ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​អំណោយ​ប៉ូលិស​ការ​ពារ​ព្រំ​ដែន​ទឹក និង​ព្រំ​ដែន​​គោក​ខេត្ត​កោះ​កុង

13 ឆ្នាំ មុន

ខេត្ត​កោះ​កុង ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ប្រតិភូ​មួយ​ក្រុម​​​ដឹកនាំ​ដោយ​លោក​ជំទាវ​សោម គឹម​សួគ៌ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា និង​អធិ​ការ​កិច្ច ​ដោយ​មាន​ការ​ចូល​រួម​ពី​​តំណាង​ក្រុម​ហ៊ុន​ម៉ុង​ ប្ញទ្ធី​គ្រុប ក្រុម​ហ៊ុន​គូហ៊ូឡុង ដែល​ជា​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​វរ​សេនា​តូច​លេខ​២៦៩ នគរ​បាល​ការ​ពារ​ព្រំ​ដែន​ទឹក វរ​សេនា​តូច​លេខ​៨២៧ នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​ប្រចាំ​ទិស​កោះ​កុង បាន​នាំ​យក​អំណោយ​ និង​ថវិកា​មួយ​ចំនួន

ខេត្ត​កោះ​កុង ៖ ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ កញ្ញា ប្រតិភូ​មួយ​ក្រុម​​​ដឹកនាំ​ដោយ​លោក​ជំទាវ​សោម គឹម​សួគ៌ រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា និង​ព្រឹទ្ធ​សភា និង​អធិ​ការ​កិច្ច ​ដោយ​មាន​ការ​ចូល​រួម​ពី​​តំណាង​ក្រុម​ហ៊ុន​ម៉ុង​ ប្ញទ្ធី​គ្រុប ក្រុម​ហ៊ុន​គូហ៊ូឡុង ដែល​ជា​ដៃ​គូ​សម្ព័ន្ធ​មេត្រី​ភាព​ជា​មួយ​វរ​សេនា​តូច​លេខ​២៦៩ នគរ​បាល​ការ​ពារ​ព្រំ​ដែន​ទឹក វរ​សេនា​តូច​លេខ​៨២៧ នគរ​បាល​ការ​ពារ​ព្រំ​ដែន​គោក​ប្រចាំ​ទិស​កោះ​កុង បាន​នាំ​យក​អំណោយ​ និង​ថវិកា​មួយ​ចំនួន​ទៅ​ចែក​ជូន​ដល់​វរ​សេនា​តូច​ទាំង​២​នោះ ។ នៅ​ក្នុង​ពិធី​សាក​សួរ​សុខ​ទុក្ខ​ និង​ផ្តល់​អំណោយ​នោះ​​មាន​ការ​ចូល​រួម​​ពី​​លោក​​ប៊ុន លើត អភិ​បាល​​នៃ​គណៈ​អភិ​បាល​ខេត្ត​កោះ​កុង លោក​ឧត្តម​សេនីយ៍ឯក ស៊ឹម សុផល អគ្គ​ស្នង​ការ​រង​នគរ​បាល​ជាតិ លោក​ឧត្តម​សេនីយ៍​ទោ ប្រាក់ កាន់​ណារ៉ា ប្រធាន​នាយក​ដ្ឋាន​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ទឹក ព្រម​ទាំង​​មាន​ការ​ចូល​រួម​ពី​នាយ​នគរ​បាល និង​ពល​នគរ​បាល​ និង​ប្រតិភូ​ក្រសួង​ទំនាក់​ទំនង​ជា​មួយ​រដ្ឋ​សភា ព្រឹទ្ធ​សភា និង​អធិ​ការ​កិច្ច​​យ៉ាង​ច្រើន​កុះ​ករ ។

