ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បទ​សម្ភាសន៍​លោក​ប្រាក់ ប៊​ន គ្រូ​យីកេ​ពី​កិត្តិ​ស័ព្ទ​យីកេ​ខេត្តតាកែវ

5 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តតាកែវ ៖ សិល្បៈ​យីកេ​ខេត្តតាកែវ​ល្បីល្បាញ​ណាស់ តែងតែ​ទទួល​បានការ​កោតសរសើរ​ចំពោះ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​ពី​មហាជន ។ យីកេ​ខេត្តតាកែវ​តែងតែ​ផ្សព្វផ្សាយ​ជា រឿយ​ៗ​ក្នុង​កម្មវិធី​សិល្បៈ​របស់​ទូរទស្សន៍​ជាតិ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក…

ខេត្តតាកែវ ៖ សិល្បៈ​យីកេ​ខេត្តតាកែវ​ល្បីល្បាញ​ណាស់ តែងតែ​ទទួល​បានការ​កោតសរសើរ​ចំពោះ​ទេព​កោសល្យ​សម្តែង​ដ៏​ល្អ​ពី​មហាជន ។ យីកេ​ខេត្តតាកែវ​តែងតែ​ផ្សព្វផ្សាយ​ជា រឿយ​ៗ​ក្នុង​កម្មវិធី​សិល្បៈ​របស់​ទូរទស្សន៍​ជាតិ ។ កាលពី​ពេល ថ្មី​ៗ​កន្លង​មក អ្នក​យក​ព័ត៌មាន​កោះសន្តិភាព​បាន​ជួប​សម្ភាសន៍​ជាមួយ​លោក​ប្រាក់ ប៊​ន អតីត​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តតាកែវ ជា​អ្នកនិពន្ធ និង​គ្រូ​យីកេ ទាក់ទិន​កិត្តិ​ស័ព្ទ​យីកេ​ខេត្តតាកែវ ។

សំណួរ ៖ យីកេ​ខេត្តតាកែវ​ល្បីល្បាញ​ណាស់​តើ​មក​ពី​កត្តា​អ្វីខ្លះ ?

ចម្លើយ ៖ ភាព​ល្បីល្បាញ​នេះ​មក​ពី​ខាង​សិល្បៈ​យើង​នៅ​ទី​នេះ​បាន​រៀនសូត្រ​បន្ត​ពី​យីកេ​តា​ឃី និង​ម្យ៉ាង​វិញទៀត​យើង​បាន​អភិរក្ស​យីកេ​ឱ្យ​បាន​ល្អ និង​អភិវឌ្ឍ​ផ្នែក​បច្ចេកទេស​យីកេ ។ អភិរក្ស​យើង​បាន​អភិរក្ស​ទម្រង់​យីកេ ចម្រៀង​ដែល​យើង​រក​ឃើញ​រហូត​ដល់​ជិត​១០០​បទ​ដែល​សង្គមចាស់​រក​ឃើញ​តិច​ជាង​នេះ ។ កត្តា​មួយទៀត​គឺ​ការ​ខិតខំ​ព្យាយាម​របស់​ថ្នាក់ដឹកនាំ​របស់​រាជ រដ្ឋាភិបាល​បាន​ជួយ​ជំរុញ​អាជ្ញាធរ​ខេត្ត ជំរុញ​ក្រសួង​វប្បធម៌ ជំរុញ​មក​យើង​ជា​ប្រធាន​មន្ទីរ​ខេត្ត​ប្រឹងប្រែង​រក្សា​យីកេ​ត្រកូល​តា​ឃី ។

យីកេ​តាកែវ​ល្បី​ពី​មុន​មាន​លោកតា​ឃី ។ តាំងពី​ឆ្នាំ​១៩៧៩​មក​ក្រុម​យីកេ​គ្រួសារ​តា​ឃី​បាន​កើតឡើង តែ​ជំនាន់​នោះ​មិនសូវ​ល្បី​ទេ ។ យីកេ​ខេត្តតាកែវ​ចាប់ផ្តើម​ឡើង​តាំងពី​ឆ្នាំ​១៩៧៩​មក​នា​ថ្ងៃ​ទី​១៣ តុលា ឆ្នាំ​១៩៧៩ ដោយ​បាន​ចាប់​យក​ផ្នែក​យីកេ​ជា​ផ្នែក​ធំ​ជា​គោល​តែ​ម្តង​។

