ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​រៀបរាប់​ប្រវត្តិ​ឈឺចាប់​រយៈពេល​៤០​ឆ្នាំ​មុន​ដោយ​យក​ជីវិត​ជាដើម​ទន់​រំដោះជាតិ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រៀបរាប់​អំពី​ប្រ​វិត្ត​ឈឺចាប់​អស់​រយៈពេល​៤០​ឆ្នាំ​កន្លង​មក ដោយ​យក​ជីវិត​ធ្វើ​ជាដើម​ទន់​ក្នុង​ការ​រំដោះជាតិ ។ សម្តេច​តេ​ជោ ហ៊ុន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​រៀបរាប់​អំពី​ប្រ​វិត្ត​ឈឺចាប់​អស់​រយៈពេល​៤០​ឆ្នាំ​កន្លង​មក ដោយ​យក​ជីវិត​ធ្វើ​ជាដើម​ទន់​ក្នុង​ការ​រំដោះជាតិ ។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​រៀបរាប់​លើ​បណ្តាញ​សង្គម​របស់​សម្តេច នៅ​ថ្ងៃ​ទី​២៤ កុម្ភៈ យ៉ាង​ដូច្នេះ​ថា «​ថ្ងៃនេះ គឺជា​ខួប​៤០​ឆ្នាំ​នៃ​ការ​ជួប​គ្នា​ឡើង​វិញ​រវាង​ខ្ញុំ និង​ភរិយា​ខ្ញុំ (២៤ កុម្ភៈ ១៩៧៩- ២៤ កុម្ភៈ ២០១៩) ។

កាលពី​លើក​មុន​ខ្ញុំ​បាន​សរសេរ​រៀបរាប់​ត្រួស​ៗ​មួយ​ចំនួន​រួច​មក​ហើយ​លើ​ការ​ជួប​ហើយ​ព្រាត់ និង​ព្រាត់​ហើយ​ជួប ។ លើក​នេះ​ខ្ញុំ​ខិតខំ​សរសេរ​បំពេញបន្ថែម​នូវ​រឿងរ៉ាវ​បន្ទាប់​ពី​កូនប្រុស​កំសត់​បាន​ស្លាប់​យ៉ាង​វេទនា កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ហើយ​ដែល​ខ្ញុំ​បាន​សរសេរ​នូវ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា (​ការ​ឈឺចាប់​ដែល​មិន​អាច​បំភ្លេច​បាន​) ។ សម្តេច​បញ្ជាក់​ថា «​ខ្ញុំ​គួរ​រំលឹក​ថា បន្ទាប់​ពី​មិន​អាច​សុំ​ការ​អនុញ្ញាត​ពី​មេបញ្ជាការ​ឃោរឃៅ ដើម្បី​យកស​ពកូន​ទៅ​កប់​និង​នៅ​ថែទាំ​ភរិយា​ដែល​ទើប​សម្រាលកូន​បាន ខ្ញុំ​ត្រូវ​បង្ខំចិត្ត​ធ្វើ​ដំណើរ​ជាមួយ​មេបញ្ជាការ​រូប​នេះ ទៅ​ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ (​ពេល​នោះ​គេ​បង្កើត​ជា​ស្រុក​ពាមជីលាំង​) ។ យើង​សម្រាក និង​ធ្វើការ​នៅ​ទីនោះ​មួយ​យប់ និង​មួយ​ព្រឹក ។ ពេល​រសៀល​យើង​បាន​ធ្វើ​ដំណើរ​ត្រឡប់​មក​អង្គភាព​វិញ​ដោយ​ឆ្លងកាត់​តាម​មន្ទីរពេទ្យ​ស្រុក​មេមត់ ដែល​ភរិយា​ខ្ញុំ កំពុង​សម្រាក​នៅ​ទីនោះ ។

ក្នុង​ពេល​ធ្វើ​ដំណើរ​ខ្ញុំ​បាន​ខិតខំ​សុំ​មេបញ្ជាការ​រូប​នេះ​ជា​ថ្មី​ម្តងទៀត ដើម្បី​បាន​នៅ​មើលថែ​ភរិយា​របស់ខ្ញុំ​» ។ សម្តេច​បន្ត​ថា តែ​សំណើរ​ដដែល​ចម្លើយ​ក៏​ដដែល​ដែរ ដែល​ធ្វើ​អោយ​ខ្ញុំ​ស្ទើរតែ​ទ្រាំ​លែង​បាន​បម្រុង​ដក​កាំភ្លើង​បាញ់​ក្បាល​អា​ចង្រៃ​នេះ ប៉ុន្តែ​ការ​អត់ធ្មត់ គឺជា​រឿង​ចាំបាច់ ដើម្បី​ធានា​ដល់​ការ​រស់រាន​មានជីវិត​សម្រាប់​ការ​តស៊ូ​មួយ​ដែល​ខ្លួន​បាន​រៀបចំ​បណ្តាញសម្ងាត់​មួយ​ចំនួន​រួច​មក​ហើយ ។ ម៉ោង​ប្រមាណ​ជាង​៤​ល្ងាច​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ ពេល​ម៉ូតូ មក​ដល់​មន្ទីរពេទ្យ ខ្ញុំ​ឈប់​ម៉ូតូ​ដោយ​មិន​ចាំបាច់​សុំ​ច្បាប់ ព្រោះ​ខ្ញុំ​ជា​អ្នក​ជិះ​ស្រាប់ ។ ខ្ញុំ​ដើរទៅ​បន្ទប់​ដែល​ភរិយា​ខ្ញុំ​សម្រាក ពិនិត្យ​ឃើញ​រ៉ា​នី​ហើម​ខ្លួន ។

