រាជធានីភ្នំពេញ ៖ បន្ទាប់ពីមានជនខិលខូចបានលុកលុយផេកហ្វេសប៊ុកកាលពីពេលថ្មីៗកន្លងមកនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានអះអាងថា សម្តេចចង់ឃើញប្រទេសកម្ពុជាមានការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា ដើម្បីទប់ស្កាត់ព័ត៌មានមិនពិត (Fake News) ។
សម្តេចតេជោ ហ៊ុន សែន បានសរសរលើបណ្តាញសង្គម នៅថ្ងៃទី២៦ ខែកុម្ភៈ យ៉ាងដូច្នេះ ថា «ពូសុំអរគុណកូនក្មួយទាំងអស់ ដែលយកចិត្តទុកដាក់ចូលរួមទប់ស្កាត់ព័ត៌មានមិនពិត (fake news) ដែលព្យាយាមបំពុលដោយក្រុមជនអគតិមួយចំនួនតូចក្នុងចេតនាអាក្រក់ផ្សព្វផ្សាយ ព័ត៌មានបំផ្លាញសង្គមជាតិយើង ។ ពូតែងតែកោតសរសើរកូនក្មួយដែលខិតខំសិក្សាជំនាញបច្ចេកវិទ្យាអាយធី (Information Technology)» ។
សម្តេចបានបញ្ជាក់បន្ថែមថា«ពូចង់ឲ្យកម្ពុជាក្លាយជាប្រទេសដែលរីកចម្រើនផ្នែកបច្ចេកវិទ្យាស្របទៅនឹងតម្រូវការសង្គមពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាតិសព្វថ្ងៃ (E-People & E-government)ហើយពូគាំទ្រឲ្យមានការអភិវឌ្ឍន៍កាន់តែខ្លាំងឡើងលើប្រព័ន្ធអ៊ិនធឺណិតល្បឿនលឿន និងមាន free wi-fi ឲ្យកាន់តែច្រើននៅក្នុងប្រទេសយើង» ។ សម្តេចបន្ថែមថា ច្បាស់ណាស់មិនថា តែជំនាញបច្ចេកវិទ្យាមួយទេ គឺគ្រប់ជំនាញទាំងអស់ក្មួយៗត្រូវតែបន្តសិក្សាស្រាវជ្រាវរៀនសូត្រទៅមុខថែមទៀត ហើយត្រូវមានការប្រយ័ត្នប្រយែងខ្ពស់ក្នុងការប្រើប្រាស់ និងគ្រប់គ្រងអោយបានហ្មត់ចត់ល្អបំផុត ។
សូម្បីតែគណនេយ្យហ្វេសប៊ុគពូក៏មានក្រុមជនខិលខូចបានព្យាយាមចូលលួចជាច្រើនដងដែរ ។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកដល់សិស្សនិស្សិតដែលកំពុងសិក្សាជំនាញបច្ចេកវិទ្យាព័ត៌មាន (IT) ។សម្តេចបានគូសបញ្ជាក់យ៉ាងដូច្នេះ «ពូសុំលើកទឹកចិត្ត និងគាំទ្រកូនក្មួយ យកជំនាញ និងចំណេះដឹង ជាពិសេសជំនាញបច្ចេកវិទ្យាមកបម្រើកិច្ចការប្រទេសជាតិឲ្យមាន ប្រយោជន៍ចៀសវាងទៅធ្វើអ្វីមួយដែលបំផ្លាញដល់អ្នកដទៃ និងសង្គមជាតិ» ។ សម្តេចតេជោ ក៏បានអរគុណក្រុមហ៊ុនហ្វេសប៊ុកដែលបានសហការគ្រប់គ្រងគណនេយ្យហ្វេសប៊ុករបស់សម្តេចមានសុវត្ថិភាពឡើងវិញ និងអរគុណកូនក្មួយទាំងអស់ដែលបានចូលរួមផ្សព្វផ្សាយព័ត៌ មានពិតល្អៗអំពីកម្ពុជា ៕
ចែករំលែកព័តមាននេះ