ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ភ្លៀង មេឃ​ស្រឡះ បន្ទាប់​ពី​ចរចា​កិច្ចព្រមព្រៀង​សង្គ្រាម​ពាណិជ្ជកម្ម អា​មេ​រិ​ក​-​ចិន

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ ភ្នាក់ងារ​សារព័ត៌មាន Reuters បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ កន្លង​មក​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​និយាយ​ថា លោក​នឹង​ពន្យា​ពេល​ការ​បង្កើន​ពន្ធ​លើ​ផលិតផល​ចិន ព្រោះតែ​ការ​ចរចា​ពាណិជ្ជកម្ម​កំពុង​តែ​ដំណើរការ​យ៉ាង​រលូន ហើយ​លោក និង​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង (Xi Jinping) របស់​ប្រទេស​ចិន​នឹង​ជួប​គ្នា​ដើម្បី​សម្រេច​កិច្ចព្រមព្រៀង​ជា​ផ្លូវការ​ផង​ដែរ​ប្រសិនបើ​ដំណើរការ​ចរចា​នៅ​តែ​ទៅ​មុខ​ដោយ​រលូន​ល្អ ។

សេចក្តី​ប្រកាស​នេះ​គឺជា​មុខសញ្ញា​ដ៏​ច្បាស់​បង្ហាញ​ថា ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​កាន់តែ​ខិត​ជិត​ក្នុង​ការ​សម្រេច​បាន​កិច្ចព្រមព្រៀង​មួយ​ហើយ​ដើម្បី​បញ្ចប់សង្គ្រាម​ពាណិជ្ជកម្ម​ដែល​បាន​ប៉ះពាល់​ដល់​ការ​លូតលាស់​និង​ទីផ្សារ​ជុំវិញ​ពិភពលោក ។

លោក​ប្រធានាធិបតី ត្រាំ មាន​គម្រោង​បង្កើន​ពន្ធ​ពី​១០​ទៅ​២៥%​លើ​ផលិតផល​ចិន​ប្រមាណ​២០០​ប៊ី​លាន​ដុល្លារ​ប្រសិនបើ​ប្រទេស​ទាំង​ពីរ​មិន​អាច​សម្រេច​កិច្ចព្រមព្រៀង​បាន​នៅ​ថ្ងៃ​សុក្រ ទេ ។

លោក​ប្រធានាធិបតី​ខាងលើ​បាន​និយាយ​លើ Twitter ថា​ការ​ចរចា​លើ​បញ្ហា​សំខាន់​ៗ​ដូច​ជា​ការ​ការពារ​កម្មសិទ្ធិបញ្ញា ការ​ផ្ទេរ​បច្ចេកវិទ្យា កសិកម្ម សេវាកម្ម និង​រូបិយ​វត្ថុ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​។

យ៉ាងណា​ក្តី លោក Scott Kennedy ដែល​ជា​អ្នកជំនាញ​ផ្នែក​ប្រទេស​ចិន​នៅ​មជ្ឈមណ្ឌល​យុទ្ធសាស្ត្រ​និង​សិក្សា​អន្តរជាតិ​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​បាន​និយាយ​ថា «​ពួក​យើង​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា​វា​គឺជា​ការ​បរាជ័យ​ឬ​ជោគជ័យ​ព្រោះ​ពួក​យើង​មិន​ទាន់​ដឹង​ពី​ព័ត៌មាន​លម្អិត​ពី​ព្ដី​ដែល​កំពុង​ត្រូវ​បាន​ចរចា​ឡើយ ​។ ប៉ុន្តែ​… ការ​ពន្យា​ពេល​ចរចា​ប៉ុន្មាន​ស​ប្តា​ហ៍​ទៀត​គឺជា​អ្វី​ដែល​ប្រទេស​ចិន​ចង់បាន​ ។ មក​ដល់​ពេល​នេះ សហរដ្ឋអាមេរិក​ប្រហែលជា​ទទួល​បាន​អ្វី​ដែល​ពួក​គេ​អាច​ទាមទារ​ពី​ប្រទេស​ចិន​ហើយ​» ។

លោក Tai Hui ដែល​ជា​អ្នក​យុទ្ធសាស្ត្រ​ទីផ្សារ​នៅ J.P. Morgan Asset Management បាន​និយាយ​ថា ការ​សម្រេចចិត្ត​នេះ​បង្ហាញ​ថា​ភាគី​ទាំង​សងខាង​ចង់​ដោះស្រាយ​ជម្លោះ និង​បាន​បន្ថែម​ថា​ការ​បង្កើន​ពន្ធ​នឹង​ជំរុញ​ដល់​ការ​ព្រួយបារម្ភ​ពី​ការ​លូតលាស់​ក្នុង​សហរដ្ឋអាមេរិក​ផង​ដែរ ៕

ប្រភព ៖ Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