ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រីង​ ច័ន្ទ​បុត្រ​ បដិសេធ​ថា​ សារ​ហ្វេស​ប៊ុក​មិន​សំដៅ​អាល័យ​ស្នេហ៍​ចាស់​ទេ​

10 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា​ «ព្រីង​ ច័ន្ទ​បុត្រ​ សម្តែង​ក្តី​អាឡោះ​អាល័យ​ក្រោយ​លែង​លះ​ភរិយា​» រួច​មក​ តារា​សម្តែង​ដែល​ស្ទើរ​តែ​បាត់​មុខ​ពី​សង្គម​សិល្បៈ​ លោក​ព្រីង​ ច័ន្ទ​បុត្រ​ បាន​បក​ស្រាយ​ចំពោះ​សារ​ដែល​លោក​សរសេរ​នៅ​ក្នុង​គណនេយ្យ​ហ្វេស​ប៊ុក​នោះ​ថា​ មិន​មែន​មាន​ន័យ​ថា​ «លោក​នៅ​អាឡោះ​អាល័យ​ស្នេហ៍​ចាស់​នោះ​ឡើយ» ។​

រាជធានីភ្នំពេញ​ ៖ បន្ទាប់​ពី​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​ជើង​ថា​ «ព្រីង​ ច័ន្ទ​បុត្រ​ សម្តែង​ក្តី​អាឡោះ​អាល័យ​ក្រោយ​លែង​លះ​ភរិយា​» រួច​មក​ តារា​សម្តែង​ដែល​ស្ទើរ​តែ​បាត់​មុខ​ពី​សង្គម​សិល្បៈ​ លោក​ព្រីង​ ច័ន្ទ​បុត្រ​ បាន​បក​ស្រាយ​ចំពោះ​សារ​ដែល​លោក​សរសេរ​នៅ​ក្នុង​គណនេយ្យ​ហ្វេស​ប៊ុក​នោះ​ថា​ មិន​មែន​មាន​ន័យ​ថា​ «លោក​នៅ​អាឡោះ​អាល័យ​ស្នេហ៍​ចាស់​នោះ​ឡើយ» ។​

តារា​សម្តែង​រូប​នេះ​បាន​សរសេរ​បក​ស្រាយ​អំពី​បញ្ហា​នោះ​នៅ​ក្នុង​គណ​នេយ្យ​ហ្វេស​ប៊ុក​របស់​លោក​ កាល​ពី​ថ្ងៃ​ទី​២​ កញ្ញា​ ឆ្នាំ​២០១៣​ ដោយ​បញ្ជាក់​ពី​ការ​ហួស​ចិត្ត​នូវ​ការ​ចុះ​ផ្សាយ​នោះ​ និង​បក​ស្រាយ​ថា​ «ខ្លឹម​សារ​ដែល​លោក​សរសេរ​នោះ​មិន​មែន​ជា​ការ​អាឡោះ​អាល័យ​ស្នេហ៍​ចាស់​ឡើយ​» ។​

លោក​ព្រីង​ ច័ន្ទ​បុត្រ​ ហៅ​ចេក​ បាន​សរសេរ​ថា​ «ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ពេល​បាន​ឃើញ​សារ​ព័ត៌​មាន​កោះ​សន្តិ​ភាព​ចុះ​ផ្សាយ​ព័ត៌​មាន​នេះ​។​ ខ្ញុំ​សូម​បញ្ជាក់​ថា​ រឿង​ខ្ញុំ​ពី​មុន​បាន​ដាច់​ស្រេច​ និង​ចប់​ក្លាយ​ទៅ​ជា​អតីត​កាល​អស់​ទៅ​ហើយ​ មិន​គួរ​យក​វា​មក​និយាយ​ទៀត​ទេ​ ។​ ចំពោះ​សារ​មួយ​ឃ្លា​ដែល​ខ្ញុំ​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​ថា​ «ទីនេះ​ជា​កន្លែង​ជួប​ ហើយ​ក៏​ជា​កន្លែង​បែក​ បង​នឹក​អូន​ នឹក​រហូត​» នោះ​ខ្ញុំ​ចង់​បញ្ជាក់​ថា​ ជា​កន្លែង​ដែល​ខ្ញុំ​ និង​មិត្ត​ដ៏​ល្អ​របស់​ខ្ញុំ​បាន​ញ៉ាំ​អី​ជាមួយ​គ្នា​ បន្ទាប់​មក​ខ្ញុំ​ក៏​នាំ​គាត់​ឡើង​យន្ត​ហោះ​។ ស្រប​ពេល​ដែល​គាត់​ធ្វើ​ដំណើរ​ ខ្ញុំ​ក៏​សរសេរ​ពាក្យ​នេះ​ដើម្បី​គាត់​ តែ​ធ្វើ​ឱ្យ​មាន​ការ​យល់​​ច្រឡំ​ថា​ ខ្ញុំ​នៅ​អាឡោះ​អាល័យ​រឿង​ចាស់​ទៅ​វិញ​ ហើយ​សម្រាប់​ពេល​នេះ​ខ្ញុំ​ក៏​មាន​សេ្នហា​ថ្មី​ហើយ​ដែរ​ ។​ អុីចឹង​សូម​កុំ​យល់​ច្រឡំ​ត​ទៅ​ទៀត​ ព្រោះ​ចំណង​ស្នេហា​ថ្មី​របស់​ខ្ញុំ​កំពុង​តែ​ចាប់​ផ្តើម​ រាល់​អំពើ​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ធ្វើ​ពេល​នេះ​ គឺ​ធ្វើ​ចំពោះ​គាត់​តែ​ម្នាក់​គត់​ ក៏​ដូច​ជា​សារ​នៅ​ក្នុង​ហ្វេស​ប៊ុក​ផង​ដែរ​» ។​

