ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​វៀតណាម​កើត​ជំងឺ ក្រសួង​ប្រកាស​រឹត​បន្ដឹង​ការ​នាំ​ចូល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​ទៅ​ប្រធាន​ពេទ្យសត្វ​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ត្រូវ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​នាំ​សត្វ​ជ្រូក និង​សាច់ក្រក​ជាដើម​ពី​ប្រទេស​វៀតណាម​ចាប់ពី​ពេល​នេះ​ទៅ…

រាជធានី​ភ្នំពេញ ៖ មន្ត្រី​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ប្រាប់​ទៅ​ប្រធាន​ពេទ្យសត្វ​នៅ​តាម​បណ្ដា​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស ត្រូវ​រឹត​បន្តឹង​ការ​ត្រួតពិនិត្យ​ទៅ​លើ​ការ​នាំ​សត្វ​ជ្រូក និង​សាច់ក្រក​ជាដើម​ពី​ប្រទេស​វៀតណាម​ចាប់ពី​ពេល​នេះ​ទៅ ខណៈ​បច្ចុប្បន្ន​ជ្រូក​វៀតណាម​កំពុង​កើត​ជំងឺ​ប៉េ​សអា​ហ្រិ​ក ។

លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ផ្ញើ​សារ​ជា​បន្ទាន់​ទៅ​កាន់​មន្ទីរ​កសិកម្ម​នៅ​គ្រប់​ខេត្ត​-​ក្រុង​ទូ​ទាំង​ប្រទេស​ឱ្យ​ពិនិត្យ​យ៉ាង​ហ្មត់ចត់ ទៅ​លើ​លិខិត​នាំ​ចូល​សត្វ​ជ្រូក​ទាំងឡាយ​ពី​ប្រទេស​វៀតណាម ដែល​បញ្ជាក់​ពី​សុខភាព​សត្វ និង​ពិនិត្យ​មើល​ឱ្យ​បាន​ច្បាស់​ទៅ​លើ​សត្វ​ជ្រូក​ទាំងឡាយ ដែល​នាំ​ចូល​ទាំងនោះ ថា​តើ​មាន​រោគ​សញ្ញា​នៃ​ជំងឺឆ្លង​ដែរ​ឬ​ក៏​អត់ នៅ​មុន​ពេល​អនុញ្ញាត​ឱ្យ​ចូល​មក​កម្ពុជា ។

លោក​បញ្ជាក់​ថា ក្រៅពី​នេះ ក្រសួងកសិកម្ម​ក៏​បាន​ណែនាំ​ឱ្យ​មន្ត្រី​ជំនាញ​ត្រួតពិនិត្យ​ចំពោះ​ការ​នាំ​ចូល​សាច់ក្រក​ជា​រូបភាព​តូច​ៗ​ផង​ដែរ ។ វិធានការ​តឹងរ៉ឹង​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ដូចនេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា ៖« មាន​សត្វ​ជ្រូក ក្នុង​កសិដ្ឋាន​៣​កន្លែង នៅ​ក្នុង​ខេត្ត​ហុង​អៀន​(Hung Yen) និង​ខេត្ត​ថា​យ​ប៊ិ​ញ ( Thai Binh) ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ហាណូយ មាន​កើត​ជំងឺ​ប៉េ​ស​អាហ្វ្រិក ដែល​ជា​ប្រភេទ​ជំងឺឆ្លង »​។ លោក តាន់ ផា​ន់​ណា​រ៉ា បាន​អះអាង​ថា ៖« បច្ចុប្បន្ន​នេះ​កម្ពុជា​នៅ​មិន​ទាន់​មាន​ជ្រូក​កើត​ជំងឺឆ្លង​ប្រភេទ​ប៉េ​ស​អាហ្វ្រិក​នៅឡើយ​ទេ ហើយ​ជំងឺ​ជ្រូក​នៅ​វៀតណាម​នោះ ក៏​មិន​ជះ​ឥទ្ធិពល​ដល់​កម្ពុជា​ដែរ ព្រោះតែ​ទីក្រុង​ហាណូយ​នៅ​ឆ្ងាយ​ពី​កម្ពុជា​ប្រមាណ​ជាង​១.៥០០​គីឡូម៉ែត្រ »​។
ទោះបីជា​យ៉ាងណា លោក​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក៏​បាន​កោះ​ប្រជុំ​ភ្លាម​ដែរ ដើម្បី​រក​មធ្យោបាយ​ទប់ទល់​នឹង​ជំងឺ​ជ្រូក​នេះ មិន​ឱ្យ​ចូល​មក​កម្ពុជា ។

