ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី និង​សម ថា​រ័​ត្ន បង្ហាញ​ជីវិត​ក្រៅ​ឆាក​កីឡា… ​មនុស្ស​ភាគច្រើន​មិន​ដឹង

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​កីឡា គេ​ស្គាល់​ត្រឹមតែ​កីឡាការិនី​ស៊ន សៀវ​ម៉ី និង​សម ថា​រ័​ត្ន ថា​ជានា​រី​ជើង​ខ្លាំង​ផ្នែក​តេ​ក្វា​ន់​ដូ និង​ល្បុក្កតោ​ប៉ុណ្ណោះ​ដែល​មានការ​ទទួលស្គាល់​ក្នុង​កម្រិត​ជា​អន្តរជាតិ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដែល​បានដឹង​ថា…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ពិភព​កីឡា គេ​ស្គាល់​ត្រឹមតែ​កីឡាការិនី​ស៊ន សៀវ​ម៉ី និង​សម ថា​រ័​ត្ន ថា​ជានា​រី​ជើង​ខ្លាំង​ផ្នែក​តេ​ក្វា​ន់​ដូ និង​ល្បុក្កតោ​ប៉ុណ្ណោះ​ដែល​មានការ​ទទួលស្គាល់​ក្នុង​កម្រិត​ជា​អន្តរជាតិ ប៉ុន្តែ​មនុស្ស​តិច​ណាស់​ដែល​បានដឹង​ថា អ្នក​ទាំង​ពីរ​មាន​ចំណូលចិត្ត​ធ្វើ​អ្វី និង​មាន​ជំនាញ​អ្វីខ្លះ​ក្រៅពី​អាជីព​កីឡា ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​អ្នក​ទាំង​ពីរ​មាន​ចំណូលចិត្ត​មួយ​ចំនួន​ស្របគ្នា ខណៈ​ដែល​ចំណូលចិត្ត​នោះ​ប្រសិនបើ​អ្នក​មិនដឹង​គឺ​នឹង​អាច​ទាយ​ខុស​។

កញ្ញា ស៊ន សៀវ​ម៉ី បាន​រៀបរាប់​ថា រាល់ពេល​ទំនេរ​កញ្ញា​ចូល​ចិត្ត​អង្គុយតែ​ម្នាក់ឯង​នៅ​កន្លែង​ស្ងាត់ គ្មាន​ការ​រំខាន ហើយ​ស្ដាប់​តន្ត្រី​ដោយ​បទ​ចម្រៀង​ដែល​នាង​និយម​ស្ដាប់​គឺជា​ប្រភេទ​បទ​សម័យ ហើយ​សម្រាប់​អត្ថន័យ​បទ​ចម្រៀង​គឺ​អាស្រ័យ​លើ​អារម្មណ៍​របស់​នាង​។

កញ្ញា​និយាយ​ថា​៖«​សម្រាប់​ខ្ញុំ​រាល់ពេល​ទំនេរ​មិនសូវ​ចូល​ចិត្ត​ទៅ​ណា​ទេ គឺ​ចូល​ចិត្ត​នៅ​តែ​ម្នាក់ឯង ហើយ​ស្ដាប់​ចម្រៀង បើ​ខ្ញុំ​សប្បាយចិត្ត​ខ្ញុំ​ស្ដាប់​បទ​ញាក់​ៗ ប៉ុន្តែ​បើ​ខ្ញុំ​អត់​សូវ​សប្បាយចិត្ត គឺ​ស្ដាប់​បទ​មនោ​សញ្ចេតនា​»​។ ក្រៅពី​ចូល​ចិត្ត​ស្ដាប់​ចម្រៀង នាង​ថា​ខ្លួន​ចូល​ចិត្ត​ច្រៀង​លេង​ខ្លាំង​ណាស់​ដោយ​រាល់ពេល​នៅ​ម្នាក់ឯង ឬ​កំពុងធ្វើការ​បណ្ដើរ​នាង​រមែង​ច្រៀង​លេង​បណ្ដើរ ដោយ​នាង​ប្រកាស​ថា នៅ​ពេល​ច្រៀង​បណ្ដើរ​ធ្វើការ​បណ្ដើរ​ធ្វើ​ឱ្យ​នាង​មាន​កម្លាំងចិត្ត ។