ដោយសារ​រ៉ា​នី​ជា​គ្រូពេទ្យ​ឆ្មប​ស្រាប់​គាត់​បាន​ប្រាប់​ខ្ញុំ​ថា អាច​នៅ​សល់​សុក​ដែល​ពេទ្យ​ទម្លាក់​មិន​អស់ ។ ពីរ​នាក់​ប្តី​ប្រពន្ធ​យើង​ពុំ​មាន​អ្វី​ក្រៅពី​មើល​មុខ​គ្នា​ដោយ​ទឹកភ្នែក​នោះ​ទេ គឺ​ទឹកភ្នែក​អាណិត និង​ស្តាយ​កូន​ដែល​ស្លាប់​ទៅ​ទឹកភ្នែក​ដែល​មិន​បាន​នៅ​ថែទាំ​ភរិយា​ដែល​ទើប​ឆ្លងទន្លេ តែ រ៉ា​នី ហាក់ដូច​រឹងប៉ឹង​ជាង​ខ្ញុំ និង​យល់​ពី​ការងារ​ដែល​ខ្ញុំ​ត្រូវធ្វើ​ទោះជា​ខ្ញុំ​មិន​ដែល​ប្រាប់​នាង​ក៏​ដោយ ។ ខ្ញុំ​ចាកចេញ​ទាំង​ទឹកភ្នែក ហើយ​ក៏​មិន​បាន​សួរ​រក​ទីកន្លែង​ដែល​គេ​កប់​សាកសព​កូន​ខ្ញុំ​ដែរ ។ ពេល​ត្រឡប់​ទៅ​ដល់​អង្គភាព​វិញ​ខ្ញុំ​ក៏​បាន​យក​រឿង​នេះ​ជំរាប​ទៅ​ប្រធាន​នយោបាយ​នៃ​អង្គភាព​ដែល​គាត់​ជា​មនុស្ស​ចិត្ត​បុណ្យ​ម្នាក់ ។ គាត់​បាន​អនុញ្ញាត​អោយ​ខ្ញុំ​យក​រ៉ា​នី​ទៅ​ព្យាបាល​នៅ​អង្គភាព​ដែល​បោះទីតាំង​នៅ​ភូមិ​កោះ​ថ្ម ឃុំ​ទ​ន្លូ​ង ស្រុក​មេមត់ (​ពេល​នោះ​គេ​បង្កើត​ជា​ស្រុក​ត្រ មូង​) ។

ព្រឹក​ថ្ងៃ​ទី​១២ ខែ​វិ​ច្ច​កា ឆ្នាំ​១៩៧៦ ខ្ញុំ​ខិតខំ​ទៅ​កាន់​មន្ទីរពេទ្យ​តាំងពី​មេឃ​មិន​ទាន់​ភ្លឺ ដើម្បី​នាំ​យក រ៉ា​នី មក​កាន់​អង្គភាព ។ ពិតជា​សំណាង​សម្រាប់​រ៉ា​នី ដែល​ខ្ញុំ​បាន​នាំ​នាង​មក​អោយ​ឆ្មប​បុរាណ​កាយ​ទម្លាក់​សុក​ចេញ​ទាន់​ពេល បើ​ពុំនោះ​ទេ​នឹង​ទៅ​ជា​ក្រឡាភ្លើង និង​ឈាន​ដល់​ស្លាប់​មិន​ខាន ។ សម្តេច​បញ្ជាក់​បន្ថែម​ថា «​ពេល​នោះ​ទោះបីជា​លំបាក​តែ​ខ្ញុំ​បាន​មើលថែ​ទាំ រ៉ា​នី ដោយ​ផ្ទាល់​ដៃ ។ ខ្ញុំ​មើលថែ​ទាំ និង​បម្រើ​រ៉ា​នី ដូច​ថែទាំ​ម្តាយ​ចាស់ មិន​ត្រឹមតែ​បាយ​ទឹក​ទេ សូ​ម្បី​តែ​សម្លៀក​បំពាក់​ក៏​ខ្ញុំ​ត្រូវ​បោកគក់​ជូន​គាត់​ដែរ ។ ខ្ញុំ​បាន​បំពេញ​មុខងារ​ជា​ប្តី​យ៉ាង​ពិតប្រាកដ​។ ខ្លុំ​ក្លាយជា​អ្នកចេះ​ផ្សំ​ថ្នាំខ្មែរ ដើម្បី​សុខភាព​របស់​ភរិយា ។

