាង​១ម៉ឺន​​ដុល្លារ​បាន​ដោយ​សុវត្ថិ​ភាព​ ។ ប៉ុន្តែ​ក្រោមកិច្ច​​ប្រឹង​ប្រែង​​របស់​មន្ត្រី​​ប៉ូលិស​​ខេត្ត​​បាន​តាម​​ប្រមាញ់​យ៉ាង​ស្វិត​​ស្វាញ​​​រហូតដល់​ទទួល​​បាន​លទ្ធ​ផល​គួរ​ឱ្យ​កោត​សរ​សើរ​ ​​ដែល​តាម​ប្រភព​​ក្រៅ​ផ្លូវ​ការ​​បាន​និយាយ​ថា ​ជន​សង្ស័យ​ចំនួន​៦នាក់​ត្រូវ​បាន​​​ចាប់​ខ្លួន​ជា​បន្តបន្ទាប់ ​មកពី​តាម​បណ្តា​ខេត្ត​​ផ្សេងៗ​​និង​រឹបអូស​​បាន​​កាំភ្លើងដែល​ជាមធ្យោ​បាយ​​​ធ្វើ​សកម្ម​ភាព​ប្លន់​នោះ​ទៀត​ផង ។

ទោះ​​ជា​យ៉ាង​ណា មន្ត្រី​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​​ខេត្តពុំ​ទាន់​​​បាន​​បង្ហាញ​អត្ត​សញ្ញាណ​​​ក្រុម​ជន​សង្ស័យ​​ទាំងនេះ​ទេ ព្រោះ​ប៉ូលិស​​កំពុង​ដុតដៃ​ដុត​ជើង​​តាម​ចាប់បក្សពួក​ដែលនៅសល់​បន្ត​ទៀត​ដែលតាម​​​ដឹង​សរុប​មាន​គ្នា​ជាង​១​០​នាក់​ឯណោះ ។ ​មន្ត្រី​ប៉ូលិស​មិន​ទាន់​​បង្ហាញ​ពី​អត្ត សញ្ញាណ​​ជន​សង្ស័យ​​ក៏ពិត​មែន ប៉ុន្តែ​​បាន​បញ្ជាក់​ថា ពិត​ជា​ចាប់​បាន​ជន​សង្ស័យ​ក្នុងអំពើប្លន់​នេះចំនួន​៧​នាក់​​មែន​ រួម​ទាំង​កាំភ្លើងមួយ​ដើម​​ និងវត្ថុ​តាង​ជា​ច្រើន​ទៀត។

​គួររំលឹកថា ​ក្នុង​​អំពើ​ប្លន់​ប្រដាប់​អាវុធ​នោះ​ក្រុមចោរ​មានគ្នា​ប្រហែល​​៨​នាក់បាន​ចូល​ប្លន់​ផ្ទះ​​​អ្នក​លក់​មាស និង​​ប្តូរ​ប្រាក់​ និង​កាត​ទូរស័ព្ទ​​ដៃ​របស់​ជនរងគ្រោះ​ឈ្មោះ​ឈួ លៀង ​និងប្រពន្ធ​​ឈ្មោះ​គា មួយគា ដោយ​វាយប្តីប្រពន្ធ​​ទាំង​ពីរ​នាក់​នោះ​បណ្តាល​ឱ្យ​បែកក្បាល និងប្លន់​យ​ក​អស់មាស​១០តម្លឹង លុយ​ខ្មែរ​១០​លាន​រៀល កាតទូរស័ព្ទ​​​ដៃ​១០០០​ដុល្លារ ​​​និង​ទូរ​ស័ព្ទ​ដៃ​២​គ្រឿង​​ទៀត ។ ក្រៅពីម្ចាស់​​ផ្ទះ​រងគ្រោះ​​ក៏​មាន​យុវ​ជន​ពីរនាក់​ផ្សេង​ទៀត​បាន​រង​របួស​​ដោយ​គ្រាប់​កាំភ្លើង​របស់ចោរ​​ម្នាក់២​គ្រាប់ផង​ដែរ ខណៈ​ដែល​ក្រុម​ចោរ​ទាំងនោះបាញ់​បើក​ផ្លូវ​​រំដោះ​ខ្លួន​ចេញ ។​

