ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្តមាន​ឫទ្ធិ​បារមី​ពូកែ​មនុស្ស​ជិត​ឆ្ងាយមាន​ជំនឿ​មក​បន់ស្រន់

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ វត្ត​ស្វាយ​ជ្រំ ជា​វត្ត​មួយ​មាន​វ័យ​ចំណាស់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ហើយ​មហា​ជន​ក៏​ដូច​មន្ត្រីរាជការ​តូច​ធំ​ដែល​មាន​ដើម​កំណើត នៅ​ក្នុង​ខេត្តស្វាយរៀង​ច្រើន​ណាស់​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ និង​បន់​សុំ​ឡើង​ឋានៈ​តួនាទី ។ រីឯ​សិស្សានុសិស្ស​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់​ហើយ​អ្នកខ្លះ​ទៀត​ពេល​ប្តឹងផ្តល់​គ្នា​ក៏​មក​ស្បថ​នៅ​វត្ត​ស្វាយ​ជ្រំ​នេះ​ដែរ ។…

ខេត្តស្វាយរៀង ៖ វត្ត​ស្វាយ​ជ្រំ ជា​វត្ត​មួយ​មាន​វ័យ​ចំណាស់ ដែល​មាន​អាយុកាល​រាប់រយ​ឆ្នាំ​ហើយ​មហា​ជន​ក៏​ដូច​មន្ត្រីរាជការ​តូច​ធំ​ដែល​មាន​ដើម​កំណើត នៅ​ក្នុង​ខេត្តស្វាយរៀង​ច្រើន​ណាស់​តែងតែ​មក​បន់ស្រន់​សុំ​សេចក្តីសុខ និង​បន់​សុំ​ឡើង​ឋានៈ​តួនាទី ។ រីឯ​សិស្សានុសិស្ស​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់​ហើយ​អ្នកខ្លះ​ទៀត​ពេល​ប្តឹងផ្តល់​គ្នា​ក៏​មក​ស្បថ​នៅ​វត្ត​ស្វាយ​ជ្រំ​នេះ​ដែរ ។

បើ​តាម​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម​ព្រហ្ម​ប​ញ្ញោ ព្រំ គឹ​ម​សាន ព្រះ​ជន្ម​៨២​ព្រះ​វស្សា ជា​ព្រះ​គ្រូសូត្រស្តាំ​វត្ត​ស្វាយ​ជ្រំ​បាន​មាន​ថេរ​ដីកា​ថា ព្រះ​អង្គ​មានស្រុក​កំណើត​នៅ​ភូមិ​បឹង​វែង ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ​នេះ ហើយ​កើតមក គឺ​បានឃើញ​មាន​វត្ត​ស្វាយ​ជ្រំ​កសាង​រួច​ហើយ មាន​កុ​ដ​សង់​អំពី​ឈើ​ប្រក់​ក្បឿង​ស្រកា​លេញ មាន​ព្រះ​វិហារ​សង់​អំពី​ឈើ​សសរ​មូល​ធំ​ៗ ជញ្ជាំង​ក្តារ​ប្រក់​ក្បឿងស្រកាលេញ និង​មាន​ឧប្បដ្ឋាន​សាលា​មួយ​ខ្នង​សង់​អំពី​ឈើ​ដំបូល​ប្រក់​ក្បឿង​ដែរ ។

