ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រំពឹង​កិច្ចព្រមព្រៀង​RCEP​នឹង​បញ្ចប់​នៅ​ឆ្នាំ​2019​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តី​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ហៅ​កាត់​ថា​(RCEP)​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ ដែល​នឹង​ប្រា​ព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប ។…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ធ្វើ​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​៧ ស្តី​ពី​កិច្ចព្រមព្រៀង​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ហៅ​កាត់​ថា​(RCEP)​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ ដែល​នឹង​ប្រា​ព្ធ​ធ្វើ​នៅ​ខេត្តសៀមរាប ។

យោង​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម កិច្ចប្រជុំ​នេះ​នឹង​ពិភាក្សា​អំពី​ផែនការ​ចរចា​RCEP ឆ្នាំ​២០១៩ ផ្តល់​ការ​ណែនាំ​លើ​ការ​ចរចា​បើក​ច្រក​ទីផ្សារ និង​ជំរុញ​បន្ថែម​ឱ្យ​អ្នក​ចរចា​ទាំងអស់​ខិតខំ​ប្រឹងប្រែង​បញ្ចប់​ការ​ចរចា​លើ​ជំពូក​ដែល​នៅ​សេសសល់ សំដៅ​ឈាន​ទៅ​បញ្ចប់​ការ​ចរចា​កិច្ចព្រមព្រៀង​នេះ​ទាំងស្រុង​នៅ​ឆ្នាំ​២០១៩​នេះ ។ ក្រសួង​បញ្ជាក់​ថា កិច្ចប្រជុំ​នេះ​នឹង​ទទួល​បានការ​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ពី​សំណាក់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ជាន់ខ្ពស់​មក​ពី​ប្រទេស​ចរចា​កិច្ចព្រមព្រៀង​ទាំង​១៦ និង​លេខាធិការដ្ឋាន​អាស៊ាន​ផង​ដែរ ។

បើ​តាម​លោក ស៊ា​ង ថៃ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​បាន​ប្រាប់​កោះសន្ដិភាព​ថា RCEP ជា​កិច្ចប្រជុំ​រដ្ឋមន្ត្រី​អាស៊ាន​ទាំង​១០ បូក​ជាមួយនឹង​៦​ប្រទេស​ផ្សេង​ទៀត រួម​មាន ជប៉ុន​, ចិន​, កូរ៉េ​, អូស្ត្រាលី​, នូ​វែ​ល​សេ​ឡង់ និង​ឥណ្ឌា ។ លោក​បន្ដ​ថា គណៈប្រតិភូ នឹង​អញ្ជើញ​មក​ដល់​ថ្ងៃ​ទី​២៨ ខែកុម្ភៈ​ខាង​មុខ​នេះ ហើយ​កិច្ចប្រជុំ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៤ មីនា ឆ្នាំ​២០១៩ ព្រមទាំង​មាន​ទស្សនកិច្ច​ផ្សេង​ៗ​ទៀត តែ​កិច្ចប្រជុំ​ជា​ក្រុម​តូច​ៗ​ច្រើន មុន​កិច្ចប្រជុំ​ធំ​ថ្នាក់​រដ្ឋមន្ត្រី នឹង​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២ ខែមីនា ។ លោក​ថ្លែង​ថា ៖ «​ការ​ពិត RCEP​ជា​កិច្ចព្រមព្រៀង​មួយ​ដ៏​ធំ ព្រោះ​យើង​ដឹង​ថា​ប្រទេស​អាស៊ាន​ទាំង​១០ បូក​ជាមួយនឹង​ប្រទេស​ផ្សេង​ៗ​ទៀត អីចឹង​ទំហំ​ពាណិជ្ជកម្ម​គឺ​វា​ធំ ដូច្នេះ​មានការ​ចរចា​ច្រើន​ដង ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​វា​ជា​ការ​ចរចារ​គ្រប់​ជ្រុងជ្រោយ ព្រោះ​មិនមែន​ជា​ការ​ចរចា​តែ​មួយ​បញ្ហា​នោះ​ទេ »​។ លោក​ថា ៖« ការ​ចរចា​នេះ​វា​ខុស​ប្លែក​ពី​ការ​ចរចា​រឿង​ខ្លះ ឧទាហរណ៍​គ្រាន់តែ​ចរចា​រឿង​ពាណិជ្ជកម្ម អីចឹង យើង​និយាយ​តែ​រឿង​ពាណិជ្ជកម្ម រឿង​កាត់​ពន្ធ កាត់​អីហ្នឹង អីចឹង​អាហ្នឹង​វា​ឆាប់ ប៉ុន្ដែ​នេះ​ជា​ការ​ចរចា​គ្រប់មុខ​ទាំងអស់ តាំងពី​ពាណិជ្ជកម្ម វិនិយោគ តាំងពី​វិស័យ​នានា​ទាំងអស់ ជា​កញ្ចប់ ជា​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​តែ​ម្តង អីចឹង​ហើយ​បានជា​ការ​ចរចា​នេះ​វា​យូរ » ។

