ប្រទេសថៃ ៖ កាលពីថ្ងៃទី២៨ កុម្ភៈ ក្រុមហ៊ុនអាកាសចរណ៍ថៃ THAI AIRWAYS បានឱ្យដឹងថា អ្នកដំណើរច្រើនពាន់នាក់បានជាប់គាំងដោយសារជើងហោះហើរ ដល់ទៅ៣០ជើងរបស់ខ្លួនត្រូវស្ទះ មកពីការបិទដែនអាកាសរបស់ប្រទេសប៉ាគីស្ថាន ។ អ្នកទេសចរច្រើនពាន់នាក់ជាប់គាំងនៅព្រលានយន្តហោះក្រុងបាងកក ភាគច្រើនគឺជនជាតិអឺរ៉ុប ។
ទោះបីយ៉ាងណាជើងហោះហើររបស់យន្តហោះទាំងនោះ ត្រូវអនុញ្ញាតភ្លាមៗដែរនាថ្ងៃទី២៨កុម្ភៈឲ្យហោះកាត់តាមដែនអាកាសប្រទេសចិន ។ ក្រុមហ៊ុន THAI AIRWAYSប្រកាសថា ជើងហោះហើរចំនួន៣០ជើងទាំងមកទាំងទៅអឺរ៉ុប ដែលត្រូវដឹកអ្នកដំណើរជិត៥០០០នាក់ បានរងការប៉ះពាល់ តែក៏អាចធ្វើប្រតិបត្តិការជាថ្មី នាថ្ងៃទី២៨កុម្ភៈដោយសារទទួលការអនុញ្ញាតឲ្យហោះហើរកាត់ប្រទេសចិន ។ ដោយសារពេលរង់ចាំខាតពេលយូរ ពួកអ្នកធ្វើដំណើរតាមជើងយន្តហោះដែលជាប់គាំង ចាប់រអ៊ូរទាំព្រោះតែជាប់គាំងនៅព្រលានយន្តហោះអន្តរជាតិSUVARNABHUMI ។
ក្នុងជម្លោះដ៏តានតឹងរវាងមហាអំណាចអាស៊ីខាងត្បូងប៉ាគីស្ថានបានប្រកាសនាថ្ងៃទី២៧ កុម្ភៈ ពីការបិទដែនអាកាសរបស់ខ្លួន ក្រោយពីមានភាពតានតឹងខ្លាំងជាមួយឥណ្ឌា ។
ទាំងឥណ្ឌានិងប៉ាគីស្ថានអំពាវនាវឱ្យកាត់បន្ថយភាពតានតឹង
ឥណ្ឌា-ប៉ាគីស្ថាន ៖ ភាពតានតឹងខ្លាំងកើតមានភ្លាមៗ កាលពីថ្ងៃទី២៧ កុម្ភៈ រវាងប្រទេសឥណ្ឌានិងប៉ាគីស្ថាន ។ ប្រទេសជិតខាងទាំង២ ម្ខាងៗសុទ្ធតែអះអាងថាបាញ់ធ្លាក់យន្តហោះចម្បាំងរបស់សត្រូវ ។ ក្រោយការប៉ះទង្គិចគ្នា១ប្រាវតាមអាកាសមហាអំណាចនុយក្លេអ៊ែរទាំង២ សុទ្ធតែនិយាយថាចង់ចៀសវាងការបង្កើនភាពតានតឹងនេះ ។
វិបត្តិដែលផ្ទុះឡើងនេះក្រោយការវាយប្រហាររបស់កងទ៏ពអាកាសឥណ្ឌា ប្រឆាំងជំរំហ្វឹកហ្វឺនមួយកន្លែងនៅប៉ាគីស្ថាន របស់ក្រុមអ៊ិស្លាមនិយមJAISH–E-MOHAMMED។ ក្រុមឧទ្ទាមនោះជាអ្នកប្រកាសទទួលខុសត្រូវ លើការវាយប្រហារអត្តឃាតមួយនៅកាស្មៀរឥណ្ឌាដោយសម្លាប់ប៉ូលិសឥណ្ឌាយ៉ាងតិច៤០នាក់ កាលពីថ្ងៃទី១៤កុម្ភៈ ដែលដុតបញ្ឆេះកំហឹងភាគីឥណ្ឌាឱ្យមានប្រតិកម្ម ។
