ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លទ្ធផល​ចំណូល​ពន្ធគយ​ប្រចាំឆ្នាំ​២០១៨ និង​ទិស​ដៅ​ឆ្នាំ​២០១៩

5 ឆ្នាំ មុន
  • ភ្នំពេញ

នា​ព្រឹក​ថ្ងៃ​ពុធ ០៨​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ…

នា​ព្រឹក​ថ្ងៃ​ពុធ ០៨​រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃ​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​មាន​ប្រារព្ធ​កិច្ចប្រជុំ​បូក​សរុប​ការងារ​គយ​និង​រដ្ឋាករ​ប្រចាំឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ របស់​ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ អគ្គនាយកដ្ឋាន​ពន្ធដារ ព្រមទាំង​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ នៃ​អគ្គ​នាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​ផង​ដែរ​។

ក្នុង​របាយការណ៍​បូក​សរុប​ការងារ​គយ​ និង​រដ្ឋាករ ឯកឧត្តម​បណ្ឌិត គុណ ញឹ​ម ប្រតិភូ​រាជ​រដ្ឋា​ភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ ​និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៨ ចំណូល​សរុប​មាន​ប្រមាណ​ជាង ១០ ទ្រី​លាន​រៀល (​ប្រមាណ ២.៥០០ លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង​ជាង ៣២% ធៀប​នឹង ឆ្នាំ​២០១៧​។ លទ្ធផល​ចំណូល​នេះ ​ត្រូវ​ប្រមាណ​ជា ១២១,៤% នៃ​ផែនការ​ឆ្នាំ ដែល​កំណត់​ដោយ​ច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការ​គ្រប់គ្រង​ប្រចាំឆ្នាំ​២០១៨​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧ លទ្ធផល​ចំណូល​តាម​ប្រភេទ​ពន្ធ​ និង​អាករ​សំខាន់​ៗ​ដែល​ប្រមូល​ដោយ​​គយ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​នោះ ពន្ធគយ (​ពន្ធ​នាំ​ចូល​)​មាន​កំណើន​ជាង ១៨%, អាករ​ពិសេស​កើន ៤២,៤% និង​អាករ​លើ​តម្លៃបន្ថែម (VAT)​កើន​៣០,៧%​។

គួរ​បញ្ជាក់​ថា ប្រភព​ចំណូល​ពន្ធ​ និង​អាករ​សំខាន់​ៗ​មាន​ ៖ ១.​យានយន្ត ​និង​គ្រឿងចក្រ​បាន​ដើរតួ​នាទី​​ប្រមាណ​ជិត​៤៦%​នៃ​ចំណូល​សរុប​, ២.​ប្រេងឥន្ធនៈ ​និង​ថាមពល​ប្រមាណ ២០%​នៃ​ចំណូល​សរុប និង ៣.​ទំនិញ​ចម្រុះ​ និង​គ្រឿងសំណង់​មាន​សមាមាត្រ​ប្រមាណ​ជាង ៣៤%​នៃ​ចំណូល​សរុប។

ទន្ទឹម​នឹង​ការងារ​ប្រមូល​ចំណូល​ចូល​ថវិកាជាតិ​បាន​លើស​ផែនការ អគរ ក៏​បាន​សម្រេច​នូវ​សមិទ្ធ​ផល​នានា​ផ្សេង​ទៀត​ដូច​ជា​ការ​ចូលរួម​កសាង​បទ​ប្បញ្ញត្តិ និង​គោលនយោបាយ​ពាក់ព័ន្ធ​នឹង​គយ​, ការ​​ធ្វើ​វិចារណ​កម្ម​តារាង​ពន្ធគយ​កម្ពុជា​, ការ​ពង្រឹង​ការងារ​បង្ការ​ និង​បង្ក្រាប​អំពើ​រត់គេច​ពន្ធ​, ការ​លើក​កម្ពស់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​, ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច​ផ្សេង​​ទៀត​នៃ​រាជរដ្ឋាភិបាល​, កិច្ចសហការ​ជាមួយ​វិស័យ​ឯកជន និង​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​, ការ​​បណ្តុះបណ្តាល​ធនធានមនុស្ស និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​អគារ​រដ្ឋបាល​គយ​នានា ព្រម​ទាំង​ការងារ​សង្គម​មិត្ត​មន្ត្រីរាជការ នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា ដែល​បាន​ឧបត្ថម្ភ​សម្រាល​ទុក្ខ​លំបាក​ដល់​គ្រួសារ​មន្ត្រី​គយ​ជា​ច្រើន​។

