ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនិញ​ខ្មែរ​វិលវល់​លើ​ស្ពាន​មិត្ដភាព​ខណៈ​សមត្ថកិច្ច​ថៃ​បន្ដ​ត្រួត​ពិនិត្យ​នៅ​ផ្សារ​រុង​ក្លឿ​

10 ឆ្នាំ មុន

ខេត្ដ​បន្ទាយ​មាន​ជ័យ​ ៖ បន្ទាប់​ពី​មាន​ការ​រឹត​បន្ដឹង​ត្រួត​ពិនិត្យ​ និង​ឆែក​ឆេរ​ទំនិញ​ដោយ​ភាគី​ថៃ​នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​ និង​ក្នុង​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ដ​ស្រះកែវ​ឈម​នឹង​ទឹក​ដី​កម្ពុជា​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ ២​ថ្ងៃ​កន្លង​មក​បានធ្វើ​ឱ្យ​អាជីវករ​ខ្មែរ​ដែល​ប្រកប​របរ​រក​ស៊ី​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​រារែក​ចិត្ដ​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​ ។​

ខេត្ដ​បន្ទាយ​មាន​ជ័យ​ ៖ បន្ទាប់​ពី​មាន​ការ​រឹត​បន្ដឹង​ត្រួត​ពិនិត្យ​ និង​ឆែក​ឆេរ​ទំនិញ​ដោយ​ភាគី​ថៃ​នៅ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយ​ប៉ែត​ និង​ក្នុង​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ដ​ស្រះកែវ​ឈម​នឹង​ទឹក​ដី​កម្ពុជា​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ ២​ថ្ងៃ​កន្លង​មក​បានធ្វើ​ឱ្យ​អាជីវករ​ខ្មែរ​ដែល​ប្រកប​របរ​រក​ស៊ី​នៅ​ក្នុង​ផ្សារ​រុង​ក្លឿ​រារែក​ចិត្ដ​ក្នុង​ការ​នាំ​ទំនិញ​ចេញ​ពី​កម្ពុជា​ ។​

ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា​ នៅ​ព្រឹក​ថ្ងៃទី​៤​ កញ្ញា​ ទំនិញ​ខ្មែរ​ដែល​ដឹក​តាម​រទេះ​អូស​បាន​វិលវល់​ទៅ​មក​លើ​ស្ពាន​មិត្ដ​ភាព​កម្ពុជា​-ថៃ​ រហូត​អ្នក​ខ្លះ​ផ្អាក​លក់​ដូរ​មួយ​រយៈ​ដោយ​សុខ​ចិត្ដ​បិទ​តូប​ទៀត​ផង​ ។​ រី​ឯ​កាល​ពី​ថ្ងៃ​ទី​៣​ កញ្ញា​ ក៏​មាន​ប្រភព​ព័ត៌មាន​ពី​ផ្សារ​រុង​ក្លឿ​ ស្រុក​អារញ្ញ​ ខេត្ដ​ស្រះកែវ​ ប្រទេស​ថៃ​មក​ថា​ សមត្ថកិច្ច​ថៃ​បាន​ចុះ​ឆែក​ឆេរ​ និង​ត្រួត​ពិនិត្យ​ទំនិញ​តាម​តូប​អាជីវករ​ខ្មែរ​មួយ​ចំនួន​ក្នុង​នោះ​ក៏​បាន​ឆែក​ឆេរ​តូប​លក់​នាឡិកា​ចំនួន​២​តូប​ និង​ចាប់​ម្ចាស់​ទៅ​សួរ​នាំ​ និង​រឹប​អូស​យក​នាឡិកា​ជា​ច្រើន​គ្រឿង​ និង​តូប​លក់​ខ្សែ​ក្រវាត់​មួយ​ចំនួន​ផង​ដែរ​ ។​ រី​ឯ​ម្ចាស់​តូប​លក់​នាឡិកា​ និង​ខ្សែ​ក្រវាត់​មិន​ត្រូវ​បាន​គេ​ប្រាប់​ឱ្យ​ស្គាល់​អត្ដ​សញ្ញាណ​ទេ​ ប៉ុន្ដែ​មាន​តូប​លក់​នាឡិកា​មួយ​ត្រូវ​គេ​ចាប់​បុរស​ជា​ប្ដី​ និង​រឹប​អូស​នាឡិកា​ជាង​១០០​គ្រឿង​ រី​ឯ​ប្រពន្ធ​ឈ្មោះ​ មីុ​ អាយុ​ជាង​៣០​ឆ្នាំ​ ជា​អ្នក​រស់​នៅ​ក្រុង​ប៉ោយប៉ែត​ ។​