អីុចឹ​ង​ហើយ ទើប​យើង​ខិតខំ​ប្រឹង​ប្រែ​តស៊ូ​សិក្សា​ស្រាវជ្រាវ​ផ្នែក​យីកេ​នេះ​រហូត ទាល់តែ​អ្នក​ទស្សនា​យក​ចិត្តទុកដាក់​ជាមួយ​យីកេ ។ មូលហេតុ​នេះ​ហើយ​ចេះ​តែ​ជំរុញ​ឱ្យ​សិ​ល្យៈ​យីកេ​ខេត្តតាកែវ​ល្បីល្បាញ រហូត​យីកេ​មាន​ប្រជាប្រិយភាព មានឱកាស​ថត​ផ្សាយ​តាម​ទូរទស្សន៍ ខណៈ​ដែល​យើង​បាន​ជំរុញ​ឱ្យ​ក្រុម​សិល្ប​ករ​សម្តែង​ឱ្យ​សុក្រឹត​បំផុត ។ លើស​ពី​នោះ​យើង​បាន​រក្សា​ក្សា​ច់ រក្សា​ទំនៀមទម្លាប់ រក្សា​ចម្រៀង ក្បួនខ្នាត​យីកេ ទើប​យើង​ល្បី​រហូត​មក​ទល់​ពេល​នេះ ។

តាំងពី​ដើម​មក​យីកេ​បើ​គេ​ចង់​សិក្សា គឺ​មក​ទាក់ទង​តា​ឃី​ដែល​មាន​ដើម​កំណើត​នៅ​ខេត្តតាកែវ​នេះឯង ។ លោកតា​ឃី​គាត់​បាន​រៀន​ពី​គ្រូ​របស់​គាត់​ម្នាក់​មិន​ចាំ​ឈ្មោះ​ជា​មេកង ។ ពេល​ហាត់រៀន​ចេះ​ចាំ​គាត់​ក៏​យក​មក​បង្ហាត់​យីកេ​នៅ ស្រុកភូមិ​គាត់​ដោយ​ផ្ទាល់ ទើប​កូនចៅ ពូជ​អម្បូរ​គាត់​សុទ្ធតែ​ជា​អ្នក​យីកេ​ទាំងអស់​រហូត​មក​ទល់​នឹង​ពេល​នេះ ។ តា​ឃី​រស់នៅ​ភូមិ​ដកព ឃុំ​បឹង​ត្រាញ់​ខាងត្បូង ស្រុក​សំរោង ខេត្តតាកែវ ។

សំណួរ​៖ បើ​និយាយ​ពី​យីកេ​គឺ​និយាយ​ដល់​ខេត្តតាកែវ តើ​មែន​ទេ​លោក ព្រោះ​អ្វី ?

ចម្លើយ ៖ យើងខ្ញុំ​មាន​ភាព​សប្បាយ​រីករាយ​ណាស់ ទី​១​សំខាន់​គឺ​ខ្ញុំ​នេះឯង​ជា​អ្នក​ថែរក្សា​សិក្សា​ស្រាវជ្រាវ​យីកេ ចងក្រង​ឯកសារ រហូត​ដល់​ចងក្រង​ជូន​ក្រសួង​វប្បធម៌ ហើយ​ត្រូវ​ខាង​យូ​ណេ​ស្កូ​ទទួលស្គាល់​យក​ទៅ​ចងក្រង​បោះ​ពុ​ម្ភ​សម្រាប់ ឲ្យ​សិស្ស​និស្សិត​នៅ​សាលា​វិចិត្រសិល្បៈ​រៀន ។ ទាំង​អស់នេះ​ហើយ​ដែល​ខ្ញុំ​មាន​មោ​ទ​ន ភាព ពិសេស​ក្រុម​សិល្បករ​ប្រចាំ​នៅ​ខេត្តតាកែវ ដែល​បាន​តស៊ូ​អំណត់​ខំ​សម្តែង​តាំងពី​គេ​មិន​ចេះ​មើល​រហូត​ដល់​គេ​មើល ។ ទាំងនេះ​ទាក់ទង​គ្នា​តាំងពី​ផ្នែក​ដឹក​រឿង ផ្នែក​និពន្ធ ផ្នែក​គ្រប់គ្រង​ផង​ដែរ រហូត​ទាល់តែ​សិល្បៈ​យីកេ​មាន​ភាព​ល្បីល្បាញ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ទូ​ទាំង​ប្រទេស។

