ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​ក្រឡាហោម​៖ ផែនការ​ចូល​ស្រុក​របស់​សម រ​ង្ស៊ី គឺ​មក​បំផ្លាញ​សន្តិភាព

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសា​ស​ន៍​ថា លោក​សម រង្ស៊ី ពេល​នេះ​​កំពុង​ស្ថិត​ក្នុង​ទិដ្ឋភាព​២​យ៉ាង ចំពោះ​ផែនការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​គាត់​……

ខេត្តបាត់ដំបង​ ៖ សម្ដេច​ក្រឡាហោម ស ខេ​ង បាន​មាន​ប្រសា​ស​ន៍​ថា លោក​សម រង្ស៊ី ពេល​នេះ​​កំពុង​ស្ថិត​ក្នុង​ទិដ្ឋភាព​២​យ៉ាង ចំពោះ​ផែនការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​គាត់​… គឺ​ទិដ្ឋភាព​ទី​១-សម រង្ស៊ី មិនមែន​ចូល​មក​ ដើម្បី​ប្រ​កួត​​ប្រជែង​ការ​បោះ​ឆ្នោត ឬបង្កើត​គណបក្សប្រឆាំង​ស្របច្បាប់​ជា​ធរមាន​ណាមួយ​នា​ពេល​ខាង​មុខ​ទេ​… ហើយ​ទិដ្ឋភាព​ទី​២-គាត់​គឺជា​ទណ្ឌិត​(​អ្នកទោស​) ​។ នេះ​ជា​សណ្ឋាន​ភាព​របស់​គាត់ ​គឺ​អីចឹង​..! ដូច្នេះ​ ផែនការ​ត្រឡប់​ចូល​ស្រុក​ខ្មែរ​វិញ​របស់​គាត់ ​គឺ​មាន​គោលដៅ​បំផ្លាញ​សុខ​សន្តិភាព ស្ថិរ​​ភាព និង​បំផុស​បំផុល​ពលរដ្ឋ​ ដើម្បី​ឱ្យចូលរួម​ធ្វើ​បដិវត្ត​ព​ណ៌ ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រ​សូ​ង​មហាផ្ទៃបាន​ថ្លែង​លាតត្រដាង​អំពី​ផែនការ​ទុច្ចរិត​របស់​លោក​សម រង្ស៊ី បែប​នេះ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ​កុម្ភៈ ក្នុង​ពេល​​ដែល​សម្ដេច​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ«​សន្និបាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិស​ដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តបាត់ដំបង​»​ ។ សម្ដេច​ក្រឡាហោមបាន​មាន​ប្រសា​ស​ន៍​ថា សម រង្ស៊ី ជា​ជនជាតិ​ខ្មែរ ដូច្នេះ​យើង​គ្មាន​សិទ្ធិ​រារាំង​ជនជាតិ​ខ្មែរ​ណា​ម្នាក់​ មិនឱ្យ​វិល​ចូល​ស្រុក​ខ្មែរ​នោះ​ទេ តែ​គាត់​ (​សម ​រង្ស៊ី)​ ជា​ទណ្ឌិត​..​។ ប៉ុន្តែ​យើង​ចង់​សួរ​ថា បើ​គាត់​មិនមែន​មក​ប្រកួត​​ប្រជែង​ការ​បោះ​ឆ្នោត​… មិន​មក​ធ្វើ​បក្សនយោបាយ​ប្រឆាំង​… តើ​មក​ធ្វើ​អ្វី ?

នៅ​ក្នុង​អង្គពិធី​សន្និបាត សម្ដេច ​ស ខេ​ង បាន​លើក​ឡើង​ថា «​បើ​សម​ រង្ស៊ី ​មក​… គឺ​មក​ដើម្បី​បំផុសបំផុល ចលនាក្នុង​ប្រទេស​ឱ្យវឹកវរ ច្របូកច្របល់​បំផ្លាញ​សុខ​សន្តិភាព ស្ថិរ​​ភាព ហើយ​ដឹកនាំ​ធ្វើ​បដិវត្ត​ព​ណ៌ ​តែ​ប៉ុណ្ណឹង​ ។ នេះ​ជា​គោលដៅ​គាត់​..! អុីចឹង យើង​ស្វា​គម​ម៍​​គាត់​ទេ បើ​មក​របៀប​ចឹ​ង ? នេះ​មិន​ទាន់​និយាយ​ពី​គាត់​ជា​ទណ្ឌិត​ផង​»​។ សម្ដេច​បាន​ពន្យល់​ត្រង់​ចំណុច​នេះ​ថា «​ទណ្ឌិត​ក៏​អាច​ចូល​ស្រុក​ខ្មែរ​វិញ​បាន​ដែរ តែបើ​ចូល​មក​គេ​ឃុំខ្លួន​ ។ មិនមែន​តែ​ សម រង្សី ម្នាក់​ទេ ឲ្យ​តែ​ជា​ទណ្ឌិត​ត្រូវ​គេ​ចាប់​ទាំងអស់​ហ្នឹង​.! នេះ​ជា​បញ្ហា​ដែល​ខ្ញុំ​ចង់​អំពាវនាវ​ដល់​អស់លោក លោកស្រី ដើម្បី​បាន​ជំរាប​ជូន​ដល់​ប្រជាពលរដ្ឋ​ ។ ជា​ពិសេស ​អ្នក​ដែល​​ធ្លាប់​គាំទ្រ​ សម រង្ស៊ី ដែល​តែង​ប្រកាស​វិល​ចូល​ស្រុក​ខ្មែរ​ជា​បន្តបន្ទាប់​.! តើ​សម រង្ស៊ី នាំ​ពេជ្រ នាំ​មាស មក​ជាមួយ​ប៉ុន្មាន ? គឺ​ប្រហែល​នាំ​មក​តែ​ភាព​អន្តរាយ​ចូល​ស្រុក​ខ្មែរ​ទេ​»​។