លោក ស៊ា​ង ថៃ បន្ដ​ថា ៖« ថ្នាក់ដឹកនាំ តែងតែមាន​ទិស​ដៅ​ចង់​ធ្វើ​ឲ្យ​បាន​ឆាប់​ចប់ ក៏​ប៉ុន្តែ​វា​មាន​ពាក់ព័ន្ធ​ជាមួយនឹង​បញ្ហា​ច្បាប់ទម្លាប់​ប្រទេស​មួយ​ៗ​ដែល​ត្រូវការ​រយៈពេល​កែសម្រួល​ឲ្យ​ស៊ីគ្នា​ជាមួយនឹង​កិច្ចព្រមព្រៀង ដែល​យើង​នឹង​ឯកភាព​គ្នា​នោះ អីចឹង​ហើយ​បានជា​វា​មានការ​យឺតយ៉ាវ ប៉ុន្តែ​យើង​សង្ឃឹម​ហើយ​សង្ឃឹម​ ទៀត​ថា ឆ្នាំ​២០១៩​នេះ​នឹង​អាច​បញ្ចប់​ទាំងស្រុង​តែ​ម្ដង »​។ យ៉ាងនេះ​ក្ដី លោក​ថា ៖« វា​មិនមែន​មាន​ន័យ​ថា ពេល​ប្រជុំ​ចប់​នៅ​ខ្មែរ​យើង​ហ្នឹង វា​ចប់​តែ​ម្តងនោះ​ទេ ព្រោះ​ក្នុង​ឆ្នាំ​២០១៩ នឹង​អាច​មាន​ប្រជុំ​បន្ត​ៗ​ទៀត អាច​ប្រជុំ​កំពូល​នៅ​ថៃ ដែល​ឆ្នាំ​នេះ​ប្រទេស​ថៃ​ជា​ប្រធាន​អាស៊ាន អីចឹង​អាច​សម្រេច​ពេល​ប្រជុំ​កំពូល » ។

នៅ​ពេល​សួរ​ថា កិច្ចព្រមព្រៀង​នេះ នឹង​សំខាន់​យ៉ាងម៉េច​សម្រាប់​កម្ពុជា និង​តំបន់ លោក ស៊ា​ង ថៃ បាន​ឲ្យ​ដឹង​ថា ៖« ការ​ពិត ពាណិជ្ជកម្ម​សេរី យើង​បាន​ធ្វើ​កន្លង​មក​ហូរហែ​ហើយ ហើយ​ក្នុង​តំបន់​អាស៊ាន​ក៏​យើង​ឃើញ​ផលប្រយោជន៍​ដែល​កម្ពុជា​ទទួល​បាន​ទីផ្សារ​ធំ ហើយ​យើង​ក៏​បាន​ធ្វើ​ជាមួយ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ជាមួយនឹង​តំបន់​នានា ប៉ុន្ដែ​សម្រាប់ [RCEP] វា​ជា​តំបន់​មួយ​ធំ​ដែរ សឹង​មួយ​ចំហៀង​ពិភពលោក អីចឹង​នៅ​ពេល​វា​បញ្ចប់​ទាំងស្រុង ទំនិញ​យើង​វា​ហូរ​ទៅ​ហូរ​មក វា​ស្រួល​ជាង​ពេល​យើង​មិន​ទាន់​មាន​កិច្ចព្រមព្រៀង​ហ្នឹង ។ ទីផ្សារ​ធំ សម្រាប់​យើង​នាំ​ចេញ អីចឹង​យើង​មិនសូវ​ជា​ព្រួយបារម្ភ​ពី​រឿង​គេ​គាបសង្កត់​ទីផ្សារ​នេះ ទីផ្សារ​នោះ​ទេ » ។

ឆ្លៀតឱកាស​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នេះ កម្ពុជា​នឹង​បង្ហាញ​ទៅ​ដល់​ថ្នាក់ដឹកនាំ​ទាំង​១៦​ប្រទេស អំពី​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ និង​បណ្ដា​វិនិយោគិន​ផង​ដែរ ។ នេះ​បើ​តាម​លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម ។
អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ យល់​ថា កម្ពុជា​នឹង​ទទួល​បាន​ប្រយោជន៍​ច្រើន​ពី​កិច្ចប្រជុំ​នេះ ពិសេស​រាជរដ្ឋាភិបាល​បង្ហាញ​ឲ្យ​ពិភពលោក​បាន​ស្គាល់​ពី​ភាព​រីក​ចម្រើន​នៃ​សេដ្ឋកិច្ច​របស់​កម្ពុជា និង​ចង់​ជំរុញ​វិស័យ​ទេសចរណ៍​ឲ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត ។
លោក​បណ្ឌិត​មាន​ប្រសាសន៍​ថា ៖« ការ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​នានា​នៅ​ខេត្តសៀមរាប គឺជា​ការ​ផ្សព្វផ្សាយ​មួយ​ពី​ទីផ្សារ​ទេសចរណ៍ ដូច្នេះ​មាន​ន័យ​ថា រាជរដ្ឋាភិបាល​ចង់​ជំរុញ និង​យកចិត្តទុកដាក់​លើ​វិស័យ​ទេសចរណ៍​ដែល​ជា​កត្តា​សំខាន់​ក្នុង​ការ​ជំរុញ​កំណើនសេដ្ឋកិច្ច »៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