ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ថ្លែង​ថា​ការងារ​អប់​រំជា​វិស័យ​អាទិភាព​នៅ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស

5 ឆ្នាំ មុន
  • សៀមរាប

ស្រុក​ស្ទោង ៖ លោក ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​ថ្លែង​ថា​៖ បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ពេញលេញ​ការងារ​អប់​រំជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ និង​ការ​អភិវឌ្ឍ​ប្រទេស ។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក…

ស្រុក​ស្ទោង ៖ លោក ជា ចាន់​តូ សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ស្រុក​ស្ទោង​បាន​ថ្លែង​ថា​៖ បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​សុខ​សន្តិ​ភាព​ពេញលេញ​ការងារ​អប់​រំជា​វិស័យ​អាទិភាព​របស់​រាជរដ្ឋាភិបាល​នៅ​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ និង​ការ​អភិវឌ្ឍ​ប្រទេស ។

នេះ​ជា​ការ​លើក​ឡើង​របស់​លោក ជា ចាន់​តូ នៅ​ក្នុង​ឱកាស​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា​ថ្មី​១​ខ្នង​៦​បន្ទប់ និង​ពិធី​បញ្ចុះ​ប​ឋម​សិលា​កសាង​អគារសិក្សា​ថ្មី​១​ខ្នង កម្ពស់​២​ជាន់​ស្មើ​១២​បន្ទប់​បន្ថែម​ដល់​វិទ្យា​ល័យ​​ហ៊ុន សែន ចំណារ​លើ​ ស្ថិត​នៅ​ក្នុង​ឃុំ​ចំណារ​លើ ស្រុក​ស្ទោង ខេត្តកំពង់ធំ នៅ​ថ្ងៃ​ទី​២១ កុម្ភៈ ឆ្នាំ​២០១៩​នេះ​។

លោក ជា ចាន់​តូ បាន​បញ្ជាក់​ទៀត​ថា​ ៖​ ដើម្បី​ឲ្យ​អប់រំ​រឹង​មាំ​ និង​មាន​សមត្ថភាព​គ្រប់គ្រាន់​នៅ​ក្នុង​ការ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ប្រកបដោយ​ថាមពល និង​ចំណេះដឹង​ពិតប្រាកដ​នោះ​យើង​ត្រូវ​រួម​គ្នា​កសាង​អគារសិក្សា​ឲ្យ​គ្រប់​ច្រកល្ហក​ទូ​ទាំង​ប្រទេស​ ដើម្បី​ឲ្យ​ធនធាន​ដែល​ជា​អ្នក​បន្តវេន​ ពិសេស​កូនចៅ​ប្រជាពលរដ្ឋ​បាន​ចូល​រៀន​គ្រប់​ៗ​គ្នា​។​

ជាក់ស្ដែង​សមិទ្ធផល​ក្នុង​វិស័យ​អប់រំ​ដែល​យើង​រួម​គ្នា​សម្រេច​ជា​បន្តបន្ទាប់​នៅ​ទូ​ទាំង​ប្រទេស​នេះ​ស្ដែង​ចេញ​ពី​ការ​ខិតខំ​និង​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល ពិសេស​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​គោលបំណង​បង្ខិត​សាលារៀន​ឲ្យ​នៅ​កាន់តែ​ជិត​បំផុត​នឹង​សិស្សានុ​សិស្ស​ដើម្បី​ឲ្យ​ពួក​គេ​កាន់តែ​ងាយស្រួល​ និង​មាន​រឹ​ត​តែ​មានឱកាស​រៀនសូត្រ​ដូច​សិស្ស​ទាំង​ផ្សេង​ៗ​ទៀត​តាម​បំណងប្រាថ្នា ។ ដូចនេះ​អ្វី​ដែល​សំខាន់​ចំពោះ​មុខ គឺ​សិស្ស​ម្នាក់​ៗ​ត្រូវ​ខិតខំ​រៀនសូត្រ​ដើម្បី​ឲ្យ​ក្លាយជា​ធនធានមនុស្ស​ប្រកបដោយ​សមត្ថភាព​សម្រាប់​បន្តវេន ​និង​រួមការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់​រីក​ចម្រើន​ថែម​ទៀត ។

ទោះជា​យ៉ាងនេះ​ក៏​ដោយ​លោក ជា ចាន់​តូ ក៏​នៅ​តែ​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ត្រូវ​រួម​សាមគ្គី​គ្នា​បន្ត​ថែរក្សា​ការពារ​សមិទ្ធផល​បាន​កសាង​ហើយ ពិសេស​សុខ​សន្តិភាព​ដែល​មាន​សព្វ​ឲ្យ​បាន​គង់វង្ស​ ទើប​ផែនការ​អភិវឌ្ឍ​ជាតិ​របស់​រាជរដ្ឋាភិបាល​សម្រេច​បាន​តាម​គោលដៅ ។ ព្រោះថា ​សុខ​សន្តិភាព​គឺជា​មូលដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ដែល​ផ្ដល់​ឱកាស​ឲ្យ​យើង​អាច​អភិវឌ្ឍ​ប្រទេស ​និង​មាន​អ្វី​គ្រប់យ៉ាង​ ព្រមទាំង​រស់នៅ​សុខសាន្ត​ដូច​សព្វ​ថ្ងៃនេះ ។ ជាមួយ​នេះ​ដែរ ​ក៏​ត្រូវ​បន្ត​គាំទ្រ​ចំពោះ​គោលនយោបាយ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន បន្ត​ទៀត ​ដើម្បី​ភាព​រីក​ចម្រើន​របស់​សង្គម​ជាតិ​និង​នាំ​ប្រទេស​ជាតិ ​ស្ថិត​ក្នុង​សុខ​សន្តិភាព ​និង​សម្បូរ​រុងរឿង ។

សូម​បញ្ជាក់​ថា អគារសិក្សា​ថ្មី​១​ខ្នង​៦​បន្ទប់​ និង​អគារសិក្សា​ថ្មី​១​ខ្នង​កម្ពស់​២​ជាន់​ស្មើ​១២​បន្ទប់​ដែល​បញ្ចុះ​បឋមសិលា​កសាង​បន្ថែម​ដល់​វិទ្យាល័យ​ហ៊ុន សែន ចំណារ​លើ​នា​ពេល​នេះ​គឺ ​អំណោយ​ដ៏​សប្បុរស​ធម៌​របស់​សម្ដេច​តេ​ជោ​ហ៊ុន សែន និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​តាម​រយៈ​លោក​ជា ចាន់​តូ និង​លោក​ជំទាវ​ដែល​ជា​កា​ឆ្លើយ​តប​ទៅ​នឹង​កំណើន​សិស្ស​ និង​ការ​រីក​ចម្រើន​ក្នុង​តំបន់​នេះ​ផង​ដែរ ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