ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ADB ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ និង​អភិ​វឌ្ឍន៍​វិស័យ​ធនធានទឹក​នៅ​កម្ពុជា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២០ ខែកុម្ភៈ នៅ​ទីស្តីការក្រសួង លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​គណៈកម្មាធិការ​នាយក​នៃ​ក្រុមប្រឹក្សាភិបាល​ធនាគារ​អភិ​វឌ្ឍន៍​​អា​ស៊ី…

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​ទី​២០ ខែកុម្ភៈ នៅ​ទីស្តីការក្រសួង លោក លឹ​ម គាន​ហោ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​អនុញ្ញាត​ឲ្យ​គណៈប្រតិភូ​គណៈកម្មាធិការ​នាយក​នៃ​ក្រុមប្រឹក្សាភិបាល​ធនាគារ​អភិ​វឌ្ឍន៍​​អា​ស៊ី (ADB) ចូល​ជួប​សម្តែង​ការ​គួរសម និង​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ពី​ការ​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិការ​កាន់ តែ​ខ្ពស់​ឡើង ក្នុង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​លើ​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក​ក្នុង​ប្រទេស​កម្ពុជា ។

គណៈប្រតិភូ​ADB​ខាងលើ ដឹកនាំ​ដោយ លោក​Shivaji Kshatrapati ប្រធាន​គណៈ​ក​ម្មា​ធិ​ការ​នាយក និង​អម​ដោយ​លោក In-Chang Song លោក Kris Panday លោក Philip T. Rose លោក Mario Di Maio លោក Scott Dawson លោក Paul Dominguez លោក Jin Lu និង​លោក​ជំទាវ Sunniya Durrani-Jamal ប្រធាន​ស្ថាន​តំណាង​ADB ប្រចាំ​ប្រទេស​កម្ពុជា ព្រមទាំង​មន្ត្រីជាន់ខ្ពស់​របស់​ADB​ជា​ច្រើន​រូប​ទៀត ។

ក្នុង​ជំនួប​នោះ លោក​ប្រធាន​គណៈប្រតិភូ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ដ៏​ល្អ​របស់​លោក​រដ្ឋមន្ត្រី​លើ​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក ដោយ​រូប​លោក​ផ្ទាល់​បាន​ទៅ​ធ្វើ​ទស្សនកិច្ច​នៅ​ទីតាំង​គម្រោង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង ស្ថិត​ក្នុងស្រុក​ស​ន្ទុ​ក ខេត្តកំពង់ធំ​ចំនួន​២​ដង ។ ជាមួយ​នេះ សូម​វាយតម្លៃ​ខ្ពស់​ចំពោះ​លោក​រដ្ឋមន្ត្រី ដែល​បាន​យកចិត្តទុកដាក់​អស់ពី​កម្លាំងកាយ​ចិត្ត ធ្វើការ​សហ​ការ​បាន​ល្អ​ប្រសើរ​ជាមួយ ADB ដោយ​បាន​ធ្វើ​ឲ្យ​គម្រោង​នេះ​និង​វិស័យ​ធនធានទឹក​ទាំងមូល ទទួល​បាន​ជោគជ័យ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ ។

ជា​ការ​ឆ្លើយ​តប លោក​រដ្ឋមន្ត្រី លឹ​ម គាន ហោ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​យកចិត្ត​ទុកដាក់​ជា​ប្រចាំ​របស់ ADB លើ​ការ​អភិវឌ្ឍ​វិស័យ​ធនធានទឹក​ទាំង​ផ្នែក​រឹង និង​ផ្នែក​ទន់​។ គ្រប់​ជំនួយ​សហប្រតិបត្តិការ​ពី ADB លើ​វិស័យ​ធនធានទឹក គឺ​បាន​ឆ្លើយ​តប​ប្រកបដោយ​ប្រសិទ្ធ​ភាព​និង​ទាន់​ពេលវេលា ជា​ពិសេស​បាន​រួម​ចំ ណែ​ក​យ៉ាងច្រើន​ជា​អតិបរមា​ក្នុង​ផែនកា​រវិ​និ​យោគ​លើ​វិស័យ​ធនធានទឹក​ក្នុង​ពេល​កន្លង​មក ធ្វើ​ឲ្យ​ផ្ទៃដី​ស្រោចស្រព​កើនឡើង​ច្រើន ធ្វើ​ឲ្យ​ការ​ដាំ​ស្រូវ​និង​ដំណាំ​ផ្សេង​ទៀត​ប្រព្រឹត្ត​ទៅ​បាន​ច្រើន​ដង​ក្នុង​១​ឆ្នាំ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​ប្រសើរ​ឡើង ។

ម្យ៉ាងទៀត ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ដែល​ពិភព​លោក​ទាំងមូល​កំពុង​ជួប​ប្រទះ​នឹង​សភាព​ឡើងក​ម្តៅ​ផែនដី​កាន់តែ​ខ្លាំង​ក្រោម​បាតុភូត Elnio និង​បម្រែបម្រួល​អាកាសធាតុ​ជា​អតិបរមា​ឥត​ស្រាកស្រាន្ត ADB កំពុង​តែ​ឈរ​យ៉ាង​រឹង​មាំ​ជាមួយ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​កសាង​ផែនការ​រយៈពេល​វែង និង​រយៈពេល​មធ្យម សម្រាប់​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ធានា​បាន​នូវ​និរន្ត​ភាព ។

ជា​ពិសេស កាលពី​ស​ប្តា​ហ៍​មុន​នេះ មុន​លោក​ប្រធាន​គណៈប្រតិភូ និង​សហការី​អញ្ជើញ​មក​ដល់ លោក​រដ្ឋមន្ត្រី និង​លោក​ជំទាវ Sunniya បាន​ដឹកនាំ​អង្គប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី ដើម្បី​ឆ្លង​ផែនការ​រយៈពេល​វែង​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​ធារាសាស្ត្រ និង​វិស័យ​ធនធានទឹក​របស់​ប្រទេស​កម្ពុជា​ប្រកបដោយ​លទ្ធផល​ជា​ផ្លែផ្កា។

ក្នុង​ជំនួប​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរ​គុណ​លោក​ប្រធាន​គណៈប្រតិភូ ADB និង​សហការី​ទាំងអស់ ដែល​បាន​ឆ្លៀតពេល​អញ្ជើញ​ទៅ​ពិនិត្យ​និង​សិក្សា​ឈ្វេងយល់​ដោយ​ផ្ទាល់​នៅ​ទីតាំង​ប្រព័ន្ធ​ធារាសាស្ត្រ​តាំងក្រសាំង កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កន្លង​ទៅ ។ លោក​រដ្ឋមន្ត្រី បាន​ប្រសិទ្ធពរ​ជ័យ​ជូន​លោក​ប្រធាន​គណៈប្រតិភូ ADB និង​សហការី សូម​ទទួល​បាន​ជោគជ័យ​ក្នុង​បេសកកម្ម​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​កាន់ ADB HQ វិញ​ប្រកបដោយ​សុខ​សុវត្ថិភាព ៕ ដោយ​សហ​ការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