ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ចាប់ផ្តើម​ធ្វើ​ដំណើរ​លើ​ផ្លូវ«​ខ្លួន​ទី​ពឹង​​ខ្លួន​»

5 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនិពន្ធ ៖ ប្រេ វីន​ សហភាព​អឺរ៉ុប​បាន​គំរាម​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា តាម​រយ​:​គម្រោង​អ្វី​ៗ​ទាំងអស់​ដើម្បី​អាវុធ ដែល​ហៅ​កាត់​ថា EBA «Everything But…

អ្នកនិពន្ធ ៖ ប្រេ វីន​

សហភាព​អឺរ៉ុប​បាន​គំរាម​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​កម្ពុជា តាម​រយ​:​គម្រោង​អ្វី​ៗ​ទាំងអស់​ដើម្បី​អាវុធ ដែល​ហៅ​កាត់​ថា EBA «Everything But Arms»​។ ប៉ុន្តែ​រដ្ឋាភិបាល​វិញ បាន​បង្ហាញ​ជំហរ​មិន​ខ្លាច​នឹង​ការ​គំរាមកំហែង នោះ​ហើយ​កំពុង​ចង់​ប្រែក្លាយ​បញ្ហា​ប្រឈម​មួយ​នេះ ឱ្យទៅ​ជា​ឱកាស​មួយ សម្រាប់​ការ​ពង្រឹងសមត្ថភាព​ខ្លួន​ទីពឹង​ខ្លួន សម្រាប់​អនាគត​ដ៏​យូរអង្វែង​។

ចាប់តាំងពី​ក្រោយ​ការ​បោះ​ឆ្នោត ​កាលពី​ឆ្នាំ​១៩៩៣​ ដែល​រៀបចំ​ដោយ​អង្គការសហប្រជាជាតិ ប្រទេស​កម្ពុជា​ បាន​ពឹងពាក់​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស​ ដើម្បី​ធ្វើ​អោយ​សេដ្ឋកិច្ច​របស់​ខ្លួន​មានការ​រីក​ចម្រើន​។ ចាប់តាំ​ងពី​ពេល​នោះ​មក កម្ពុជា​មានការ​រីក​ចម្រើន​សេដ្ឋកិច្ច​ដ៏​គួរ​អោយកត់សម្គាល់ ដោយ​ទទួល​បាន​កំណើន​​ជា​មធ្យម​ចំនួន​៧​ភាគរយ​ នៅ​ក្នុង​មួយ​ឆ្នាំ​ ។ រីឯ​ប្រជាជន​កម្ពុជា​ ក៏​កាន់តែ​មាន​ជីវភាព​ធូរធា​ជាង​មុន​

ការ​រីក​ចម្រើន​មើលឃើញ​ច្បាស់​បំផុត​នៅ​ទីក្រុង​ភ្នំពេញ​ ដែល​សំបូរដោយ​អគារ​ខ្ពស់​ៗ ជីវិត ស៊ី​វី ល័យ និង​រថយន្ត​ទំនើប​ៗ​តាម​ដងផ្លូវ​។

ការ​រីក​ចម្រើន​របស់​កម្ពុជា​កន្លង​មក​ មិន​អាច​កាត់​ផ្តាច់​បាន​ជាមួយនឹង​ជំនួយ​បរទេស​ឡើយ​ ។ ប៉ុន្តែ​ពេល​វេលា​និង​ស្ថានភាព​នយោបាយ​បាន​ប្រាប់​ដល់​កម្ពុជា​ថា ​ការ​ពឹងផ្អែក​លើ​ជំនួយ​បរទេស ​មិន​អាច​ធ្វើ​អោយ​កម្ពុជា​រស់​មួយ​ជីវិត​បាន​ឡើយ​ ហើយ​វា​ក៏​ធ្វើ​អោយ​កម្ពុជា​ងាយ​នឹង​រង​សម្ពាធ​ពី​បរទេស​។

បញ្ហា EBA បាន​ធ្វើ​អោយ​កម្ពុជា​យល់​កាន់តែ​ច្បាស់​ថា ​ខ្លួន​ត្រូវ​ដកដង្ហើម​សេដ្ឋកិច្ចដោយ​ខ្លួនឯង ​ហើយ​ចាប់ផ្តើម​ដកខ្លួន​ជា​បណ្តើរ​ៗ ​ពី​ការ​ពឹងពាក់​ខ្លាំង​ទៅ​លើ​ជំនួយ​បរទេស​ ។

ជាមួយនឹង​ការ​សម្រេចចិត្ត​បែប​នេះ កម្ពុជា​ត្រូវ​ពង្រឹងសមត្ថភាព ខាងក្នុង​ដើម្បី​ទប់ ទល់​នឹង ការ​គាបសង្កត់​ពី​ខាងក្រៅ ​។

នៅ​ពេល​ដែល​មេដឹកនាំ​បាន​ធ្វើការ​សម្រេចចិត្ត​ដ៏​ក្លាហាន​បែប​នេះ វា​ចាំបាច់​ត្រូវ​ជ្រួតជ្រាប ដល់ មន្ត្រី​រដ្ឋាភិ​បាល​គ្រប់​ជាន់ថ្នាក់​និង​ប្រជាជន​ដើម្បី​ធានា​ថា​ការ​ពង្រឹងសមត្ថភាព​សេដ្ឋកិច្ច​ខ្លួន​ទីពឹង​ខ្លួន​អាច​ទទួល​ជោគ​ជ័យ​។

ការ​បង្កើត​បរិយាកាស​វិនិយោគ​ដ៏​ទាក់ទាញ​បំផុត​មួយ​ គឺជា​អ្វី​ដែល​កម្ពុ​ជា​ ​ត្រូវ​ពុះពារ​សម្រេច​អោយ​បាន​។ នៅ​ពេល​ដែល​រដ្ឋាភិបាល​អាច​ធ្វើ​គោលនយោបាយ និង​បង្កើត​បរិយាកាស​ប្រកបដោយការ​អនុគ្រោះ​សម្រាប់​ការ​វិនិយោគ​បរទេស​នោះ ការ​អភិវឌ្ឍន៍​ធនធានមនុស្ស​ និងការ​ប្រើប្រាស់ធនធានមនុស្ស​ដែល​មាន​ស្រាប់​ គឺជា​អ្វី​ដែល​គួរ​យកចិត្តទុកដាក់​ផង​ដែរ ​។

នៅ​ពេល​ដែល​វិនិយោគិន​បរទេស​មើលឃើញ​កម្ពុជា​ ជា​ស្ថានសួគ៌​នៃ​ការ​វិនិយោគ​ដែល​នឹង​អាច​ធ្វើ​អោយ​ពួក​គេ​រកស៊ី​បាន​ស្រួល ​និង​ទទួលផល​ចំណេញ​នោះ ពួក​គេ​នឹង​មិន​អាច​ដកខ្លួន​ចេញពីប្រទេស​កម្ពុជា​បាន​ឡើយ​ ហើយ​វិនិយោគិន​បរទេស​កាន់តែ​ច្រើន​ថែម​ទៀត​នឹង​មក​បណ្តាក់ទុន​នៅ​កម្ពុជា​ ៕

អត្ថបទសរសេរ ដោយ