ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ធ្វើ​ព្រះពុទ្ធ​បដិមា​ត្អូញត្អែរ​ពី​ការ​លក់​ថមថយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​របរ​ធ្វើ​ចម្លាក់ និង​សូន​រូប​ព្រះពុទ្ធ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ​ពុទ្ធសាសនិក​ដែល​ជាវ​ព្រះពុទ្ធ​បដិមា​យក​ទៅ​ធ្វើបុណ្យ​នៅ​តាម​វត្ត​អារាម និង​ទី​ស្ការបូជា​នានា មានការ​ថមថយ មិន​ដូច​កាលពី​ឆ្នាំ​មុន​ៗ​ឡើយ…

រាជធានី​ភ្នំពេញ ៖ អ្នក​ប្រកប​របរ​ធ្វើ​ចម្លាក់ និង​សូន​រូប​ព្រះពុទ្ធ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ បាន​ត្អូញត្អែរ​ថា បច្ចុប្បន្ន​នេះ​ពុទ្ធសាសនិក​ដែល​ជាវ​ព្រះពុទ្ធ​បដិមា​យក​ទៅ​ធ្វើបុណ្យ​នៅ​តាម​វត្ត​អារាម និង​ទី​ស្ការបូជា​នានា មានការ​ថមថយ មិន​ដូច​កាលពី​ឆ្នាំ​មុន​ៗ​ឡើយ ។

លោក ចាន់ តារា អាជីវករ​មួយ​រូប​ដែល​កំពុង​ធ្វើ​អាជីវកម្ម​សូន​រូប​ព្រះពុទ្ធ​បដិមា​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​នេះ បាន​និយាយ​ថា កាលពី​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៨០​និង​ទសវត្សរ៍​ឆ្នាំ​១៩៩០ ពលរដ្ឋ​មាន​ជំនឿ​ខ្លាំង​ណាស់​ទៅ​លើ​ពុទ្ធសាសនា ។ នៅ​ពេល​ឃើញ​ព្រះសង្ឃ​និមន្ត​នៅ​ចំពោះ​មុខ ពលរដ្ឋ​ខ្មែរ​គ្រប់​រូប​សុទ្ធតែ​លុតជង្គង់​សំពះ ដោះ​មួក និង​ស្បែកជើង​ជាដើម តែ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​នេះ ឥទ្ធិពល​នៃ​វិស័យ​នេះ​មានការ​ប្រែប្រួល​ច្រើន ពិសេស​បន្ទាប់​ពី​មានរឿង​អាស្រូវ​កើន​ចេញពី​បុគ្គល​សង្ឃ​មួយ​ចំនួន​តូច​បាន​ប្រព្រឹត្ត​ខុស​វិន័យ​សង្ឃ​ជា​ហូរហែ បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​ជំនាន់​ក្រោយ​លែង​សូវ​មាន​ជំនឿ ។

លោក​លើក​ឡើង​ថា ៖« កាល​មិន​ទាន់​មានរឿង​អាស្រូវ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា ការ​ជាវ​ពុទ្ធបដិមា​មាន​ចំនួន​ច្រើន ដែល​ពេល​ខ្លះ​ធ្វើ​មិន​ទាន់​ផង ពិសេស​នៅ​ពេល​ជិត​ដល់​កាល​រដូវ​កាល​បុណ្យ​ទាន ដូច​ជា ចូល​ឆ្នាំ បុណ្យ​ភ្ជុំ ឬ​បុណ្យ​ផ្សេង​ទៀត ដែល​ខែ​ខ្លះ​លក់​បាន​១០​អង្គ ខែ​ខ្លះ​ទៀត​អាច​លក់​រហូត​ដល់​៥០​ទៅ​៦០​អង្គ ឬ​លើស​ពី​នេះ​តាម​ភាព​ជាក់ស្តែង ប៉ុន្ដែ​សព្វ​ថ្ងៃនេះ​មានការ​ថមថយ​យ៉ាង​ខ្លាំង »​។ រឿងអាស្រូវ​ដែល​កើត​ចេញពី​បុគ្គល​សង្ឃ​មួយ​ចំនួន​តូច​នោះ ពិតជា​ផ្នែក​មួយ​ដែល​បាន​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​វិស័យ​ពុទ្ធសាសនា តែ​មិនមែន​ប៉ះពាល់​ទាំងស្រុង​ទៅ​លើ​អាជីវកម្ម​ចម្លាក់​ព្រះ​ឡើយ ។ មាន​កត្តា​មួយ​ចំនួន​ក៏​ធ្វើ​ឲ្យ​អាជីវកម្ម​នេះ​ថមថយ​ដែរ​ដូច​ជា ទឹកដៃ​ជាងចម្លាក់ តម្លៃ ការ​រី​កម​ច្រើន​នៃ​អាជីវកម្ម​នេះ​នៅ​តាម​តំបន់​ផ្សេង​ៗ និង​បញ្ហា​ខ្វះ​ទំនាក់ទំនង​ទីផ្សារ​ជាដើម ។