អ្វី​ៗ​គ្រប់យ៉ាង​ខ្ញុំ​ត្រូវធ្វើ​ដោយ​ផ្ទាល់​ដៃ​ប្រហែល​ជាង​កន្លះ​ខែ​» ។ សម្តេច​លើក​ឡើង​ទៀត​ថា ខ្ញុំ​តែង​លួច​យំ​អាណិត​ប្រពន្ធ​ដែល​ខំ​មក​តាម​ប្តី​ដោយ​លំបាក​វេទនា តែ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​រ៉ា​នី​ទេ ដូចនេះ​បានជា​ខ្ញុំ​មិន​នាំ​គាត់​និយាយ ឬ​រំលឹក​ពី​រឿង​កូន​ស្លាប់ ឬ​រឿង​ណា​ដែល​មិន​សប្បាយចិត្ត​នោះ​ឡើយ ។ ទោះបីជា​ជួប​ការ​លំបាក​តែ​នេះ​ជា​លើក​ដំបូង​ដែល​ខ្ញុំ​បាន​រស់នៅ​ជាមួយ រ៉ា​នី លើស​ពី​មួ​យស​ប្តា​ហ៍ បន្ទាប់​ពី​រៀប​ការ​ហើយ ។ មក​ដល់​ខែមករា ឆ្នាំ​១៩៧៧ រ៉ា​នី មាន​ផ្ទៃពោះ​សារ​ជា​ថ្មី​ម្តងទៀត ដែល​ខុស​ជាមួយ​បំណងប្រាថ្នា​របស់ខ្ញុំ ព្រោះ​មិន​គួរ​មានកូន​ក្នុង​កាលៈទេសៈ​បែប​នេះ​ទេ ។ ខ្ញុំ​បាន​ត្រៀមខ្លួន​រួច​ហើយ ដើម្បី​វាយ​ពួក​ប៉ុ​ល​ពត ក្នុង​ពេល​ដែល​ភរិយា​មាន​ផ្ទៃពោះ ប្រសិនជា​ការ​ប្រយុទ្ធ​កើតឡើង តើ​ប្រពន្ធ និង​កូន​របស់ខ្ញុំ​ទៅ​ជា​យ៉ាងណា0x017d7 ។

សម្តេច​គូសបញ្ជាក់​ថា «​ខ្ញុំ​ចង់​រស់នៅ​ជាមួយ​ភរិយា​ខ្ញុំ តែ​ខ្ញុំ​មិន​ចង់​ឃើញ​ភរិយា និង​កូន​ខ្ញុំ​មាន​គ្រោះថ្នាក់​នៅ​ពេល​មានការ​ប្រយុទ្ធ​កើតឡើង ។ ខ្ញុំ​បាន​ទៅ​សុំ​ប្រធាន​នយោបាយ​អង្គភាព ដើម្បី​បញ្ជូន​រ៉ា​នី​ទៅ​ធ្វើការ​នៅ​មន្ទីរពេទ្យ​កងទ័ព​ដែល​មា​នទី​តាំងនៅ​ភូមិ​សំរោង ឃុំ​ដារ ស្រុក​មេមត់ ឃ្លាត​ពី​អង្គភាព​ខ្ញុំ​ជាង​៣០​គីឡូម៉ែត្រ ។ បែក​គ្នា​លើក​មុន​ៗ​ត្រូវ​បាន​អង្គការ​ជា​អ្នក​បំបែក តែ​បែក​គ្នា​លើក​នេះ ខ្ញុំ​ជា​អ្នក​រៀបចំ​ដោយ​ខ្លួនឯង ដើម្បី​ត្រៀមលក្ខណៈ​សម្បត្តិ​វាយ​ពួក​បន ប្រល័យពូជសាសន៍​ប៉ុ​ល ពត​» ។ សម្តេច​លើក​ឡើង​ទៀត​ថា « ខ្ញុំ​ជួប​រ៉ា​នី ចុង​ក្រោយ គឺ​ថ្ងៃ​១៨ ខែមិថុនា ឆ្នាំ​១៩៧៧ គឺ​មុន​២​ថ្ងៃ​ដែល​ខ្ញុំ​ចាកចេញ ដើម្បី​ដឹកនាំ​ចលនា​តស៊ូ​វាយ​ពួក​ប៉ុ​ល ពត ។

ខ្ញុំ​បាន​សម្រេចចិត្ត​ច្បាស់លាស់​ហើយ តែ​ខ្ញុំ​មិន​និយាយ​ប្រាប់ រ៉ា​នី​នោះ​ទេ ។ ការ​មិន​និយាយ​ប្រាប់ មិន​មាន​ន័យ ថា ខ្ញុំ​មិន​ទុកចិត្ត​ភរិយា​ខ្ញុំ​នោះ​ឡើយ តែ​បញ្ហា​សំខាន់ គឺ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​ភរិយា ខ្ញុំ​ហូរ​ស្រក់​មក​មិន​ចង់អោយ​ភរិយា​ខ្ញុំ​ទទួល​រង​នូវ​ការ​វាយប្រហារ​ខាង​ផ្លូវចិត្ត​ភ្លាម​ៗ​សម្រាប់​រឿង​មួយ​ដែល​មិន​ទាន់​បាន​កើតឡើង​នៅឡើយ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