ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាយ​មូលហេតុ​អ្នក​ប្រដាល់​ប្រកាស​ឈប់​ ​ហើយ​ត្រឡប់​មក​​វិញ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡា​ទាំងអស់ គេ​កត់​សម្គាល់ថា​មាន​តែ​កីឡាប្រដាល់​ប៉ុណ្ណោះ ដែល​កីឡាករ​ល្បី ឬ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​តិចតួច មិន​ដែល​ប្រកាស​លាឈប់​បាន​យូរ​នោះ​ទេ ។ ទោះជា​អ្នក​លាឈប់​រហូត​ដល់​៥​ឆ្នាំ ឬ​៦​ឆ្នាំ…

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​កីឡា​ទាំងអស់ គេ​កត់​សម្គាល់ថា​មាន​តែ​កីឡាប្រដាល់​ប៉ុណ្ណោះ ដែល​កីឡាករ​ល្បី ឬ​មានឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ពិភព​ប្រដាល់​តិចតួច មិន​ដែល​ប្រកាស​លាឈប់​បាន​យូរ​នោះ​ទេ ។ ទោះជា​អ្នក​លាឈប់​រហូត​ដល់​៥​ឆ្នាំ ឬ​៦​ឆ្នាំ ក៏​ត្រឡប់​មក​វិញ​ដែរ ដែល​ផ្ទុយ​ពី​កីឡា​ផ្សេង​ទៀត តែ​ហ៊ាន​ប្រកាស​ឈប់​ហើយ គឺ​បាត់​សូន្យឈឹង​តែ​ម្ដង ។ មាន​ហេតុផល​ជា​ច្រើន​ដែល​ជំរុញ​ឱ្យ​អតីត​កីឡាករ​ភាគច្រើន​ចេញ​មិន​ឆ្ងាយ​ពី​សង្វៀន​ក្រោយ​ពេល​ពួក​គេ​ប្រកាស​ថា​ឈប់​។

គេ​តែង​សង្កេត​ឃើញ​ថា អតីត​អ្នក​ប្រដាល់​ច្រើន​នាក់​ដែល​បាត់​មុខ​សូន្យ​រមែង​អើត​មុខ​មក​វិញ​មួយ​ៗ ប៉ុន្តែ​ការ​បង្ហាញមុខ​របស់​ពួក​គេ​ក៏​មិន​បាន​យូរ​ណាស់ណា​នោះ​ដែរ ដោយ​គ្រាន់តែ​លេច​មុខជា​ថ្មី​មិន​បាន​ប៉ុន្មាន​ផង​ក៏​បាត់​វិញ​តែ​ម្ដង ។ ក្រុម​អ្នក​តាមដាន​បាន​អះអាង​ថា មាន​ហេតុផល​តែ​មួយ​គត់​ដែល​អ្នក​ប្រដាល់​ក្រោយ​ពេល​សម្រេចចិត្ត​លាឈប់​ហើយ​ក៏​ត្រឡប់​មក​វិញ គឺ​ពាក់ព័ន្ធ​នឹង​ជីវភាព ។

ប្រភព​ជា​ច្រើន​បាន​អះអាង​ថា អ្នក​ប្រឡូក​ការ​ប្រដាល់​ភាគច្រើន​មិនមែន​ជា​អ្នក​សិក្សា​បាន​ជ្រៅជ្រះ ឬ​មិនមែន​ជា​អ្នក​ចេញពី​គ្រួសារ​ស្ដុកស្ដម្ភ​នោះ​ទេ ភាគច្រើន​ពួក​គេ​ស្ថិត​នៅ​ក្នុង​គ្រួសារ​ខ្វះខាត ឬ​អ្នកខ្លះ​ត្រូវ​គ្រួសារ​បោះបង់​ព្រោះតែ​ការ​ភ្លើតភ្លើន​ជក់​ថ្នាំ និង​លេងល្បែង​ស៊ីសង​នោះ​ផង​ក៏​ត្រូវ​គ្រួសារ​បញ្ជូន​មក​កាន់​ក្លិប​ប្រដាល់​ដើម្បី​ឱ្យ​ជួយ​កែប្រែ​អត្ត​ច​រឹត​ឱ្យ​ល្អ​វិញ​។ អ្នកវិភាគ​ពី​មូលហេតុ​មួយ​នេះ បាន​អះអាង​ថា កីឡាករ​ភាគច្រើន​ដែល​តស៊ូ​នៅ​ក្នុង​ប្រដាល់ មិន​ត្រឹមតែ​សំបូរ​អ្នក​ខ្វះខាត​ចំណេះដឹង និង​ទ្រព្យធន​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជា​អ្នក​ដែល​ខ្វះ​លទ្ធភាព​ទទួល​បាន​ការងារ​សមរម្យ​ធ្វើ​ផង ទើប​បុគ្គល​ទាំងនោះ​សម្រេចចិត្ត​ហក់​ចូល​សង្វៀន​ប្រដាល់ ។

