ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CMA នឹង​បង្កើត​សេវា​ធានា​រ៉ាប់រង​លើ​វិស័យ​កសិកម្ម

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា CMA បាន​ឲ្យ​ដឹង​ថា សមគម​នឹង​បង្កើត​សេវាកម្ម​មួយ​ចំនួន​ទៀត ដើម្បី​ទប់ស្កាត់​ន ិ​ង​ការពារ​ហានិភ័យ​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​ទៅ​លើ​វិស័យ​កសិកម្ម ដោយ​ក្នុង​នោះ​នឹង​បង្កើត​ឲ្យ​មាន​សេវា​ធានា​រ៉ាប់រង​លើ​វិស័យ​នេះ​កាន់តែ​ទូលំទូលាយ…

រាជធានី​ភ្នំពេញ ៖ ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ហៅ​កាត់​ថា CMA បាន​ឲ្យ​ដឹង​ថា សមគម​នឹង​បង្កើត​សេវាកម្ម​មួយ​ចំនួន​ទៀត ដើម្បី​ទប់ស្កាត់​ន ិ​ង​ការពារ​ហានិភ័យ​អតិថិជន​ដែល​ប្រើប្រាស់​ឥណទាន​ទៅ​លើ​វិស័យ​កសិកម្ម ដោយ​ក្នុង​នោះ​នឹង​បង្កើត​ឲ្យ​មាន​សេវា​ធានា​រ៉ាប់រង​លើ​វិស័យ​នេះ​កាន់តែ​ទូលំទូលាយ ក្នុង​ពេល​កម្ពុជា​ធ្លាប់​ជួប​ប្រទះ​នូវ​បាតុភូត​ធម្មជាតិ​មួយ​ចំនួន​រួច​មក​ហើយ ។

លោក គា បូរាណ ប្រធាន​សមាគម​រូប​នេះ បាន​លើក​ឡើង​ថា ដោយសារ​កម្ចី​ឥណទាន​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ មួយ​ចំនួន នៅ​តែ​ផ្ដោត​លើ​វិស័យ​កសិកម្ម ហើយ​ចង់​ឲ្យ​អតិថិជន​ដែល​យក​ឥណទាន​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​កសិកម្ម​ឲ្យ​មាន​ប្រសិទ្ធភាព និង​មិន​មាន​ហានិភ័យ​នោះ អតិថិជន​គួរតែ​ទិញ​នូវ​កញ្ចប់​ធានា​រ៉ាប់រង​សម្រាប់​ដំណាំ​កសិកម្ម​របស់​ខ្លួន ហើយ​បណ្ដា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ក៏​គួរតែ​បន្ថែម​នូវ​សេវាកម្ម​ធានា​រ៉ាប់រង​កសិកម្ម​ដល់​អតិថិជន​របស់​ខ្លួន​ពីលើ​សេវាកម្ម​ឥណទាន​ដែល​ផ្ដល់​ជូន​អតិថិជន ។ លោក​មាន​ប្រសាសន៍​ថា ៖« ឆ្នាំ​២០១៩​នេះ យើង​នឹង​ពិនិត្យ​ទៅ​លើ​ការ​បង្កើត​សេវាកម្ម​បន្ថែម​ថ្មី​ៗ​សម្រាប់​អតិថិជន ដើម្បី​ចូលរួម​ក្នុង​សង្គម​។ ជាក់ស្ដែង​យើង​អាច​នឹង​បង្កើត​សេវាកម្ម​ធានា​រ៉ាប់រង​លើ​សុខភាព លើ​វិស័យ​កម្ម ដែល​អតិថិជន​យើង​បាន​យក​កម្ចី​ទៅ​ប្រើប្រាស់ »​។

លោក​បន្ត​ថា នៅ​ក្នុង​វិស័យ​កសិកម្ម​នេះ​ដែរ អតិថិជន​អាច​ទិញ​កញ្ចប់​ធានា​រ៉ាប់រង​ទៅ​លើ​ទីផ្សារ​ផលិតផល​កសិកម្ម ដោយសារ​តែ​កន្លង​មក​គេ​សង្កេត​ឃើញ​ថា នៅ​ពេល​ដែល​កសិករ​ដាំ​ដំណាំ​បាន​ផល​ហើយ​បែរជា​គ្មាន​ទីផ្សារ គ្មាន​ហាងឆេង ដូច្នេះ​ហើយ​ទើប​មីក្រូហិរញ្ញវត្ថុ​ចង់​ឲ្យ​អតិថិជន​ទិញ​កញ្ចប់​នេះ​បន្ថែម​ដើម្បី​ទប់ស្កាត់​នូវ​ហានិភ័យ​ខាត​កាន់តែ​ច្រើន​ពី​សំណាក់​អតិថិជន​ដែល​យក​ឥណទាន​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​នេះ ។ មួយវិញទៀត ការ​ធានា​រ៉ាប់រង​ក្នុង​វិស័យ​កសិកម្ម​ទៅ​លើ​អាកាសធាតុ ក៏​ជា​កត្តា​ចម្បង​និង​ចាំបាច់​ផង​ដែរ សម្រាប់​ការពារ​ហានិភ័យ​របស់​អតិថិជន​។ ជាក់ស្ដែង​កន្លង​មកនេះ នៅ​កម្ពុជា បាន​ជួប​ប្រទះ​នូវ​គ្រោះ​ទឹកជំនន់ និង​បំផ្លាញ​ដំណាំ​របស់​កសិករ​អស់​ជា​ច្រើន ដូច្នេះ បើសិនជា​ពួក​គាត់​ប្រើប្រាស់​ការ​ធានា​រ៉ាប់រង​ទៅ​លើ​កត្តា​ទាំងនេះ វា​នឹង​មាន​ប្រយោជន៍​សម្រាប់​ពួក​គាត់ ។

