ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ភ័យ​តក់ស្លុត​បើ​លេង​៥០​នាក់​ដួល​សន្លប់​បន្ត​គ្នា​រហូត​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ យីហោ​«OLIVE APPAREL (Cambodia) Co,Ltd» នៅ​តែ​ទទួល​រង​នូវ​ការ​ដួល​សន្លប់​បន្ត​ទៀត ដែល​នៅ​លើក​នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​មាន​ចំនួន​ជិត​៥០​នាក់ និង​ត្រូវ​បាន​តំណាង​រោងចក្រ​ដឹក​ជញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​បន្តបន្ទាប់…

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់ យីហោ​«OLIVE APPAREL (Cambodia) Co,Ltd» នៅ​តែ​ទទួល​រង​នូវ​ការ​ដួល​សន្លប់​បន្ត​ទៀត ដែល​នៅ​លើក​នេះ​គឺជា​លើក​ទី​៣​ហើយ​ដែល​មាន​ចំនួន​ជិត​៥០​នាក់ និង​ត្រូវ​បាន​តំណាង​រោងចក្រ​ដឹក​ជញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន​ដើម្បី​សង្គ្រោះ​បន្ទាន់​ជា​បន្តបន្ទាប់ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ថ្មី​ម្ដងទៀត កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៦ ខែកុម្ភៈ ឆ្នាំ​២០១៩​។

នៅ​ក្នុង​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«OLIVE APPAREL (Cambodia) Co,Ltd» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ភូមិ​ព្រៃ​កំបុត សង្កាត់ ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​រោងចក្រ​កាត់ដេរ​ខាងលើ​នេះ​មាន​កម្មករ​កម្មការិនី​បម្រើ​ការងារ​សរុប​ជាង​២​ពាន់​នាក់ ហើយ​រយៈពេល​៤​ថ្ងៃ​កន្លង​មកនេះ​មានកម្ម​ការិនី​ប្រមាណ​ជាង​២០០​នាក់​បាន​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៣​លើក​រួច​មក​ហើយ ។ ក្នុង​នោះ​លើក​ទី​១​កើតឡើង កាលពី វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកុម្ភៈ​ឆ្នាំ​២០១៩ មានកម្ម​ការិនី​ដួល​សន្លប់​ចំនួន​៥០​នាក់ ។

មូលហេតុ​ដែល​នាំ​ឱ្យ​មានការ​ដួល​សន្លប់​នោះ​ត្រូវ​បាន​សមត្ថកិច្ច​រក​ឃើញ​ថា បណ្ដាល​មក​ពី​ក្លិន​ប្រេង​ប៉ុង​រថយន្ត​ដែល​ភាយ​ចេញពី​យានដ្ឋាន​ជួសជុល​រថយន្ត​មួយ​កន្លែង ដែល​ស្ថិត​នៅ​ខាងក្រោយ​រោងចក្រ​នោះ ។ ជា​ហេតុ​ធ្វើ​ឱ្យ​កម្មការិនី​ខាងលើ​អត់ទ្រាំ​និង​ក្លិន​អាក្រក់​នោះ​មិន​បាន​ក៏​មាន​អាកា​រៈ​វិលមុខ​ក្អួត និង​ទន់​ដៃជើង​រួច​ក៏​ដួល​សន្លប់​តែ​ម្ដង ។

ប្រភព​ដដែល​បាន​បន្ត​ថា ក្រោយ​ពេល​មាន​ហេតុការណ៍​បែប​នេះ​ថៅកែ​រោងចក្រ​បានឱ្យ​កម្មករ​ទាំងអស់​ឈប់​សម្រាក​បណ្ដោះអាសន្ន​នា​ថ្ងៃ​កើតហេតុ​នោះ​ផង​ដែរ ។ លុះ​ថ្ងៃ​បន្ទាប់​មិន​មានកម្ម​ការិនី​សន្លប់​ទៀត​ឡើយ​ព្រោះ​ជា​ថ្ងៃអាទិត្យ​មិន​មានកម្ម​ធ្វើការ រហូត​ដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រូវ​និង​ថ្ងៃ​ចន្ទ បន្ទាប់​ពី​កម្មករ​ចូល​ធ្វើការ​បាន​រយៈពេល​កន្លះ​ម៉ោង​ក្រោយមក ក៏​ស្រាប់តែ​មានកម្ម​ការិនី​ដួល​សន្លប់​ចំនួន​៨៨​នាក់​ជា​លើក​ទី​២​ទៀត ។​ខណៈនោះ​រោងចក្រ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន​ម្ដងទៀត​ព្រោះ​កម្មករ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ឈប់​សម្រាក​ដោយ​មិន​អាច​បន្តការងារ​បាន​តទៅ​ទៀត​ឡើយ ។

ប្រភព​ខាងលើ​បាន​បន្ត​ថា លុះដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​២៦ ខែកុម្ភៈ​ខណៈ​កំពុង​តែ​ធ្វើការ​សុខ​ៗ​ស្រាប់តែ​មាន​អ្នក​ដួល​សន្លប់​ជា​បន្តបន្ទាប់​ចំនួន​៤៧​នាក់​ជា​លើក​ទី​៣​ទៀត​ហើយ​រោងចក្រ​ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ជា​បន្ត​ទៀត ។

សរុប​ការ​ដួល​សន្លប់​រយៈពេល​ថ្ងៃ​កន្លង​ទៅ​នេះ​មាន​ចំនួន​៣​លើក​សរុប​កម្មការិនី​រង​គ្រោះ​មាន​ចំនួន​ជាង​២០០​នាក់ ម្យ៉ាងទៀត​២​លើក​ចុង​ក្រោយ​នេះ​មិន​ទាន់​ត្រូវ​បានដឹង​ពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​នេះ​ច្បាស់លាស់​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