រាជធានីភ្នំពេញ ៖ ផល សុផាត អ្នកប្រដាល់ក្លឹបកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានណាត់ជួបសារឹម វ៉ាន់ថន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ប្រកួតគ្នានៅលើសង្វៀនប៉ុស្តិ៍លេខ៣ នាថ្ងៃសៅរ៍ ទី១២ មីនា ខាងមុខនេះ។
អ្នកប្រដាល់ចាស់វស្សាទាំង២រូបនេះ ធ្លាប់មានប្រវត្តិឈានជើងឡើងសង្វៀនជាយូរមកហើយដូចគ្នា ដូច្នេះបើនិយាយពីល្បិចប្រយុទ្ធ គឺប្រហាក់ប្រហែលគ្នា តែបើនិយាយពីកម្លាំងគឺសុផាត អន់ខ្សោយជាងវ៉ាន់ថនបន្តិច។ សុផាតមិនសូវចេះស្នៀតកែង និងជង្គង់ទេ តែបើស្នៀតកណ្តាប់ដៃវិញ គេអាចវាយបានល្អគួរសម បើទោះជាការវាយចេញយឺតយ៉ាវបន្តិចមែន តែអាចវាយបានត្រង់ល្អ ហើយមានទម្ងន់ធ្ងន់ទៀតផង។ ចំណែកឯស្នៀតជើងវិញក៏មិនអន់ប៉ុន្មានដែរ។
ដោយឡែកសារឹម វ៉ាន់ថន ពូកែស្នៀតកែង និងជង្គង់ ប៉ុន្តែទំនងមិនអាចហ៊ានចូលកៀកសុផាតឡើយ ព្រោះសុផាតមានប្រៀបខាងកំពស់ ធ្វើឱ្យវ៉ាន់ថន ពិបាកក្នុងការចល័តចូលកៀកបញ្ចេញស្នៀតកែង និងជង្គង់ខ្លាំងណាស់ ។ ប៉ុន្តែស្នៀតជើង និងស្នៀតកណ្តាប់ដៃរបស់វ៉ាន់ថន អាចទប់ទល់ជាមួយសុផាតបាន។ រវាងគូនេះពិបាកសន្និដ្ឋានពីការចាញ់ឈ្នះខ្លាំងណាស់ អ្នកណាខ្លាំង ឬអ្នកណាខ្សោយចាំដល់ថ្ងៃនោះមកដល់សិន។
វៀត ប៊ុនឌឿន មកពីសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ជួបភី សុភ័ស្ស មកពីក្លឹបសិង្ហកីឡា។ ប្រវត្តិធ្លាប់ជួបគ្នាច្រើនលើកច្រើនសាមកនេះ សុភ័ស្សភាគតិចណាស់ដែលអាចយកឈ្នះប៊ុនឌឿន ប៉ុន្តែប៊ុនឌឿន ទម្រាំយកឈ្នះសុភ័ស្សបានក៏ឈឺសាច់មិនតិចដែរ។ ប៊ុនឌឿន មានល្បិចប្រយុទ្ធខ្ពស់ កំលាំងខ្លាំង ចំណែកសុភ័ស្សចិត្តសឿងចូលចិត្តវាយសំរុកមិនដកថយឡើយ បើទោះជាគេវាយត្រូវឱ្យឈឺយ៉ាងណាក៏ដោយក៏មិនខ្លាចដែរ។ លើកនេះសុភ័ស្សមិនហ៊ានប្រកាសសងសឹកទេ តែគេត្រៀមលក្ខណៈបានល្អជាងលើកមុន។
ញៀន វ៉ាន់ណយ មកពីក្លឹបកងពលធំអន្តរាគមន៍លេខ៣ព្រះវិហារ ជួប ហេង វិឆ័យ មកពីក្លឹបកងពលតូចលេខ៧០។ សុខ ចំរើនស្រ៊ុន មកពីក្លឹបស៊ីម៉ាក់ ជួបសាំង សំរិទ្ធ មកពីក្លឹបព្រៃទទឹងនិងឡុង ឡាំដា មកពីក្លឹបសលាវ័ន្តកីឡាជួបប្រកួតជាលក្ខណៈសាកលជាមួយចាន់ វិបុល សមាគមកីឡាក្រសួងមហាផ្ទៃ ៕
ចែករំលែកព័តមាននេះ