ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជរដ្ឋាភិបាល​ពង្រីក ផែនការ​បណ្ដុះបណ្ដាល បច្ចេកទេស​អគ្គិសនី

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កំពុង​ពង្រីក​ផែនការ​បណ្តុះបណ្តាល​បច្ចេកទេស​អគ្គិសនី​ដល់​យុវជន​ឲ្យ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធានា​សន្តិសុខ​ថាមពល និង​បម្រើសេវា​ត​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​ស្រប​តាម​ស្តង់ដា ។ បើ​តាម​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​អះអាង​ថា អគ្គិសនី​កម្ពុជា​បាន​ពង្រីក​កិច្ចសហការ​ជាមួយ​គ្រឹះស្ថានឧត្តមសិក្សា…

រាជធានី​ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កំពុង​ពង្រីក​ផែនការ​បណ្តុះបណ្តាល​បច្ចេកទេស​អគ្គិសនី​ដល់​យុវជន​ឲ្យ​កាន់តែ​ច្រើន ដើម្បី​ឆ្លើយ​តប​នឹង​ការ​ធានា​សន្តិសុខ​ថាមពល និង​បម្រើសេវា​ត​ភ្ជាប់​ចរន្តអគ្គិសនី​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មានគុណ​ភាព និង​ប្រសិទ្ធភាព​ខ្ពស់​ស្រប​តាម​ស្តង់ដា ។

បើ​តាម​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​អះអាង​ថា អគ្គិសនី​កម្ពុជា​បាន​ពង្រីក​កិច្ចសហការ​ជាមួយ​គ្រឹះស្ថានឧត្តមសិក្សា ពិសេស​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អគ្គិសនី ដើម្បី​ពង្រីក​ការ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស​អគ្គិសនី​ដល់​យុវជន​យុវនារី​ឲ្យ​កាន់តែ​មាន​សមត្ថភាព​ទូលំទូលាយ​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ​ការងារ ផ្នែក​អគ្គិសនី ឆ្លើយ​តប​ទៅ​នឹង​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម ឆ្នាំ​២០១៥-២០២៥ ។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​អគារសិក្សា និង​សមិទ្ធផល​នានា​ក្នុង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អគ្គិសនី​កាលពី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ កន្លង​មក លោក កែវ រតនៈ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ដើម្បី​ពង្រីក​ធនធានមនុស្ស​លើ​ជំនាញ​អគ្គិសនី​នេះ ឲ្យ​បាន​កាន់តែ​ច្រើន រាជរដ្ឋាភិបាល​ក៏​បាន​ផ្តល់​អាហារូបករណ៍​ជា​ច្រើន​ដល់​សិស្ស​ពូកែ និង​សិស្ស​ក្រីក្រ ដើម្បី​មាន​លទ្ធភាព អាច​ចូល​រៀន​ជំនាញ​នេះ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ចង់បាន​របស់​រាជរដ្ឋាភិបាល​។ លោក​បន្ត​ថា ៖« ការ​អភិវឌ្ឍ​ធនធានមនុស្ស​ផ្នែក​អគ្គិសនី​ត្រូវ​ដើរ​ទន្ទឹម​គ្នា​ជាមួយនឹង​ការ​អភិវឌ្ឍ ថាមពល​អគ្គិសនី ដើម្បី​ជំរុញ​ការ​លើកកម្ពស់​វិស័យ​សន្តិសុខ​ថាមពល ធានា​បាន​ប្រសិទ្ធភាព ខណៈ​ថាមពល​អគ្គិសនី​គឺជា​កម្លាំង​ច​លករ​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​វិស័យ​ផ្សេង​ៗ ទៀត »​។

លោក អ៊ុំ ពិសិដ្ឋ នាយក​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អគ្គិសនី បាន​ឲ្យ​ដឹង​ដែរ​ថា វិទ្យាស្ថាន​នេះ​បាន​បណ្តុះបណ្តាល​និស្សិត​ជា​ច្រើន​លើ​ជំនាញ​បច្ចេកទេស​អគ្គិសនី និង​វិស្វករ​អគ្គិសនី​ស្រប​តាម​ស្តង់ដា​នៃ​តម្រូវការ​របស់​សង្គម ។ លោក​បញ្ជាក់​ថា ៖« ការ​ពង្រីក​អគារសិក្សា​ថ្មី​កម្ពស់​៤​ជាន់​ដែល​ជា​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​មាន​តម្លៃ​ជាង​ទឹក​ប្រាស់​ប្រមាណ​៣​លាន​៣​សែន​ដុល្លារ​នេះ នឹង​ពង្រឹង​ដល់​ការងារ​បណ្តុះបណ្តាល​អំពី​បច្ចេកទេស​អគ្គិសនី ដល់​និស្សិត អោយ​កាន់​មាន​ភាពល្អ​ប្រសើរ​បន្ថែម​ទៀត »​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​មាន​វិស្វករ​ជំនាញ​ជាង​៥​ពាន់​នាក់ ដោយ​មិន​ទាន់​រាប់ បញ្ចូល​សេវាករ ដែល​ចែកចាយ​អគ្គិសនី​ទូ​ទាំង​ប្រទេស​ជាង​៣០០​នាក់ និង​មិន​ទាន់​រាប់​ទាំង​ជាងភ្លើង នៅ​តាម​មូលដ្ឋាន​នានា​ជា​ច្រើន​ពាន់​នាក់​ថែម​ទៀត ខណៈ​នៅ​ថ្ងៃ​អនាគត វិស័យ​អគ្គិសនី​ត្រូវការ​បុគ្គលិក អ្នកជំនាញ សេវាករ និង​ជំនាញ​ជា​ច្រើន​នាក់​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