ថ្វីបើរថយន្តម៉ាស៊ីនម៉ាស៊ូតជាន់ទៅមិនសូវស្ទុះដូចរថយន្តម៉ាស៊ីនសាំង មានសម្លេងឮ និងមានផ្សែងហុយ គេនៅតែនិយមប្រើប្រាស់វា ។ តើដឹងអត់ថាមកពីហេតុអ្វីទៅ? ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការប្រើប្រាស់រថយន្តម៉ាស៊ីនម៉ាស៊ូត ៖
១. ស៊ីថាមពលតិចជាងរថយន្តសាំង ៖ ជាមធ្យមម៉ាស៊ីនម៉ាស៊ូតមានការស៊ីប្រេងតិចជាងម៉ាស៊ីនសាំង ដោយសារតែវាអាចផ្តល់ថាមពលបានខ្លាំងជាងសាំង ។ ជាមួយគ្នានេះដែរ ជាមួយនឹងការបន្ថែមបច្ចេកវិទ្យាប៊ិចប្រេងសម្ពាធខ្ពស់ វាកាន់តែធ្វើឱ្យអត្រាស៊ីប្រេងកាន់តែតិច។ ម្យ៉ាងវិញទៀត ប្រសិនបើគេដាក់ TurboCharge ទៀតនោះ វារឹតតែប្រេងកាន់តែតិចមួយកម្រិតទៀត។
២. ពន្ធធូរថ្លៃ ៖ ពន្ធផ្លូវស្រុកគេគឺគិតទៅតាមកម្រិតឧស្ម័នកាបូនឌីអុកស៊ីត ដែលបានបញ្ចេញមកក្រៅពីម៉ាស៊ីន។ ដូចនេះរថយន្តម៉ាស៊ូតមានពន្ធថោកជាងរថយន្តម៉ាស៊ីនសាំង។
៣. មិនសូវខូច ៖ ដោយសារតែវាជាម៉ាស៊ីនចំហេះក្នុងដែលធ្វើការខុសគ្នាពីម៉ាស៊ិនសាំង វាមិនសូវជាខូចទេ ហើយក៏ប្រើប្រាស់បានយូរដែរ។ អ្វីដែលខុសគ្នាជាចម្បងនោះ គឺការបញ្ឆេះម៉ាស៊ីន។ ម៉ាស៊ីនម៉ាស៊ូតប្រើខ្យល់ក្តៅក្នុងការបញ្ឆេះប្រេង។ ដោយសារតែប្រើខ្យល់ក្តៅជំនួសឱ្យការបញ្ឆេះធម្មតា តម្លៃនៃការជួសជុលក៏ទាបដែរ ហើយក៏មិនងាយមានបញ្ហាឆ្លងភ្លើងដែរ។ សម្រាប់ពេលវេលាក្នុងការជួសជុលម្តងៗ ក៏ទាមទារពេលខ្លី។
៤. បញ្ហាភ្លើងឆាបឆេះមានកម្រិតទាប ៖ ឱកាសនៃការឆាបឆេះនៅពេលបុកគ្នា គឺមានកម្រិតទាប ដោយសារតែប្រេងម៉ាស៊ូតមិនងាយនឹងឆេះដោយសារកម្ទេចភ្លើងបន្តិចនោះទេ ខណៈដែលប្រេងសាំងងាយនឹងឆាបឆេះជាទីបំផុត។
ថ្វីបើចំណុចលេចធ្លោរបស់រថយន្តម៉ាស៊ីនម៉ាស៊ូតមានច្រើនគួរសម យើងក៏មិនគួរមើលរំលងពីតម្លៃខុសគ្នារវាងរថយន្តម៉ាស៊ីនសាំងនិងម៉ាស៊ូតដែរ ។ បើរថយន្តម៉ាកតែមួយឆ្នាំតែមួយ រថយន្តម៉ាស៊ូតពិតជាថ្លៃជាងរថយន្តសាំងហើយ។ ម្យ៉ាងវិញទៀត ប្រេងម៉ាស៊ូតស្រុកយើងនាពេលនេះ គឺថ្លៃជាងសាំងធម្មតាទៅទៀត ៕
ប្រភព ៖ CarsDirect
ចែករំលែកព័តមាននេះ