រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានព្រមានយ៉ាងខ្លាំងចំពោះមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរ អភិបាលខេត្ត អភិបាលស្រុក ឱ្យយកចិត្តទុកដាក់ថែទាំផ្លូវដែលដំបូងមានការខូចប៉ុនចានគោម ថ្ងៃស្អែកប៉ុនខ្ទះឆា មួយអាទិត្យប៉ុនខ្ទះត្នោត ហើយមួយអាទិត្យទៀតទៅជាថ្លុកសម្រាប់ក្របីដេក …។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានព្រមានបែបនេះកាលពីរសៀលថ្ងៃទី១៦ មីនា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១០ និងទិសដៅការអនុវត្តឆ្នាំ២០១១ ប្រព្រឹត្តទៅនៅសាលសន្និសីទចតុមុខរាជធានីភ្នំពេញ ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានរំលឹកឡើងវិញថា សូមឱ្យអស់លោកមើលផ្លូវ មើលផ្លូវមាន២យ៉ាង ១-កុំឱ្យមានកុងត្រូលជជុះ និងទី២-មើលផ្លូវដែលវាខូច។ បើអស់លោកនៅតែបន្តយន្តការអូសបន្លាយ គឺវាងាប់ស្តូក។ បើមើលឃើញខូចខាតតិចតួច ហើយទុកឱ្យខូចខាតច្រើនគឺចំណាយថវិកាជាតិអស់ច្រើនណាស់។ សូមកុំចាំដល់នាយករដ្ឋមន្ត្រីត្រៀមទៅទើបនាំគ្នាសស្រាក់សស្រាំជួសជុល។ សូមកុំយកឈ្មោះហ៊ុន សែន ធ្វើជាចលករសម្រាប់ការជួសជុលផ្លូវឱ្យសោះ បញ្ហានេះអស់លោកត្រូវជួសជុលខ្លួនឯង។ ឥឡូវមានកុងត្រូលជជុះកាន់តែច្រើន។
សម្តេចបានអានសៀវភៅដែលសម្តេចបានសរសេរពី២០ឆ្នាំមុន ហើយយកមកប្រៀបធៀបព្រឹត្តិការណ៍តាមរបៀបនិទាន ឃើញថា រឿងបញ្ហានេះគឺនៅតែច្រំដែលដដែល គឺអត់មានកាត់បន្ថយសោះ។ ប្រការដែលគួរឱ្យខ្លាចនោះគឺគ្រោះថ្នាក់ប្រជាជន ការលំបាកវេទនា ការយឺតយ៉ាវរបស់ប្រជាជនក្នុងការធ្វើដំណើរ។ គ្រោះថ្នាក់ចរាចរណ៍ ការដឹកជញ្ជូនលើសទម្ងន់ ការបើកបរល្បឿនលឿនហួស គឺនៅតែដដែល អស់លោកហាក់បីដូចជាគ្មានវិធានការនឹងទប់ស្កាត់សោះ …។
សម្តេចតេជោបានលើកជាសំនួរថា តើបញ្ហាដែលបានបង្កឱ្យមានភាពគ្រោះថ្នាក់ធ្ងន់ធ្ងរ សព្វថ្ងៃនេះតើអាចអនុវត្តការបង្ក្រាបបានឬទេ …? សម្តេចបញ្ជាឱ្យសមត្ថកិច្ចដែលពាក់ព័ន្ធអនុវត្តច្បាប់ រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេស ចាប់កាត់ចោលតែម្តង កុំនិយាយច្រើន កាត់ហើយឱ្យម្ចាស់យកលុយទៅសង បើមិនសងគឺរឹបអូសយកឡានទៅ តើក្រុមហ៊ុនណា …។ សូមសមត្ថកិច្ចកុំទៅពិនិត្យតាមផ្លូវ គឺត្រូវចាប់ពិនិត្យតាំងពីការចេញដំណើរ។ សម្តេចបានលើកថា ក្រុមហ៊ុនដឹកជញ្ជូនបានសរសេរលិខិតយល់ព្រមកែលំអ ប៉ុន្តែសម្តេចបញ្ជាឱ្យពិនិត្យមើលក្រុមហ៊ុននេះ តើការកែប្រែមានតែនៅក្នុងលិខិត ឬក្រៅលិខិត គឺកង់រថយន្តនៅតែអស់សំបកដដែល។
ទាក់ទិននឹងការដឹកកុងតឺន័រ សម្តេចតេជោបានសង្កត់ធ្ងន់ថា ការដឹកកុងតឺន័រ សព្វថ្ងៃហាក់បីដូចជាគ្មានសុវត្ថិភាព បារម្ភខ្លាចមានឧបទ្ទវហេតុអ្វីមួយ កុងតឺន័រនោះអាចធ្វើឱ្យមានគ្រោះថ្នាក់ដល់សុវត្ថិភាព ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លូវ ដូច្នេះបញ្ហាទាំងអស់នេះគឺមកពីអស់លោកពុំព្រមពិនិត្យឱ្យបានដិតដល់ ចង់ក្រុមហ៊ុនធ្វើអ្វីតាមអំពើចិត្ត។ អាវុធហត្ថ នគរបាលមន្ត្រីសាធារណការ ដែលទទួលខុសត្រូវពីបញ្ហានេះ សូមឱ្យមានការយកចិត្តទុកដាក់លើបញ្ហាសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ។ ក្រសួងសាធារណការ នគរបាល អាវុធហត្ថ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ត្រូវប្រជុំ និងមានវិធានការសុវត្ថិភាពក្នុងការដឹកជញ្ជូនឱ្យបានត្រឹមត្រូវ ក្នុងនោះដោយមានការចូលរួមពីក្រសួងពាណិជ្ជកម្មផងដែរ ដើម្បីឱ្យបានដឹង បើក្រុមហ៊ុនណាមានការរឹងទទឹង ធ្វើខុសនឹងបទបញ្ជា នឹងត្រូវដកអាជ្ញាប័ណ្ណមិនឱ្យធ្វើអាជីវកម្មបន្ត។
សម្តេចថែ្លងថា កន្លងទៅមានកុងត្រូលដេញចាប់ឡានដឹកឈើ ហើយសមត្ថកិច្ចនោះមិនដឹងមកពីណាទេ ក៏មានអង្គការក្រៅរដ្ឋាភិបាលខ្លះផងដែរ ក៏ចេះចាប់ឈើដែរ។ ជួនកាលមានខ្លះយកស្លាកអង្គភាព ដូចជាកន្លងទៅមានរថយន្តដឹកជញ្ជូនពណ៌ត្រេអ៊ី មិនដែលឱ្យគេឆែកទេ ខ្លះថានៅកងអង្គរក្ស ហើយថាមានឈ្មោះម៉ៅ។ ចំពោះបញ្ហាអសកម្មទាំងនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីដាក់បញ្ជា ទោះបីជារបស់អង្គរក្សណា ឬម៉ៅក៏ដោយ គឺចាប់ទាំងអស់ រួចរាយការណ៍ឱ្យខ្ញុំ កុំថាពាក់ផ្កាយ៤ ចង់ពាក់លោកខែ ក៏ដកដែរ គឺឱ្យនៅក្រោមច្បាប់ទាំងអស់គ្នា ខ្ញុំបកស័ក្តិឱ្យមើល។ បញ្ហាគឺស្ថិតនៅត្រង់ថា តើការចាប់ ឬមិនចាប់តែប៉ុណ្ណឹងទេ រឿងវាដដែលជាដដែលទេ សំខាន់អស់លោកអនុវត្ត ឬមិនអនុវត្ត។
លោកត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា អង្គសន្និបាតបានវាយតម្លៃខ្ពស់ប្រកបដោយក្តីមោទនភាព និងថ្លែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅ ដោយបានទទួលការលើកទឹកចិត្ត និងកិច្ចគាំទ្រដ៏កក់ក្តៅរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រីជាប្រមុខ គួបផ្សំនឹងការជួយឧបត្ថម្ភគាំទ្រជាជំនួយឥតសំណង ប្រាក់កម្ចី និងកិច្ចសហការផ្នែកស្មារតី និងបច្ចេកទេសរបស់សហគមន៍ អ្នកផ្តល់ជំនួយ និងដៃគូអភិវឌ្ឍន៍ទាំងអស់ ព្រមទាំងថវិកាជាតិបានជួយជំរុញឱ្យថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួងសាធារណការ និងដឹកជញ្ជូនសម្រេចបាននូវស្នាដៃ និងជោគជ័យជាបន្តបន្ទាប់ក្នុងការស្តារ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមាន ផ្លូវ ស្ពាន កំពង់ផែ ផ្លូវដែក។
លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រសួង និងអង្គសន្និបាតទាំងមូលសូមសម្តែងនូវការគោរពដ៏ខ្ពង់ខ្ពស់ដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីដែលលះបង់កម្លាំងកាយចិត្ត ទាំងប្រាជ្ញា ស្មារតី ដើម្បីការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា ពិសេសការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាពសង្គម ការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការសម្រាលទុក្ខលំបាក និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់អាទិភាពខ្ពស់ និងគាំទ្រដល់ការងារសាងសង់ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ច និងជាសរសៃឈាមតភ្ជាប់នៅគ្រប់ច្រកល្ហកនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕


ចែករំលែកព័តមាននេះ