ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុណ្យ​ខួប​​​១៤​ឆ្នាំ​នៃ​​អ្នកស្លាប់​​ដោយ​សារ​គប់គ្រាប់បែក ​គណបក្សសម រង្ស៊ី ​​អំពាវ​នាវ​​​រក​ឃាតក

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត ​​ប្រធាន​គណបក្ស​​ប្រឆាំង លោកសម រង្ស៊ី ​បានអំពាវ​នាវ​​នៅថ្ងៃ​​ពុធ នេះ​ឱ្យ​ចាប់​​ឃាតក​​​ដែល​បាន​គប់​គ្រាប់បែក​ចូល​ក្រុមបាតុ​ករ​បណ្តាល​ឱ្យ​មាន​​មនុស្សប្រមាណ​​២០​នាក់ស្លាប់ និង​​ជាង​១០០​នាក់​ផ្សេង​ទៀត​​​​រង​របួស​កាលពីថ្ងៃទី​​៣០ មីនា ​១៩៩៧ កន្ល​ងមក​នេះ ។​ គណបក្សសម រង្ស៊ី ​​កាលពីព្រឹកថ្ងៃទី​​​៣០ មីនា ២០១១ ​បានរៀបចំ​ពិធីបុណ្យខួប​​​១៤​ឆ្នាំ ​នៃ​ការ​គប់​​គ្រាប់បែក​៤​គ្រាប់​​​ផ្ទួនៗ​គ្នា ទៅលើ​ក្រុម​បាតុករ​​​រាប់ពាន់​នាក់ ដែល​ធ្វើបាតុកម្ម​ទាម​ទារ​​កំណែ​​ទម្រង់​​តុលាការ​​ដឹក​នាំដោយ​​លោក សម រង្ស៊ី ​។

លោកសម រង្ស៊ី បានថ្លែង​តាម​​​រយៈ​វីដេអូ​​កុង​ហ្វេរ៉ង់​ពីប្រទេស​បារាំង​​ក្នុងពិធីបុណ្យ​នេះ​​​ថា គណ​បក្ស​សម រង្ស៊ី ​នៅតែ​បន្ត​ជំរុញ​រដ្ឋាភិបាល​​ស្វែង​​រក​​មុខឃាតក​​ផ្តន្ទាទោស​​​តាមច្បាប់​​ឱ្យទាល់តែ​បាន ។ ការតស៊ូ​​នៅតែ​មាន​​មិនបញ្ចប់​​ទេ ​ដរាប​ណា​​រដ្ឋាភិបាល​មិនទាន់​ចាប់ឃាត​​ក​មកកាត់​ទោស ។ លោកសម រង្ស៊ី​ បាន​អះអាង​​ថា ជន​រងគ្រោះ​​​បានបាត់បង់ជីវិត​​ដោយសារតែ​​ការ​ទាមទារ​យុត្តិធម៌​ និង​របប​ប្រជាធិបតេយ្យ​នៅ​ក្នុងប្រទេស​កម្ពុជា ។​ ​​ក្នុងហេតុការណ៍​នោះ កម្ម​ករ កម្មការិនី​ និងពល​រដ្ឋ​ប្រមាណ​​២០នាក់ បាន​ស្លាប់​ និងជាង​​​១០០​នាក់​​រងរបួស​​ តែរហូតមក​ដល់​​ពេលនេះ សមត្ថ​កិច្ច​​មិនទាន់​​បានបង្ហាញ​​​អ្នកទទួលខុសត្រូវ​​​នៃ​ការ​​គប់គ្រាប់បែក​​​នោះនៅ​ឡើយ​​ទេ ។ ការ​សម្លាប់​​នៅ​​ថ្ងៃទី​​​៣០ មីនា នោះ ​បានក្លាយ​​​ជាទិវា​​សោ​ក​សៅ​​មួយ​ដែលគណបក្ស​​​សម រង្ស៊ី ​បានប្រារព្ធ​ធ្វើ​​ជា​រៀង​រាល់​​​ឆ្នាំ ៕​