អ៊ីចឹង​ហើយ​ទើប​កីឡាករ​ដែល​ចាប់ផ្ដើម​ប្រដាល់​ហើយ​មាន​លុយកាក់​បន្តិចបន្តួច គឺ​រមែង​សម្រេចចិត្ត​ឈប់​ប្រដាល់​ទៅ​វិញ ព្រោះតែ​មិន​អាច​ស៊ូទ្រាំ ប៉ុន្តែ​នៅ​ពេល​ទៅ​ធ្វើការ​ផ្សេង​មិន​មានការ​រីក​ចម្រើន​ក៏​សម្រេចចិត្ត​ត្រឡប់​មក​ប្រដាល់​វិញ​។

លោក នួន ភិ​រម្យ គ្រូបង្វឹក​កីឡាករ​ប្រដាល់​បាន​អះអាង​ថា អ្នកតស៊ូ​ក្នុង​ការ​ប្រដាល់​នៅ​ក្នុង​ស្ថានភាព​គ្រប់គ្រាន់​គឺ​ស្ទើរ​មិន​មាន​នោះ​ទេ ដោយ​កូនសិស្ស​របស់​លោក​រត់​ចេញ​រត់​ចូល​មិន​ខុស​គ្នា​ពី​ថ្លុក​ល្ខោន​ឡើង​វិលមុខ ទើប​ធ្វើ​ឱ្យ​លោក​សម្រេចចិត្ត​ចង់​បិទ​ក្លិប​ចោល​ម្ដង​ៗ ព្រោះតែ​អត់​កូនសិស្ស​ល្អ​ៗ​នោះ​ឯង ។ លោក​ថា កីឡាករ​ខ្លះ​លោក​ខំ​បង្វឹក​យ៉ាង​ពិបាក តែ​ពេល​ឡើង​វ៉ៃ​បាន​ម្ដង​ពីរ​ដង​បាន​លុយ​តិចតួច​ក៏​សម្រេចចិត្ត​ទៅ​ធ្វើការ​នៅ​ថៃ និង​ធ្វើ​ជា​កម្មករ​សំណង់​ជាដើម ដោយសារ​តែ​ការ​ប្រឡូក​ក្នុង​ប្រដាល់​មិនសូវ​បាន​លុយ ។

លោក​ថា បន្ទោស​កូនសិស្ស​ទាំងនោះ​មិន​បាន​ទេ ព្រោះ​ការ​ប្រដាល់​គេ​មិន​អាច​ដាក់​ឱ្យ​ប្រកួត​ក្នុង​មួយ​ខែ​៤​ដង ឬ​ច្រើន​ជាង​នេះ​បាន​ទេ ដោយ​ក្នុង​មួយ​ខែ​ប្រកួត​បាន​តែ​២​ដង ឬ​៣​ដង​ទាំង​បិទ​បាំង​ចុះឡើង​ៗ ហើយ​តម្លៃ​ខ្លួន​ក្នុង​មួយ​ប្រកួត​ត្រឹមតែ​២៥​ម៉ឺន​ទៅ​៤០​ម៉ឺន​រៀល គឺ​មិន​អាច​ឱ្យ​កីឡាករ​អត់ធ្មត់​នៅ​បាន​ទេ ។ លោក​ថា​អ្នក​ចង់​ប្រឡូក​ការ​ប្រដាល់​គឺ​លុះត្រាតែ​កុំ​ធ្វើការ​ផ្សេង បើ​មិន​ដូច្នោះ​ទេ ក៏​ឡើង​ប្រកួត​មិន​ឈ្នះ​នោះ​ដែរ អ៊ីចឹង​គង់តែ​អត់​ការ​ផ្គូផ្គង​ហើយ​មិន​អាច​ឱ្យ​កីឡាករ​មាន​លុយ​ចាយ​គ្រប់​ហ្នឹងឯង​។

លោក​ថា កីឡាករ​ច្រើន​ណាស់​ដែល​ខំប្រឹង​ប្រកួត​យក​លុយ​ការ​ប្រពន្ធ និង​ចេញ​ទៅ​ធ្វើការ​ក្រៅប្រទេស ប៉ុន្តែ​នៅ​ពេល​ទ័លច្រក ឬ​អត់​លុយ ពី​ការ​រស់នៅ​ថ្មី ទើប​សុំ​ឱ្យ​គ្រូបង្វឹក​ជួយ​ផ្គូផ្គង​ឱ្យ​បាន​ប្រកួត​ឡើង​វិញ​។

