ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! ឆេះ​សន្ធោសន្ធៅ​មនុស្ស​ម្នា​ផ្អើល​ពេញ​ហ្នឹង​…​ក្បែរ​សាកលវិទ្យាល័យ​ខេមរៈ(មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ករណី​ឆេះ​ផ្ទះ​បោះពុម្ព​សៀវភៅ​បង្ក​ឲ្យ​ស្ត្រី​ជា​គ្រូបង្រៀន​ជនជាតិ​ចិន​ចំនួន​បួន​នាក់​បាន​រង​របួស បន្ទាប់​ពី​មានការ​ភ័យ​ស្លន់ស្លោ បាន​សម្រេចចិត្ត​លោត​ចេញពី​ក្នុង​អគារ​ជាន់​ទី​៤ តាម​បង្អួច​ចុះ​មក​ខាងក្រោម ខណៈ​ពេល​កំពុង​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​ជាន់​ផ្ទាល់​ដី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២…

រាជធានី​ភ្នំពេញ ៖ ករណី​ឆេះ​ផ្ទះ​បោះពុម្ព​សៀវភៅ​បង្ក​ឲ្យ​ស្ត្រី​ជា​គ្រូបង្រៀន​ជនជាតិ​ចិន​ចំនួន​បួន​នាក់​បាន​រង​របួស បន្ទាប់​ពី​មានការ​ភ័យ​ស្លន់ស្លោ បាន​សម្រេចចិត្ត​លោត​ចេញពី​ក្នុង​អគារ​ជាន់​ទី​៤ តាម​បង្អួច​ចុះ​មក​ខាងក្រោម ខណៈ​ពេល​កំពុង​មាន​អគ្គិភ័យ​ឆាបឆេះ​នៅ​ជាន់​ផ្ទាល់​ដី​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​ប្រជាជន​ពលរដ្ឋ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើការ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​សាកលវិទ្យាល័យ​ខេមរៈ តាម​បណ្ដោយ​ផ្លូវ​១៩៨៦ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាម​សម្តី​ពី​បុរស​ម្នាក់​ឈ្មោះ បា សា​វឿ​ន អាយុ​៤០​ឆ្នាំ ជា​បុគ្គលិក និង​ស្នាក់​ក្នុង​សាកលវិទ្យាល័យ​ខាងលើ បាន​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គាត់ និង​ប្រពន្ធ​រួម​ទាំង​កូនប្រុស​ស្រី​របស់​គាត់​ចំនួន​៤​នាក់​បាន​សម្រាក​នៅ​ក្នុង​បន្ទាប់​ជាន់​ផ្ទាល់​ដី ផ្នែក​ខាងក្រោយ​នៃ​អគារ​សាកលវិទ្យាល័យ​ដែល​ជា​កន្លែង​កើតហេតុ ។ ដោយឡែក​នារី​ចំនួន​៧​នាក់​ទៀត​ដែល​នៅ​ក្នុង​មាន​ជនជាតិ​ចិន​ចំនួន​៤​នាក់​ជា​គ្រូបង្រៀន និង​ជនជាតិ​ខ្មែរ​ចំនួន​៣​ទៀត​ជា​បុគ្គលិក បាន​សម្រាក​នៅ​ឯ​ជាន់​ខាងលើ ។ លុះ​រហូត​ដល់​វេលា​កើតហេតុ​ខណៈ​ពេល​ដែល​ពួក​គាត់​កំពុង​តែ​សម្រាក​លង់លក់​ស្រាប់តែ​ប្រពន្ធ​របស់​គាត់​បាន​ដាស់​គាត់​អោយ​ក្រោក ព្រោះ​មាន​លឺ​ស​ឡេ​ង​ផ្ទុះ​ចេញ​មក​ពី​ខាងក្រៅ​បន្ទប់​ដែល​ជា​កន្លែង​បោះពុម្ព​សៀវភៅ ។