ក្នុង​នោះ នាង​ក៏​ចូល​ចិត្ត​ទៅ​ច្រៀង​នៅ KTV ជា​លក្ខណៈ​គ្រួសារ​ផង​ដែរ ដោយសារ​តែ​នាង​ចូល​ចិត្ត​ច្រៀង បើ​ទោះជា​សំឡេង​របស់​នាង​មិន​ពីរោះ​ណាស់ណា ។ នាង​និយាយ​ថា​៖«​ខ្ញុំ​និយាយ​ពី​ច្រៀង គឺ​ចេះ​ច្រើន​បទ អ៊ីចឹង​ហើយ​ទើប​ឱ្យ​តែ​មាន​គ្នា​ទៅ​ច្រៀង​នៅ​KTV​ហើយ​ព្រោះ​ចូល​ចិត្ត​ច្រៀង​តាំងពី​ដើម គឺ​ជំនាញ​អីុចឹ​ង​ហ្មង​!»​។ ចំណូលចិត្ត​មួយទៀត​ដែល​នាង​និយម​ធ្វើ​ផង​ដែរ គឺ​ទម្លាប់​ធ្វើ​នេះ​ធ្វើ​នោះ​កំ​ប៉ិ​ក​កំប៉ុក ឧទាហរណ៍​ដូច​ជា​ទស្សនា​យូ​ធូប​ហើយ​ឃើញ​វី​ដេ​អូ​គេ​ចាក់​ចាហួយ ឬ​ធ្វើ​បង្អែម​នេះ​បង្អែម​នោះ​ជាដើម គឺ​នាង​រមែង​ធ្វើ​ជា​ប្រចាំ​ដោយសារ​តែ​នាង​ចូល​ចិត្ត​ញាំ​បង្អែម និង​ញាំ​អាហារ​រសជាតិ​ផ្អែម ។

ក្នុង​នោះ កញ្ញា​ក៏​ចូល​ចិត្ត​ពី​របៀប​តែងខ្លួន​ផង​ដែរ ទើប​នាង​ទៅ​ណា​មក​ណា​គឺ​ចេះ​បត់បែន​ដោយ​តុបតែង​ខ្លួន​ធ្វើ​ឱ្យ​មានការ​ទាក់ទាញ ដោយ​បានទាំង​បើក​អាជីវកម្ម​លក់​ផលិតផល​ឡេ​តាម​អន​ឡាញ​យ៉ាង​ជោគ​ជ័យ​ផង ព្រោះតែ​នាង​ចេះ​រៀបចំ​ខ្លួន​បាន​ល្អ​នេះឯង ។ កញ្ញា​ថា ខ្លួន​ជា​អ្នកកីឡា ប៉ុន្តែ​សម្រាប់​ការ​រៀបចំ​ខ្លួន​គឺ​មិន​ចាញ់​អ្នកសិល្បៈ​នោះ​ទេ ។ បើ​ឱ្យ​នាង​តែងខ្លួន​ចូលរួម​ក្នុង​កម្មវិធី​មួយ នាង​អាច​ទៅ​រួច ប៉ុន្តែ​បើ​ឱ្យ​ឡើង​ច្រៀង​លើ​ឆាក​នាង​អត់​ហ៊ាន​ទេ បើ​ទោះជា​នាង​ចូល​ចិត្ត​ច្រៀង ជា​ពិសេស​បទ​ចម្រៀង​របស់​តារាចម្រៀង​កញ្ញា ឱ​ក សុគន្ធ​កញ្ញា​។

