ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេចហក់ពីជាន់ទី​៤មកដី…ជាជាងសំងំ​ឱ្យ​​ភ្លើងដុតខ្លួន​ទាំង​រស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគារ​សាកលវិទ្យាល័យ​ខេមរៈ បាន​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​ជាន់​ខាងក្រោម បាន​ធ្វើ​ឱ្យ​ស្ត្រី​ជា​គ្រូបង្រៀន​ជនជាតិ​ចិន​៤​នាក់ដែល​ស្នាក់​នៅ​ជាន់​ទី​៤ភ័យ​ស្លន់ស្លោ បាន​សម្រេចចិត្ត​លោត​ចេញ​ពីលើ​អគារ​ជាន់​ទី​៤ ​តាម​បង្អួចចុះ​មក​ខាងក្រោម បណ្តាល​ឱ្យ​រង​គ្រោះ​គួរ​ឱ្យ​តក់ស្លុត បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ…

រាជធានី​ភ្នំពេញ ៖ អគារ​សាកលវិទ្យាល័យ​ខេមរៈ បាន​ត្រូវ​ភ្លើង​ឆេះ​សន្ធោសន្ធៅ​នៅ​ជាន់​ខាងក្រោម បាន​ធ្វើ​ឱ្យ​ស្ត្រី​ជា​គ្រូបង្រៀន​ជនជាតិ​ចិន​៤​នាក់ដែល​ស្នាក់​នៅ​ជាន់​ទី​៤ភ័យ​ស្លន់ស្លោ បាន​សម្រេចចិត្ត​លោត​ចេញ​ពីលើ​អគារ​ជាន់​ទី​៤ ​តាម​បង្អួចចុះ​មក​ខាងក្រោម បណ្តាល​ឱ្យ​រង​គ្រោះ​គួរ​ឱ្យ​តក់ស្លុត បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ មក​ធ្វើ​អន្តរាគមន៍​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ កុម្ភៈ សាកលវិទ្យាល័យ​ខម​រៈ ។ មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​សម្តី​បុរស​ម្នាក់​ឈ្មោះ​បា សា​វឿ​ន អាយុ​៤០​ឆ្នាំ ជា​បុគ្គលិក​និង​ស្នាក់​នៅ​ក្នុង​សាកលវិទ្យាល័យ​ខាងលើ​បាន​រៀបរាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គាត់​និង​ប្រពន្ធ​រួម​ទាំង​កូនប្រុស​ស្រី​របស់​គាត់​៤​នាក់ បាន​សម្រាក​នៅ​ក្នុង​បន្ទាប់​ជាន់​ផ្ទាល់​ដី ផ្នែក​ខាងក្រោយ​នៃ​អគារ​សាកលវិទ្យាល័យ ។ ដោយឡែក​នារី​ចំនួន​៧​នាក់​ផ្សេង​ទៀត ដែល​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ជា​គ្រូបង្រៀន និង​ជនជាតិ​ខ្មែរ​ចំនួន​៣​ទៀត​ជា​បុគ្គលិក បាន​សម្រាក​នៅ​ឯ​ជាន់​ខាងលើ ។ នៅ​ពេល​កើតហេតុ ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​សម្រាក​លង់លក់​ក្នុង​ដំណេក ស្រាប់តែ​ប្រពន្ធ​បាន​ដាស់​គាត់​ឱ្យ​ក្រោក ព្រោះ​មាន​ឮ​សំឡេង​ផ្ទុះ​នៅ​ខាងក្រៅ​បន្ទប់ ដែល​ជា​កន្លែង​បោះពុម្ព​សៀវភៅ ។

ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ងើប​ចេញ​មក​មើល ស្រាប់តែ​ឃើញ​ប្រអប់​បា​រ៉ែត​អគ្គិសនី​បាន​ផ្ទុះ​បែក​ជា​ផ្កាភ្លើង បង្ក​ឲ្យ​ឆេះ​ចេញ​ជា​អណ្ដាតភ្លើង គាត់​ក៏​ស្រែក​ឆោឡោ និង​ប្រញាប់ប្រញាល់​នាំ​ប្រពន្ធ​និង​កូន​ចេញពី​កន្លែង​កើត​ហេតុ ទៅ​ខាងក្រៅ​អគារ​សាកលវិទ្យាល័យ ។ អណ្តាតភ្លើង​ក៏​បាន​ឆេះ​រាលដាល​កាន់តែ​ខ្លាំង​ឡើង​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដែល​រស់នៅ ក្បែរ​កន្លែង​កើតហេតុ ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ ឱ្យ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍ ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នេះ​ក៏​ឃើញ​នារី​ជា​បុគ្គលិក​ជនជាតិ​ខ្មែរ ដែល​ស្នាក់​នៅ​ក្នុង​អគារ​សាកល​វិទ្យា​ល័យ​ខាងលើ​បាន​រត់​ចេញ​មក​ខាងក្រៅ​ដោយ​សុវត្ថិភាព ។ ចំណែកឯ​ស្ត្រី​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ទៀត មិនឃើញ​រត់​ចេញ​មក​ទេ ។

មួយសន្ទុះ​ក្រោយមក​ ខណៈ​ពេល​អណ្ដាតភ្លើង​កំពុង​តែ​ឆេះ​កាន់តែ​ខ្លាំង​រួម​ទាំង​ផ្សែង​ក៏​បាន​ហុយ​ខ្មួលខ្មាញ់​ពេញ​អគារ ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ចិន​ទាំង​បួន​នាក់​នោះ បាន​អើត​ចេញ​មក​តាម​បង្អួច​នៅ​ជាន់​ទី​៤​នៃ​អគារ ដោយ​ស្រែក​ដង្ហោយហៅ​ឱ្យ​គេឯង​ជួយ និង​បំរុង​លោត​ចុះ​មក​ខាង​ក្រោម តែ​ត្រូវ​អ្នក​នៅ​ខាង​ក្រោម​ស្រែក​ហាមឃាត់​មិន​ឱ្យ​លោត​ព្រោះ​ខ្លាច​គ្រោះថ្នាក់ ។ ភ្លាម​ៗ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​បាន​មក​ដល់​កន្លែង​កើតហេតុ ក៏​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​តែ​ម្តង ប៉ុន្តែ​គ្មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​ជួយ​សង្គ្រោះ​យក​ស្ត្រី​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​នោះ​ទេ ។

រហូត​ដល់​ម៉ោង​១​និង​៣៥​នារី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ដោយ​ភាព​ភ័យ​ខ្លាច​របស់​ជន​រង​គ្រោះ ទើប​បណ្តាល​ឲ្យ​ស្ត្រី​២​នាក់​បាន​សម្រេចចិត្ត លោត​ចុះ​តាម​បង្អួច​ពី​ជាន់​ទី​៤​មក​ទើរ​នៅ​វេរ៉ង់ដា​ជាន់​ទី​២ និង​បន្ត​លោត​ចុះ​មក​ជាន់​ផ្ទាល់​ដី​ជា​បន្តបន្ទាប់​គ្នា បណ្តាល​ឱ្យ​រង​របួស​ទាំង​ពីរ​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​សម្ភព​រស្មី ដឹក​យក​ទៅ​សង្គ្រោះ​ម្នាក់ និង​ម្នាក់​ទៀត​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​មហានគរ ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្ដង ។

មួយ​ស្ទុះ​ក្រោយមក​អ្នក​រស់នៅ​ជិត​នោះ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​យក​ជណ្ដើរ ទៅ​ដាក់​ពីលើ​រថយន្ដ​ពន្លត់​អគ្គិភ័យ​ដើម្បី​ឡើង​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​២​នាក់​ទៀត ដែល​ជាប់​នៅ​ជាន់​ទី​បួន​ខាងលើ ប៉ុន្តែ​ដោយសារ​ខ្វះ​ជំនាញ​ក្នុង​ការ​ជួយ​សង្គ្រោះ ក៏​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ទាំង​២​នាក់​ធ្លាក់​ចុះ​មក​ទើរ​វេរ៉ង់ដា​ជាន់​ទី​២​រង​របួស​ម្នាក់ និង​ម្នាក់​ទៀត​ដែល​ធ្លាក់​ក្រោយ​គេ​រង​របួស​បែកក្បាល ។