យើង​ធ្លាប់​ទទួល​ការ​សរសើរ​ពី​ប្រជាពលរដ្ឋ ដែល​មក​ទស្សនា​យីកេ​ដោយ​មិន​ឲ្យ​យីកេ​សម្តែង​ទៅ​ហើយ​ស្ងាត់ស្ងៀម គឺ​មក​ពី​យើង​ខិតខំ​ប្រឹងប្រែង​គ្រប់​រូបភាព​ទាំងអស់​ទាំង ការ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ ទាំង​ការ​សម្តែង​ផ្ទាល់ ទាំង​ទឹកដម​សំឡេង​ដែល​ខេត្តតាកែវ​មាន គឺ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ស្រឡាញ់​ពេញចិត្ត ។

សំណួរ​៖ កន្លង​មក​យីកេ​ខេត្តតាកែវ​មាន​ប៉ុន្មាន​រឿង​ដែល​បាន​ផលិត​ចាក់​ផ្សាយ​តាម កញ្ចក់​ទូរទស្សន៍​ជាតិ? តើ​ក្រុម​យីកេ​ខេត្តតាកែវ​ធ្លាប់​ចូលរួម​សម្តែង​ក្នុង​កម្មវិធី ធំ​ៗ​អ្វីខ្លះ និង​សម្តែង​ក្នុង​ពិធីបុណ្យ​ទាន​តាម​ភូមិ ស្រុក​​ញឹកញាប់ឬទេ? ក្រៅពី​ការ​សរសើរ​ពី​មជ្ឈដ្ឋាន​មហាជន តើ​ក្រុម​យីកេ​ខេត្តតាកែវ​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ពី​មហោស្រព​ថ្នាក់​ជាតិ ឬ​ពី​ស្ថាប័ន​ណា​ទេ ?

ចម្លើយ​៖ យើង​បាន​ផលិត​រឿង​ចាក់​តាម​កញ្ចក់​ទូរទស្សន៍​ជាតិ​ច្រើន​មក​ហើយដោយ​ក្នុង នោះ​រឿង​ដែល ល្បី​ៗ​មានរឿង​«​កាកី​» «​ព្រះថោង​នាងនាគ​» «​វិធុរបណ្ឌិត​» «​សុវណ្ណ​សាម​» និង​រឿង​ជា​ច្រើន​ទៀត ដែល​យើង​ធ្វើ​រួច​មក​ហើយ ។ យីកេ​ចាំបាច់​ត្រូវ​ឆ្លង​ឆ្លើយ​ដោយ​ភាសា​កំណាព្យ បើ​អត់​កំណាព្យ​គឺ​អត់​ល្អមើល​ព្រោះ​យើង​បាន​ខិតខំ​ប្រឹងប្រែង​យក​បុរាណ​មក​ដាក់ ព្រោះថា​រឿង​ភាគច្រើន​យក​បុរាណ​មក​ធ្វើ ហើយ​យើង​ខំ​យក​មក​ដាក់​ជា​ទម្រង់​យីកេ​ឲ្យ​មើលទៅ​ងាយស្រួល​លេចធ្លោ​ឡើង ហើយ​ដែល​គិត​ថា​ពិភពលោក​មានការ​ទទួលស្គាល់ ។