ក្រោយ​កើតហេតុ​​​ប៉ូលិស​​បានរកឃើញ​សំបក​គ្រាប់​អាកា​ចំនួន១៨គ្រាប់​ដែល​បាញ់​ចេញ​​​ពីកាណុង​កាំភ្លើង​​ចំនួន៦​ដើម និង​ក្រៅ​ពីនោះ​​ក្រុមចោរ​​ក៏បានបន្សល់​ទុកម៉ូតូ​​កញ្ចាស់​២​គ្រឿង​​ដែល​ជាមធ្យោបាយ​​ជិះ​មក​ធ្វើ​សកម្មភាព​ប្លន់​​ផង​ដែរ ។ ​តាម​ប្រភព​ជិត​ស្និទ្ធ​ និងមន្ត្រី​ប៉ូលិស​បាន​​និយាយ​​ឱ្យ​ដឹង​ថា ក្រុម​ចោរ​​សុទ្ធ​សឹង​ជា​ចោរ​​​​ជើងចាស់​​​មានជំនាញ​ ​ធ្លាប់​ដើរប្លន់​តាម​​បណ្តា​ខេត្ត​មួយចំនួនក្នុង​ប្រទេស​កម្ពុជា​​ដែលចាប់​​​​មិន​ដែល​បាន​​សោះ ហើយទើប​មក​អស់​លក្ខណ៍​​​នៅ​ពេល​នេះ ។ យោង​តាម​ប្រភព​ព័ត៌​មាន​ពី​ខេត្ត​កណ្តាល​​ទាក់​ទិន​នឹង​ចោរ​ប្លន់​អ្នក​លក់​មាស​ប្តូរ​ប្រាក់​នៅ​ផ្សារ​ពង្រ​ ខេត្ត​កំពង់​ឆ្នាំង​កន្លង​មក​ មុខ​សញ្ញា​ចោរ​​ប្លន់​ប្រដាប់​អាវុធ​៤​នាក់​បាន​ត្រូវ​​កំលាំង​នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កណ្តាល ​សហ​ការ​ជាមួយ​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ ក្រសួង និង​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ឆ្នាំង​ រួម​ជាមួយ​ប៉ូលិស​ស្រុក​អង្គ​ស្នួល​ និង​ស្រុក​ពញា​ឮ​ សហ​ការ​គ្នា​ធ្វើ​ការ​ស្រាវ​ជ្រាវ​រហូត​ដល់​បាន​ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣ និង​១៥​នាទី​រសៀល ថ្ងៃ​ទី​៩ មីនា នៅ​ចំណុច​ភូមិ​ស្តុក​ឈូ ឃុំ​ទំនប់​ធំ ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​។

លោក​វរ​សេនីយ៍​ត្រី​សឹុង សេង​លី នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​បាន​ឱ្យ​ដឹង​ថា កិច្ច​ប្រតិ​បត្តិ​​ការ​បំបែក​សំបុក​ចោរ​​លួច និង​​​ប្លន់​ប្រដាប់​អាវុធ​ឆ្លង​ខេត្ត​នេះ​ កំលាំង​សមត្ថ​កិច្ច​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​៤​នាក់​ និង​រឹប​អូស​បាន​វត្ថុ​តាង​​មួយ​​ចំនួន​ធំ។ ជន​សង្ស័យ​ទី​១​ឈ្មោះ​ឡេង អីុម ហៅ​សល់​ ភេទ​ប្រុស​ អាយុ​៤២​ឆ្នាំ ទី​លំនៅ​​​ក្នុង​ភូមិ​ស្តុក​ឈូ​ ឃុំ​ទំនប់​ធំ​ ស្រុក​ពញា​ឮ​ ខេត្ត​កណ្តាល​ ជា​កសិករ​ ដែល​ជន​នេះ​ជា​មេ​ខ្លោង​ក្នុង​អំពើ​លួច​ ប្លន់​ ទី​២-ឈ្មោះ​ម៉ុក ស៊ី​ធឿន ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ នៅ​ភូមិ​ស្ថានីយ​ ឃុំ​ស្វាយ​អាត់​ ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍​សាត់ ជា​កសិករ​, ទី៣-ឈ្មោះ​មុត ផាន់​នី​ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់​នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្តាល​ ​ជា​កម្មករ​រោង​ចក្រ​ និង​៤-ឈ្មោះ​សុង ចាន់​រិទ្ធ​ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់​នៅ​ភូមិ​ទួល​តា​ឯក សង្កាត់​​ទួល​តា​ឯក ក្រុង​បាត់​ដំបង​ មាន​មុខ​របរ​ មិន​ពិត​ប្រាកដ។ ក្រោយ​ពី​​ឃាត់​ខ្លួន​ សមត្ថ​កិច្ច​បាន​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​ជន​សង្ស័យ​ឈ្មោះ​ឡេង អ៊ឹម ហៅ​សល់​ ជា​មេ​ខ្លោង នៅ​ភូមិ​ស្តុក​ឈូ ឃុំ​ទំនប់​ធំ ស្រុក​ពញា​ឮ ខេត្ត​កណ្តាល​ ធ្វើ​ការ​រឹប​អូស​បាន​វត្ថុ​តាង​រួម​មាន ម៉ូតូ​ម៉ាក​ស្មាស់​​រីវ៉ូ ១​គ្រឿង​ ស៊េរី​ឆ្នាំ​២០០៩ ម៉ូតូ​ធុន​សេ​១២៥​​ ស៊េរី​ឆ្នាំ​២០០៧មួយ​​គ្រឿង កន្ត្រៃ​កាត់​ដែក​ចំនួន​២ ​សោរ​ម៉ូតូ​៦​គ្រឿង​ ខ្នង​កង់​ម៉ូតូ​២​ ដែក​ស្វាន​៣គ្រឿង ម៉ា​ស៊ីន​ភ្លើង​មួយ​គ្រឿង​ កន្ត្រក​ម៉ូតូ​​១០​ ដូយ​១ កូន​សោ​១​ប្រអប់​ កញ្ចក់​ម៉ូតូ​៥​គូ​ដែក​គាស់​១ ​ក្បាំង​ម៉ូតូ​១​គូ ថ្នាំ​បំពុល​២​កញ្ចប់​ ស្លាក​លេខ​ម៉ូតូ​៤ តែម​ម៉ូតូ​ និង​សំភារ​គ្រឿង​បន្លាស់​ម៉ូតូ​​មួយ​ចំនួន​ឧប​ករណ៍​ដាប់​លេខ​ម៉ូតូ​មួយ​កំប្លេ ស៊ឹម​ទូរ​ស័ព្ទ​ចំនួន​១៣​ស៊ឹម ម៉ូតូ​DHO ១​គ្រឿង​ និង​កាំ​ភ្លើងAK ស្វាយ​​បត់​១​ដើម​ទៀត។​

