រាជធានីភ្នំពេញ ៖ កាលពីឆ្នាំមុន រាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន៤ អភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យដើម្បីលក់ជូនមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម ។ គម្រោងទាំងនោះហាក់ទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាពលរដ្ឋទូទៅ ពិសេសអ្នកកំពុងស្វែករកទិញលំនៅឋាន។ តើរហូតមកដល់ពេលនេះ កម្រោងទាំងនោះសម្រេចបានយ៉ាងណាទៅហើយ ?
បើតាមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បង្ហាញថា បច្ចុប្បន្នមានក្រុមហ៊ុនចំនួន៤ដែលបាននិងកំពុងសាងសង់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យរួមមាន ៖
១- គម្រោង «លំនៅឋានទីក្រុងរណបសិរីមង្គល» ដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Worldbridge Home ដែលពេលនេះសម្រេចបានលទ្ធផលបុកគ្រឹះបាន៦% ,ចាក់បេតុងជាន់ផ្ទាល់ដីបាន៥%, ចាក់បេតុងកម្រាលជាន់ទី១បាន១%, ស្ថាបនាផ្លូវថ្នល់ក្នុងគម្រោងបាន៤៥%, ស្ថាបនាប្រព័ន្ធលូ៧៥%, ស្ថាបនាបណ្តាញទឹកស្អាត៧២%, បំពាក់ភ្លើងបំភ្លឺផ្លូវបាន២៧% និងដំឡើងប្រព័ន្ធការពាររន្ទះបាន១០០% ។
បើតាមក្រសួងបញ្ជាក់ថា ៖« គិតត្រឹមខែធ្នូ២០១៨ គម្រោងនេះបានទទួលការកក់លំនៅឋានចំនួន៥២៨ ក្នុងនោះមានអតិថិជនជាមន្ត្រីរាជការមានចំនួន៤២% និងមិនមែនមន្ត្រីរាជការចំនួន៥៨%។ គម្រោងនេះសម្រេចបានលទ្ធផលប្រមាណ៣០% នៃគម្រោងទាំងស្រុង ដោយគ្រោងនឹងបញ្ចប់ការសាងសង់ និងការប្រគល់លំនៅឋានជំហានទី១ ពី៣០០ទៅ៤០០លំនៅឋាននៃលំនៅឋានសរុប២.២៩៧ នៅដំណាច់ត្រីមាសទី១ឆ្នាំ២០១៩ និងគ្រោងបញ្ចប់គម្រោងសាងសង់ទាំងស្រុងនៅត្រឹមដើមឆ្នាំ២០២០ »។
២- គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ «បុរីសែនមនោរម្យព្រែកតាទែន» អភិវឌ្ឍន៍ដោយក្រុមហ៊ុន B&BM Development សម្រេចបានលទ្ធផលនៃការសាងសង់គ្រឹះលំនៅឋានបាន១៤%, ចាក់បេតុងកម្រាលជាន់ផ្ទាល់ដីបាន១០%, ចាក់បេតុងកម្រាលជាន់ឡៅតឿបាន២%, ចាក់បេតុងកម្រាលជាន់ទី១បាន១%, ស្ថាបនាផ្លូវថ្នល់ក្រាលថ្ម ចំនួន៨៥%, ស្ថាបនាផ្លូវថ្នល់ក្រាលបេតុងបាន៥%, និងបានលក់លំនៅឋានចំនួន១.០០០ ក្នុងនោះអតិថិជនជាមន្ត្រីរាជការបាន៤២% និងមិនមែនមន្ត្រីរាជការ៥៨% ។ ជារួម គម្រោងសម្រេចការងារបានប្រមាណ១៥% ដោយគ្រោងនឹងបញ្ចប់ដំណាក់កាលទី១នៅខែសីហាឆ្នាំ២០២១ និងបញ្ចប់គម្រោងទាំងស្រុកនៅខែសីហា២០២៤។
៣- គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ«លំនៅឋានអារ៉ាខាវ៉ា» អភិវឌ្ឍន៍ដោយក្រុមហ៊ុនARAKAWA សម្រេចបានលទ្ធផលនៃការខួងចាក់សសរគ្រឹះ និងក្បាលគ្រឹះសម្រេចបាន ១០០%, សាងសង់ចំណតក្រោមដីខ្ពស់២ជាន់ សម្រចបាន១០០%, សាងសង់ចំណតជាន់ផ្ទាល់ដីសម្រេចបាន ១៥%, ។
គម្រោងនេះទទួលចុះឈ្មោះអតិថិជនចំនួន៩៧១ ក្នុងនោះឯកជនស្មើនឹង៥៧% នៃចំនួនចំណែកឯកជនសរុប១.៦៨០។ ជារួម គម្រោងសម្រេចការងារបានប្រមាណ២៩% ដោយគ្រោងបញ្ចប់ការសាងសង់ជាផ្លូវការនៅត្រីមាស៤ឆ្នាំ២០២០ ។
៤- គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ «ហ្គ្រេនផាក» ដំណាក់កាលទី១ មានទីតាំងស្ថិតនៅភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ សម្រេចបានលទ្ធផលផ្នែកគ្រឹះលំនៅឋានបានចំនួន៣៤%, ចាក់បេតុងជាន់ផ្ទាល់ដីបាន៣០%, ចាក់បេតុងកម្រាលជាន់ទី១ បាន២៥%, ផ្នែកដំបូងបាន១៥%, ស្ថាបនាផ្លូវថ្នល់បាន៧០%, ស្ថាបនាប្រព័ន្ធលូបាន៥៥%, ស្ថាបនាបណ្តាញទឹកបាន១០%, និងបំពាក់ភ្លើងបាន២០% និងបានទទួលកក់លំនៅឋានចំនួន១៣៩ ក្នុងនោះមានអតិថិជនជាមន្ត្រីរាជការមាន១០% និងមិនមែនមន្ត្រីរាជការចំនួន៩០%។
បើតាមរបាយការណ៍ក្រសួងបញ្ជាក់ថា ៖«គម្រោងនឹងប្រគល់លំនៅឋានប្រមាណពី៦០ទៅ១០០លំនៅឋានជូនអតិថិជននៅត្រីមាសទី១ឆ្នាំ២០១៩។ ជារួម គម្រោងសម្រេចការងារបានប្រមាណ៣២% ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅត្រីមាសទី១ឆ្នាំ២០២០ »៕
ចែករំលែកព័តមាននេះ