លោក​មាន​ប្រសាសន៍​ថា ៖« បច្ចុប្បន្ន​ក្រសួងកសិកម្ម​កំពុង​ពិចារណា​ទៅ​លើ​ការ​បង្វែរ​ទិស​ដៅ​នៃ​ការ​នាំ​ជ្រូក​ពី​ប្រទេស​ថៃ​ជំនួស​វិញ ខណៈ​នៅ​ក្នុង​ពេល​ដែល​ប្រទេស​វៀតណាម មាន​ជ្រូក​កើត​ជំងឺឆ្លង​នេះ »​។ យោង​តាម​ក្រសួងកសិកម្ម បច្ចុប្បន្ន​នេះ គេ​មិន​អាច​បិទ​ការ​នាំ​សត្វ​ជ្រូក​ពី​ក្រៅប្រទេស​ចូល​មក​កម្ពុជា​បាន​ទាំងស្រុង​ទេ ដោយសារ​តែ​ការ​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ពុំ​អាច​ផ្គត់ផ្គង់​ទីផ្សារ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​នៅឡើយ ។ ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក ដែល​កំពុង​កើត​នៅ​ប្រទេស​វៀតណាម​ខាងជើង​នេះ គឺជា​ប្រភេទ​ជំងឺឆ្លង ប៉ុន្តែ​វា​មិន​អាច​ចម្លង​ពី​សត្វ​មក​ប៉ះពាល់​ដល់​មនុស្ស​បាន​ទេ គឺ​វា​អាច​ឆ្លង​ពី​សត្វ​ទៅ​សត្វ​ដទៃ​ទៀត ប្រសិនបើ​មិន​មាន​វិធានការ​ការពារ ។

អនុប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា លោក ជេ​ត ភី​រម្យ បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា និង​សហការ​ជាមួយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ទប់ស្កាត់​ពី​ការ​ឆ្លង​ជំងឺ​នេះ​មក​កាន់​ជ្រូក​កម្ពុជា ពិសេស​ការ​រឹត​បន្តឹង​ដល់​ការ​នាំ​ចូល​ជ្រូក និង​ផលិតផល​សម្រេច​ពី​សាច់​ជ្រូក​ជាដើម ។ លោក​មាន​ប្រសាសន៍​ថា ៖« សព្វ​ថ្ងៃនេះ យើង​នាំ​ចូល​ជ្រូក​តែ​ពី​ប្រទេស​ថៃ​ទេ ហើយ​ការ​នាំ​ចូល​ពី​វៀតណាម​លែង​មាន​ទៀត​ហើយ ព្រោះ​វៀតណាម​គេ​មាន​គោលការណ៍​មួយ គឺ​ចិញ្ចឹម​មិន​ឲ្យ​លើស​ពី​តម្រូវការ អីចឹង​ហើយ​ទើប​មិន​មាន​ជ្រូក​សម្រាប់​នាំ​ចូល​កាន់​ទីផ្សារ​យើង​ដូច​មុន​ទៀត ។ ដូច្នេះ ខណៈ​យើង​នៅ​តែ​មាន​ទំនាក់ទំនង​ទីផ្សារ​អន្តរជាតិ​ក្នុង​វិស័យ​នេះ យើង​ត្រូវ​តែ​ពិនិត្យ​ឲ្យ​បាន​ខ្លាំង​ថែម​ទៀត ដើម្បី​បង្ការ​ពី​ការ​ឆ្លង​ជំងឺ​ដែល​កំពុង​រាលដាល​នោះ »​។

បច្ចុប្បន្ន​នេះ​ស្ថានភាព​ទីផ្សារ​ជ្រូក​ក្នុងស្រុក​កំពុង​តែ​ប្រសើរ​ឡើង​វិញ ហើយ​កសិករ​ក៏​ដូច​ជា​ក្រុមហ៊ុន​ធំ​ៗ​ក៏​បាន​និង​កំពុង​ពង្រីក​ការ​ចិញ្ចឹម​ឡើង​វិញ​ដើម្បី​ផ្គត់ផ្គង់​លើ​ទីផ្សារ​ក្នុងស្រុក​ដែរ ដូច្នេះ​ហើយ បញ្ហា​ជំងឺ​ប៉េ​ស​អាហ្វ្រិក​ដែល​កំពុង​យាយី​សត្វ​ជ្រូក​នៅ​ប្រទេស​ជិតខាង​ពិតជា​គួរ​ឲ្យ​ព្រួយបារម្ភ ប្រសិនបើ​មិន​មាន​វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ទៅ​លើ​ឈ្មួញ​នាំ​ចូល ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