លោក​ឧត្តម​សេនីយ៍​ត្រី​អ៊ាវ ចំរើន ស្នង​ការ​នគរ​បាល​ខេត្ត​កណ្តាល​មាន​ប្រសាសន៍​ថា បន្ទាប់​ពី​មាន​ករណី​​ប្លន់​​មាន​ស្ថាន​ទម្ងន់ដោយ​ប្រើ​ប្រាស់​កាំ​ភ្លើង​​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១១ វេលា​ម៉ោង​៦ និង​៣០​នាទី​ នៅ​ចំណុច​ផ្សារ​ពង្រ​ ស្ថិត​ក្នុង​ភូមិ​ពង្រ ឃុំ​ពង្រ ស្រុក​រលា​ប្អៀរ​ ខេត្ត​​កំពង់​ឆ្នាំង ហើយ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ធ្វើ​ការ​ស្រាវ​ជ្រាវ​ចាប់​ជន​សង្ស័យ​​បាន​ម្នាក់​ឈ្មោះ​ទិន ចយ ភេទ​ប្រុស អាយុ​​៤៩​ឆ្នាំ នៅ​ភូមិ​​សារ​វ័ន្ត​ ឃុំ​ស្នាម​អន្សា​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍​សាត់​ ។ បន្ទាប់​ពី​ចាប់​បាន​ម្នាក់​ ក៏​ធ្វើ​ការ​ស្រាវ​ជ្រាវ​​​បន្ត​ទៀត ហើយ​កំណត់​មុខ​សញ្ញា​បក្ស​ពួក​ជន​សង្ស័យ​កំពុង​ស្នាក់​នៅ​ខេត្ត​កណ្តាល​ទើប​ដល់​ថ្ងៃ​ទី​៩ ខែ​មីនា វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល​​លោក​បាន​ដឹក​នាំ​កំលាំង​ប៉ូលិស​ខេត្ត​កណ្តាល​ដោយ​សហការ​ជាមួយ​ប៉ូលិស​នាយក​ដ្ឋាន​ព្រហ្ម​ទណ្ឌ​ក្រសួង និង​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ រួម​ជាមួយ​ប៉ូលិស​ស្រុក​ពញាឮ​ និង​ស្រុក​អង្គស្នួល​ធ្វើ​ការ​ចាប់​ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​៤​នាក់​ និង​ធ្វើ​ការ​ឆែក​ឆេរ​ផ្ទះ​​មេ​ខ្លោង​រឹប​អូស​បាន​វត្ថុ​តាង​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ដូច​បាន​រៀប​រាប់​ខាង​លើ​។​

លោក​ស៊ឹង សេង​លី បាន​ឱ្យ​ដឹង​ថា វត្ថុតាង​យ៉ាង​ច្រើន​សន្ធឹក​នេះ​ គឺ​បក្ស​ពួក​ជន​សង្ស័យពេល​​​ធ្វើ​សកម្ម​ភាព​លួច​ប្លន់​បានក៏យក​មក​កែ​ច្នៃ​​នៅ​ផ្ទះ​មេ​ខ្លោង​ឈ្មោះ​ឡេង អីម ដើម្បី​លក់​បន្ត​ ។ ​នៅ​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មីនា ជន​សង្ស័យ​ទាំង​៤​នាក់​បាន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​ខេត្ត​កំពង់​ឆ្នាំង​ជា​ម្ចាស់​ករណី​ សាក​សួរ​បន្ត​ទៀត​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​​ចាត់​ការ​តាម​ច្បាប់ ៕
             (ឫទ្ធិសែន​+បាសាក់​)