ទាល់តែ​ជន​រង​គ្រោះ​ទាំង​៤​នាក់ ធ្លាក់​មក​ដល់​ជាន់​ក្រោម​អស់ហើយ ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​យក​ជណ្ដើរ​សង្គ្រោះ ទៅ​ដល់​ធ្វើការ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ចុះ​ពី​ជាន់​ទី​២​មក​ខាងក្រោម ត្រូវ​បាន​រថ​យន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​សម្ភព​រស្មី​ដឹក​យក​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​កន្លែង​កើតហេតុ​សរុប​ចំនួន​១៥​គ្រឿង បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៥​គ្រឿង ភ្លើង​ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​២​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មានការ​ឆេះ​រាលដាល ដល់​ផ្ទះ​ដែល​នៅ​ក្បែរ​ខាង​នោះ​ទេ គឺ​ឆេះ​ខូចខាត​តែ​មួយ​ផ្នែក​ក្នុង​អគារ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រោយ ដែល​មាន​ទំហំ​ប្រមាណ​២០​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដូច​ជា ម៉ូតូ​ពីរ​គ្រឿង ម៉ាស៊ីន​ហ្សូ​តូ​ចំនួន​៤​គ្រឿង កុំព្យូទ័រ​ចំនួន​១៥​គ្រឿង រួម​ទាំង​សម្ភារ​មួយ​ចំនួន​ធំ​ទៀត​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ។ ចំពោះ​មូលហេតុ​គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី ដែល​នៅ​ក្នុង​កន្លែង​បោះពុម្ព​សៀវភៅ នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រោយ​នោះ ។

ទាក់ទិន​នឹង​អគ្គិភ័យ​ខាងលើ​នេះ​អ្នក​រស់នៅ​ជិតខាង​បាន​រិះគន់​ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​ចេញ​មក​ជួយ​អន្តរាគមន៍ មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ ឲ្យ​បាន​ទាន់​ពេលវេលា​សូ​ម្បី​ជណ្តើរ​ក៏​គ្មាន ដែល​នេះ​ជា​មេរៀន​មួយ​សម្រាប់​ក្រុម​អ្នក​សង្គ្រោះ គប្បី​កែ​លម្អ​លើ​មុខ​ជំនាញ​របស់​ខ្លួន​ឡើង​វិញ​ហើយ ។

អគ្គិភ័យ​ឆេះ​ផ្ទះ​លក់​គ្រឿងសង្ហារិម​នៅ​ផ្លូវ​២០០៤នៅ​វេលា​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ថ្ងៃ​២២​កុម្ភៈ អគ្គិភ័យ​មួយ​បាន​ឆេះ​ផ្ទះ​លក់​គ្រឿងសង្ហារិម​យ៉ាង​សន្ធោសន្ធៅ ដែល​មា​នទី​តាំងនៅ​ផ្លូវ​លេខ​២០០៤ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ តាម​ប្រភព​ព័ត៌មាន​ថា ផ្ទះ​លក់​គ្រឿងសង្ហារិម​នេះ​ធ្វើ​ទ្វារ​បង្អួច​មាន​៣​ផ្ទះ ហើយ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង​២​ផ្ទះ និង​ផ្ទះ​មួយទៀត​ត្រូវ​បាន​ពន្លត់​ទាន់​ពេល ។អគ្គិភ័យ​នេះ​ត្រូវ​បាន​ពន្លត់​ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង​១០​គ្រឿង​និង​រលត់​ទៅ​វិញ​នៅ​ម៉ោងជាង​៦​ល្ងាច ។ ចំពោះ​មូលហេតុ​នៅ​មិន​ទាន់​ដឹង​ថា បណ្ដាល​មក​ពី​អ្វី​នៅឡើយ​ទេ​គិត​ត្រឹម​ម៉ោង​ដដែល​នេះ ៕

អត្ថបទសរសេរ ដោយ