លោក អេ ភូ​ថង បាន​អះអាង​ថា ហេតុផល​កីឡាករ​បាត់​មុខ​ហើយ​ត្រឡប់​មក​ប្រកួត​ម្ដងទៀត គឺ​គ្មាន​អី​ក្រៅពី​ទ័លច្រក​នោះ​ទេ ទើប​លោក​ចាត់​ទុក​ថា​វិស័យ​ប្រដាល់​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​ពិបាក​ប្រកួត​ប្រជែង​ជាមួយ​ប្រទេស​ជិតខាង​ខ្លាំង​ណាស់ ប្រសិនបើ​កីឡាករ​ទាំងអស់ មិន​មាន​ប្រាក់ខែ និង​មិន​មានការ​ធានា​រ៉ាប់រង​ពេល​ឈឺ ហើយ​បាន​លុយ​មិន​ច្រើន​អាច​ឱ្យ​កីឡាករ​ទាំងអស់រ​ស់បាន​ដោយ​សមរម្យ ។ លោក​ថា កីឡាករ​ខ្លះ​នៅ​ពេល​ទាល់ច្រក​គឺ​ទោះ ជា​មិន​អាច​ត្រឡប់​មក​កាន់ការ​ប្រដាល់​វិញ​បាន ក៏​ត្រឡប់​មក​ធ្វើ​ជា​គ្រូបង្វឹក ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​ក៏​មាន​ដែរ ដោយសារ​តែ​ពួក​គេ​ភាគច្រើន​មិន​មានចំណេះ​ដឹង​និង​ដើមទុន​ច្រើន​ដើម្បី​ប្រកប​អាជីវកម្ម​ទើប​មិន​អាច​ចេញ​ឆ្ងាយ​ពី​ការ​ប្រដាល់​។

មិន​ខុស​ពី​ការ​លើក​ឡើង​របស់​គ្រូបង្វឹក​ទាំង​ពីរ​ខាងលើ គេ​ឃើញ​កីឡាករ​ច្រើន​ណាស់ ដូច​ជា​យុគ យក្ស​គី​ល ចិញ្ចឹម​ជ្រូក និង​ដាំ បន្លែ​លក់ អូត ភូ​ថង ទៅ​លក់​ភី​ហ្សា​មួយ រយៈ ក៏​សម្រេចចិត្ត​ត្រឡប់​មក​ធ្វើ​ជា​គ្រូ​បង្វឹក វិញ ។ កីឡាករ​មួយ​ចំនួន​ផ្សេង​ទៀត ក៏​ឃើញ​លឹប​ល​ក្នុង​ការ​ប្រដាល់​ម្ដង​ម្ដា​ល​ក៏​ព្រោះតែ​ហេតុផល​ដូច​គ្នា​ដែរ​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រដាល់​ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ បាន​អះអាង​ថា ហេតុផល​ដែល​កីឡាករ​បង្ហាញមុខ​លឹប​ល​ៗ ក្រៅពី​ពាក់ព័ន្ធ​នឹង​បញ្ហា​ជីវភាព ឬ​ហៅ​ថា​ទ័លច្រក​ក្រោយ​ពេល​លាឈប់ ក៏​ទាក់ទង​នឹង​ទឹកចិត្ត​ស្រឡាញ់​របស់​ពួក​គេ​ផង​ដែរ ។ លោក​ថា កីឡាករ​ខ្លះ​បាន​ក្លាយជា​អ្នកមាន​ជីវភាព​ល្អ​ដែល​អាច​និយាយ​បាន​ថា ទោះ​មិន​ទទួល​ប្រដាល់​ក៏​មិន​ពិបាក​នោះ​ដែរ ប៉ុន្តែ​នៅ​ពេល​ស្ថានភាព​របស់​ពួក​គេ​ល្អ​ប្រសើរ ឬ​ឆ្លៀតពេល​ហ្វឹកហាត់​បាន​បន្តិច ក៏​ត្រឡប់​មក​ប្រដាល់​វិញ​ដូច​ជា​កីឡាករ​លាភ សំណាង​ជាដើម​។

អ៊ីចឹង​ហើយ​ទើប​លោក​រមែង​លើកទឹកចិត្ត​ដល់​អ្នក​ចង់​ប្រដាល់​ម្ដងទៀត ដោយ​រមែង​ដាក់​ឱ្យ​ប្រកួត​ក្នុង​តម្លៃ​ខ្លួន​ល្អ​ៗ​នោះ​ផង ដើម្បី​លើកទឹកចិត្ត​ឱ្យ​កីឡាករ​ទាំងនោះ​មក​ប្រកួត​ជា​ថ្មី​ឱ្យ​បាន​យូរ ។ យ៉ាងណាមិញ លោក​​ទទួលស្គាល់​ថា កីឡាករ​ដែល​ត្រឡប់​មក​ប្រកួត​ជា​ថ្មី​គឺ​ប្រកួត​មិន​បាន​យូរ​ទេ ដោយសារ​តែ​បញ្ហា​កម្លាំង​ចុះ​ខ្សោយ​ហើយ​ប្រកួត​មិន​បាន​ល្អ​ធ្វើ​ឱ្យ​កីឡាករ​ទាំងនោះ​ខ្មាស​ក៏​លាឈប់​ដោយ​ខ្លួនឯង ។ លើក​លែងតែ​អ្នក​ប្រដាល់​ហើយ​សុំ​មក​ធ្វើ​ជា​គណៈកម្មការ​ផ្ដល់​ពិន្ទុ​អី​ប៉ុណ្ណោះ​ដែល​នៅ​តស៊ូ​បាន​យូរ បើ​ទោះជា​តម្លៃ​ខ្លួន​ក្នុង​ការ​បំពេញការងារ​ក្នុង​មួយ​កម្មវិធី​មិន​បាន​ខ្ពស់​ក្ដី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