ព្រះ​តេជគុណ​បន្ត​ទៀត​ថា បើ​តាម​ចាស់ទុំ​បា​និយាយ​ប្រាប់ត​ៗ​គ្នា​ថា វត្ត​ស្វាយ​ជ្រំ​កសាង​ឡើង​ក្នុង​អំឡុង​ឆ្នាំ​១៨៦៧ ស្ថិត​នៅ​ភូមិ​បឹង​វែង ឃុំ​ស្វាយ​ជ្រំ ឬ​ស្រុក​ស្វាយ​ជ្រំ​ខេត្ត​រំដួល បច្ចុប្បន្ន​ភូមិ​បឹង​វែង ឃុំ​ស្វាយ​ជ្រំ ស្រុក​​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​មាន​អាយុ​១៥២​ឆ្នាំ​មក​ហើយ ។ មាន​ព្រះ​គ្រូ​ចៅអធិការ​ជា​ច្រើន​អង្គ​មក​ហើយ ក៏​ប៉ុន្តែ​នៅ​ចាំ​ត្រឹម​៩​អង្គ​ទេ គឺ​១-​ព្រះ​គ្រូ​ចៅអធិការ​ព្រះ​នាម ប៉ែន ។ ២-​ព្រះ​គ្រូ ហែ​ន ។ ៣-​ព្រះ​គ្រូ ប្រាជ្ញ ជា ។ ៤-​ព្រះ​គ្រូ ដុក ផង់ ។ ៥-​ព្រះ​គ្រូ​ប្រាជ្ញ​ឡឹ​ង ។ ៦-​ព្រះ​គ្រូ គង់ ស៊ុំ ។ ៧-​ព្រះ​គ្រូ រស់ ឆុ​ន ។ ៨-​ព្រះ​គ្រូ សៅ សុ​ភឿន ។ ៩-​ព្រះ​នាម ញ៉ែ​ម ភារ​ម្យ ព្រះ​ជន្ម​៣៣​ព្រះ​វស្សា ជា​គ្រូ​ចៅអធិការ​ពី​ឆ្នាំ​២០១៥ រហូត​បច្ចុប្បន្ន ។

ចំពោះ​ជំនឿ​របស់​មហាជន​ក៏​ដូច​ប្រជា​ពុទ្ធបរិស័ទ ព្រះ​អង្គ​និទាន​ថា គឺ​ដោយ​មានរឿង​ដំណាល​ៗ​គ្នា​កើត​ឡើង​នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩០៨ នៅ​ក្នុង​ខែភទ្របទ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ ខណៈនោះ​ទឹក​ឡើង​ធំ ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ពុទ្ធបរិស័ទ និង​អ្នកស្រុក​ដោយ​បាន​ប្រទះ​ឃើញ​រូប​ព្រះ​បដិមា​មួយ​ព្រះ​អង្គ ជា​ខ្លឹមឈើ​តា​ត្រាវ ទ្រង់​បិណ្ឌបាត​មាន​កម្ពស់​១,៦៥​ម៉ែត្រ ទម្រង់​ប៉ុន​មនុស្ស អណ្តែត​បញ្ច្រាស​ទឹក​មក​ទើរ​នៅ​មាត់បឹង​វែង ជិត​វត្ត​ស្វាយ​ជ្រំ​នេះ ។

ព្រះ​បដិមា​គឺ​ទ្រង់​បិណ្ឌបាត​ដូច​ព្រះសង្ឃ​ទ្រង់​បិណ្ឌបាត​លើគោក​អីុចឹ​ង ។ ខណៈនោះ​អ្នកស្រុក​និង​គណៈ​កម្មការ​វត្ត​ស្វាយ​ជ្រំ ក៏​បាន​យក​ខ្សែពួរ​ធំ​យក​ទៅ​ចង​សែង​លើក​ឡើងគោក​ក៏​ប៉ុន្តែ​ដោយ​ឫទ្ធិ​បារមី​ព្រះ​អង្គ​បដិមា​អង្គ​នេះ​ពូកែ​សក្តិ​សិទ្ធិ គ្នា​រាប់​សិប​នាក់​ក៏​លើក​មិន​រួច​អស់​មួយ​ថ្ងៃ លើក​មិន​រួច​ក៏​ចង​ព្រះ​បដិមា​ទុក​រួច​នាំ​គ្នា​ដេក​យាម ។ លុះ​ពេលដេក​លក់​ក៏​សុបិន​ឃើញ​លោកតា​ចាស់​ម្នាក់​មក​ប្រាប់​ថា បើ​ចង់​លើក​ព្រះ​អង្គ​ឡើង​យក​ទៅ​វត្ត​បាន​ត្រូវ​ស្រាយចំណង​ពួរ​នេះ​ចេញ ហើយ​យក​អំបោះ​៧​សរសៃ​មក​ចង​ត្រង់​ចង្កេះ រួច​ដាក់​ស្នែង​សែង​ទៅ​លើក​រួច​ហើយ ។ មុន​នឹង​សែង​លើក​ឡើង​ត្រូវ​លេងភ្លេង​ពិណពាទ្យ​៧​ចប់​សុំ​ខមាទោស ហើយ​សែង​លើក​ឡើង​ទៅ​រួច​ហើយ ។