ដោយ​ឡែក​កាល​ពី​ព្រឹកថ្ងៃ​ទី​៤​ កញ្ញា​ គេ​ឃើញ​ទំនិញ​ខ្មែរ​ដែល​អូស​តាម​រទេះ​ត្រូវ​បាន​ក្រុម​កម្មករ​អូស​ត្រឡប់​មក​វិញ​ ហើយ​វិលវល់​ទៅ​មក​ បន្ទាប់​ពី​កក​ស្ទះ​នៅ​លើស្ពាន​ និង​រទេះ​ដឹក​ទំនិញ​អូស​ដោយ​ដៃ​មួយ​ចំនួន​ស្ថិត​នៅ​លើ​ទឹក​ដី​ថៃ​ ។​ បើ​តាម​សម្ដី​របស់​កម្មករ​ស៊ីឈ្នួលអូស​រទេះ​ម្នាក់​ឈ្មោះ​ ទូច​ ធឿន​ ​អាយុ​២៧​ឆ្នាំ​ មាន​ទី​លំ​នៅ​ក្នុង​ភូមិ​បាលិលេយ្យ​២​ សង្កាត់​ប៉ោយប៉ែត​បាន​ឱ្យ​ដឹង​ថា​ ទំនិញ​ដែល​ខ្លួន​អូស​ឱ្យ​គេ​នោះ​ជា​ទ្រនាប់​ជើង​ខ្លះ​ ជា​ក្រដាស​ខ្លះ​ ហើយ​មូលហេតុ​នៃ​ការ​វិល​ត្រឡប់​មក​វិញ​ ពី​ព្រោះ​ខាង​សមត្ថកិច្ច​ថៃ​ចាប់​ ។​ រី​ឯ​បុរស​ម្នាក់​ឈ្មោះ​ ង៉ែត​ ហាក់​​ អាយុ​៣២​ឆ្នាំ​ ជា​កម្មករ​ និង​មាន​ទីលំនៅ​ភូមិ​បាលិលេយ្យ​២​ដូច​គ្នា​ដែរ​បាន​ប្រាប់​ថា​ ទំនិញ​ដែល​ខ្លួន​អូស​នោះ​ជា​ទំនិញ​គីប​ខោអាវជជុះ​មាន​លាយ​ចាស់​ និង​ថ្មី​ ហើយ​ដោយ​សារ​ភាគី​ថៃ​ប្រាប់​ថា​ បើ​នាំ​ចូល​ទៅ​គេ​នឹង​ចាប់​ ទើប​ពួក​គេ​នាំ​គ្នា​អូស​ត្រឡប់មក​វិញ​ទាំង​អស់​តែ​ម្ដង​ ។​ ទោះ​ជា​យ៉ាង​ណា​ ទំនិញ​ខ្មែរ​ដែល​វិល​វល់​លើ​ស្ពាន​មិត្ដ​ភាព​ និង​អូស​ត្រឡប់​មក​វិញ​នេះ​បាន​អូស​ចូល​ទៅ​ថៃ​អស់​ហើយ​ ដោយអូស​បណ្ដោះ​គ្នា​ម្ដង​មួយ​រទេះ​ៗ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ ។​

ប្រភព​ព័ត៌ដដែល​បាន​ឱ្យ​ដឹង​ថា​ តូប​អាជីវករ​មួយ​ចំនួន​នៅ​ផ្សារ​រុង​ក្លឿ​នា​ពេល​នេះ​បាន​បិទទ្វារ​ ហើយ​រង់​ចាំ​ទាល់​តែ​ស្ថាន​ការ​ណ៍​នៃ​ការ​ឆែក​ឆេរ​ និង​ការ​រឹត​បន្ដឹង​ត្រួត​ពិនិត្យ​ទំនិញ​ពី​សមត្ថកិច្ច​ថៃ​បាន​បញ្ឈប់​ ទើប​ពួក​អាជីវករ​អាច​នាំ​គ្នា​ទៅបន្ដ​ការ​លក់​ដូរ​ឡើង​វិញ​ ។​
គួរ​បញ្ជាក់​ថា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២​ កញ្ញា​ កន្លង​ទៅ​ថ្មីៗ​នេះ​ ភាគី​ថៃ​បាន​អះអាង​ថា​ សមត្ថកិច្ច​ថៃ​នឹង​ត្រួតពិនិត្យ​ទំនិញ​ដែល​រំលោភ​កម្មសិទ្ធិ​បញ្ញា​របស់​ក្រុមហ៊ុន​អាមេរិក​មួយ​ឈ្មោះ​ លិកាស៊ីត​ ។​ដោយ​សារ​បញ្ហា​ខាង​លើ​នេះ​ហើយ​ទើប​​ធ្វើ​ឱ្យ​ទំនិញ​ខ្មែរ​កក​ស្ទះ​នៅ​លើស្ពាន​មិត្ដភាព​កម្ពុជា​-ថៃ​ច្រក​ទ្វារ​អន្ដរជាតិ​ប៉ោយប៉ែត​ និង​ខ្លង​លឹក​ជិត​៣​ម៉ោង​ ៕​