ជុំវិញ​ផែនការ​ទុច្ចរិត​វិល​ចូល​ស្រុក​ខ្មែរ​របស់​លោក​សម រង្ស៊ី នេះ សម្ដេច​ក្រឡាហោម​ស ខេ​ង បាន​អំពាវ​នាវ​នៅ​ចំពោះ​មុខមន្ត្រី​រដ្ឋបាល​ខេត្ត ជាង​១,០០០​នាក់ ដោយ​ស្នើ​ឲ្យ​ធ្វើការ​ផ្សព្វផ្សាយពន្យល់​ឲ្យ​បាន ជ្រាប​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្លាប់​គាំទ្រ​អតីត​បក្ស​ប្រឆាំង ដើម្បី​ឲ្យ​ពួក​គាត់​បាន​យល់​អំពី​ផែនការ​ខ្មៅងងឹ​ត​នេះ​។ សម្ដេច ស ខេ​ង បាន​លើក​ជា​សំណួរ​ដែ​រថា តើ​សម រង្ស៊ី មក​បាន​ឬ​មិន​បាន ? មក​ដោយរបៀប​ណា ? មក​ក្នុង​ស្ថានភាព​បែប​ណា ? នេះ​មិនមែន​មក ​ដើម្បី​សន្តិភាព​ទេ គឺ​មក​ដើម្បី​បំផ្លាញ​សន្តិភាព​..! អីចឹង យើង​គួរ​ស្វា​គម​ន៍​គាត់​ទេ ? គឺ​អត់​ទេ​..​។ សម្ដេច​បាន​សង្កត់ធ្ងន់​ថា រឿង​សម រង្ស៊ី មក​បាន​ឬ​មិន​បាន មិនមែន​ចំណុះ​លើ​សម រង្ស៊ី ​ទេ ហើយ​រឹតតែ​មិនមែន​ចំណុះ​លើ​បក្សពួក​សម​ រង្ស៊ី​ ដែរ​.. គឺ​វា​ចំណុះ​នៅ​លើ​យើង​ (​រដ្ឋាភិ​បាល​) លើ​កត្តា​ផ្ទៃក្នុង​..! តើ​យើង​គ្រប់គ្រង​បញ្ហា​ផ្ទៃក្នុង​បាន​ប៉ុនណា ?​ ។

ត្រង់​ចំណុច​នេះ សម្ដេច​ក្រឡាហោម ស ខេ​ង ហាក់​ចង់​បង្ហាញ​ពី​ភាព​អន់​ខ្សោយ​ខ្លះ​ៗនៃ​មន្ត្រី​បច្ចុប្បន្ន​ ដូច្នេះ​នេះ​ថា ត្រង់នេះ​សុំ​កត់សម្គាល់​ឲ្យ​បាន​ច្បាស់​.. កន្លង​មក​ យើង​បាន​បង្ហាញ​ពី​ភាព​អសកម្ម​ច្រើន បញ្ហា​រសើប​ច្រើន​។ ដូច​ជា​បញ្ហា​ពុក​រលួយ បញ្ហា​គ្រឿងញៀន ចោរលួច​ចោរប្លន់ ទំនាស់​ដីធ្លី បញ្ហា​រំលោភ​អំណាច ការ​ប្រព្រឹត្ត​ហិ​ង្សា​ផ្សេង​ៗ ​។​ល​។ សម្ដេច​បាន​បញ្ជាក់​ថា នេះ​ជា​ចំណុច​អ​សកម្មភាព ដែល​ជា​ការ​ក្រាល​ព្រហ្ម​សម្រាប់​​ទុក​ឱ្យ​ សម រង្ស៊ី វិល​ត្រឡប់​ចូល​ស្រុក​វិញ​ ។ ប៉ុន្តែ​បើ​យើង​អត់​មាន​បញ្ហា​អ្វី​ទេ​.. ដេកចាំ​ទៅ​..​។