កាល​ណោះ​ក្រោយ​ពី​យល់​សុបិន​ឃើញ​ក៏​នាំ​គ្នា​ស្រាយចំណង​ខ្សែពួរ​ចេញ​ទាំង​យប់ ដោយ​យក​ខ្សែ​អំបោះ​៧​សរសៃ ទៅ​ចង​ត្រង់​ចង្កេះ​ព្រះ​បដិមា​ទាំង​យប់ លុះ​ព្រឹក​ឡើង​ក៏​និមន្ត​ព្រះសង្ឃ​មក​សូត្រ​ជយ​ន្តោ​រួច​លេង​ភ្លេង​ពិណពាទ្យ​៧​ចប់​សុំ​ខមាទោស​សុំ​និមន្ត​ព្រះ​អង្គ ទៅ​គង់នៅ​ក្នុង​ព្រះ​វិហារ​វត្ត​ស្វាយ​ជ្រំ ។ គ្រាន់តែ​បែរបន់​សុំ​រួច​ក៏​ដាក់​ស្នែង​សែង​ដោយ​ចង​អំបោះ​៧​សរសៃ គឺ​សែង​រួច​ចេញពី​មាត់ទឹក ។ កាល​ណោះ​ព្រះសង្ឃ​និង​ប្រជា​ពុទ្ធបរិស័ទ​មានចិត្ត​ត្រេកអរ​ជា​ខ្លាំង ហើយ​នាំ​គ្នា​ដង្ហែ​រូប​បដិមា​អង្គ​នោះ យក​ទៅ​ដាក់​ក្នុង​ព្រះ​វិហារ​គោរព​បូជា​រហូត​រៀង​មក ។

លោក​មាន​ដីកា​ទៀត​ថា ដោយ​មានការ​យល់​សុ​បិ​ន្ត​ឃើញ​លោកតា​ចាស់​ម្នាក់​មក​ប្រាប់​នោះ​ប្រាប់​ថា គាត់​ឈ្មោះ​តា​មោ​គ ក៏​បាន​នាំ​គ្នា​កសាង​តូប​ដាក់​រូបសំណាក​លោកតា​មោ​គ ដើ​ម្បើ​គោរព​បូជា​ដែរ ។ បន្ទាប់​មក​ក៏​យល់​សុបិន​ឃើញ​លោកយាយ​ម្នាក់​ទៀត មក​នៅ​ធ្វើ​ធម៌​តាំងសីល​នៅ​ក្បែរ​នោះ​ទៀត គណៈកម្មការ​អាចារ្យវត្ត​ក៏​បាន​កសាង​អាស្រម​មួយ​ខ្នង​ទៀត ព្រមទាំង​ដាក់​រូប​សំ​ណា​កា​ឈ្មោះ​លោកយាយ​ទេព ក្បែរ​អាស្រម​លោកតា​មោ​គ ហើយ​បាន​ធ្វើបុណ្យ​ធំ​មួយ​អភិសេកព្រះ​បដិមា​និង​ធ្វើ​ពិធី​ឡើងអ្នកតា​មោ​គ លោកយាយ​ទេព​យ៉ាង​អធិកអធម​ទៀត​ផង ។