យីកេ​ខេត្តតាកែវ ធ្លាប់​សម្តែង​ស្ទើរតែ​គ្រប់​មហោស្រព​ទូ​ទាំង​ប្រទេស ក្នុង​ពិធី ធំ​ៗ​ដូច​ជា​ពិធី​ឆ្លង​សហស្ស​វត្ស ធ្លាប់​ចូលរួម​មហោស្រព​អង្គរ ។ យីកេ​ខេត្តតាកែវ​តែងតែ​ចូលរួម​មហោស្រព​ថ្នាក់​ជាតិ ធំ​ៗ​ដែរ ។ ពាន​រង្វាន់​លេខ​១​ពី​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន ធ្លាប់​ទទួល​ពី​ក្រសួង​វប្បធម៌ ជាក់ស្តែង​រឿង​«​ព្រះថោង​នាងនាគ​»​ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១​ពី មហោស្រព​ប្រឡង​សិល្បៈ​បុរាណ​ថ្នាក់​ជាតិ​ទូ​ទាំង​ប្រទេស និង​ខ្ញុំ​ជា​អ្នកដឹកនាំ​ធ្លាប់​បាន​សញ្ញាបត្រ​វរ​សិល្បករ និង​បាន​ពាន​កិត្តិយស​អាណាចក្រ​តារា ។ មិន​ដែល​សម្តែង​កន្លែង​ណា​ហើយ​យីកេ​តាកែវ​ធ្លាក់​អន់​ថយ​នោះ​ឡើយ ។

សំណួរ​៖ តើ​ការ​ផលិត​រឿង​យីកេ​សម្រាប់​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​កន្លង​មក​បាន​ប្រាក់​ឧបត្ថម្ភ​ពី​ខាង​ណាខ្លះ?

ចម្លើយ ៖ ត្រង់នេះ ទី​១​យើង​បាន​ខិតខំ​ខ្លួនឯង​ជា​សំខាន់ ទី​២​យើង​បាន​អាជ្ញាធរ​ខេត្ត​ជួយ ទី​៣​មន្ទីរ​វប្បធម៌​ខេត្ត​ឯករាជ្យ​ម្ចាស់​ការ​ជួយ​ខ្លួនឯង និង​សិល្បករ​ខ្លួនឯង​ខំ​រក​ថវិកា​សម្រាប់​ផ្សព្វផ្សាយ ព្រោះ មួយ​ឆ្នាំ​ៗ​យើង​​សម្តែង​បាន​ច្រើន ហើយ​បាន​ថវិកា​យក​មក​រក្សា​ទុក​សម្រាប់​ពង្រីក​ការងារ​សិល្បៈ​ខេត្តតាកែវ ឱ្យ​ដំណើរការ ។ ក្នុង​នោះ​បានការ​ឧបត្ថម្ភ​ពី​អស់លោក​មួយ​ចំនួន ពិសេស​បាន​លោក​បណ្ឌិត​សុខ អាន ជួយ​ពួក​យើង​រហូត​ដែរ ។

សំណួរ​៖ តាម​ការ​កត់សម្គាល់​យីកេ​ខេត្តតាកែវ បាន​បាត់​មុខ​ពី​កញ្ចក់​ទូរទស្សន៍ ប៉ុន្មាន​ឆ្នាំ​មក​ហើយ គឺ​តាំងពី​រឿង​សុវណ្ណ​សាម​ផលិត​នៅ​ឆ្នាំ​២០០៨​មក តើ​មក​ពី​ហេតុ​អ្វី?

ចម្លើយ​៖ មក​ពី​សិល្បករ​យើង​ចាស់​ទ្រុឌទ្រោម អាច​និយាយ​បាន​ថា​មក​ពី​អ្នក​សម្តែង​គាត់​ចាស់ទុំ​អស់ ហើយ​​យើង​ក៏​នៅ​មិន​ទាន់​មាន​លទ្ធភាព​ជ្រើសរើស យើង​ជ្រើសរើស​បាន​តែ​សិស្ស​វា​ស្រុត កាលណា​ឡើង​ខ្លាំង​ដល់​កំពូល​ហើយ​នោះ គឺ​ច្បាស់​ជា​ធ្លាក់​ចុះ​មក​វិញ ។ អុ​ី​ចឹ​ង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ធ្លាក់​ចុះ ដោយ​សារ​តែ​មន្ត្រី សិល្បករ​ពី​មុន ចាស់​ៗ និង​ចូល​និវត្តន៍​ច្រើន ហើយ​ខិតខំ​បណ្តុះបណ្តាល​ក្មេង​ជំនាន់​ក្រោយ តែ​បណ្តុះបណ្តាល​អត់​ទាន់ និង​គ្មាន​ថវិកា​សម្រាប់​ឧបត្ថម្ភ​ក្មេង​ដែល​មក​សម្តែង​សិល្បៈ ព្រោះ​គ្នា​មក​លេង​សុទ្ធសឹងតែ​កូន​អ្នក​ក្រីក្រ ហើយ​កូន​អ្នក​ធូរធារ​គេ​មិនសូវ​ចូលរួម​ជាមួយ​យើង​ទេ ព្រោះ​ចំណូល​ពី​ការ​សម្តែង​​មាន​កម្រិត​មិន​បានជា​ច្រើន ហើយ​អន់​ថយ​មួយ​រយៈ ។

