ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះផ្ទៃក្នុង​បែក​ផ្សែង​នៅ​មន្ទីរ​ធម្មការ​ ចៅអធិការ​២២វត្ត​គាំទ្រ​ប្រធាន

15 ឆ្នាំ មុន

ខេត្ត​​ព្រះសីហនុ​​ ៖ រឿងរ៉ាវ​​ទំនាស់​​ផ្ទៃក្នុង​​មន្ទីរធម្មការ​និង​សាសនា​​ខេត្ត​​ ដែល​ផ្តើម​​ចេញ​​ពីអនុប្រធាន​​មន្ទីរ​ចំនួន​​២​រូប​ បាន​លេច​ចេញ​​នូវ​​ញត្តិ​​គាំទ្រ​​​ពី​​សំណាក់​ចៅ​អធិការ​​វត្ត​ចំនួន​២២​វត្ត ក្នុង​ខេត្ត​​ ដែល​​មាន​ខ្លឹម​សារ​​​នៃញត្តិ​​ទាំង​នោះ​​គឺ​ទទួល​​​ស្គាល់​​ពីព្រះ​​​តេជគុណ​មូល រ៉ន ព្រះ​​​មេគណ​ខេត្ត​​ និង​ជា​ចៅអធិការ​​វត្ត​​ឥន្ទញ្ញាណ ។

ក្នុង​​ខ្លឹម​សារ​​នៃញត្តិ​​នេះ​​ ព្រះចៅអធិការ​​វត្ត​ទាំង​២២​បាន​​​គាំទ្រ​យ៉ាង​ខ្លាំង​ចំពោះ​​លោក​កង ឌី ណាត​ និង​បាន​​ចោទ​ប្រកាន់​​ទៅ​លើ​មន្ត្រី​ដឹកនាំ​មន្ទីរ​ធម្មការ​​ចំនួន២​នាក់ គឺ​លោក​​​សាំង ស្រស់​ អនុប្រធាន​​​មន្ទីរ​​ធម្មការ​ទទួល​​បន្ទុក​​គណនេយ្យ​​​ និង​រដ្ឋ​​បាល​ និង​​លោក​ខឹម ​សំណាង ​​អនុប្រធាន​​មន្ទីរ​​ទទួល​​បន្ទុក​ការិយាល័យ​​​​ធម្ម​ការ​​និងសាសនា​​ខេត្ត​​​ថា ​បាននិង​​កំពុង​​​​ធ្វើ​​​​សកម្ម​ភាព​​​ញុះញង់​​បង្ក​​ភាព​​អនាធិបតេយ្យ​​ ធ្វើ​​ឱ្យ​​បែក​បាក់​​សាមគ្គី​​ភាព​​​​ផ្ទៃ​ក្នុង​​​រវាង​​បុគ្គលិក​​ និង​ថ្នាក់​​​​ដឹក​​​នាំ​ក្នុង​មន្ទីរ​​ ដូចជា​​ករណី​ ១-បាន​​បំផុស​ឱ្យ​​គ្រូ​​ជាប់​កិច្ច​​​សន្យា​​ឆ្នាំ២០១០ ដែល​​​មិន​​បង្រៀន​​​ឱ្យ​មក​បើក​ប្រាក់​​ខែ​ទាំងអស់ ។ ២-អ្នកទាំង២​​នាក់​ខាង​លើ​​​បាន​ចោទ​ប្រកាន់​​ថា ប្រធាន​​មន្ទីរ​ធម្មការ​​និងសាសនា​ខេត្ត​កេង​ប្រវ័ញ្ច​​ញើស​ឈាម​​មន្ត្រី​​​ក្រោម​​ឱវាទ​ ។ ៣-​អ្នកទាំង​ពីរ​នាក់​ចោទ​​ថា ប្រធាន​មន្ទីរ​​​ធម្មការ​​រំលោភ​ការងារ​​កូនចៅ ។ ៤-​​បាន​បំផុស​ឱ្យ​មន្ត្រី​ជាប់​កិច្ច​សន្យា​​ផ្តិត​​មេដៃ​ថា​ខ្លួន​មិន​បាន​បើក​ប្រាក់​បៀវត្ស​​ប្រចាំខែ ។ ក្នុង​ខ្លឹម​សារ​​​ដដែល​នោះ​បាន​បញ្ជាក់​យ៉ាង​​​ច្បាស់​ថា ក្នុង​នាម​​ចៅអធិការ​វត្ត​ទាំង​២២​ សូម​ប្រឆាំង​​​ដាច់​ខាត​​​​រាល់ទង្វើ​​​​របស់​​អនុប្រធាន​​ទាំង​២​នៃ​មន្ទីរ​​ធម្ម​ការ​​​និង​សាសនា​ខេត្ត ​ ដែល​ទង្វើ​ទាំង​នេះមិន​ស័ក្តិ​​​សម​ជា​​មន្ត្រី​​រាជ​ការ​​ដែល​​បំរើ​ការ​​ក្នុង​មន្ទីរ​​ធម្មការ​​​និង​សាសនា​ទេ។​

