ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន​នឹង​ទទួល​ពលករ​កម្ពុជា​ទៅ​ធ្វើការ​ចាប់ ពី​ខែមេសា​តទៅ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​តទៅ ប្រទេស​ជប៉ុន​នឹង​បើក​ទីផ្សារ​ទទួល​ពលករ​ពី​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ជា​ដៃគូ…

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា ចាប់ពី​ខែមេសា ឆ្នាំ​២០១៩ ខាង​មុខ​តទៅ ប្រទេស​ជប៉ុន​នឹង​បើក​ទីផ្សារ​ទទួល​ពលករ​ពី​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ជា​ដៃគូ ដើម្បី​បម្រើ​ការងារ នៅ​ក្នុង​ប្រទេស​ជប៉ុន ។

ក្រោយ​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក HORINOUCHI HIDEHISA ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​ជប៉ុន​ស្តី​ពី « ពលករ​ជំនាញ » កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៩ នា​ទីស្តីការក្រសួង​ការងារ លោក អុ​ិ​ត សំ​ហេង រដ្ឋមន្ដ្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន ថា ការ​ចុះ​កិច្ចព្រមព្រៀង​លើ​ប្រព័ន្ធ​ថ្មី​របស់​ជប៉ុន​នេះ គឺ​ដើម្បី​ទទួល​ពលករ​កម្ពុជា​ឱ្យទៅ​ធ្វើការ​នៅ​ជប៉ុន​ជា​លក្ខណៈ​ពលករ​ពេញ​សិទ្ធិ មិនមែន​ជា​កម្មសិក្សាការី​ដូច​មុន​ទៀត​ទេ ។

លោក​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ថ្មី​នេះ​ត្រូវ​អនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​តទៅ ហើយ​ការ​បញ្ជូន​ពលករ​ដែល​មាន​ជំនាញ​ខ្ពស់​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន តាម​កំណែទម្រង់​ច្បាប់​ថ្មី​របស់​ជប៉ុន ។ លោក​រដ្ឋមន្ដ្រី​បន្ដ​ថា ៖« នេះ​ជា​ឱកាស​ថ្មី​មួយ​ដែល​ជប៉ុន បើក​ទូលាយ​ក្នុង​ការ​ទទួលយក​ពលករ​ពេញ​សិទ្ធិ​ពី​កម្ពុជា ក៏​ដូច​ជា​ពី​បណ្តា​ប្រទេស​ជា​ដៃគូ​នានា ដើម្បី​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន » ។ លោក​រដ្ឋមន្ត្រី​បន្ដ​ថា ការ​ធ្វើ​ច្បាប់​ថ្មី​របស់​ជប៉ុន​នេះ ក៏​ដើម្បី​បំពេញតម្រូវការ​ដែល​កំពុង​ខ្វះខាត​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន​ដែរ ជា​ពិសេស​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ ក៏​ជា​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា និង​បណ្តា​ប្រទេស​នានា​ក្នុង​កា​រប​ញ្ចូ​ន​ពលករ​ក្នុង​ការ​ទទួល​បានការ​ងារ​ក៏​ដូច​ជា ហ្វឹកហ្វឺន​ជំនាញ​វិជ្ជាជីវៈ ដែល​មាន​កម្រិត ខ្ពស់​នៅ​ក្នុង​ប្រព័ន្ធ​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ ។