ក្នុង​ឱកាស​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​សំដែង​ការ​កោតសរសើរ​ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​របស់​មន្ត្រី​គយ​ និង​រដ្ឋាករ​គ្រប់​រូប​។ ទន្ទឹម​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ក៏​បាន​ទទួលស្គាល់​នូវ​បញ្ហា​ប្រឈម​នានា ដែល​ជា​កត្តា​ប៉ះពាល់​ដល់​ប្រតិបត្តិការ​ប្រមូល​ចំណូល និង​បាន​លើកទឹកចិត្ត​ឲ្យ​មន្ត្រី​គយ ​និង​រដ្ឋាករ​ត្រូវ​ខិតខំ​បន្ថែម​ទៀត សម្រាប់​ការងារ​នា​ពេល​ខាង​មុខ ជា​ពិសេស​ក្នុង​បរិបទ​នៃ​កំណែទម្រង់​ស៊ីជម្រៅ និង​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​ចាប់ពី​ដើមឆ្នាំ ២០១៩ នេះ​តទៅ​។

ជាមួយ​គ្នា​នេះ ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី បាន​ផ្តល់​ការ​ណែនាំ​សម្រាប់​អនុវត្ត​នា​ឆ្នាំ​២០១៩ ដោយ​សង្កត់ធ្ងន់​លើ​ការងារ​ចំនួន ០៩ ចំណុចរួម​មាន​៖

១.​ត្រូវ​បន្ត​ពង្រឹង​នូវ​អភិ​បាល​កិច្ច​ល្អ​ក្នុង​អង្គភាព និង​ក្រមសីលធម៌​វិជ្ជាជីវៈ​របស់​មន្ត្រី​គយ ​និង​រដ្ឋាករ និង​ត្រូវ​ប្រកាន់ខ្ជាប់​អភិក្រម ៥ ប្រការ​របស់​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី គឺ​ឆ្លុះកញ្ចក់ ងូតទឹក ដុស​ក្អែល ព្យាបាល និង​វះកាត់​,

២.​ជំរុញ​លើកកម្ពស់​អនុលោម​ភាព​វិស័យ​ឯកជន​តាម​រយៈ​អនុវត្ត​ឲ្យ​បាន​ហ្មត់ចត់​នូវ​ក្រមសីលធម៌​ជើង​សា​គយ​, និង​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ដែល​មាន​អនុលោម​ភាព​ខ្ពស់ ប៉ុន្តែ​ដាក់​ទណ្ឌកម្ម​ចំពោះ​ក្រុមហ៊ុន​ដែល​រំលោភ​បំពាន​ច្បាប់​,

៣.​ត្រូវ​ផ្ដល់​កិច្ច​សម្រួល​ពាណិជ្ជកម្ម​បន្ថែម​ទៀត ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ដូច​ជា​កាត់​​បន្ថយ​និង​ធ្វើ​សាមញ្ញ​កម្ម​នីតិវិធី​គយ តាម​រយៈ​ការ​ធ្វើ​វិមជ្ឈការ និង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌​មានវិទ្យា​,

៤.​ត្រូវ​បន្ត​ពង្រឹង​យន្ដការ​ពិគ្រោះ​យោបល់​ជាមួយ​វិស័យ​ឯកជន ដោយ​ត្រូវ​ស្ដាប់​កង្វល់​និង​បញ្ហា​ប្រឈម និង​ប្រឹងប្រែង​រក​ដំណោះស្រាយ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​,