ងាក​មក​កាន់​កញ្ញា សម ថា​រ័​ត្ន ឯណេះ​វិញ កញ្ញា​ប្រាប់​ថា រាល់ពេល​ទំនេរ​កញ្ញា​ចូល​ចិត្ត​ច្រៀង និង​រាំ​ជាងគេ ដោយ​កញ្ញា​ចូល​ចិត្ត​ច្រៀង​បទ​ចម្រៀង​បែប​បរទេស ជា​ពិសេស​បទ​ជា​ភាសា​អង់គ្លេស ចំណែក​ក្បាច់​រាំ​វិញ ក៏​មិន​អន់​នោះ​ដែរ ដ្បិតថា​នាង​គឺជា​កីឡាការិនី​ផ្នែក​ល្បុក្កតោ ។ នាង​និយាយ​ថា​៖«​ខ្ញុំ​អ្នកកីឡា​មែន ប៉ុន្តែ​ទេព​កោសល្យ​សិល្បៈ​គឺ​ចេះ​ទាំងអស់ ទាំង​ការ​សម្ដែង ហើយ​បើ​ទំនេរ​គឺ​ច្រៀង និង​រាំ​លេង​តែ​ម្ដង ព្រោះ​ចូល​ចិត្ត​តាំងពី​តូច​!»​។ នាង​ថា ខ្លួន​ធ្លាប់​ប្រឡូក​ការ​ប្រឡង​ចម្រៀង​កាលពី​ច្រើន​ឆ្នាំ​មុន​ម្ដង​ហើយ ដោយ​ក្នុង​ពេល​នោះ​បាន​ប្រឡង​ជាប់​ផង ខណៈ​ដែល​នាង​ក៏​ធ្លាប់​ត្រូវ​បាន​គេ​អញ្ជើញ​ជាតា​រា​កិត្តិយស​ឱ្យ​ច្រៀង​ក្នុង​កម្មវិធី​ឃោសនា​ផលិតផល​ផង​ដែរ ។

កញ្ញា​ថា ខ្លួន​ជា​កូនស្រី​របស់​តន្ត្រីករ​ល្បីឈ្មោះ គឺ​ស្ដេច​វី​យូ​ឡុ​ង អ៊ុ ដា​រ៉ា ប៉ុន្តែ​កញ្ញា​មិន​មានឱកាស​បាន​ក្លាយជា​តារាចម្រៀង​នោះ​ទេ ដោយ​បាន​ត្រឹមតែ​ស្រឡាញ់ និង​មាន​ចំណូលចិត្ត​ប៉ុណ្ណោះ ដោយសារ​តែ​ពេល​ប្រឡូក​នៅ​ក្នុង​អាជីព​កីឡា​ក៏​មាន​អ្នកគាំទ្រ​ច្រើន ហើយ​ពេល​បាន​ក្លាយជា​តារាភាពយន្ត​ក៏​ភ្លេច​អាជីព​ចម្រៀង​ដែល​នឹក​ស្រមៃ​តែ​ម្ដង ។

នាង​ថា ខ្លួន​មិនសូវ​មាន​ចំណូលចិត្ត​ធ្វើ​អ្វី​ក្រៅពី​ច្រៀង និង​ស្ដាប់​បទ​ចម្រៀង​នោះ​ទេ ដោយពេល​ធ្វើការ​គឺ​ត្រូវ​ធ្វើការ​តែ​ម្ដង អត់​មាន​ទៅ​ធ្វើ​អ្វី​ផ្សេង​នាំ​ឱ្យ​ប៉ះពាល់​ការងារ​ឡើយ​។ នាង​នៅ​តែ​អះអាង​ថា​ចង់​ឡើង​ឆាក​ច្រៀង និង​ចង់​បញ្ចេញ​សមត្ថភាព​ក្នុង​អាជីព​ច្រៀង និង​រាំ ដោយ​បទ​រ៉េ​ប​ៗ​គឺ​នាង​ចូល​ចិត្ត​ច្រៀង និង​ស្ដាប់​បំផុត ជា​ពិសេស​គឺ​បទ​ញាក់​ៗ​តែ​ម្ដង​។

ទោះបី​យ៉ាងណា​នាង​ថា បើ​ឱ្យ​នាង​ឈោង​ចាប់​អាជីព​មួយ​នោះ​ដល់​ថ្នាក់​ភ្លេច​កីឡា និង​ភ្លេច​ការ​សម្ដែង​ភាពយន្ត​គឺ​មិន​អាច​នោះ​ទេ ។ អ៊ីចឹង​ហើយ ទើប​គេ​កត់​សម្គាល់ថា កីឡាការិនី​រូប​នេះ មាន​ទេព​កោសល្យ​សិល្បៈ​គួរ​ឱ្យ​សរសើរ ដែល​នេះ​គឺជា​ចំណូលចិត្ត​ផ្ទុយ​ស្រឡះ​ទាំងស្រុង បើ​ធៀប​នឹង​អ្នកកីឡា​ល្បីឈ្មោះ​ផ្សេង​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