ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ពី​​ឆ្នាំ​១៩៥៥ ​ខឿន​អប់រំ​ឧត្តម​សិក្សា​នៅ​កម្ពុជា​រីក​ចម្រើន

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាល​ពី​ថ្ងៃ​ទី​៣ មីនា ​នៅ​រាជ​បណ្ឌិត្យ​​សភា​​កម្ពុជា​មាន​រៀប​ចំ​ពិធី​ការ​ពារ​និក្ខេប​បទ​ស្តី​ពី ប្រព័ន្ធ​ឧត្តម​សិក្សា​នៅ​កម្ពុជា​ពី​ឆ្នាំ​១៩៥៥ ដល់​បច្ចុ​ប្បន្ន​​ដោយ​បេក្ខ​ជន​បណ្ឌិត​​ចៅ លិន ។ ​លោក​ចៅ​ លិន បាន​​ឱ្យ​ដឹង​ថា គោល​បំណង​នៃ​ការ​​ស្រាវ​ជ្រាវ​​លើ​ប្រធាន​បទ​នេះ គឺ​លោក​ចង់​សង្កត់​ធ្ងន់​​ទៅ​លើ​ការ​អប់រំ​ឧត្តម​សិក្សា​កម្ពុជា​ពី​ឆ្នាំ​​១៩៥៥ មក​ដល់​សព្វថ្ងៃ​នេះ​ក្នុង​អត្ថ​ន័យ​រក​ឱ្យ​ឃើញ​​នូវ​វិស័យ​​អប់រំ​ឧត្តម​សិក្សា​​មួយ​​ដែល​បណ្តុះ​បណ្តាល​​ប្រកប​ដោយ​គុណ​ភាព​ខ្ពស់​ អាច​ឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​​នៃ​ទី​ផ្សារ​​ការ​ងារ​នៅ​ក្នុង​សង្គម ។

លោក​ចៅ លិន ​បាន​បន្ត​ថា នៅ​ក្រោយ​ឆ្នាំ​១៩៥៥ ខៀន​អប់រំ​ឧត្តម​សិក្សា​នៅ​​កម្ពុជា បាន​ចាប់​ផ្តើម​​ដំណើរ​ការ​​អភិ​វឌ្ឍ​​គួរ​ឱ្យ​កត់​សំគាល់​​ ព្រោះ​គិត​មក​ដល់​​ឆ្នាំ​១៩៧០ ​កម្ពុជា​មាន​​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​ដល់​ទៅ​៩​កន្លែង​​ទៅ​ហើយ ​គឺ​រាជ​​ធានី​ភ្នំពេញ ៦​កន្លែង ​និង​តាម​បណ្តា​ខេត្ត​មាន​៣​កន្លែង​ទៀត ។ ការ​បណ្តុះ​បណ្តាល​ធន​ធាន​មនុស្ស​នៅ​ពេល​នោះ​សុទ្ធ​តែ​អាចឆ្លើយ​តប​បាន​ទៅ​នឹង​តម្រូវ​ការ​នៃ​ទី​ផ្សារ​អភិ​វឌ្ឍ​សង្គម​​លើ​គ្រប់​វិស័យ​​​មិន​ចាញ់​ប្រទេស​ជិត​ខាង និង​ប្រទេស​កំពុង​អភិ​វឌ្ឍ​​លើ​សាកល​លោក​​ឡើយ ។

លោក​ចៅ ​លិន​ បញ្ជាក់​ថា ​ក្នុង​​ទស​វត្ស​ឆ្នាំ​១៩៧០ ​ដល់​ឆ្នាំ​១៩៧៥ វិស័យ​អប់រំ​​នៅ​ឧត្តម​សិក្សា​​បាន​ចុះ​ខ្សោយ​​ដោយ​សារ​សង្គ្រាម​​ ហើយ​ចាប់​​​ពី​​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ វិស័យ​អប់រំ​​​ត្រូវ​របប​ប៉ុល​ពត​បំបាត់​ចោល​ទាំង​ស្រុង ។ ​ប៉ុន្តែ​​ដល់​ឆ្នាំ​១៩៨០ ក្រោម​ការ​ដឹក​នាំ​​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​ចាប់​ផ្តើម​​កសាង​ខឿន​អប់រំ​ឧត្តម​សិក្សា​ឡើង​វិញ​ដោយ​ចាប់​ផ្តើម​ពី​បាត​ដៃ​ទទេ​​រហូត​មក​ដល់​​​សព្វ​ថ្ងៃ​នេះ ។ រយៈ​ពេល​៣០​ឆ្នាំ​កន្លង​មក​នេះ កម្ពុជា​បាន​ធ្វើ​ការ​​កំណែ​ទម្រង់​​ប្រព័ន្ធ​ឧត្តម​សិក្សា​​គឺ​ពី​ប្រព័ន្ធ​ម៉ោង​ធម្ម​តា​មក​ជា​​ប្រព័ន្ធ​​ក្រឌីត​វិញ​នៅ​តាម​​គ្រឹះ ​ស្ថាន​នានា​។ ​​គ្រឹះ​ស្ថាន​ឧត្តម​សិក្សា​នៅ​កម្ពុជា ​​ចាប់​ពី​ឆ្នាំ​១៩៩៧ មក​គ្រឹះ​ស្ថាន​​ឧត្តម​សិក្សា​ឯក​ជន​មាន​ការ​រីក​ចម្រើន​​រហូត​ដល់​ខេត្ត​ឆ្ងាយ​​ដាច់​ស្រយាល​ក៏​ត្រូវបាន​បង្កើត​ដែរ ៕