ខេត្តព្រះសីហនុ ៖ ជនសង្ស័យម្នាក់ត្រូវប៉ូលិសដេញប៉ផាប់ចាប់ពភីងរហូតឃាត់ខ្លួនបានក្នុងរយៈពេល១ម៉ោងក្រោយពីជននេះយកកាំបិតចែតប្រវែងកន្លះម៉ែត្រកាប់ទៅលើស្ត្រីម្នាក់ និងកូនប្រុសបណ្តាលឱ្យរបួសធ្ងន់កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១ កញ្ញា ២០១៣ នៅក្រុម៨ ភូមិបឹងជុំ ឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់។
ជនសង្ស័យឈ្មោះសំ ឆុច ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ ជាមនុស្សរស់នៅឯកោគ្មានសាច់ញាតិ ចំណែកស្ត្រីរងគ្រោះឈ្មោះពៅ វណ្ណា អាយុ៤៨ឆ្នាំ ត្រូវជនសង្ស័យកាប់ចំនួន៣កាំបិតរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ និងកូនប្រុសឈ្មោះចក់ ភ័ណ្ឌ អាយុ១៩ឆ្នាំ របួសកំភួនដៃ។
តាមប្រភពបានឱ្យដឹងថា មុនពេលកើតហេតុជនសង្ស័យបានទៅអង្គុយផឹកស៊ីនៅផ្ទះឈ្មោះប្រាជ្ញ ណែត ដែលស្ថិតនៅមិនឆ្ងាយពីផ្ទះជនសង្ស័យចំណែកស្ត្រីរងគ្រោះដេកលេងក្នុងអង្រឹងលើផ្ទះនោះដែរ ។ លុះមួយសន្ទុះក្រោយមកមិនដឹងមូលហេតុអ្វីស្រាប់តែជនសង្ស័យបានយកកាំបិតចែតមកកាប់លើស្ត្រីរងគ្រោះចំនួន៣កាំបិតរបួសធ្ងន់ ខណៈពេលនោះកូនប្រុសរបស់ស្ត្រីរងគ្រោះបានរត់ទៅជួយម្តាយ តែត្រូវជនសង្ស័យកាប់ចំកំភួនដៃរបួសមធ្យម។ ក្រោយកើតហេតុជនសង្ស័យបានរត់គេចខ្លួនទៅវាលស្រែ តែត្រូវប៉ូលិសដេញប៉ផាប់ចាប់ពភីងបានបញ្ជូនទៅកាន់អធិការដ្ឋានប៉ូលិសខេត្តព្រះសីហនុ។
តាមប្រភពពីប៉ូលិសស្រុកព្រៃនប់បានឱ្យដឹងថា ជនសង្ស័យ និងស្ត្រីរងគ្រោះធ្លាប់មានទំនាស់គ្នាពីរឿងផ្លូវដើរជាយូរឆ្នាំមកហើយ ៕
ចែករំលែកព័តមាននេះ