ការប្រឈមមុខដាក់គ្នារវាងឥណ្ឌានិងប៉ាគីស្ថាន នាំឲ្យសហគមន៍អន្តរជាតិមានការបារម្ភខ្លាចប្រែក្លាយទៅជាជម្លោះដោយចំហមួយរវាងប្រទេស ជាសត្រូវនឹងគ្នាទាំង២នៅអាសីុខាងត្បូងជុំវិញតំបន់កាស្មៀរ ដែលមានជម្លោះចាប់តាំងពីច្រើនទសវត្សមកហើយ។ ពួកអ្នកវិភាគនិយាយថា សកម្មភាពយោធាកំពុងតែពង្រីកនៅលើទីលាន ដែលគួរឲ្យបារម្ភ។
គេឃើញម៉ូដែលថ្មីនៃជម្លោះ ជាមួយការប្រើកងទ័ពជើងអាកាស នៅខ្សែបន្ទាត់ទីមួយ ហើយកងយន្តហោះឥណ្ឌាចូលជ្រៅគួរសមក្នុងដែនដីប៉ាគីស្ថាន។ ទោះបីយ៉ាងណាគេឃើញសុន្ទរកថាការទូតនិងនយោបាយនានា ទាំងសងខាងចំពោះប្រតិបត្តិការយោធាទាំងនោះ ដែលបង្ហាញយ៉ាងច្បាស់ថាគ្មានភាគីណាមួយ ចង់ឲ្យភាពតានតឹងឡើងកាន់តែខ្ពស់នោះទេ ព្រោះពុំមាននរណាម្នាក់ទទួលបានប្រយោជន៍ឡើយពីវិបត្តិ បើវានៅតែធ្ងន់ធ្ងរហើយអូសបន្លាយពេលយូរ។
ខាងផ្នែកឥណ្ឌានាយករដ្ឋមន្ត្រីហាក់បន្ទន់ឥរិយាបថ។ ក្រោយការវាយប្រហារភេរវកម្មនាយករដ្ឋមន្ត្រីរូបនោះ លោកណារេនដ្រាម៉ូឌីអះអាងថា គេមិនអាចនៅស្ងៀមបានទេបើនិយាយពីផ្នែកយោធា។ ដោយប្រកាសពីការវាយប្រហារជំរំហ្វឹកហ្វឺនរបស់ពួកអ៊ិស្លាមនិយមនៅប៉ាគីស្ថាន លោកម៉ូឌីអាចរំងាប់កំហឹងរបស់ពលរដ្ឋឥណ្ឌា។
ពិតណាស់បែបនេះវាអាច ជួយស្ដារប្រជាប្រិយភាពរបស់លោកដែលកំពុងបាត់បង់ រយៈពេលចុងក្រោយនេះ។ ប៉ុន្តែតើវាមានប្រយោជន៍អីដែលឲ្យវិបតិ្តកាន់តែធ្ងន់ធ្ងរ ឬអូសបន្លាយពេលយូរនោះ ព្រោះការបោះឆ្នោតកាន់តែខិតជិតមកដល់ ហើយរឿងនោះនឹងនាំឲ្យមានភាពស្មុគ្រ្រស្មាញក្នុងការធ្វើសង្គ្រាម ពេលមានយុទ្ធនាការឃោសនាបោះឆ្នោត។
ខាងភាគីប៉ាគីស្ថាន សម្ព័ន្ធមិត្តចិនរបស់គេកំពុងទទួលបានផលប្រយោជន៍ច្រើននៅប៉ាគីស្ថាន ហើយប៉ាគីស្ថានពុំចង់ឲ្យប្រទេសខ្លួន ធ្លាក់ក្នុងវិបត្តិយោធាមួយឡើយ។ ម្យ៉ាងវិញទៀតប៉ាគីស្ថានកំពុងស្ថិតក្នុងសភាពការណ៍សេដ្ឋកិច្ចដ៏ល្អប្រសើរមួយ ហេតុនេះពិតជាមិនចង់ធ្វើសង្គ្រាមឡើយ។កងទ័ពប៉ាគីស្ថានអះអាងកាលពីថ្ងៃទី២៧ កុម្ភៈថា បានបាញ់ធ្លាក់យន្តហោះចម្បាំងឥណ្ឌា២គ្រឿង និងចាប់បានអ្នកបើកយន្តហោះឥណ្ឌាម្នាក់ ហើយខាងឥណ្ឌាវិញនិយាយថា បានបាញ់ធ្លាក់យន្តហោះប៉ាគីស្ថានមួយគ្រឿង។ ឥណ្ឌាក៏អះអាងដែរពិការស្លាប់អ្នកបើកយន្តហោះខ្លួន២នាក់ព្រមទាំងជនសីុវិលម្នាក់ ៕
ចែករំលែកព័តមាននេះ