ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ទទួល​បាន​ចំណូល​ជាង​4,3​ពាន់​លាន​ដុល្លារ​ពី​ទេសចរ​អន្តរជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់ កើនឡើង​ជិត​១១% និង​​នាំ​ប្រាក់​ចំណូល​ប្រមាណ​៤.៣៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ ។ លោក​រដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បញ្ជាក់​ថា ពេញ​មួយ​ឆ្នាំ​២០១៨​កន្លង​ទៅ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,២​លាន​នាក់ កើនឡើង​ជិត​១១% និង​​នាំ​ប្រាក់​ចំណូល​ប្រមាណ​៤.៣៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ទៅ​ក្នុង​សេដ្ឋកិច្ចជាតិ ។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​ថ្លែង​បែប​នេះ​នៅ​ក្នុង​ពិធី​អបអរសាទរ​ទិវា​ជាតិ​ទីក្រុង​ស្អាត​លើក​ទី​៧ ឆ្នាំ​២០១៩ ក្រោម​ប្រធានបទ «​ទីក្រុង​ស្អាត​៖ ទីក្រុង​ផ្តល់​ភាព​កក់ក្តៅ​» អម​ជាមួយ​ពិធី​ប្រគល់​ជ័យ​លា​ភី​រង្វាន់ «​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី សម្រាប់​ធុរកិច្ច​បៃតង​ក្នុង​វិស័យ​ទេសចរណ៍​» លើក​ទី​៣ នៅ​សណ្ឋាគារ​រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ​ថ្ងៃ​ទី​២៥ កុម្ភៈកន្លង​មក ។

លោក​រដ្ឋមន្ត្រី​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖« នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ យើង​សម្រេច​បាន​កំណើន​ក្នុង​អត្រា​១០,៧% ជាមួយនឹង​ការ​មក​ដល់​នៃ​ទេសចរ​អន្តរជាតិ​ជាង​៦,២​លាន​នាក់ និង​នាំ​ប្រាក់​ចំណូល​ប្រមាណ​៤.៣៥៦​លាន​ដុល្លារ​អា​មេ​រិ​ក ចាក់​បញ្ចូល​ក្នុង​សេដ្ឋកិច្ចជាតិ »​។ លោក​រដ្ឋមន្ត្រី ថោ​ង ខុន បាន​បន្ត​ថា នៅ​ឆ្នាំ​២០១៩ កម្ពុជា​រំពឹង​ថា​នឹង​ទទួលភ្ញៀវ​ទេសចរ​អន្តរ​ជាតិប្រមាណ​៦,៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ នឹង​ទទួល​បាន​ប្រមាណ​ជាង​៧​លាន​នាក់ និង​នាំ​មក​នូវ​ចំណូល​ប្រមាណ​៥​ពាន់​លាន​ដុល្លារ បង្កើត​នូវ​ឱកាស​ការងារ​បាន​ប្រមាណ​ជិត​១​លាន​នាក់ និង​នៅ​ឆ្នាំ​២០៣០ អាច​នឹង​ទទួល​បាន​ទេសចរ​អន្តរ​ជាតិប្រមាណ​១៥​លាន​នាក់ នាំ​មក​នូវ​ចំណូល​ប្រមាណ​១០​ពាន់​លាន​ដុល្លារ បង្កើត​ឱកាស​ការងារ​ប្រមាណ​ជិត​២​លាន​នាក់ ។
លោក​បណ្ឌិត​បាន​បន្ថែម​ថា ជា​យុទ្ធសាស្ត្រ​ដើម្បី​ត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ គឺ​ត្រូវធ្វើ​ឱ្យ​កម្ពុជា​ក្លាយជា​គោលដៅ​ទេសចរណ៍​ប្រកបដោយ​ភាព​ទាក់ទាញ និង​ផ្តល់​ភាព​កក់ក្តៅ​ដល់​ភ្ញៀវ​ទេសចរ តាម​រយៈ​ការ​បង្កើត​ឱ្យ​មាន​ផលិតផល​ទេសចរណ៍​ថ្មី​ៗ និង​ប្រកបដោយ​ភាព​វ័យឆ្លាត ស្អាត និង​បៃតង (Smart, Clean & Green) ។

វិស័យ​ទេសចរណ៍​ត្រូវ​បាន​រាជរដ្ឋាភិបាល​ចាត់ទុកជា មាស​បៃតង គឺជា​វិស័យ​អាទិភាព​មួយ​ដែល​ចូលរួម​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​-​សង្គម បង្កើត​ការងារ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ព្រមទាំង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ថែរក្សា​អភិរក្ស​បរិស្ថាន ឆ្លើយ​តប​នឹង​បម្រែបម្រួល​អាកាសធាតុ​ប្រកបដោយ​ប្រសិទ្ធភាព ។ ដើម្បី​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា​បន្ដ​បន្ថែម​ទៀត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ ត្រូវ​បង្កើន​ការ​យកចិត្តទុកដាក់​ចំពោះ​សេវាកម្ម ការ​ផ្តល់​សេវា​បដិសណ្ឋារកិច្ច ផ្នែក​អនាម័យ និង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ​បំផុត​ដល់​ភ្ញៀវ ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​មក​ស្នាក់​នៅ ហើយ​លើក​ក្រោយមក​ទៀត​ជាមួយ​មិត្តភក្ដិ ក្រុម​គ្រួសារ និង​អ្នកទេសចរ​ជា​ច្រើន​ទៀត ។ សម្ដេច​តេ​ជោ ថ្លែង​ថា ៖« បើ​ធ្វើ​ជា​អ្នកជំនួញ ឬ​អ្នក​លក់ដូរ ការ​រក​អតិថិជន​ម្នាក់​មក​ទិញ​របស់​យើង​គឺជា​រឿង​លំបាក​ហើយ តែ​រឿង​ដែល​ពិបាក​ជាង​ហ្នឹង​ទៀត​នោះ គឺ​អ្នកលក់​ត្រូវ​ធានា​យ៉ាងណា​ដល់​អ​ថិ​តិ​ជន​ដែល​ជា​អ្នកទិញ​នូវ​ទំនិញ​របស់​យើង​នោះ ថ្ងៃក្រោយ​គេ​មក​ទិញ​ទៀត » ។ សម្តេច​តេ​ជោ​បន្ថែម​ថា ៖« មិន​ត្រឹមតែ​មក​ទិញ​ខ្លួនឯង​ទេ គេ​ហៅ​ថែម​មិត្តភក្តិ​របស់​គេ​ឲ្យ​មក​ជួយ​ទិញ​ថែម​ទៀត ទើប​ជា​បញ្ហា​ជោគជ័យ​នៃ​មុខ​ជំនួញ » ។

សម្តេច​តេ​ជោ​សង្កត់ធ្ងន់​ថា ៖« កុំ​ឲ្យ​គេ​មក​ទិញ​ម្តង​ហើយ រាងចាល មុខ​គេ​មិន​មើល សម្តី​គំរោះគំរើយ តម្លៃ​កាត់​ខ្ពស់ អីចឹង​ថ្ងៃក្រោយ​រកស៊ី​ខាត កុំ​ថា​មក​ពី​រាជរដ្ឋាភិបាល បន្ទោស​មក​ពី​យើង មុខ​អាក្រក់ សម្តី​អាក្រក់ យើង​ពិនិត្យ​មើល​ឡើង​វិញ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