តំណរ​មក​វត្ត​ស្វាយ​ជ្រំ មាន​ឫទ្ធិ​បារី​ខ្លាំងពូកែ​ល្បី​ទូ​ទាំង​ខេត្ត​ជិត​ឆ្ងាយ​មាន​ជំនឿ ក៏​នាំ​គ្នា​មក​បន់ស្រន់​សុំ​សេចក្តីសុខ​និង​តាម​បំណងប្រាថ្នា​របស់​ពួក​គេ​រហូត​មក ។

ព្រះ​អង្គ​មាន​ពុទ្ធា​ដីកា​បន្ត​ថា ដល់​ឆ្នាំ​១៩៧៦ ពួក​ខ្មែរក្រហម​បាន​យក​ទីតាំង​វត្ត​ស្វាយ​ជ្រំ​នេះ​ធ្វើ​ជា​ជង្រុក​ស្រូវ បាន​រុះ​កុដិ សាលាឆាន់ យក​ទៅ​ធ្វើ​រោង​បាយ​រួម​អស់ ។ រីឯ​ព្រះ​វិហារ​យក​ធ្វើ​ជា​ជង្រុក​ស្រូវ ។ ពួក​ខ្មែរក្រហម​បាន​យក​រូប​ព្រះ​បដិមា ចេញ​និង​វាយបំបាក់​យក​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកស្រះ​អស់​ដែរ ។ ចំណែក​​រូប​ព្រះ​បដិមា ដែល​អណ្តែត​ទឹក​ទ្រង់​បិណ្ឌបាត​សាង​អំពី​ឈើខ្លឹម​តា​ត្រាវ​នោះ ត្រូវ​ពួក​ខ្មែរក្រហម​ពុះ​បំបែក​ជា​បំណែក​ៗ​រួច​ដុត​បំផ្លាញ​ចោល​អស់​ទៅ ។

លុះដល់​ឆ្នាំ​១៩៧៩ ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា ពុទ្ធបរិស័ទ​បាន​កសាង​វត្ត​ស្វាយ​ជ្រំ​ឡើង​វិញ ហើយ​បាន​កសាង​អាស្រម​អ្នកតា​មោ​គ និង​អាស្រម​លោកយាយ​ទេព​ឡើង​វិញ​ហើយ​គោរព​បូជា​ក៏​មាន​បារមី​កាន់​ពូកែ​សក្តិ​សិទ្ធិ​ឡើង​វិញ​ដែរ ។ រហូត​នៅ​ឆ្នាំ​១៩៨៧ ព្រះ​គ្រូ សូ ឆែម អតីត​ជា​សង្ឃ​គង់នៅ​វត្ត​ស្វាយ​ជ្រំ ក្នុង​ទស​វត្ស​៦០​និង​ទស​វត្ស​៧០ បាន​ទៅ​បួស​ជា​ព្រះសង្ឃ​នៅ​វត្ត​ឧណ្ណាលោម រាជធានី​ភ្នំពេញ​ឆ្នាំ​១៩៨០ ហើយ​នៅ​ឆ្នាំ​១៩៨៧​ក៏​បាន​ធ្វើបុណ្យ​កឋិនទាន​ដង្ហែ​មក​វត្ត​ស្វាយ​ជ្រំ​នេះ និង​បាន​ឲ្យ​វិចិត្រករ​ឆ្លាក់​រូប​ព្រះ​បដិមា មួយ​អង្គ​អំពី​ឈើខ្លឹម​ធ្នង់ ទ្រង់​បិណ្ឌ​បាត្រ​កម្ពស់​១​ម៉ែត្រ​៦៥​ដដែល​ក៏​ប៉ុន្តែ​ទម្រង់​តូច​ជាង​មុន​បន្តិច​លាប​ពណ៌​ទឹកមាស​ដង្ហែ​ពី​រាជធានី​ភ្នំពេញ​មក​ដាក់​ក្នុង​ព្រះ​វិហា​រហើយ​ធ្វើបុណ្យ​អភិសេក​រួច​នៅ​ថ្ងៃ​បុណ្យកឋិន​នោះ ។

