ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥណ្ឌា​ចាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់​4​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​នៅ​ទីក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា កាលពី​ពេល​ថ្មី​ៗ​នេះ តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ចំនួន​៤​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន វិទ្យាសាស្ត្រ​និង​ប​ចេ្ច​ក​វិទ្យា​, ទេសចរណ៍​,…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​នៃ​កម្ពុជា​នៅ​ទីក្រុង​ញូ​វ​ដេ​លី ប្រទេស​ឥណ្ឌា កាលពី​ពេល​ថ្មី​ៗ​នេះ តំណាង​វិស័យ​ឯកជន​នៃ​ប្រទេស​ឥណ្ឌា បាន​បង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​សំខាន់​ៗ​ចំនួន​៤​នៅ​ក្នុង​ប្រទេស​កម្ពុជា រួម​មាន វិទ្យាសាស្ត្រ​និង​ប​ចេ្ច​ក​វិទ្យា​, ទេសចរណ៍​, ហេដ្ឋារចនាសម្ព័ន្ធ ដែល​មាន​ផ្លូវថ្នល់ ផ្លូវដែក និង​ស្ពាន​និង​វិស័យ​កសិឧស្សាហកម្ម ដើម្បី​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ទំនាក់ទំនង​ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ។

លោក សាន់​ឌិ​ប សូ​ម៉ា​នី ប្រធាន​សហព័ន្ធ​សភាពាណិជ្ជកម្ម និង​ឧស្សាហកម្ម​ឥណ្ឌា បាន​ជម្រាប​អំពី​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ឥណ្ឌា និង​រដ្ឋ​ជា​សមាជិក​អាស៊ាន ព្រមទាំង​ចក្ខុវិស័យ​របស់​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម ជាមួយ​កម្ពុជា ដែល​បច្ចុប្បន្ន​នៅ​មាន​ទំហំ​តិចតួច​នៅឡើយ បើ​ធៀប​ជាមួយ​ប្រទេស​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​។ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​សម្តែង​ការ​ស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​ខាងលើ និង​បាន​បង្ហាញ​ពី​លក្ខណៈ​អំណោយផល​នៃ​ទីតាំង​ភូមិសាស្ត្រ​ប្រទេស​កម្ពុជា គោលនយោបាយ​បើកចំហរ និង​គោលការណ៍​លើកទឹកចិត្ត​វិនិយោគ​ផ្សេង​ៗ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ឧស្សាហកម្ម (IDP) ឆ្នាំ​២០១៥-២០២៥ ដែល​មាន​គោលដៅ​ប្រែក្លាយ​កម្ពុជា ពី​ប្រទេស​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ការ​ប្រើប្រាស់​កម្លាំង ទៅ​ជា​ប្រើប្រាស់​ជំនាញ​នៅ​ឆ្នាំ​២០៣០ ។

លោក​បាន​លើក​ឡើង​អំពី​សក្តានុពល​នៃ​វិស័យ​កសិកម្ម និង​ក​សិ​-​ឧស្សាហកម្ម​កម្ពុជា និង​បាន​ស្នើ​សុំ​លោក សាន់​ឌិ​ប សូ​ម៉ា​នី ជួយ​កៀងគរ​ធុរជន​ឥណ្ឌា ធ្វើការ​បណ្តាក់ទុន​លើ​ការ​កែ​ច្នៃ​កសិផល​ខ្មែរ សម្រាប់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ឥណ្ឌា និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​តំបន់ និង​ពិភពលោក ។ លោក​រដ្ឋមន្ត្រី​ក៏​បាន​សំណូមពរ​ឱ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ឥណ្ឌា មក​កម្ពុជា ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍ វប្បធម៌ និង​កិច្ច​សហប្រតិបត្តិការ​ធុរកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។

សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ចក្រ​កម្ពុជា បាន​លើក​ឡើង​កន្លង​មក​ថា កម្ពុជា​ស្វាគមន៍​ចំពោះ​វិនិយោគិន​ពី​គ្រប់​ទិស​ទី លើកលែងតែ​ក្រុម​ភេរវ​ករ​អាស៊ី​ស​ប៉ុណ្ណោះ ។ យោង​តាម​គេហទំព័រ​ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន សម្ដេច​បាន​មាន​ប្រសាសន៍​ថា សម្ដេច​សូម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា​កាន់តែ​ច្រើន ។ កាលពី​ពេល​ថ្មី​ៗ​នេះ រាជរដ្ឋាភិបាល​បាន​ធ្វើការ​កែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ភាព​ប្រកួតប្រជែង ដើម្បី​វិនិយោគ​គិ​ន​និង​ពាណិជ្ជករ​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ច្រើន​ឡើង ក្នុង​នោះ មាត្រា​១. ត្រូវ​បាន​បញ្ចប់​តួនាទី និង​ភារកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​របស់​អគ្គនាយកដ្ឋាន​កម្ពុជា​ត្រួតពិនិត្យ​ទំនិញ នីហរ័ណ អាហរ័ណ និង​បង្ក្រាប​ការ​ក្លែងបន្លំ​(​កាំកុងត្រូល​)​នៃ​ក្រសួងពាណិជ្ជកម្ម​ពី​ច្រក​ទ្វារ​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី ច្រក​ទ្វា​តំបន់​ព្រំដែន ច្រក​ទ្វារ​កំពង់​ផែ​សមុទ្រ តំបន់​សេដ្ឋកិច្ច​ពិសេស ទីកន្លែង​សន្និធិ​គយ​បណ្ដោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​ផ្សេង​ទៀត​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។ មាត្រា​២.- អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​គឺជា​ស្ថាប័ន​តែ​មួយ​គត់​មាន​សមត្ថកិច្ច​ក្នុង​ការ​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​-​នាំ​ចូល​នៅ​ច្រក​ទ្វារ​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ ច្រក​ទ្វារ​ព្រំដែន​ទ្វេភាគី ច្រក​តំបន់​ព្រំដែន និង​ច្រក​ទ្វារ​កំពង់​ផែ​សមុទ្រ​តំបន់ សេដ្ឋកិច្ច​ពិសេស​ទីកន្លែង​សន្និធិ​គយ​បណ្ដោះអាសន្ន និង​ទីកន្លែង​ត្រួតពិនិត្យ​ទំនិញ​នាំ​ចេញ​នាំ​ចូល​ផ្សេង​ទៀត ។

សូម​ជម្រាប​ថា ចាប់តាំងពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​ឥណ្ឌា បាន​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០១០ បាន​ធ្វើ​ឱ្យ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី និង​ទឹកប្រាក់​វិនិយោគ​ផ្ទាល់ (FDI) ពី​ប្រទេស​ឥណ្ឌា មក​កាន់​ប្រទេស​អាស៊ាន មាន​វឌ្ឍនភាព​ជា​លំដាប់ ។ ជាក់ស្តែង ទឹកប្រាក់​វិនិយោគ​ផ្ទាល់​ពី​ឥណ្ឌា មក​កាន់​អាស៊ាន បាន​កើនឡើង​ពី​១,៤៧​ពាន់​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ ដល់​១,៧៣​ពាន់​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៧ ។ ទន្ទឹម​គ្នា​នេះ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​អាស៊ាន និង​ឥណ្ឌា សម្រេច​បាន​ទឹកប្រាក់ ៧៣,៥៩​ពាន់​លាន​ដុល្លារ គឺ​កើនឡើង ២៥,៥% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ដែល​មាន​ត្រឹមតែ​៥៨,៦​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