លោក​​ឧត្តម​សេនីយ៍​ឯក ស៊ឹម សុផល ​​បញ្ជាក់​ថា ភូមិ​សាស្ត្រ​តំបន់​កោះ​កុង​ពិត​ជា​មាន​ការ​ស្មុគ​ស្មាញ​ជាង​តំបន់​ព្រះ​វិហារ ព្រោះ​គ្រប់​គោល​ដៅ​ឈរ​ជើង​របស់​កម្លាំង​កង​ទ័ព​ក៏​ដូច​ជា​នគរ​បាល​​នៅ​ព្រះ​វិហារ ​សុទ្ធ​តែ​មាន​ផ្លូវ​ចូល​ទៅ​ដល់ ហេតុ​នេះ​ងាយ​ស្រួល​ក្នុង​ការ​ផ្គត់​ផ្គង់​​ ការ​ចល័ត​ក្នុង​ពេល​មាន​ឧបសគ្គ ដោយ​ឡែក​សំរាប់​ភូមិ​សាស្ត្រ​​ខេត្ត​កោះ​កុង​វិញ បើ​កម្លាំង​ការ​ពារ​ព្រំ​ដែន​គោក​ គឺ​ត្រូវ​ដើរ​ឆ្លង​កាត់​ព្រៃ​ភ្នំ ជ្រោះ​ជ្រលង​​ពី​ចំណុច​មួយ​ទៅ​ចំណុច​មួយ ។ នៅ​រដូវ​វស្សា​មាន​ទឹក​ភ្លៀង​ប្រើ​ប្រាស់ តែ​រដូវ​ប្រាំង​អត់​ទឹក​តែ​ម្តង គឺ​តំរូវ​ឱ្យ​កង​​កម្លាំង​​ស្វែង​រក​ និង​ដឹក​ជញ្ជូន​ទឹក​ពី​បាត​ជ្រោះ​ទៅ​កាន់​ចំណុច​ឈរ​ជើង​ត្រូវ​ប្រើ​រយៈ​ពេល​យូរ ។ ពេល​កម្លាំង​មាន​ជំងឺ​មិន​អាច​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បាន រហូត​ដល់​មាន​​ករណី​ស្លាប់​​ក៏​មិន​អាច​បញ្ជូន​​​សព​ទៅ​​តម្កល់​នៅ​វត្ត​ ឬ​​ឱ្យ​​ក្រុម​គ្រួសារ​​បាន​ទេ ដូច្នេះ​​​ត្រូវ​បង្ខំ​ចិត្ត​បូជា​សព​នៅ​កណ្តាល​ទ្រូង​ព្រៃ ។ ចំណែក​នគរ​បាល​ការ​ពារ​ព្រំ​ដែន​ទឹក​វិញ​នៅ​ឈរ​ជើង​លើ​ទឹក​តែ​គ្មាន​ទឹក​ប្រើ​ប្រាស់ ព្រោះ​ជា​ទឹក​ប្រៃ ត្រូវ​ដឹក​ជញ្ជូន​ទឹក​ពី​ដែន​គោក​ដោយ​ត្រូវ​ចំណាយ​សោ​ហ៊ុយ​អូប័រ​ដឹក​ទឹក​សំរាប់​ប្រើ​ប្រាស់ ។

លោក​បន្ត​ថា ចំពោះ​ជំរក​​ស្នាក់​នៅ​ត្រូវ​ប្រឈម​​នឹង​ការ​ខូច​ខាត និង​ជួស​ជុល​ឡើង​វិញ​ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ ​ដោយ​ប្រឈម​​នឹង​រលក​សមុទ្រ​ធ្វើ​ឱ្យ​​​បន្ទាយ​ឈរ​ជើង​បាក់​ច្រាំង និង​ចាត់​វិធាន​ការ​ទប់​ស្កាត់​ដោយ​ចំណាយ​ថវិកា​ហួស​ពី​សមត្ថ​ភាព ។ ចំពោះ​​ការ​ចេញ​ល្បាត​ត្រូវ​ប្រឈម​នឹង​​គ្រោះ​ថ្នាក់​២​ករណី​ជា​និច្ច ទី១-​​សត្រូវ​ និង​ទី២-​គឺ​រលក​ និង​ព្យុះ​សមុទ្រ ។ ទោះ​ជា​យ៉ាង​ណា ​ក្តី​កម្លាំង​ឈរ​ជើង​​ទាំង​២​វរៈ​​នៅ​តែ​ខិតខំ​ទាំង​កម្លាំង​កាយ​ និង​កម្លាំង​ចិត្ត​ការ​ពារ​បូរណ​ភាព​ទឹកដី​​មិន​ឱ្យ​បាត់​បង់​​សូម្បី​មួយ​មីល្លី​ម៉ែត្រ​ណា​ឡើយ ។ លោក​ជំទាវ​សោម គឹម​សួគ៌ ​បាន​​ពាំ​នាំ​​ការ​សាក​សួរ​សុខ​ទុក្ខ​ និង​នឹក​រលឹក​ពី​សម្តេច​អគ្គ​មហា​ធម្ម​ពោធិ​សាល​ ជា​ ស៊ីម ប្រធាន​ព្រឹទ្ធ​សភា សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​ សំរិន្ទ ប្រធាន​រដ្ឋ​សភា និង​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ ចំពោះ​នាយ​នគរ​បាល និង​ពល​នគរ​បាល​ទាំង​អស់​​ដែល​កំពុង​បំពេញ​ភារ​កិច្ច​ការ​ពារ​ជាតិ​ អនុ​វត្ត​តាម​គោល​នយោ​បាយ​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​នាយក​រដ្ឋ​មន្ត្រី ។ ​​ដើម្បី​ឆ្លើយ​តប​នឹង​ការ​ខិតខំ​​​នេះ ទើប​សម្តេច​ចេញ​​អនុ​សាសន៍​ប្រកប​ដោយ​គតិ​បណ្ឌិត​បង្កើត​ឱ្យ​មាន​សម្ព័ន្ធ​មេត្រី​ភាព​រវាង​អង្គ​ភាព​សមរ​ភូមិ​ក្រោយ និង​សមរ​ភូមិ​មុខ ដែល​បង្កើត​បាន​ពាក្យ​ស្លោក​មួយ​ឃ្លាបញ្ជាក់​ថា “ការ​ពារ​ជាតិ​ដើម្បី​ទាំង​អស់​គ្នា ទាំង​អស់​គ្នា​ដើម្បី​ការ​ពារ​ជាតិ” ។

