ខេត្តពោធិ៍សាត់ ៖ ព្រឹកថ្ងៃទី២ មីនា ឆ្នាំ២០១១ លោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងលោកជំទាវ និងតំណាងធនាគារកាណាឌីយ៉ាបានអញ្ជើញទៅសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយទៅផ្តល់ជូនអង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ ដែលមានទីតាំងស្ថិតនៅភ្នំបាយឃ្លះ ឃុំត្នោតជុំ ស្រុកក្រគរ។ ក្នុងឱកាសនោះ ក៏មានការចូលរួមពីលោកខូយ សុខា អភិបាលខេត្តពោធិ៍សាត់ មន្ត្រីរាជការក្រសួង និងប្រធាន- អនុប្រធានមន្ទីរ អង្គភាពនានាក្នុងខេត្តជាច្រើនរូបទៀត ។
លោកឧត្តមសេនីយ៍ត្រីគឹម សេងងន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១៤ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកស៊ុយ សែមនិងលោកជំទាវ ក៏ដូចជាក្រសួងឧស្សាហកម្មរ៉ែ និងថាមពល និងធនាគារកាណាឌីយ៉ា ដែលបានចងសម្ព័ន្ធភាពជាមួយកងពលតូចអន្តរាគមន៍លេខ១៤ ជួយឧបត្ថម្ភជាស្បៀង និងសំភារប្រើប្រាស់ជាបន្តបន្ទាប់ ពិសេសជួយកសាងអគារពេទ្យ និងអគារស្នាក់នៅរបស់ទាហានក្នុងអង្គភាព ។
លោកស៊ុយ សែម បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចជា ស៊ីម សម្តេចហេង សំរិន និងសម្តេចហ៊ុន សែន ព្រមទាំងបានកោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងអង្គភាពកងពលតូចអន្តរាគមន៍ លេខ១៤ ទាំងអស់ដែលចេះរួមសាមគ្គីគ្នា មានទឹកចិត្តអង់អាចក្លាហានខិតខំកសាងអង្គភាព បានរីកចម្រើន និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលជួបការលំបាក ។ លោករដ្ឋមន្ត្រីសូមឱ្យកងទ័ពពង្រឹងកម្លាំងគ្រប់ពេលវេលា ត្រៀមស្បៀងអាហារ សំភារ អាវុធ យុទ្ធភណ្ឌ សម្រាប់រយៈពេលវែង ព្រោះពួកសៀមនៅតែមានមហិច្ឆតាឈ្លានពានទឹកដី៤,៦គីឡូម៉ែត្រការ៉េ ចង់បានប្រាសាទព្រះវិហារ និងមានបំណង វាយយកខេត្តបាត់ដំបង សៀមរាប និងខេត្តព្រះវិហារទៀតផង ដែលនេះជាការមើលងាយកម្ពុជាក្នុងក្តីស្រមៃ ។ លោកឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាតដោយគ្រាប់ផ្លោងរបស់ទាហានសៀមជាង៤០០គ្រាប់ ។ នេះជាភស្តុតាងជាក់ស្តែងដែលយើងបានប្តឹងទៅអង្គការយូណេស្កូព្រោះជាទ្រព្យសម្បត្តិពិភពលោក ។
លោករដ្ឋមន្ត្រីស៊ុយ សែម ឱ្យដឹងថា សំភារនិងគ្រឿងឧបភោគ បរិភោគ ដែលនាំយកមកផ្តល់ជូនថ្ងៃនេះរួមមានអង្ករ១០តោន ត្រីខ២០០កេស មី៤០០កេស ទឹកត្រី១.២៣០ដប ទឹកស៊ីអ៊ីវ៩០០ដប ប៊ីចេង៥០គីឡូ ក្រាម ឆៃប៉ូវប្រៃ២០០គីឡូក្រាម ឆៃប៉ូវផ្អែម១០០គីឡូក្រាម ប្រហុក១០០គីឡូក្រាម កាពិ១០០គីឡូក្រាម អំបិល៥តោន ថ្នាំពេទ្យ៩មុខ ឥដ្ឋការ៉ូ៧០កេស ហ្វីប្រូស៊ីម៉ង់ត៍៤០០សន្លឹក ដែកមេដំបូល៩៨ដើម ដែកប្រក់ដំបូល១២០ដើម និងថវិកាចំនួន១៥លានរៀល ។ អំណោយទាំងអស់នេះ បានមកពីមន្ត្រីរាជការក្នុងក្រសួង ក្រុមហ៊ុន រោងចក្រ សហគ្រាស ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងធនាគារកាណាឌីយ៉ា ។ លោករដ្ឋមន្ត្រីបានសូមឱ្យមេបញ្ជាការបែងចែកឱ្យបានដល់នាយទាហាន នាយទាហានរង និងពលទាហានក្នុងអង្គភាព និងប្រើ ប្រាស់ឱ្យបានចំទិសដៅ ៕



ចែករំលែកព័តមាននេះ