លោក​​កង ឌីណាត ប្រធាន​​មន្ទីរ​​ធម្ម​ការ​​និង​សាសនា​​​ខេត្តបាន​​ឱ្យ​ដឹងថា ចំពោះ​​ការ​ចោទ​ប្រកាន់​​​ពីសំណាក់​​មន្ត្រី​ក្រោម​ឱវាទ​​ទាំងពីរ​​គឺជា​ការបង្កាច់​បង្ខូច​​កិត្តិយស​​​របស់​​ថ្នាក់​ដឹក​នាំ​តែ​ប៉ុណ្ណោះ​​ ក្នុង​គោល​​បំណង​ធ្វើ​ឱ្យ​ជះឥទ្ធិពល​​អាក្រក់​​លើ​វិស័យ​​​ព្រះពុទ្ធ​សាសនា​​​ដែល​ជា​​សាសនា​​​របស់​រដ្ឋ​ ​។ លោក​បាន​បន្ត​ទៀតថា បន្ទាប់​​ពី​លេច​ចេញ​នូវ​​​បាតុភាព​​នេះ​ឡើង​ លោក​​​ពុំ​ដែល​​​​​ខ្វល់​ខ្វាយ​​​​អ្វីឡើយ​ ព្រោះ​ថា​សច្ចធម៌​​ពិត​មិន​​សាបសូន្យ​​ អំពើ​ល្អ​​​រមែង​ទទួល​​បាន​ផល​​ល្អ​​ ។ ​ថ្មីៗ​នេះ​ ដោយ​​មើល​​​​ឃើញ​​ពីភាព​​អយុត្តិធម៌​​​សម្រាប់​​រូប​លោក​​ដែល​ជា​ថ្នាក់​ដឹកនាំ​មន្ទីរ​​​​មួយ​មាន​ការ​តែងតាំង​​ត្រឹម​ត្រូវ​​ពីរដ្ឋ​មន្ត្រី​​​ក្រសួង​​ធម្ម​ការ​​និង​សាសនា​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​​ ទើប​​​មន្ត្រី​​​សង្ឃ​​ដែល​ជា​ចៅអធិការ​​​​ទាំង​២២​វត្ត​ ព្រម​ទាំង​​មេគណ​​ខេត្ត​ផងដែរ ​បាន​ធ្វើ​​​ញត្តិ​​​គាំទ្រ​​ដល់​​​រូប​លោក​​ដើម្បី​ឱ្យ​បន្ត​ដឹកនាំ​​លើ​វិស័យ​​ព្រះ​ពុទ្ធ​សាសនា​​បន្ត​ទៀត ។ ​ញត្តិ​​ទាំងនេះ​​បាន​ដាក់​​ជូន​​ទៅ​លោក​អភិបាល​​ខេត្ត​​និង​ក្រសួង​ធម្មការ​រួច​ហើយ​​​ដើម្បី​​មាន​វិធានការ​ ។

យោងតាម​​​​ប្រភព​ពីលោក​ស្រី​​កុក សុខា អនុ​ប្រធាន​​ការិយាល័យ​​រដ្ឋ​បាល​​ និង​​គណនេយ្យ​​​នៃ​​មន្ទីរ​ធម្មការ​​និង​​សាសនា​ខេត្ត​​ បាន​​ឱ្យ​ដឹង​​ថា លោក​​ប្រធាន​​មាន​គម្រោង​​រៀបចំ​​​ឯក​សារ​​មួយ​ចំនួន​​ដើម្បី​​​​ចាត់​ការ​ទៅតាម​​ផ្លូវ​ច្បាប់​​​នៅ​ឯ​សាលា​​ដំបូង​ពី​បទក្លែង​បន្លំ​​​ឯក​សារ​​សាធារណៈ​ ។ ​​ការ​រៀប​ចំ​​នេះ គឺ​ដោយ​សារ​​ការ​ចោទ​ប្រកាន់​​របស់​មន្ត្រី​​​ទាំងពីរ​​​រូប​ខាង​លើ​ធ្វើ​ឱ្យ​ប៉ះពាល់​​​កិត្តិយស​​និង​សេចក្តី​​ថ្លៃ​ថ្នូរ​យ៉ាង​​ធ្ងន់​ធ្ងរ​​ មិន​អាច​ប៉ះប៉ូវ​​​វិញ​បានទេ ។​

