រាជធានីភ្នំពេញ ៖ ចោរឆក់ខ្សែ.កម្នាក់ក្នុងចំណោមបក្សពួកពីរនាក់ត្រូវប្រជាពលរដ្ឋ រួមជាមួយនគរបាលប៉ុស្តិ៍ និងនគរបាលចរាចររៀបចំសណ្តាប់ធ្នាប់ចំណតរថយន្តផ្សារដើមគចាប់ខ្លួនកាលពីវេលាម៉ោង៧និង៣៥នាទីព្រឹកថ្ងៃទី២៨ មីនា នៅពេលជនសង្ស័យរូបនោះ រួមទាំងបក្សពួកម្នាក់ទៀតធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីនទម្ងន់៥ជី ពីអ្នកដំណើរនៅចំណុចមុខផ្ទះលេខ៤១ វិថីម៉ៅសេទុង សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។ ជនសង្ស័យដែលចាប់ខ្លួនឈ្មោះអ៊ុំ ប៊ុនថាន់ ហៅធិន ភេទប្រុស អាយុ១៨ឆ្នាំ ជាអ្នករើសអេតចាយ មានទីលំនៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌទួលគោក ។
តាមប្រភពពីមន្ត្រីប៉ូលិសខណ្ឌទួលគោកបានឱ្យដឹងថា ជនសង្ស័យត្រូវកម្លាំងប៉ូលិសប៉ុស្តិ៍ដែលសម្រួលចរាចរណ៍នៅក្បែរកន្លែងកើតហេតុ ចាប់ខ្លួនបានជាក់ស្តែង បន្ទាប់ពីធ្វើសកម្មភាពឆក់ខ្សែ.កពីអ្នកដំណើរម្នាក់ឈ្មោះហ៊ីន ចិន្តា ភេទស្រី អាយុ២៧ឆ្នាំ ជាអ្នកលក់ពងទាកូននៅផ្សារឌុយម៉ិច មានទីលំនៅផ្ទះលេខ១៩១ ផ្លូវលេខ១៤៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ។ ទោះបីជាយ៉ាងណា ខ្សែ.កទម្ងន់៥ជីប្លាទីន ត្រូវជនសង្ស័យបណ្តោះឱ្យបក្សពួកម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។
ប្រភពព័ត៌មានបន្តថា នៅមុនពេលកើតហេតុ ស្ត្រីរងគ្រោះជាម្ចាស់ខ្សែ.កបានជិះម៉ូតូម្នាក់ឯងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1S-0386 ចេញពីផ្ទះ ក្នុងគោលបំណងមកផ្សារដើមគរកទិញបន្លែ ។ នៅពេលធ្វើដំណើរមកដល់ចំណុចកើតហេតុជិតដល់ស្តុបក៏បានជិះម៉ូតូតាម ចំណែកផ្លូវបញ្ច្រាសស្រាប់តែមានជន២នាក់ជិះម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅ ស៊េរី២០០៩ ជិះស្របគ្នា បានធ្វើសកម្មភាពឆក់ខ្សែ.កប្លាទីន ទម្ងន់៥ជី ពីស្ត្រីរូបនេះ ហើយខំព្យាយាមបើកបរគេចខ្លួន ។
ប្រភពដដែលបន្តទៀតថា នៅក្នុងសកម្មភាពនោះស្ត្រីម្ចាស់ខ្សែ.ក ស្រែកចោរៗ និងបើកម៉ូតូដេញតាម ដោយសារជននេះជាប់ស្តុបស្ទះទៅមុខពុំរួច ស្ត្រីម្ចាស់ខ្សែ.កបើកម៉ូតូបំបុក ហើយធ្លាក់ធ្វើឱ្យពួកចោរម្នាក់ធ្លាក់ពីលើម៉ូតូ រួចព្យាយាមរត់គេចខ្លួន ដោយសារតែចំណុចនោះមានមនុស្សអ៊ូអរ និងមានការជួយអន្តរាគមន៍ពីប៉ូលិសប៉ុស្តិ៍ ព្រមទាំងប្រជាពលរដ្ឋផងនោះដេញចាប់បានម្នាក់ ។ ចំណែកបក្សពួកម្នាក់ទៀតបានព្យាយាមជិះម៉ូតូគេចខ្លួនបាត់ស្រមោល ៕
ចែករំលែកព័តមាននេះ