៥.​លើកកម្ពស់​វប្បធម៌​អនុលោម​ភាព និង​វប្បធម៌​សារពើពន្ធ តាម​រយៈ​ការ​ជំរុញ​ឲ្យ​មាន​អនុលោម​ភាព​​ដោយ​ស្ម័គ្រចិត្ត ទន្ទឹម​គ្នា​នឹង​ការ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​អំពើ​រត់ពន្ធ​គ្រប់​ប្រភេទ​នៅ​គ្រប់​ភូមិសាស្ត្រ​នៃ​ដែន​សមត្ថកិច្ច​របស់​ខ្លួន ឲ្យ​បានជា​ប្រចាំ​ដូច​ភ្លៀងរលឹម​,

៦.​ត្រូវ​បន្ត​ពង្រឹង​ការងារ​បច្ចេកទេស​គយ​, ការងារ​គោលនយោបាយ​ពន្ធ​អាករ​គយ​និង​បន្ត​ធ្វើ​វិចារណ​កម្ម​តារាង​ពន្ធគយ​កម្ពុជា​, ការ​វាយតម្លៃ​ផល​ប៉ះពាល់​លើ​ចំណូល​, ការ​កែ​លម្អ​សេវា​ដោយ​រួសរាយ​រាក់​ទាក់ ប៉ុន្តែ​ហ្មឺ​ង​ម៉ាត់​ដាច់ខាត​ក្នុង​ការ​អនុវត្ត​ច្បាប់​,

៧.​ត្រូវ​ជំរុញ​បញ្ចប់សេចក្តី​ព្រាង​យុទ្ធសាស្ត្រ​ជំរុញ​ការ​អនុវត្ត​ច្បាប់ និង​យុទ្ធសាស្ត្រ​បច្ចេកវិទ្យា​ព័ត៌មាន ដែល​​ឯកសារ​ទាំង​២​នេះ​មាន​សារៈសំខាន់ និង​ជា​ផ្នែក​មិន​អាច​ខ្វះ​បាន​នៃ​កំណែទម្រង់ និង​ទំនើប​កម្ម​រដ្ឋបាល​គយ​,

៨. ត្រូវ​ពិនិត្យ ​និង​កែសម្រួល​ឡើង​វិញ​នូវ​អនុក្រឹត្យ​ស្ដី​ពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម​តាម​រយៈ​ការ​គ្រប់គ្រង​ហានិ​ភ័យ និង​អនុក្រឹត្យ​ស្ដី​ពី​ទំនិញ​ហាមឃាត់ និង​ជាប់​កម្រិត​កំណត់ និង​ត្រូវ​ចាត់វិធានការ សំដៅ​ពង្រឹង​តួនាទី​និង​ភារកិច្ច​ទទួលខុសត្រូវ ក្នុង​បរិបទ​នៃ​ការ​ធ្វើ​កំណែទម្រង់​ស្ថាប័ន​និង

៩. ត្រូវ​អនុវត្ត​ប្រកាស​ស្ដី​ពី​កម្រៃ​សេវា​ផ្សេង​ៗ​របស់​គយ និង ការ​កាត់​បន្ថយ​កម្រៃ​ស្កែ​ន ៥០% ចាប់ពី​ថ្ងៃ​ទី​០១ ខែ មេ​សា ឆ្នាំ​២០១៩​នេះ​តទៅ​។

ដើម្បី​ជា​ការ​លើកទឹកចិត្ត ឯកឧត្តម​អគ្គបណ្ឌិត​សភាចា​រ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ក៏​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​បណ្ណ​សរសើរ ជូន​ដល់​មន្ត្រី​គយ​និង​រដ្ឋាករ​មាន​ស្នាដៃ​មួយ​ចំនួន ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