ចាប់តាំងពី​ដាក់​រូប​បដិមា​ស្នង​មក គឺ​វត្ត​ស្វាយ​ជ្រំ​ចាប់ផ្តើម​មាន​ឫទ្ធិ​បារមី​កាន់តែ​ខ្លាំងពូកែ​ជាង​មុន​ធ្វើ​ឲ្យ​ប្រជា​ពុទ្ធបរិស័ទ​មន្ត្រីរាជការ​តូច​ធំ និង​សិស្សានុសិស្ស ព្រមទាំង​មហាជន​ជិត​ឆ្ងាយ​មាន​ជំនឿ​នាំ​គ្នា​មក​បន់ស្រន់​រំដោះទុក្ខ​ភ័យ​បាន​តាម​បំណងប្រាថ្នា ។

បើ​តាម​លោកតា​អិុន សន អាយុ​៨៦​ឆ្នាំ ជា​គ្រូអាចារ្យ​វត្ត​ស្វាយ​ជ្រំ​បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​គេ​នាំ​គ្នា​មក​បន់ស្រន់​ស្ទើរ​រាល់ថ្ងៃ ជា​ពិសេស​នៅ​ថ្ងៃសីល ថ្ងៃ​ពេញ​បូរ​មី ថ្ងៃខែដាច់ ថ្ងៃ​សៅរ៍​និង​ថ្ងៃ​អង្គារ សិស្សានុសិស្ស​មក​បន់​សុំ​ឲ្យ​ប្រឡង​ជាប់ ។ មន្ត្រីរាជការ​បន់​សុំ​ឡើង​ឋានៈ​តួនាទី ។ អ្នក​រកស៊ី​បន់​ឲ្យ​រកស៊ី​បាន​ចំណេញ​ច្រើន​រីក​ចម្រើន អ្នកខ្លះ​បន់​ឲ្យ​លក់​ដី​ដាច់​បាន​ថ្លៃ​ខ្ពស់ ខ្លះ​ទៀត​បន់​ឱ្យ​ក្រុម​គ្រួសារ​ដែល​បែកបាក់​បាន​ជួបជុំ​គ្នា​វិញ ។ ពេល​ពួក​គេ​ទទួល​បាន​លាភសក្ការៈ​តាម​ប្រាថ្នា ក៏​នាំ​គា្ន​មក​ថ្វាយ​លា​បាណ​ន់ ។

អ្នកខ្លះ​មាន​ជម្លោះដីធ្លី ឬ​រឿង​ផ្សេង​ក៏​មក​ធ្វើ​សម្បថ ស្បថ​នៅ​ខាង​មុខ​អ្នកតា​មោក លោកយាយ​ទេព​រួច​ទៅ​ស្បថ​ក្នុង​ព្រះ​វិហារ ហើយ​បើ​តាម​ការ​សង្កេត​មើល បើ​ជន​ណា​ម្នាក់​ហ៊ាន​ស្បថ​បំពាន គឺ​ជួប​គ្រោះ​ទាន់ហន់​ណាស់ ។