លោក​បាន​លើក​ឡើង​ថា ដើម្បី​អនុវត្ត​កិច្ចការ​នេះ ភាគី​ជប៉ុន​បាន​លើក​ឡើង​ពី​ប្រព័ន្ធ​ថ្មី នឹង​ចាប់​អនុវត្ត​ចាប់ពី​ខែមេសា ឆ្នាំ​២០១៩​តទៅ ខណៈ​ដែល​កន្លង​មក​ប្រទេស​ទាំង​ពីរ​បាន ធ្វើការ​ជាមួយ​គ្នា​ដើម្បី​រៀបចំ​អនុស្សរណៈ​នៃ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​គ្នា​ទាក់ទង​នឹង​ការ​ជ្រើសរើស​បណ្តុះបណ្តាល និង​បញ្ជូន​ពលករ​ទៅ​ប្រទេស​ជប៉ុន ។ លោក​បន្ថែម​ថា ចំពោះ​ពលករ​ទៅ​ធ្វើការ​នៅ​ក្នុង​ប្រទេស​ជប៉ុន​បន្ទាប់​ពី​ចុះ​កិច្ចព្រមព្រៀង​ទៅ គឺ​ស្ថិត​ក្នុង​កម្រិត​ជា​ពលករ​ជំនាញ មិន​ដូច​មុន​ទេ​គឺជា​កម្មសិក្សាការី ហើយ​កម្មសិក្សាការី​ខុស​ពី​ពលករ គឺ​កម្មសិក្សាការី​ទទួល​បាន​ប្រាក់ខែ​តាម​កម្មសិក្សាការី ។ ចំណែក​ពលករ​វិញ គឺ​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​ជាង​កម្មសិក្សាការី​។ ជាង​ពលករ​ត្រូវ​ចេញ​ភាសា​ជប៉ុន និង​ជំនាញ​ផង​ដែរ​។ លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ពី​ការ​ខិតខំ​ប្រឹងប្រែង​ដែល​ប្រទេស​ជប៉ុន បាន​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា តាម​រយៈ​ការ​កែសម្រួល​ច្បាប់​ថ្មី​របស់​ជប៉ុន ដែល​អនុញ្ញាត​ឱ្យ​ពលករ​អាច​ដាក់​ពាក្យ​ទទួល​បាន​ទិដ្ឋាការ​កា​ងារ​(Working Visa)​ដែល​ពី​មុន​ពលករ​ទទួល​បាន​ត្រឹមតែ​ជា​កម្មសិក្សាការី​ប៉ុណ្ណោះ​។

លោក​បាន​ចាត់​ទុក​ប្រព័ន្ធ​ថ្មី​នេះ នឹង​ផ្តល់​ឱកាស​ដល់​ពលករ​កម្រិត​ជំនាញ និង​កម្រិត បច្ចេកទេស​ដែល​អាច​ចូល​ទៅ​បំពេញតម្រូវការ​កង្វះខាត​កម្លាំង​ពលកម្ម​ទៅ​ប្រទេស​ជប៉ុន​បន្ថែម​ទៀត​។ គិត​ត្រឹម​ខែធ្នូ ឆ្នាំ​២០១៨​កន្លង​មក កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី​សរុប​ជាង​៩​ពាន់​នាក់ ដែល​បាន​ទៅ​ធ្វើ​កម្មសិក្សា និង​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ដោយ​ពលករ​ម្នាក់​ៗ​ទទួល​បាន​ប្រាក់​ឈ្នួល​ជា មធ្យម​ប្រមាណ​១.៥០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ខែ ។

សូម​បញ្ជាក់​ថា ភាគី​ទាំង​កម្ពុជា និង​ជប៉ុន បាន​ឯកភាព​ជំរុញ​ឱ្យ​ក្រុមការងារ​បច្ចេកទេស ពិនិត្យ​កែសម្រួល​សេចក្តី​ព្រាង​អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ​ឱ្យ​បាន​ឆាប់ ក្នុង​គោលបំណង​ដើម្បី​បង្កើន​ទីផ្សារ​ការងារ និង​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​។ ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រីក្រសួង​ការងារ គ្រោង​នឹង​ដឹកនាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ពិធី​ចុះហត្ថលេខា អនុស្សរណៈ​យោគយល់​គ្នា​លើ​កិច្ច​សហប្រតិបត្តិការ នៅ​ទីក្រុង​តូ​ក្យូ​ក្នុង​អំឡុង​ស​ប្តា​ហ៍​ទី​៣ ខែមីនា ឆ្នាំ​២០១៩​ខាង​មុខ​នេះ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