ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ព​ន្លឿ​ន​ថៃ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ភាគី​កម្ពុជា​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​ជួយ​ព​ន្លឿ​ន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក​នៃ​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​បាន​សិក្សា​រួចរាល់​ហើយ ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​សាធារណការ និង​ដឹក​ជញ្ជូន​ថៃ​នៅ​ឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៨១​របស់​គណៈកម្មាធិការ​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៨១ កាលពី​ថ្ងៃ​ទី​១៩-២២ ខែកុម្ភៈ…

រាជធានី​ភ្នំពេញ ៖ ជា​ថ្មី​ម្តងទៀត ភាគី​កម្ពុជា​បាន​ជំរុញ​ឲ្យ​ភាគី​ថៃ​ជួយ​ព​ន្លឿ​ន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក​នៃ​ប្រទេស​ទាំង​ពីរ ខណៈ​ដែល​កិច្ចព្រមព្រៀង​ទាំងនោះ​បាន​សិក្សា​រួចរាល់​ហើយ ។ នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​មន្ត្រីជាន់ខ្ពស់​សាធារណការ និង​ដឹក​ជញ្ជូន​ថៃ​នៅ​ឯ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៨១​របស់​គណៈកម្មាធិការ​ដឹក​ជញ្ជូន​ផ្លូវគោក​នៃ​អង្គការសហប្រជាជាតិ​លើក​ទី​៨១ កាលពី​ថ្ងៃ​ទី​១៩-២២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វ៊ី​ស លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​អំពី​ការ​ត្រៀម​រៀបចំ​កិច្ចប្រជុំ​គណៈកម្មាធិការ​ចម្រុះ ស្តី​ពី​កិច្ចព្រមព្រៀង​សម្រួលការ​ដឹក​ជញ្ជូន​ឆ្លងកាត់​ព្រំដែន​របស់​មហា​អនុ​តំបន់​ទន្លេមេគង្គ (GMS CBTA) ដែល​នឹង​ប្រារព្ធ​ធ្វើ​ពី​ថ្ងៃ​ទី​១២ ដល់​១៣ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីក្រុង​សៀមរាប ។

លោក​ទេស​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ព្រះរាជាណាចក្រ​ថៃ​ខិតខំ​ព​ន្លឿ​ន​ការងារ​ដើម្បី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឆ្លងកាត់​ព្រំដែន​តាម​ផ្លូវដែក​រវាង​ព្រះរាជាណាចក្រ​ទាំង​ពីរ​ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ពី​ការ​ចូលរួម​អនុវត្ត​កម្មវិធី​ប្រមូល​ផល​ដើមដៃ​របស់​កិច្ចព្រមព្រៀង CBTA ។ លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល ធ្លាប់​បាន​ឲ្យ​ដឹង​កន្លង​មកនេះ​ថា នឹង​អ​ញ្ជើ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​នាយក​រដ្ឋមន្ត្រី​ថៃ ជិះ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​កម្ពុជា​-​ថៃ​តាម​ផ្លូវដែក ក្រោយ​ពី​ចុះ​កិច្ចព្រមព្រៀង​ជាមួយ​ភាគី​ថៃ​រួចរាល់​ផង​ដែរ តែ​រហូត​ដល់​ពេល​នេះ​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​ចុះហត្ថលេខា​ជា​ផ្លូវការ​នៅឡើយ ។

លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​ថៃ ធ្លាប់​បានឱ្យ​ដឹង​ដែរ​ថា កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​ថៃ និង​កម្ពុជា​នេះ នឹង​ត្រូវ​បើកដាក់​ឱ្យ​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​ប្រទេស​ទាំង​ពីរ​ដែល​សម្រួល​ឱ្យ​ប្រជាជន អាជីវករ ពាណិជ្ជករ​នៃ​ប្រទេស​ទាំង​ពីរ​ដឹក​ជញ្ជូន​ទំនិញ ផលិតផល​ផ្សេង​ៗ​ចេញចូល​កាន់តែ​លឿន​ឆាប់រហ័ស និង​ផ្ដល់​ភាព​ងាយស្រួល​ថែម​ទៀត ។
កម្ពុជា​-​ថៃ កាលពី​កន្លង​ទៅ​នេះ បាន​ឯកភាព​គ្នា​លើ​ការ​បញ្ចប់​នីតិវិធី និង​បែបបទ​ក្នុង​ការ​បើកដាក់​ឱ្យ​ដំណើរការ​ផ្លូវ​រថភ្លើង​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ឈាន​ទៅ​ចុះហត្ថលេខា និង​បើក​សម្ពោធ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​ព្រំដែន​រវាង​កម្ពុជា និង​ថៃ នា​ពេល​ខាង​មុខ​នេះ ។

