ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​បារាំង​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​ពីរ​ឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា(មានវីដេអូ)

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ លោក William Telliez ម្ចាស់​ភោជនីយដ្ឋាន The Square 24 ជា​ជន​បារាំង​ដែល…

ខេត្តសៀមរាប ៖ លោក William Telliez ម្ចាស់​ភោជនីយដ្ឋាន The Square 24 ជា​ជន​បារាំង​ដែល បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​២០០១​បាន​ស្ម័គ្រចិត្ត​ប្រគល់​ភាជន៍​បុរាណ​ចំនួន​២ ជួន​អាជ្ញាធរ​ជាតិ​អប្សរា កាលពី​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ក្រោយ​ពី​រក្សា​ទុក​អស់​រយៈពេល​១៥​ឆ្នាំ ។

លោក William Telliez បានឱ្យ​ដឹង​ថា ភាជន៍​ទាំង​ពីរ​នេះ​ត្រូវ​បាន​រក​ឃើញ​កាលពី​ឆ្នាំ​២០០៤​ឬ​២០០៥ ក្នុង​ជម្រៅ​ដី​៣​ម៉ែត្រ កាល​លោក​ឱ្យ​កម្មករ​ជីកដី​ធ្វើ​បង្គន់ នៅ​ក្នុង​សណ្ឋាគារ​បុប្ផា​អង្គរ ហើយ​បាន​រក្សា​ទុក​រហូត​ដល់​ឆ្នាំ​២០១៩ ព្រោះ​មិនដឹង​យក​ទៅ​ប្រគល់​អ្នក​ណា​ទើប​មាន​សុវត្ថិភាព ។ លុះ​បានឃើញ​ការ​ផ្សព្វផ្សាយ​ពី​ការ​ប្រគល់​ភាជន៍​ក្នុង​តំបន់​អង្គរ​នៅ​តាម​បណ្តាញសារព័ត៌មាន​លោក​ក៏​បាន​ទាក់ទង​ទៅ​សាលា​បារាំង​ចុង​បូព៌ា ហើយ​គេ​ក៏​ណែនាំ​ឱ្យ​ទាក់ទង​មក​អាជ្ញាធរ​ជាតិ​អប្សរា ។

ម្ចាស់​ភោជនីយដ្ឋាន The Square 24 បាន​បង្ហាញ​ពី​ឆន្ទៈ​នៃ​ការ​ប្រគល់​បុរាណវត្ថុ​ទាំង​ពីរ​នោះ​មក​អាជ្ញាធរ​ជាតិ​អប្សរា​ថា ភាជន៍​ទាំង​ពីរ គឺជា​កម្មសិទ្ធិ​របស់​ខ្មែរ​វា​មាន​តម្លៃ​ណាស់​សម្រាប់​ខ្មែរ​ក្នុង​ការ​សិក្សា​ស្រាវជ្រាវ​វា​មិនមែន​កម្មសិទ្ធិ​ខ្ញុំ​ឬ​របស់​ឯកជន​ណាមួយ​ទេ បើ​ខ្ញុំ​រក្សា​ទុក​វា​ក៏​គ្មាន​តម្លៃ​អ្វី​ដែរ ។ លោក​រីករាយ​ខ្លាំង​ណាស់​បាន​រក​អ្នករក្សា​ទុក​ភាជន៍​នេះ​ប្រកបដោយ​សុវត្ថិភាព និង​មាន​ប្រយោជន៍​សម្រាប់​ជាតិខ្មែរ ។

ទាក់ទង​នឹង​ប្រវត្តិ​ភាជន៍​ទាំង​ពីរ​នេះ​អ្នកស្រី សឹង ស្រី​ទូច បុគ្គលិក​ជំនាញ​កុលាលភាជន៍​ខ្មែរ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អន្តរជាតិ និង​តម្កល់​ឯកសារ​អង្គរ​បានឱ្យ​ដឹង​ថា យើង​នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ភាជន៍​ទាំង​ពីរ​នេះ​មាន​ប្រភព​មក​ពី​ខាង​ណា​ឱ្យ​ច្បាស់លាស់​ទេ​ព្រោះ​មិន​ដូច​ភាជន៍​ខ្មែរ ។

តែ​តាម​ការ​ពិនិត្យ​មើល​សាច់​ដី​ដោយ​ប្រើ​កែវពង្រីក គឺជា​ភាជន៍​បុរាណ​ពិតប្រាកដ ។ អាជ្ញាធរ​ជាតិ​អប្សរា​នឹង​ធ្វើការ​សម្អាត ហើយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ​បន្ថែម និង​សួរ​ព័ត៌មាន​ពី​អ្នក​ស្រាវជ្រាវ​ផ្សេង​ៗ​ទៀត​ពី​ប្រភព និង​អាយុកាល​របស់​ភាជន៍​ទាំង​ពីរ​នា​ពេល​បន្ត​ទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