ភ្លាម​ៗ​នោះ​គាត់​ក៏​បាន​ងើប​ចេញ​មក​មើល ស្រាប់តែ​ឃើញ​ប្រអប់​ប៉ា​រ៉ែត​អគ្គិសនី​បាន​ផ្ទុះ​បែក​ជា​ផ្កាភ្លើង​បង្ក​ឲ្យ​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​គាត់​ក៏​ស្រែក​ឆោឡោ និង​ប្រញាប់ប្រញាល់​នាំ​ប្រពន្ធ និង​កូន​ចេញពី​កន្លែង​កើតហេតុ​ទៅ​ខាងក្រៅ​អគារ​សាកលវិទ្យាល័យ ។ អណ្តាតភ្លើង​ក៏​បាន​ឆេះ​រាល​ដល​កាន់តែ​ខ្លាំង​ឡើង​ៗ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ ។ ប្រជាពលរដ្ឋ​ក៏​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​អោយ​ចុះ​មក​ជួយ​ធ្វើការ​អន្តរាគមន៍​ផង​ដែរ​។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នេះ​ក៏​ឃើញ​នារី​ជា​បុគ្គលិក​ជនជាតិ​ខ្មែរ​ដែល​ស្នាក់​នៅ​ក្នុង​អគារ​សាកលវិទ្យាល័យ​ខាងលើ​បាន​រត់​មក​ខាងក្រៅ​ដោយ​សុវត្ថិភាព ចំណែកឯ​នារី​ជា​ជនជាតិ​ចិន​ចំនួន​៤​នាក់​ទៀត គឺ​មិនឃើញ​រត់​ចេញ​មក​នោះ​ទេ ។ មួយសន្ទុះ​ក្រោយមក ខណៈ​ពេល​អណ្ដាតភ្លើង​កំពុង​តែ​ឆាបឆេះ​កាន់តែ​ខ្លាំង រួម​ទាំង​ផ្សែង​បាន​ហុយ​ខ្មួលខ្មាញ់​ពេញ​អគារ​ក៏​ស្រាប់តែ​ឃើញ​ស្ត្រី​ជា​ជនជាតិ​ចិន​ទាំង​បួន​នាក់​នោះ​បាន​អើត​ចេញ​មក​តាម​បង្អួច​ជាន់​ទី​៤ ដោយ​ស្រែក​ដង្ហោយហៅ​អោយ​គេឯង​ជួយ និង​បម្រុង​លោត​ចុះ​មក​ខាងក្រោម​តែ​ត្រូវ​ប្រជាពលរដ្ឋ​ស្រែក​ហាមឃាត់ ។

ភ្លាម​ៗ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​បាន​មក​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ធ្វើការ​បាញ់​ទឹក​ពន្លត់​តែ​ម្តង ប៉ុន្តែ​គ្មាន​ជណ្តើរ​សម្រាប់​ឡើង​ទៅ​ជួយ​សង្គ្រោះ​យក​ស្ត្រី​រង​គ្រោះ​ទាំង​៤​នាក់​ខាងលើ​នោះ​ទេ ។ លុះ​រហូត​ដល់​ម៉ោង​១​និង​៣៥​នារី​រំលង​អធ្រាត្រ​ថ្ងៃ​ដដែល ដោយ​ភាព​ភ័យ​ខ្លាច​របស់​ជន​រង​គ្រោះ​ទើប​បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ចំនួន​២​នាក់​បាន​សម្រេចចិត្ត​លោត​ចេញ​តាម​បង្អួច​ពី​ជាន់​ទី​៤​ចុះ​ទៅ​ទើរ​នៅ​វេរ​ង់​ដា​ជាន់​ទី​២ និង​បន្ត​លោត​ចុះ​មក​ជាន់​ផ្ទាល់​ដី​ជា​បន្តបន្ទាប់​គ្នា បណ្តាល​អោយ​រង​របួសស្រាល​ទាំង​ពីរ​នាក់​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​សម្ភព​រស្មី​ដឹក​យក​ទៅ​សង្គ្រោះ​ម្នាក់ និង​ម្នាក់​ទៀត​ត្រូវ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​មហានគរ​ដឹក​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​តែ​ម្ដង ។