លោក​ជំទាវ​​មាន​ប្រសាសន៍​ទៀត​ថា បន្ទាប់​ពី​ការ​បង្កើត​សម្ព័ន្ធ​មេត្រី​ភាព​នេះ​ឡើង​​ឃើញ​ថា កង​ទ័ព​​ ក៏​ដូច​ជា​នគរ​បាល​មាន​ការ​រីក​ចំរើន​ និង​កក់​ក្តៅ​ចំពោះ​កាតព្វ​កិច្ច ការ​ពារ​បូរណ​ភាព​ទឹក​ដី​របស់​ខ្លួន ។ ទន្ទឹម​នឹង​នេះ​ធ្វើ​ឱ្យ​បេះ​ដូង​លោក​ជំទាវ​ ក៏​ដូច​ជា​អង្គ​ភាព​រដ្ឋ ឯក​ជន ​និង​សប្បុ​រស​ជន​ដក់​ជាប់ និង​នៅ​ជា​មួយ​កង​កម្លាំង​ដែល​កំពុង​ឈរ​ជើង​ការ​ពារ​ខ្សែ​ក្រវាត់​ព្រំ​ដែន​គ្រប់​ទិស​ទិវា​រាត្រី ។ លោក​ជំទាវ​បាន​សន្យា​ផ្តល់​អគារ​ស្នាក់​នៅ​ដល់​វរ​សេនា​តូច​លេខ​២៦៩ ​មួយ​ខ្នង​មាន​តំលៃ​១៦.២១៤​ដុល្លារ និង​មួយ​​ខ្នង​ទៀត​សំរាប់​វរ​សេនា​តូច​​លេខ​​៨២៧ ដែល​មាន​តំលៃ​១៨.២៥២​ដុល្លារ ។ លោក​ជំទាវ​បាន​នាំ​យក​ថវិកា​ចំនួន​៤​លាន​រៀល ក្នុង​​វរ​សេនា​តូច​នីមួយៗ​ និង​សំរាប់​កង​កម្លាំង​ម្នាក់ៗ​ ទទួល​បាន​ភួយ១ ក្រមា១ ត្រីខ​១០​កំបុ៉ង សាច់​ក្រក​កន្លះ​គីឡូ​ក្រាម ប៊ីចេង​១​កញ្ចប់ ​ឆៃ​ប៉ូវ​១​គីឡូ​ក្រាម នំ​អន្សម​២ អង្ករ​២៥​គីឡូ​ក្រាម និង​ប្រាក់​២ម៉ឺន​រៀល​ ព្រម​ទាំង​​ផ្តល់​ម៉ាស៊ីន​ព្រីន​ធ័រ​១​គ្រឿង​សំរាប់​ទីបញ្ជា​ការ​ស្រាល ៕