រាជធានីភ្នំពេញ ៖ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនចិនកំពុងសិក្សាសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជាថ្មី បន្ទាប់ពីថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់ចិន បានប្រកាសទទួលវិនិយោគលើគម្រោងនេះ ។ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកវ៉ាស៊ឹម សូរិយា បានឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២២ កុម្ភៈ ម្សិលមិញថា គម្រោងសាងសង់ផ្លូវល្បឿនលឿននេះសិក្សាដោយអ្នកជំនាញអង្គការJICAរួចហើយ ដោយគ្រោងចំណាយថវិកាសរុប៣.៨០០លានដុល្លារ ដែលជាការចំណាយដ៏ធំ ។
លោកបន្តថា កន្លងមកមានក្រុមហ៊ុនចិន និងបច្ចុប្បន្នទំនងជាមានក្រុមហ៊ុនចិនជាច្រើនទៀត កំពុងសិក្សាដើម្បីឈានទៅសាងសង់ផ្លូវល្បឿនលឿននេះ ។ លោកបន្ថែមថា ៖« ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលសិក្សាចំណាយអស់ច្រើនកន្លងមក ដោយសារផ្លូវនេះត្រូវធ្វើស្ពានប្រវែងជា១០គីឡូម៉ែត្រ នៅតំបន់ស្រុកល្វាឯម ដោយសារផ្លូវនេះគ្រោងធ្វើនៅផ្នែកខាងឆ្វេងនៃទន្លេមេគង្គ»។ លោកបន្តថា ៖« ផ្លូវហ្នឹងនឹងឆ្លងកាត់រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រៃវែង មុនតភ្ជាប់ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង »។ ទោះជាយ៉ាងណាគំរោងសាងសង់ផ្លូវនេះ មិនដឹងបញ្ចប់ការសិក្សា និងចាប់ផ្តើមនៅពេលណានៅឡើយទេ ។
ក្នុងពេលអញ្ជើញទស្សនកិច្ចប្រទេសចិន ប្រមុខរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់របស់ចិន ចូលជួបសម្តែងការគួរសម ហើយសម្តេចបានជំរុញឲ្យក្រុមហ៊ុននេះពន្លឿនការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំក្រុមហ៊ុនស្ពានថ្នល់ចិន បានជម្រាបសម្តេចតេជោពីគម្រោងដែលក្រុមហ៊ុននេះ នឹងទទួលសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ខេត្តស្វាយរៀងផងដែរ ។
គួរកត់សម្គាល់ថា នេះជាគម្រោងផ្លូវល្បឿនលឿនទី២ហើយរបស់កម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនទី១ ពីភ្នំពេញ ឆ្ពោះទៅខេត្តព្រះសីហនុ គ្រោងនឹងបើកការដ្ឋានសាងសង់ឆាប់ៗនេះ ។
ប្រធានក្រុមប្រឹក្សាវិទ្យាស្ថានសិក្សាការអភិវឌ្ឍ លោកបណ្ឌិត ម៉ី កល្យាណ បានថ្លែងថា បញ្ហាហេដ្ឋារចនាសម្ព័ន្ធជារឿងប្រឈមមួយក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ប៉ុន្តែរាជរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានរៀបចំគោលនយោបាយ និងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធយ៉ាងច្រើន ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ហើយអ្វីដែលរាជរដ្ឋាភិបាលបានធ្វើ គឺស្ថិតក្នុងទិសដៅត្រឹមត្រូវមួយហើយ ។
លោកថ្លែងថា ៖« វាជារឿងចាំបាច់ដែលត្រូវកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរុញសេដ្ឋកិច្ចកម្ពុជាទៅកាន់ដំណាក់កាលថ្មីមួយទៀត ព្រោះបើចង់ឲ្យសេដ្ឋកិច្ចកម្ពុជាកើនឡើង និងឈានទៅកាន់លំដាប់ថ្មី កម្ពុជាត្រូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធបន្ថែមទៀត »៕
ចែករំលែកព័តមាននេះ