ប្រភព​ដដែល​បន្ត​ទៀត​ថា មួយ​ស្ទុះ​ក្រោយមក​ប្រជាពលរដ្ឋ​រួម​ទាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​នាំ​គ្នា​យក​ជណ្ដើរ​របស់​ប្រជាពលរដ្ឋ​ទៅ​ដាក់​ពីលើ​រថយន្ដ​ពន្លត់​អគ្គិភ័យ ដើម្បី​ធ្វើការ​ឡើង​ទៅ​ជួយ​សង្គ្រោះ​ស្ត្រី​នារី​រង​គ្រោះ​ចំនួន​២​នាក់​ទៀត​ដែល​ជាប់​ជាន់​ទី​បួន​ខាងលើ ប៉ុន្តែ​ដោយសារ​ខ្វះ​ជំនាញ​ក្នុង​ការ​ជួយ​សង្គ្រោះ​ក៏​បណ្តាល​ឲ្យ​នារី​រង​គ្រោះ​ទាំង​២​នាក់​ធ្លាក់​ចុះ​មក​ទើរ​វេ​រ៉​ដា​ជាន់​ទី​២​រង​របួសស្រាល​ម្នាក់ និង​ម្នាក់​ទៀត​ដែល​ធ្លាក់​ក្រោយ​គេ​រង​របួស​បែកក្បាល​ទាល់តែ​ជន​រង​គ្រោះ​ទាំង​៤​នាក់​ធ្លាក់​មក​ដល់​ជាន់​ក្រោម​អស់ ហើយ​ទើប​រថយន្ត​ពន្លត់​អគ្គិភ័យ​មាន​ជណ្ដើរ​សង្គ្រោះ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​មក​ធ្វើការ​សង្គ្រោះ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ចុះ​ពី​ជាន់​ទី​២​មក​ខាងក្រោម ត្រូវ​បាន​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​គ្លីនិក​ឯកជន​សម្ភព​រស្មី​ដឹក​យក​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​តែ​ម្តង ។ បន្ទាប់​មក​ក៏​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​មក​កន្លែង​កើតហេតុ សរុប​ចំនួន​១៥​គ្រឿង​បាន​ធ្វើការ​បាញ់​ពន្លត់​អស់​ទឹក​ចំនួន​៥​គ្រឿង ក៏​រលត់​ទៅ​វិញ​ជា​ស្ថាពរ គឺ​រលត់​នៅ​ម៉ោង​២​រំលង​ថ្ងៃ​ដដែល ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​នេះ​មិន​បង្ក​ឲ្យ​មានការ​ឆេះ​រាលដាល​ដល់​ផ្ទះ​រាល​ដល​ដល់​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​ខាង​នោះ​ទេ គឺ​ឆេះ​ខូចខាត​តែ​មួយ​ផ្នែក​នៃ​ក្នុង​អគារ​ជាប់​ផ្ទាល់​ដី​ផ្នែក​ខាងក្រោយ​ដែល​មាន​ទំហំ​ប្រមាណ​២០​ម៉ែត្រ​គុណ​នឹង​៣០​ម៉ែត្រ​រួម​ទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ដូច​ជា ម៉ូតូ​ពីរ​គ្រឿង ម៉ាស៊ីន​អូស​ហ្សូ​តូ​ចំនួន​៤​គ្រឿង កុំព្យូទ័រ​ចំនួន​១៥​គ្រឿង រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ធំ​ទៀត​ត្រូវ​បាន​ភ្លើង​ឆាបឆេះ​អស់ទាំង​ស្រុង ។ ចំពោះ​មូលហេតុ គឺ​បណ្តាល​មក​ពី​ឆ្លង​ចរន្តអគ្គិសនី​ដែល​នៅ​ក្នុង​កន្លែង​បោះពុម្ព​សៀវភៅ​នៅ​ជាន់​ផ្ទាល់​ដី​ផ្នែក​ខាងក្រោយ​។

ទាក់ទិន​នឹង​អគ្គិភ័យ​ខាងលើ​នេះ ប្រជាពលរដ្ឋ​បាន​រិះគន់​ចំពោះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​ចេញ​មក​ជួយ​អន្តរាគមន៍​មិន​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