លោកតា​ថា បច្ចុប្បន្ន​ការ​មក​បន់ស្រន់​នេះ គឺ​គេ​តែងតែ​មក​បន់​៣​កន្លែង គឺ​ទី​១-​បន់​នៅ​ក្នុង​អាស្រម​លោកតា​មោក ។ ទី​២-​គេ​បន់​នៅ​ក្នុង​អាស្រម​លោកយាយ ទេព និង​ទី​៣-​គេ​ទៅ​សំពះ​បន់ស្រន់​នៅ​ចំពោះ​ព្រះ​ភ័ក្ត្រ​ព្រះ​បដិមា​ទ្រង់​បិណ្ឌ​បាត្រ​ក្នុង​ព្រះ​វិហារ​ជា​កិច្ច​ចុង​ក្រោយ ។ ពេល​គេ​ទទួល​បាន​លាភ​សិ​ក្កា​រៈ​តាម​បំណងប្រាថ្នា ហើយ​ពួក​គេ​ក៏​មក​ថ្វាយ​លា​បាណ​ន់​តាម​ដែល​ពួក​គេ​បាន​សន្យា​ថ្វាយ​រៀង​ៗ​ខ្លួន ។ បើ​នៅ​តាម​អាស្រម​លោកតា​មោក និង​លោកយាយ​ទេព គេ​ថ្វាយ​មាន​នំ ផ្លែ​ឈើ ចេក មាន់​ស្ងោរ ទា​ខ្វៃ ជ្រូក​ខ្វៃ អ្នកខ្លះ​ថ្វាយ​សត្វរ​ស់មាន មាន់ ស្វា យក​មក​លែង​ក្នុង​វត្ត​កើតកូន​រាប់​សិប​ក្បាល​រស់នៅ​យ៉ាង​សុខសាន្ត ។ បើ​ថ្វាយ​នៅ​ក្នុង​ព្រះ​វិហារ គឺ​ថ្វាយ​ចេក ផ្លែ​ឈើ និង​ផ្កា​ភ្ញី ខ្លះ​មាន​ថ្វាយ​សា​ធម៌​ដៃ និង​សា​ធម៌​ដូង​ក៏​មាន ។

បើ​តាម​លោក សុខ ហ៊ិ​ន អាយុ​៧២​ឆ្នាំ មេ​ភូមិ​បឹង​វែង បាន​មាន​ប្រសាសន៍​ថា បើ​តាម​ការ​សង្កេត​មើល​ឃើញ​ថា វត្ត​ស្វាយ​ជ្រំ​នេះ មាន​មន្ត្រីរាជការ​ថ្នាក់ដឹកនាំ​ឯកឧត្តម អ្នកឧកញ៉ា មន្ត្រីរាជការ មហាជន​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ​មាន​ជំនឿ​មក​ធ្វើបុណ្យ​កសាង​វត្ត​រួម​មាន​កុដិ សាលាឆាន់ សាលា​ពុទ្ធិកៈ ព្រះ​វិហារ ដងទង់ ស្រះ​ទឹក ចាក់សាប​ទីធ្លា​វត្ត ធ្វើ​របង ខ្លោងទ្វារ អណ្តូងទឹក និង​សម​ទ្ធិ​ផល​នានា​ជា​ច្រើន​ទៀត​ក្នុង​វត្ត។

លោក ទីវ សភា ប្រធាន​មន្ទីរ​ធម្មការ​និង​សាសនា​ខេត្ត​បាន​ឲ្យ​ដឹង​ថា ខេត្តស្វាយរៀង​មាន​២៤៤​វត្ត ក្នុង​នោះ​វត្ត​ធម្មយុត្តិកនិកាយ​១​វត្ត មាន​ព្រះសង្ឃ​គង់នៅ​ចំនួន​២.១៣៦​អង្គ ព្រះសង្ឃ​វត្ត​ធម្មយុត្តិកនិកាយ​២​អង្គ ។ ក្នុង​វត្ត​ទាំង​២៤៤​វត្ត​នេះ វត្ត​ស្វាយ​ជ្រំ គឺ​មន្ត្រីរាជការ និង​ប្រជា​ពុទ្ធបរិស័ទ​មាន​ជំនឿ​ថា​មាន​បារមី​គ្រប់គ្រង​សក្តិ​សិទ្ធិ​ជាងគេ​ក្នុង​ខេត្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