ទីក្រុងហាណូយ ៖ អ្នកសារព័ត៌មានបរទេសនិងក្នុងស្រុក ដែលធ្វើការនៅមជ្ឈមណ្ឌលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិក្នុងទីក្រុងហាណូយក្នុងកំឡុងកិច្ចប្រជុំរវាងប្រទេសកូរ៉េខាងជើង និងសហរដ្ឋអាមេរិក នឹងទទួលបានសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរក្នុងស្រុក និងការស្នាក់នៅសណ្ឋាគារផ្កាយប្រាំដោយមិនគិតថ្លៃ។
សារព័ត៌មាន Viet Nam News បានឲ្យដឹងកាលពីថ្ងៃទី២៨ កុម្ភៈ ម្សិលមិញថា អំណោយដ៏ពិសេសនេះត្រូវបានប្រកាសដោយក្រុមហ៊ុនអាកាសចរណ៍Vietnam Airlines និងVinpearl ក្រោមកិច្ចសហប្រតិបត្តិការជាមួយនឹងរដ្ឋបាលវិស័យទេសចរណ៍វៀតណាម(VNAT)របស់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម ។
អ្នកសារព័ត៌មានអាចជ្រើសរើសរវាងកញ្ចប់សំបុត្រយន្តហោះក្នុងស្រុករបស់ក្រុមហ៊ុនអាកាសចរណ៍ណាមួយ ឬការស្នាក់នៅ Resort លំដាប់ផ្កាយប្រាំណាមួយរបស់ Vinpearl ដូចជា Vinpearl Resport and Golf Nam Hoi An, Vinoeark Resort and Golf Phu Quoc ឬ Vinpearl Resport and Spa Nha Trang ជាដើម ។
អ្នកសារព័ត៌មានដែលមានកាតសារព័ត៌មានរបស់ក្រសួងការបរទេស អាចចុះឈ្មោះទទួលបានកញ្ចប់អំណោយមួយនៅតូបVNAT នៅមជ្ឈមណ្ឌលប្រព័ន្ធផ្សព្ធផ្សាយអន្តរជាតិ ។ កិច្ចសហប្រតិបត្តិការរវាង Vietnam Airlines, Vinpearl និងVNAT នេះមានគោលដៅលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍ និងដំណើរការសហមាហរន្តកម្មរបស់វៀតណាម ។
ដោយអញ្ជើញអ្នកតំណាងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមកទស្សនាកម្សាន្តក្នុងប្រទេសវៀតណាម VNAT គិតថា សកម្មភាពនេះនឹងចូលរួមក្នុងការលើកស្ទួយប្រទេសឲ្យមនុស្សស្គាល់កាន់តែច្រើន ។
យោងតាមក្រសួងព័ត៌មាន និងទំនាក់ទំនងបានឲ្យដឹងថា មានអ្នកសារព័ត៌មានអន្តរជាតិប្រមាណ៣ពាន់ននាក់ដែលតំណាងភ្នាក់ងារសារព័ត៌មានច្រើនជាង២០០កន្លែងទៅទៀតមកពីប្រទេសចំនួន៤០បានធ្វើដំណើរមកផ្សព្វផ្សាយពីកិច្ចប្រជុំរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកក្នុងរដ្ឋធានីហាណូយ ៕
ចែករំលែកព័តមាននេះ