ទោះ​ជា​យ៉ាង​ណា​ក្តី​ ការ​បក​ស្រាយ​របស់​លោក​ព្រីង​ ច័ន្ទ​បុត្រ​ នេះ​ ទំនង​ជា​ចង់​ពង្វាង​ការ​យល់​ឃើញ​របស់​មហា​ជន​ថា​ លោក​នៅ​មិន​ទាន់​ដាច់​អាល័យ​ស្នេហ៍​ចាស់​នៅ​ឡើយ​ទេ​ បន្ទាប់​ពី​លោក​បែក​បាក់​ភរិយា​ដែល​ជា​អ្នក​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្តម្ភ​នោះ​ ។​
ជា​ការ​កត់​សម្គាល់​ សារ​ដែល​លោក​ព្រីង​ ច័ន្ទ​បុត្រ​ សរសេរ​នោះ​ ក៏​ត្រូវ​មិត្ត​ភក្តិ​របស់​លោក​មួយ​ចំនួន​នាំ​គ្នា​បញ្ចេញ​ជា​យោបល់​នៅ​ពី​ក្រោម​សារ​នោះ​ផង​ដែរ​ ហើយ​មាន​ការ​សរសេរ​ចំនួន​២​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍​ ក្នុង​នោះ​មាន​មិត្ត​ភក្តិ​របស់​តារា​រូប​នេះ​ម្នាក់​បាន​សរ​សេរ​ថា​ ស្នាម​ញញឹម​បង​គ្រាន់​តែ​បន្លប់​ទេ​ និង​ម្នាក់​ទៀត​បាន​សរសេរ​ថា​ ហេតុ​អ្វី​បាន​ទៅ​ជា​បែប​នេះ​បង​ កាល​ពី​មុន​មើល​ទៅ​ដូច​ជា​មាន​សុភមង្គល​ខ្លាំង​ណាស់​ ។ ទាំង​នេះ​បញ្ជាក់​ថា​ សម្រាប់​អ្នក​ដែល​បាន​ស្គាល់​លោក​ សុទ្ធ​តែ​យល់​អំពី​ភាព​សោក​សៅ​ និង​ការ​អាឡោះ​អាល័យ​ស្នេហ៍​ចាស់​ ដែល​ស្ថិត​នៅ​ក្នុង​ដួង​ចិត្ត​របស់​លោក​នៅ​ឡើយ​ ដោយ​មិន​ទាន់​អាច​កាត់​ផ្តាច់​បាន​ទាំង​ស្រុង​ទេ​ បើ​ទោះ​ជា​ពេល​នេះ​លោក​អះ​អាង​ថា​ រក​ឃើញ​ស្នេហ៍​ថ្មី​ហើយ​ក៏​ដោយ​ ។​

មាន​ការ​លើក​ឡើង​ថា​ ក្រោយ​បែក​បាក់​ភរិយា​រួច​មក​ លោក​ព្រីង​ ច័ន្ទ​បុត្រ​ ហៅ​នាយ​ចេក​ ត្រូវ​គេ​មើល​ឃើញ​ថា​ ដើរ​តាម​គន្លង​ចាស់​របស់​ពិធី​ករ​លោក​អុឹង​ រដ្ឋា​ ហៅ​នាយ​ទុយ​ ព្រោះ​បាន​ប្រពន្ធ​ជា​អ្នក​មាន​ទ្រព្យ​ តែ​បែក​គ្នា​លឿន​ដូច​ផ្លេក​បន្ទោរ​ ។​

ដោយ​ឡែក​កន្លង​មក​ តារា​សម្តែង​លោក​ព្រីង​ ច័ន្ទ​បុត្រ​ បាន​បរា​ជ័យ​រឿង​ស្នេហា​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ មាន​ការ​បែក​បាក់​ស្នេហ៍​ជាមួយ​នារី​នៅ​អាមេរិក​ និង​ក្រោយ​មក​គេ​ល្បី​ថា​ បែក​បាក់​ស្នេហ៍​ជាមួយ​ស្រី​ស្អាត​ ហុិន​ ច័ន្ទ​និរ័ត្ន​ តែ​ខាង​ស្រី​មិន​ទទួល​ស្គាល់​ ។ ឥឡូវ​ក្រោយ​បញ្ចប់​ស្នេហ៍​អ្នក​មេម៉ាយ​កូន​៣​កណ្តាល​ទី​ ស្រាប់​តែ​រក​បាន​ស្រី​ស្រស់​ម្នាក់​ទៀត​ ដែល​តារា​រូប​នេះ​អះ​អាង​ប្រាប់​ទស្សនា​វដ្តី​ក្នុង​ស្រុក​មួយ​ថា​ នារី​ម្នាក់​នោះ​ជា​ប្រធាន​ក្រុម​ហ៊ុន​មួយ​នៅ​ខេត្ត​សៀម​រាប​ ។​ ទោះ​ជា​យ៉ាង​ណា​ក្តី​ គេ​នឹង​រង់​ចាំ​មើល​ថា​ ចំណង​ស្នេហ៍​ចុង​ក្រោយ​របស់​នាយ​ចេក​ តើ​អាច​សម​ប្រកប​ដែរ​ឬទេ​ ៕​