ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស់ពី​ជាមួយ​ចិន​ពេល​នេះអា​មេ​រិ​កចង់​បង្កាត់ភ្លើង​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយ​សហភាព​អឺរ៉ុប

5 ឆ្នាំ មុន

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី…

រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ៖ យោង​តាម​ភ្នាក់ងារ​សារព័ត៌មាន Channel News Asia កាលពី​ថ្ងៃ​ទី​២១ កុម្ភៈ កន្លង​មក​បាន​ឲ្យ​ដឹង​ថា លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ (Donald Trump) របស់​សហរដ្ឋអាមេរិក​បាន​គម្រាម​កាលពី​ថ្ងៃ​ពុធ ថា​នឹង​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​យានយន្ត​ពី​អឺរ៉ុប ប្រសិន​បើ​លោក​មិន​អាច​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយនឹង​សហភាព​អឺរ៉ុប (EU) ទេ​នោះ ។

ការ​គម្រាមកំហែង​ថ្មី​របស់​លោក ត្រាំ នេះ​កើត​មាន​ឡើង​ពីរ​ថ្ងៃ​បន្ទាប់​ពី​ក្រសួងពាណិជ្ជកម្ម​អា​មេ​រិ​ក​ផ្ញើ​របាយការណ៍​មួយ​ដែល​ប្រទះ​ឃើញ​ថា រថយន្ត​ដែល​នាំ​ចូល​ពី​អឺរ៉ុប​ផ្តល់​ការ​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ​របស់​សហរដ្ឋអាមេរិក ។ របាយការណ៍​ខាងលើ​អាច​អនុញ្ញាត​ឲ្យ White House ដាក់​ពន្ធ​ក្នុង​រយៈពេល​៩០​ថ្ងៃ ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​សន្យា​ថា នឹង​ឆ្លើយ​តប​វិញ ប្រសិនបើ​កើត​មាន​ឡើង​ពិតមែន ។

សហរដ្ឋអាមេរិក​បាន​ប្រើ​សន្តិសុខ​ជាតិ​ដើម្បី​ដាក់​ពន្ធ​លើ​ការ​នាំ​ចូល​ដែកថែប និង​អាលុយមីញ៉ូម​រួច​ទៅ​ហើយ ដែល​បង្ក​ឲ្យ EU កា​ណា​ដា ម៉ិ​កសិក និង​ប្រទេស​ចិន​ឆ្លើយ​តប​ជាមួយនឹង​ការ​ដាក់​ពន្ធ​លើ​ផលិតផល​អា​មេ​រិ​ក​វិញ ។

លោក​ប្រធានាធិបតី ត្រាំ បាន​គម្រាម​ថា នឹង​ដាក់​ពន្ធ ២៥% លើ​យានយន្ត​ដែល​នាំ​ចូល​ពី​ប្រទេស​​អឺរ៉ុប ជា​ពិសេស​អា​ល្លឺ​ម៉​ង់​ដែល​លោក​បាន​និយាយ​ថា បង្ក​ការ​ប៉ះពាល់​ដល់​វិស័យ​រថយន្ត​អា​មេ​រិ​ក ។

យ៉ាងណា​ក្តី លោក​ប្រធានាធិបតី​ខាងលើ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​ផ្អាក​ការ​ដាក់​ពន្ធ​លើ EU បន្ទាប់​ពី​មាន​កិច្ចប្រជុំ​មួយ​កាលពី​ខែកក្កដា​មុន​ជាមួយនឹង​ប្រធាន​គណៈកម្មាធិការ​អឺរ៉ុប Jean-Claude Juncker ប៉ុន្តែ​លោក ត្រាំ បាន​បង្ហាញ​ថា លោក​មិន​ពេញចិត្ត​នឹង​ស្ថាន​ការ​នៃ​ការ​ចរចា​នេះ​ឡើយ ។

លោក​ប្រធានាធិបតី ត្រាំ បាន​និយាយ​ថា «​ពួក​យើង​កំពុង​តែ​ព្យាយាម​សម្រេច​ឲ្យ​បាន​កិច្ចព្រមព្រៀង​មួយ ។ ពួក​គេ​ពិតជា​ពិបាក​ក្នុង​ការ​សម្រេច​កិច្ចព្រមព្រៀង​ជាមួយ​ណាស់​» ។ ប៉ុន្តែ​ការ​ចរចា​ជាមួយ EU មិន​ទាន់​បាន​ចាប់ផ្តើម​ទេ ។ គណៈកម្មាធិការ​អឺរ៉ុប​ត្រូវ​ទទួល​បានការ​អនុញ្ញាត​ពី​សមា​ជិក​លើ​ការ​ចរចា​សិន​មុន​នឹង​អាច​ចាប់ផ្តើម​ការ​ចរចា​បាន ។

ភាគី​ទាំង​សងខាង​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​មួយ​ចំនួន​ដូច​ជា​សហរដ្ឋអាមេរិក​មាន​គោលដៅ​ចង់​​ចរចា​ពី​វិស័យ​កសិកម្ម ខណៈ​ដែល EU ប្រឆាំង និង​ចង់​ឲ្យ​ការ​ចរចា​ផ្តោត​សំខាន់​តែ​លើ​ផលិត​ផល​​ឧស្សាហកម្ម និង​និយ័ត​កម្ម​ប៉ុណ្ណោះ ៕

ប្រភព ៖ Channel News Asia

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