សម្ដេច​បាន​រិះគន់​ថា សព្វ​ថ្ងៃនេះ​ សម រង្ស៊ី អស់​តម្លៃ​ បាត់​ឥទ្ធិពល ទាំង​ក្នុង​ម​ជ្ឈ​ដ្ឋា​ន​​អ្នក​ធ្លាប់​គាំទ្រ​ ក្នុង​ប្រទេស​និង​ក្រៅប្រទេស ទាំង​ក្នុង​ម​ជ្ឈ​​ដ្ឋា​ន​អន្តរជាតិ​ ។ ដូច្នេះ​ ដើម្បី​ស្ដា​រ​ជីវិត​នយោបាយ​​ចុង​ក្រោយ គឺ​សម រង្ស៊ី​ បាន​ប្រកាស​ទាំង​ប្រថុយប្រថាន ទាំង​ស្ទាក់ស្ទើរ​ដូច​ជា​ខ្លាំងក្លា​ណាស់​ថា នឹង​វិល​ចូល​ស្រុក​ខ្មែរ​វិញ តែ​ធាតុ​ពិត​នេះ​វា​គ្រាន់តែ​ជា​ការ​បញ្ឆោត​អ្នកគាំទ្រ​តែ​ប៉ុណ្ណោះ​។

សារ​​នយោបាយ​របស់​សម្ដេច​ក្រឡា​ហោម ស ខេ​ង បាន​ប្រកាស​នៅ​ចំពោះ​មន្ត្រី​គ្រប់​លំដាប់ថ្នាក់​ជាង​១,០០០​នាក់ ហើយ​ទំនង​ក៏​ជា​សារ​នយោបាយ សម្រាប់​ផ្ញើរ​ទៅ​កាន់​អតីត​​មេ​បក្ស​ប្រឆាំង​ និង​អ្នកគាំទ្រ​នានា​ដែរ​ថា «​លោក​សម រង្សី មក​​បាន​ឬ​មិន​បាន មិនមែន​ស្ថិត​នៅ​លើ​សម រង្ស៊ី ខ្លួនឯង​នោះ​ទេ​..! គឺ​នៅ​លើ​យើង​»​។ ត្រង់​ចំណុច​នេះ​ សម្ដេច​ស ខេ​ង ចង់​សំដៅលើ​កត្តា ​«​ផ្ទៃក្នុង​របស់​មន្ត្រី​ក្នុង​រដ្ឋាភិបាល»​ ។

សម្ដេច​បាន​បញ្ជាក់​ចុង​ក្រោយ​ថា សម រង្ស៊ី មក​ស្រុក​លើក​នេះ មិនមែន​មក​ដូច​កាល​ឆ្នាំ​២០១៣ នោះ​ទេ​។ សម្ដេច​ថា កាល​មក​ឆ្នាំ​២០១៣ គឺ​ទី​១​-​សម រង្ស៊ី មាន​ព្រះរាជ​ក្រិ​ត្រ​លើក​លេង​ទោស ទី​​២​-សម រង្ស៊ី​ មាន​តួនាទី​ជា​មេ​បក្ស​ប្រឆាំង​ស្របច្បាប់ និង​ទី​៣-​មក​ដើម្បី​ប្រ​កួត​​ប្រជែង​ការ​បោះ​ឆ្នោត​ ដោយ​ស្របច្បាប់​តាម​លទ្ធិប្រជាធិបតេយ្យ​ពហុបក្ស​ ។ ប៉ុន្តែ​សម្រាប់​សម រង្ស៊ី វិល​ចូល​ស្រុក​ខ្មែរ​លើក​នេះ គឺផ្ទុយ​ពី​ឆ្នាំ​២០១៣​។

បើ​មក​លើក​នេះ សម រង្ស៊ី បាន​នាំ​មហន្តរាយ​ចូល​ស្រុក គឺ​បាន​ន័យ​ថា សម រង្ស៊ី ចូល​មក​បំផ្លាញ​សុខ​សន្តិ​ភាព ស្ថិរ​​ភាព និង​មក​បំផុសបំផុល​ឱ្យ​ពលរដ្ឋ​ចូលរួម​ធ្វើ​បដិវត្ត​ព​ណ៌ ​។ ដូច្នេះ ​ដើម្បី​ថែរក្សា​សុខ​សន្តិភាព​នេះ យើង​ត្រូវ​តែ​ជា​ម្ចាស់​ការ​ក្នុង​ការ​គ្រប់គ្រង​សភាព​ការ​ឱ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់​នូវ​ផែនការ​ទុច្ចរិត​របស់​សម រង្ស៊ី ដែល​កំពុង​បំផុសបំផុល​ពី​ខាងក្រៅ​ប្រទេស​នា​ពេល​នេះ​ ។

អត្ថបទសរសេរ ដោយ