ភាគី​ទាំង​ពីរ​បាន​ដោះស្រាយ​ចំណុច​ដែល​នៅ​សេសសល់​ធំ​ៗ​ចំនួន​៣​រួចរាល់​ហើយ​ទាក់ទង​នឹង​ការ​រៀបចំ​ចំណត​ស្ថានីយ​អន្ដរជាតិ​ក្នុង​ការ​ឆ្លង​ការ​ព្រំដែន​ប្រទេស​ទាំង​ពីរ​តាម​ផ្លូវ​រថភ្លើង នីតិវិធី និង​បែបបទ​ក្នុង​ការ​រៀបចំ​ស្ថានីយ​រថភ្លើង និង​ចំណុច​មួយទៀត​គឺ​ការ​អនុញ្ញាត​ផ្ដល់​ដី និង​ទីកន្លែង​សម្រាប់​សាងសង់​ស្ថានីយ​រថភ្លើង​តាម​ព្រំដែន រវាង​ប្រទេស​ទាំង​ពីរ ។ ជាមួយ​គ្នា​នេះ​ដែរ ប្រទេស​ថៃ​នឹង​ផ្ដល់​ដែក​ប្រវែង​ជាង​៦០​គីឡូម៉ែត្រ​មក​កម្ពុជា ដើម្បី​យក​មក​ផ្លាស់​ប្ដូរ​ផ្លូវ​រថភ្លើង​ណា​ចាស់​ៗ និង​ជួសជុល​ឡើង​វិញ ដើម្បី​ធ្វើ​យ៉ាងណា​ឲ្យ​ផ្លូវ​រថភ្លើង មាន​ភាពរឹងមាំ​បន្ថែម​ទៀត ។

បច្ចុប្បន្ន រាជរដ្ឋាភិបាល​កម្ពុជា​មាន​គម្រោង​ជា​ច្រើន​ទៀត​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​លើ​ផ្លូវដែក​នេះ ដូច​ជា ការ​សាងសង់​ខ្សែ​រថភ្លើង​ថ្មី​, ការ​ជួសជុល​ស្ថានីយ ព្រមទាំង​បំពាក់​ស្លាក​សញ្ញា​សុវត្ថិភាព​ផ្លូវដែក​ពី​ភ្នំពេញ​-​ប៉ោយ​ប៉ែ​ត​, ការ​សាងសង់​ទីលាន​កុងតឺន័រ​ផ្លូវដែក​នៅ​ស្ទឹង​បត់​, ការ​សិក្សា​ដើម្បី​រៀបចំ​ឱ្យ​មាន​រថភ្លើង​លើ​អាកាស​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ​នៅ​ក្នុង​ក្រុងភ្នំពេញ​, កា​រត​ភ្ជាប់​ផ្លូវដែក​ពី​ភ្នំពេញ​ទៅ​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​ថ្មី​, កា​រត​ភ្ជាប់​ផ្លូវដែក​ទៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ដូច​ជា ពី​ស្ថានីយ​ទូក​មាស​ទៅ​រោងចក្រ​ស៊ីម៉ង់ត៍​ចក្រី​ទីង​, ពី​ស្ថានីយ​វាល​រេញ​ទៅ​កំពង់​ផែ​កែវ​ផុស​, ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ភាគ​ខាងជើង​ភ្នំពេញ​-​ស្នួល​-​ស្ទឹង​ត្រែង ប្រវែង​២៤៨​គីឡូម៉ែត្រ​, ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ពី​ភ្នំពេញ​-​សៀមរាប សិរី​សោភ័ណ និង​ការ​ជំរុញ​ឱ្យ​មានការ​វិនិយោគ​ផ្លូវដែក​ត​ភ្ជាប់​ទៅ​ប្រទេស​វៀតណាម ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