ក្នុង​ឆ្នាំ​២០១៩​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​រួច​ហើយពី​ការ​អូស​បន្លាយ​រដូវប្រាំង ហើយ​អាកាសធាតុ​នឹង​ឡើង​កម្ដៅ​ជាង​ឆ្នាំ​មុន​ៗ ដែល​មាន​មតិ​មួយ​ចំនួន​យល់​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឥណទាន​របស់​មីក្រូហិរញ្ញវត្ថុ​កម្ពុជា ក៏​ប៉ុន្តែ​ប្រធាន​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ថា វា​គ្មាន​បញ្ហា​សម្រាប់​ដំណើរការ​ផ្ដល់​ឥណទាន​ទៅ​កាន់​អតិថិជន​នោះ​ទេ ។ លោក គា បូរាណ អះអាង​ថា ៖« បាតុភូត​ដែល​កើតឡើង​នៅ​កម្ពុជា មិនមែន​ជា​មេរៀន​ថ្មី​នោះ​ទេ ។ កន្លង​មក​យើង​បាន​ជួប​ប្រទះ​រួច​មក​ហើយ ដូច​ជា​គ្រោះ​រាំង​ស្ងួត​អូស​បន្លាយ​យូរ ហើយ​សម្រាប់​ឆ្នាំ​នេះ រាជរដ្ឋាភិបាល​បាន​ប្រកាស​រួច​ហើយ​ឲ្យ​ពលរដ្ឋ​គួរ​ប្រុង​ប្រយ័ត្ន​ពី​ការ​ធ្វើស្រែ ដោយ​ខ្លាច​ខ្វះ​ទឹក​ប្រើប្រាស់ និង​គួរ​កុំ​ប្រញាប់​សាបព្រោះ​ឬ​ដាំ​ដុះ​ពេក ដែល​អាច​នឹង​ធ្វើ​ឲ្យ​ដំណាំ​របស់​កសិករ​ខូចខាត » ។

គួរ​បញ្ជាក់​ថា កន្លង​មក មូលនិធិ​កិច្ច​សហប្រតិបត្តិការ​អា​ល្លឺ​ម៉​ង់​ក៏​បាន​ធ្វើ​នូវ​កិច្ចការ​ធានា​រ៉ាប់រង​លើ​ដំណាំ​កសិកម្ម​នេះ​ផង​ដែរ​នៅ​កម្ពុជា ក៏​ប៉ុន្តែ​មូលនិធិ​នោះ​បាន​ធ្វើ​តែ​លើ​ខេត្ត​សក្ដានុពល​មួយ​ចំនួន​ប៉ុណ្ណោះ​នៅ​កម្ពុជា ដោយ​មិន​ផ្ដោត​ទៅ​លើ​ទូ​ទាំង​ប្រទេស​នៅឡើយ​ទេ ។ អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​ធានា​រ៉ាប​រង់​ហ្វ​ត​តេ លោក នី លី​ហួង ធ្លាប់​បាន​និយាយ​ថា ការ​ធានា​រ៉ាប់រង​ទៅ​លើ​ដំណាំ​ដូច​ជា​ស្រូវ និង​ដំណាំ​ផ្សេង​ទៀត ក្រុមហ៊ុន​ធានា​រ៉ាប់រង​ហ្វ​ត​តេ បាន​ផ្ដល់​ប្រមាណ​៤​ទៅ​៥​ឆ្នាំ​មក​ហើយ ក៏​ប៉ុន្តែ​អ្នក​ប្រើប្រាស់​សេវា​ធានា​រ៉ាប់រង​ប្រភេទ​នេះ​មាន​ចំនួន​តិចតួច​នៅឡើយ ហើយ​លោក​ក៏​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មានការ​យល់​ដឹង​បន្ថែម និង​ប្រើប្រាស់​សេវាកម្ម​ធានា​រ៉ាប់រង​លើ​ដំណាំ​កសិកម្ម​ឲ្យ​បាន​កាន់តែ​ច្រើន ដើម្បី​ទប់ស្កាត់​នូវ​ការ​ខាតបង់​ថ្លៃដើម​កសិកម្ម​របស់​ពួក​គាត់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