បើ​តាម​អ្នក​ធ្វើ​បដិមា​ព្រះពុទ្ធ​ផ្សេង​ទៀត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​នេះ​ដែរ លោក ជា សៀ បាន​អះអាង​ថា ៖« សព្វ​ថ្ងៃនេះ ប្រជាពលរដ្ឋ​យើង​មាន​ជំនឿ​ច្រើន​លើ​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ជា​សាសនា​របស់​រដ្ឋ ដោយ​ឃើញ​មក​ជាវ​ព្រះ​យក​ទៅ​ធ្វើបុណ្យ​ជា​ហូរហែ​។ តួយ៉ាង នៅ​មុន​ថ្ងៃ​បុណ្យមាឃបូជា ខ្ញុំ​លក់ដាច់​ច្រើន ដូចនេះ​បង្ហាញ​ថា ការ​គោរព​ប្រណិប័តន៍​ព្រះពុទ្ធ​សាសនា​ពី​សំណាក់​ពុទ្ធសាសនិក​នៅ​តែ​រឹង​មាំ និង​មិន​មាន​អ្វី​ប្រែប្រួល​ច្រើន​នោះ​ទេ »​។

លោក​បញ្ជាក់​ថា ៖« ក្នុង​១​ថ្ងៃ មាន​ពលរដ្ឋ​មក​ជាវ​បដិមា​ព្រះពុទ្ធ​ពី​៥​ទៅ​៦​អង្គ និង​ថ្ងៃ​ខ្លះ​ពី​៧​ទៅ​៨​អង្គ ហើយ​ការ​ផលិត​សម្រាប់​បដិមា​ដោយ​ចាក់ពុម្ព​ក្នុង​១​អង្គ​ត្រូវ​ចំណាយពេល​៣​ទៅ​៤​ថ្ងៃ ទើប​រួចរាល់​។ ចំណែក​បដិមា​សូន​រូប​វិញ​ត្រូវ​ចំណាយពេល​១​ស​ប្តា​ហ៍​ឬ​លើស​ពី​នេះ ហើយ​តម្លៃ​គឺ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ខ្នាត និង​ទម្រង់ ដែល​មាន​ចាប់ពី​៨០​ទៅ​១៤០​ដុល្លារ​ឡើង »​។ លោក ជា សៀ និយាយ​ថា ៖« ការ​ធ្វើ​ព្រះពុទ្ធ​បដិមា​តែងតែ​គោរព និង​ធ្វើ​ទៅ​តាម​ក្បូន​ខ្នាត​ដែល​បាន​កំណត់​តាំងពី​បរម​បុរាណ​មក ទាំង​ការ​រចនា ការ​លាប​ពណ៌ គឺ​ទាមទារ​ឲ្យ​គោរព​តាម​បទដ្ឋាន​ត្រឹមត្រូវ​។ ប្រសិនបើ​ធ្វើ​មិន​បាន​ត្រឹមត្រូវ​ទេ ទម្រង់​រូប​ព្រះពុទ្ធ​មិន​សម ហើយ​ពុទ្ធសាសនិក​ដែល​ជាវ​យក​ទៅ​ដាក់​នៅ​តាម​វត្ត អាច​នឹង​មាន​បញ្ហា​ថែម​ទៀត ដូច្នេះ​មិនមែន​ចេះ​តែ​ធ្វើ​នោះ​ទេ »​។ លោក​បញ្ជាក់​ថា អាជីវកម្ម​នេះ​នៅ​តែ​ដំណើរការ​ល្អ បើ​ទោះជា​បុគ្គល​សង្ឃ​មួយ​ចំនួន​ប្រព្រឹត្ត​រឿងអាស្រូវ​នាំ​ឲ្យ​ប៉ះពាល់​ដល់​ជំនឿ​របស់​ពលរដ្ឋ​លើ​វិស័យ​ពុទ្ធសាសនា​ខ្លះ​ក៏​ដោយ ។

ទាក់ទង​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ លោកតា​អាចារ្យវត្ត​នាគ​វ័​ន្ត បាន​ឲ្យ​ដឹងផង​ដែរ​ថា រឿងអាស្រូវ​ដែល​កើត​ចេញពី​ព្រះសង្ឃ​មួយ​ចំនួន​តូច​នោះ ជា​រឿង​បុគ្គល​ទេ មិនមែន​ព្រះសង្ឃ​ទាំងអស់​សុទ្ធតែ​មិន​ត្រឹមត្រូវ​ទេ ដូច្នេះ​អ្នក​ធ្វើ​អាជីវកម្ម​លើ​ពុទ្ធបដិមា​មិន​គួរ​យក​ជំនឿ​សាសនា​មក​ភ្ជាប់​ជាមួយ​ឡើយ ។ លោកតា ជុំ អែ​ល អាចារ្យវត្ត​នាគ​វ័ន បាន​មាន​ប្រសាសន៍​ថា ៖« សព្វ​ថ្ងៃនេះ​ព្រះសង្ឃ​ភាគច្រើន​គោរព​តាម​វិន័យ​ក្នុង​ព្រះពុទ្ធ​សាសនា​បាន​ល្អ តែ​ដោយឡែក​បុគ្គល​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​។ ចំណែកឯ​ព្រះសង្ឃ​ដែល​បួស​មានច្បាប់ និង​មាន​លក្ខណៈ​គ្រប់គ្រាន់ លោក​មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សាសនាព្រះពុទ្ធ​ឡើយ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