បើ​តាម​​ប្រភព​ផ្សេងមួយ​ទៀត​ពីមន្ត្រី​​នៅ​​ក្នុង​មន្ទីរ​​ធម្ម​ការ​​មួយ​រូប​សុំ​មិន​​​បញ្ចេញ​ឈ្មោះ​​បាន​​ឱ្យ​​​​​​ដឹង​​ថា កន្លង​មក​មន្ត្រី​​ទាំងពីរ​​រូប​ខាង​លើ​នេះ​ពេល​​ចូល​មក​កន្លែង​​ធ្វើ​ការ​​នៅ​ក្នុង​មន្ទីរ​តែង​តែ​បញ្ចេញ​​អត្ត​ចរិត​ខ្វះ​សាមគ្គី​​ភាព​ផ្ទៃ​ក្នុង​​អង្គភាព​​ ពេល​ខ្លះ​​ថា​មាន​​​ចោរចូល​​លួច​របស់​​របរ​នៅក្នុង​​មន្ទីរ​​បាត់​នេះ​បាត់​នោះ​ ធ្វើ​​ឱ្យ​មន្ត្រី​​​ផ្សេង​ទៀត​​​លែង​​ចង់​ហ៊ាន​​​ចូល​កន្លែង​​​ធ្វើ​ការ​ព្រោះ​ខ្លាច​​​រង​ការ​​ចោទ​​ប្រកាន់​​ពីលោក​ទាំងពីរ​​​ខាង​លើ​ ។ ប្រភព​​​ដដែល​បាន​បន្ត​ទៀត​ថា ​បើ​ទោះបី​ជា​យ៉ាងណា​ក៏ដោយ​បន្ទាប់ពី​​គណៈសង្ឃ​​​​ទាំង​២២​វត្ត​ ធ្វើ​​ញត្តិ​​​គាំទ្រ​​លោក​ប្រធានមន្ទីរ​​ធម្ម​ការ​និង​សាសនា ដាក់​​ជូន​​អភិបាល​​​ខេត្ត​​ និង​​ក្រសួង​​​ធម្ម​ការ​​​និង​សាសនា​ រួចមក​​ លោក​​សង្ឃឹម​ថា នឹង​មាន​ចំណាត់​ការ​​ទៅ​​តាម​​ប្រព័ន្ធ​​ផ្លូវ​ច្បាប់​​ជាក់​ជា​មិន​ខានហើយ​ច្បាប់​​នឹង​មិន​ទុក​ឱ្យ​​បុគ្គល​​ខិល​ខូច​​ដើរ​ធ្វើ​សកម្ម​ភាព​ ធ្វើព្យុះធ្វើ​​ភ្លៀង​​តាម​អំពើ​ចិត្ត​​នោះទេ​។​

​ដោយ​​ឡែក លោក​​​សាំង​ ស្រស់ និង​លោក​​​ខឹម សំណាង​ ​បាន​ឱ្យ​ភ្នាក់​ងារ​​​កោះ​សន្តិភាព​​​ដឹង​ថា ចំពោះ​​ញត្តិ​​ដែល​ចោទ​​ប្រកាន់​ថា លោក​ដើរ​បំផុស​បំផុល​​និង​ប្តឹង​លោក​កង ឌីណាត ​ប្រធាន​មន្ទីរ​​ធម្ម​ការ​​​និង​សាសនា​នោះ គឺមិន​ពិត​ទេ។​  លោក​គ្រាន់តែ​​ធ្វើ​សំណើទៅ​អធិការ​កិច្ច នៃ​ក្រសួង​ហិរញ្ញវត្ថុ​​តែប៉ុណ្ណោះ​ ឯចំពោះ​រឿង​​ស្នាម​មេដៃ​​និង​ពាក្យ​បណ្តឹង​​របស់​​​គ្រូជាប់​កិច្ច​សន្យា​ និង​​មន្ត្រី​​ជាប់​កិច្ច​សន្យា​ លោកពុំ​ដឹង​​អ្វីទាំងអស់​ រឿង​​គេប្តឹង​​​ឬ​មិន​​ប្តឹង​ជា​រឿង​​របស់គេ​ លោក​​គ្រាន់​តែ​​​ប្រាប់​ពី​តួលេខ​នៃ​ប្រាក់​​​បៀវត្ស​​ដល់​​គ្រូ​និង​មន្ត្រី​​​ជាប់​កិច្ច​សន្យា​​​តែប៉ុណ្ណោះ​ ។ ​​លោក​សាំង ​ស្រស់ បន្ត​ទាំង​សម្តីក្រេវក្រោធ​​ថា គណៈ​​សង្ឃ​​ទាំង២២​វត្ត​នោះ​ដឹង​រឿង​អ្វី​​ខ្លះ​​​នៅ​ក្នុង​មន្ទីរ​​ធម្ម​ការ​និង​សាសនា​​ខេត្ត​ ទើប​ហ៊ាន​​ធ្វើ​​ញត្តិ​​គាំទ្រ​​ផ្តេស​ផ្តាស ​​​លូក​ដៃ​​ចូល​ក្នុង​​​រឿង​​មន្ទីរ​​ធម្ម​ការ​និង​សាសនា​​ខេត្ត ។ រឿង​នេះ​ជា​រឿង​​របស់​​ធម្ម​ការ​​និងសាសនា​ខេត្ត​ មិន​មែន​ជារឿង​របស់​​គណៈ​សង្ឃ​នោះទេ ៕