រាជធានីភ្នំពេញ ៖ រូបភាពជាច្រើនសន្លឹកដែលបង្ហោះតាមគណនីហ្វេសប៊ុកឈ្មោះ«នីឡា»ដែលបង្ហាញពីតារារូបនេះជាមួយគូស្នេហ៍ថតជាលក្ខណៈមុនចូលរោងការ(prewedding)ធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ។ បើទោះបីជាហ្វេសប៊ុកដែលបង្ហោះនោះអាចមិនមែនជារបស់ នីឡា ពិតក៏ដោយ ប៉ុន្តែរូបភាពទាំងនោះ ហាក់បង្ហាញថា នាងត្រៀមចូលរោងការនាពេល ឆាប់ៗខាងមុខ ។
បុរសវ័យក្មេងនោះគេសង្ស័យថា ជាគូស្នេហ៍ថ្មី បន្ទាប់ពីនីឡាបែកបាក់គ្នាជាមួយគូដណ្តឹង ។ អ្នកទាំងពីរបានគ្រងឈុតសម្លៀកបំពាក់ដ៏ស្រស់ស្អាត មិនខុសទៅនឹងគូស្នេហ៍ដទៃទៀតដែលថតសម្រាប់មុនអាពាហ៍ពិពាហ៍នោះឡើយ ។
ជាមួយនឹងរូបថតដ៏ស្រស់ស្អាតទាំងនោះហ្វេសប៊ុក«នីឡា»បានភ្ជាប់សារដ៏ខ្លីថា«pre wedding» ដែលរឹតតែធ្វើឲ្យបណ្តាអ្នកលេងហ្វេសប៊ុកកាន់តែមានភាពជឿជាក់ថា នេះជាការណ៍ពិត ។
ពាក់ព័ន្ធរឿងនេះលោក សុវណ្ណ រិទ្ធី ហៅតាវិចទ័រ ជាឪពុករបស់នីឡា កាលពីថ្ងៃទី២២ ខែកុម្ភៈ ២០១៩ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកដោយខ្លីថា «កូនស្រីរបស់លោកនៅមិនទាន់មានគម្រោងរៀបការនៅឡើយទេ »។ យ៉ាងណាក៏ដោយលោកសុវណ្ណ រិទ្ធី ហាក់មិនចាប់អារម្មណ៍ ឬក៏ភ្ញាក់ផ្អើលទៅលើរូបថតដែលកូនស្រីរបស់ខ្លួនបានថតបែបនេះជាមួយនឹងគូស្នេហ៍ឡើយ ខណៈដែលលោកបានចាត់ទុកការថតនេះគឺជាការថតសម្រាប់សម្អាងការប៉ុណ្ណោះ ។
ជាការកតស់សម្គាល់កញ្ញាវ៉ាន់ នីឡា និងបុរសដែលមានឈ្មោះ ស៊ុត សករាជ បានបង្ហាញភាពផ្អែមល្ហែមលក្ខណៈជាគូស្នេហ៍ជាបន្តបន្ទាប់តាមរយៈហ្វេសប៊ុក ។ បើទោះបីជាបានទម្លាយពីភាពស្និទ្ធស្នាលនេះក៏ដោយ អ្នកទាំងពីរមិនធ្លាប់ទទួលស្គាល់ថាជាស្នេហាឡើយ ពោលគឺបានត្រឹមតែប្រាប់មហាជនថាជាមិត្តភក្តិស្និទ្ធស្នាលធម្មតាប៉ុណ្ណោះ ។
កន្លងមកកូនស្រីតាវិចទ័រ កញ្ញានីឡា បានបញ្ជាក់ក៏ដូចជាអះអាងជា រឿយៗថា ការទាក់ទងរបស់នាង និងបុរសដែលសង្ស័យថា ជាគូស្នេហ៍នោះ គឺស្ថិតក្នុងនាមជាមិត្តភក្ដិនឹងគ្នាតែប៉ុណ្ណោះ ខណៈដែលគ្រប់ពេលមានកម្មវិធីតូចធំ ឬដំណើរកម្សាន្តអ្វីមួយ អ្នកទាំងពីរតែងតែទៅជាមួយគ្នា ព្រមទាំងថតរូបកៀកកើយគ្នា វាហាក់មិនមែនមិត្តភក្តិដូចអ្វីដែលនាងនិយាយទេ ៕
ចែករំលែកព័តមាននេះ