តែ​ទោះជា​យ៉ាងណា​ក្តី យើង​បាន​ប្រឹង​បណ្តុះបណ្តាល​ក្មេង​ជា​ច្រើន ដោយ​បាន​ញ្ជូ​ន​ក្មេង​ឲ្យ​ទៅ​រៀន​នៅ​ភ្នំពេញ​នៅ​សាលា​វិចិត្រសិល្បៈ​ឲ្យ​បាន​ច្រើន​ដើម្បី​ឲ្យ ក្មេង​ៗ​រៀន​ព្រោះ​រៀន​នៅ​ខេត្ត​អត់​មាន​សញ្ញាបត្រ​ចេញ​ឲ្យ​ទេ ប៉ុន្តែ​យើង​ក៏​មាន​សិល្បករ ចាស់​ៗ​ត្រៀម​ដែរ គ្រាន់តែ​ខ្វះ​ថវិកា​ថត​សម្តែង ជា​រឿង​សំខាន់ ។

សំណួរ​៖ តើ​លោក​ចង់​អំពាវនាវ ឬ​សំណូមពរ​អ្វី​ដើម្បី​ជួយ​ឧបត្ថម្ភ​ការ​ផលិត​យីកេ​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​កុំ​ឲ្យ​បាត់​យូរ​ពេក ?

ចម្លើយ​៖ ខ្ញុំ​មាន​គោលបំណង​ធំ​ចង់​ឲ្យ​ឯកឧត្តម អស់លោក លោកស្រី​ដែល​មាន​សន្តាន​ចិត្ត​ចង់​ជួយ ដោយ​សារ​តែ​យីកេ​តាកែវ​ល្បី​ណាស់ គោល​ចម្បង​ចង់​ឲ្យ​ផ្តល់​ជា​ថវិកា​សម្រាប់​សិក្សា​ស្រាវជ្រាវ​រក​ឯកសារ​ដែល​កប់​យូរ​មក​ហើយ​តែ​យក​មិន​បាន ។ មួយវិញទៀត​ការងារ​សិល្បៈ​អាជីព​មាន​កម្រិត មិន​ដូច​ជា​សិល្បៈ​មហាជន​ទេ បើ​សិល្បៈ​មហាជន​លោក​សម្តែង​យ៉ាងណា​ឲ្យ​តែ​បាន​លុយ សប្បាយ អាច​រក​ប្រាក់​បាន​ច្រើន ប៉ុន្តែ​បើ​សម្តែង​គិត​ពី​គុណភាព គិត​ពី​ផលប្រយោជន៍​ជាតិ ដោយ​ប្រុង​ប្រយ័ត្ន​ឲ្យ​គេ​មើល​នោះ​ក៏​មាន​បញ្ហា​ច្រើន ។

អ្វី​ដែល​សំខាន់​ចាំបាច់​គឺ​ថវិកា ហើយ​ត្រូវ​មាន​ឯកសារ​គ្រប់គ្រាន់ និង​ផ្តោត​សំខាន់​លើ​ទំពាំង​ស្នង​ឫស្សី​នោះ​​យីកេ​នឹង​ឡើង​ខ្លាំង ។ ជា​ពិសេស​មហាជន​ដែល​ស្គាល់​ពី​ស្នាដៃ​យីកេ​តាកែវ​សូម​ជួយ​គាំទ្រ​បន្ត​ទៀត ដើម្បី​ឲ្យ​សិល្បករ​មាន​ទឹកចិត្ត ទោះជា​ពេល​នេះ​ហាក់​បាត់​មុខ​មែន តែ​យើង​ក៏​ខិតខំ​ព្យាយាម​ច្នៃ​អ្នក ថ្មី​ៗ​បន្ត​ទៀត​ដើម្បី​ឲ្យ​មានការ​ទទួលស្គាល់​ដូច​រៀមច្បង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